មន្ត្រី​ពន្លត់​អគ្គិភ័យ​ម្នាក់​បាន​ស្លាប់ ស្រប​ពេល​កុបកម្ម​នៅ​ក្រុង​ប៉ារីស​ចូល​ដល់​យប់​ទី ៦

មន្ត្រី​ពន្លត់​អគ្គិភ័យ​ជនជាតិ​បារាំងពន្លត់​ភ្លើង​នៅរថយន្ត​មួយ​អំឡុង​ថ្ងៃទី៥​នៃបាតុកម្ម​បន្ទាប់ពីយុវជន​អាយុ១៧ឆ្នាំ​ត្រូវបានប៉ូលិសបាញ់សម្លាប់ក្នុង​ទីក្រុង Tourcoing ប្រទេស​បារាំង​កាលពីថ្ងៃទី​០២ កក្កដា ឆ្នាំ២០២៣។

មន្ត្រី​ពន្លត់​អគ្គិភ័យ​ជនជាតិ​បារាំង​អាយុ ២៤ ឆ្នាំ​ម្នាក់​បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​អាទិត្យ​នៅ​ពេល​ព្យាយាម​ពន្លត់​រថយន្ត​កំពុង​ឆេះ​នៅ​ក្នុង​កន្លែង​ចត​រថយន្ត​ក្រោម​ដី​មួយ​កន្លែង​នៅ​ភាគ​ខាង​ជើង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ស្រប​ពេល​កុបកម្ម​នៅ​ក្នុង​រដ្ឋធានី​បន្ត​ចូល​ដល់​យប់​ទី ៦ ទាក់ទិន​នឹង​ករណី​ដែល​ប៉ូលិស​បាញ់សម្លាប់​យុវជន​វ័យ​ជំទង់​ម្នាក់​ដែល​មាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​អាល់ហ្សេរី​និង​ម៉ារ៉ុក។

រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​បារាំង​លោក Clement Beaune បាន​និយាយ​ដោយ​យោង​ទៅ​លើ​ឧប្បត្តិហេតុ​នេះ​ថា៖ «ខ្ញុំ​គិតគូរ​ខ្វាយខ្វល់​ចំពោះ​មន្ត្រី​រដ្ឋការ​ដែល​ប្រឹងប្រែង​ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​ធ្វើ​ឱ្យ​ស្ថានការណ៍​ត្រឡប់​មក​រក​ប្រក្រតី​ភាព​ឡើង​វិញ»។

អាជ្ញាធរ​បាន​និយាយ​ថា ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​ជាង ១៥០ នាក់​នៅ​ទូទាំង​ប្រទេស​នៅ​ក្នុង​កុបកម្ម​កាលពី​យប់​មិញ ដែល​តិច​ជាង​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ច្រើន។

មន្ត្រី​ប៉ូលិស ៣ រូប​បាន​រង​របួស ដែល​នេះ​ក៏​ជា​ចំនួន​តិច​ជាង​មុន​ច្រើន​ផង​ដែរ​បើ​ប្រៀប​ជាមួយ​នឹង​ប៉ុន្មាន​យប់​មុន។

ជីដូន​របស់​យុវជនដែល​ត្រូវ​បាន​ប៉ូលិស​បាញ់​បណ្ដាល​ឱ្យ​ស្លាប់​នោះ​បាន​និយាយ​ទៅ​កាន់​ទូរទស្សន៍ BFM របស់​បារាំង​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​សំណូមពរ​ឱ្យ​កុបករ​បញ្ឈប់​អំពើ​ហិង្សា។ ជីដូន​រូប​នោះ​គ្រាន់តែ​បញ្ជាក់​ឈ្មោះ​របស់​ខ្លួន​ថា​ឈ្មោះ Nadia ប៉ុណ្ណោះ។

កុបកម្ម​នៅ​ក្នុង​ប្រទេស​បារាំង​បាន​ថមថយ​កាលពី​យប់​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ពិធី​បុណ្យ​សព​របស់​យុវជន​នោះ​បាន​បញ្ចប់​ទៅ​នៅ​ក្នុង​ថ្ងៃ​នោះ។

រដ្ឋាភិបាល​បារាំង​បាន​ដាក់​ពង្រាយ​ប៉ូលិស​ប្រហែល ៤៥.០០០ នាក់​ដើម្បី​ព្យាយាម​គ្រប់គ្រង​លើ​ភាព​ចលាចល បន្ទាប់ពី​ពិធី​បុណ្យ​សព​របស់​យុវជន​ឈ្មោះ Nahel អាយុ ១៧ ឆ្នាំ​នេះ​បាន​បញ្ចប់​ទៅ។ យុវជន​នេះ​ត្រូវ​បាន​ប៉ូលិស​បាញ់​នៅ​ពេល​ត្រួត​ពិនិត្យ​ចរាចរណ៍​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​សង្កាត់ Nanterre ជាយ​ទីក្រុង​ប៉ារីស។

នៅ​ក្នុង​ការ​តវ៉ា ៦ យប់​កន្លង​មក​នេះ កុបករ​បាន​ដុត​រថយន្ត​និង​លួច​ប្លន់​ហាង​នានា ក៏​ដូចជា​បាន​សំដៅ​វាយ​ប្រហារ​លើ​អគារ​រដ្ឋាភិបាល ស្ថានីយ​ប៉ូលិស និង​សាលារៀន​ទូទៅ គឺ​អគារ​ទាំង​ឡាយ​ណា​ដែល​តំណាង​ឱ្យ​រដ្ឋាភិបាល​បារាំង។

ក្រសួង​មហាផ្ទៃ​បារាំង​បាន​បញ្ជាក់​ថា មនុស្ស ៧១៩ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​យប់​ថ្ងៃ​សៅរ៍ ដែល​មាន​ចំនួន​តិច​ជាង​កាលពី​យប់​ថ្ងៃ​សុក្រ​និង​ថ្ងៃ​ព្រហស្បតិ៍ ដោយ​យប់​ថ្ងៃ​សុក្រ​មាន​ចំនួន ១.៣១១ នាក់​និង​យប់​ថ្ងៃ​ព្រហស្បតិ៍​មាន​ចំនួន ៨៧៥ នាក់៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ Reuters។