​អន្លង់វែង​ អតីត​តំបន់​ប្រយុទ្ធ​ចុង​ក្រោយ​របស់​ខ្មែរក្រហម​ ក្លាយ​ជា​តំបន់​អភិរក្ស​ដើម្បី​ការ​ផ្សះផ្សា​ និង​ការ​កសាង​សន្តិភាព

ផ្ទាំង​រូបភាព​នៃ​ម​ជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ ថត​នៅក្នុង​ទីតាំង​មជ្ឈមណ្ឌល​នេះ​ កាលពី​ថ្ងៃទី​២​ ខែកញ្ញា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី​/VOA) ​

ក្រុម​បញ្ញវន្ត​ថ្លែង​ថា​ ​សន្តិ​ភាព​អាច​បន្ត​បាន​ជានិរន្ត​នៅកម្ពុជា​ ប្រសិន​បើ​មេដឹកនាំ​ និង​អ្នក​ជំនាន់ក្រោយ​មិន​យក​ចិត្ត​ហិង្សា​មក​ដឹកនាំ​ប្រទេស​ ​ហើយ​ចេះ​ទទួល​យក​គំនិត​ផ្ទុយ​គ្នា​សម្រាប់​ស្ថាបនា​ប្រទេស។

អន្លង់វែង​ដែល​ជា​ទីតាំង​ការពារ​ខ្លួន​ចុង​ក្រោយ​របស់​ពួក​ខ្មែរក្រហម​ ​បាន​ក្លាយ​ជា​កន្លែង​ទីមួយ​សម្រាប់ស្វែង​យល់​អំពី​ដំណើរ​ការ​ផ្សះផ្សា​ ​និង​ការ​កសាង​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា។​ ក្រុម​បញ្ញវន្ត​ថ្លែង​ថា​ ​សន្តិភាព​អាច​បន្ត​បាន​ជា​និរន្ត​នៅ​កម្ពុជា​ ប្រសិន​បើ​មេ​ដឹកនាំ​ និង​អ្នក​ជំនាន់​ក្រោយ​មិន​យក​ចិត្ត​ហិង្សា​មក​ដឹកនាំ​ប្រទេស​ ​ហើយ​ចេះ​ទទួល​យក​គំនិត​ផ្ទុយ​គ្នា​សម្រាប់​ស្ថាបនា​ប្រទេស។​

អ្នក​សិក្សា​ស្រាវជ្រាវ​ ​និង​អ្នកធ្លាប់​រងគ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម​ ​បាន​អំពាវនាវ​ឲ្យកូនខ្មែរ​ជំនាន់​ក្រោយប្រឹង​ប្រែង​ស្វែង​យល់​អំពី​ប្រវត្តិ​សាស្ត្រ​នៃ​ជម្លោះ​ផ្ទៃ​ក្នុង​របស់​ផង​ខ្លួន ដើម្បី​រក្សា​សន្តិភាព​នា​ពេល​បច្ចុប្បន្ន​ និង​បន្ត​ទៅ​អនាគត។​

ការ​លើក​ឡើង​របស់​ពួកគេ​ធ្វើឡើង​កាល​ពី​ដើម​ខែ​កញ្ញា​នេះ​ បន្ទាប់​ពី​ការ​ទស្សនា​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ ​ស្ថិត​ក្នុង​ស្រុក​អន្លង់​វែង​ដែល​ជា​ទី​ប្រយុទ្ធ​ចុង​ក្រោយ​របស់​កងទ័ព​ខ្មែរក្រហម​ដឹកនាំ​ដោយ​ប៉ុល ពត​ និង​តាម៉ុក។​

អ្នកស្រី​ ហូយ​ សុជីវណ្ណី​ ប្រធាន​អង្គការ​បម្លាស់​ប្តូរ​ជា​វិជ្ជមាន​សម្រាប់​កម្ពុជា​ (Positive Change for Cambodia) ​ថ្លែង​ប្រាប់​ VOA ​នៅពេល​ដើរចាកចេញ​ពី​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ ដែល​ជា​កន្លែង​រំឭកដល់​យុគសម័យ​នៃ​ការ​កាប់​សម្លាប់​ក្នុង​របប​ខ្មែរក្រហម។​

«ការ​រំឭក​ឡើង​វិញ​ (remembrances of Pol Pot regime)​ ​អំពី​ការ​កាប់​សម្លាប់​សម័យ​ ប៉ុល ពត​ រម្លឹក​ឡើង​វិញ​ថា​ ​ការ​ឈឺចាប់​របស់​ប្រជាជន​ ដែល​បាន​រងគ្រោះ​ដោយ​សម័យ​ ប៉ុល ពត​នោះ​ ឈឺចាប់​ប៉ុណ្ណា?​ ​ហើយ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​រៀនសូត្រ​ ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ហ្នឹង​គិត​ថា​ ធ្វើ​យ៉ាងណា​ ​ ធ្វើ​យ៉ាងណា​ កសាង​សន្តិភាព​ផ្ទៃ​ក្នុង​ កសាង​សន្តិភាព​ពី​បេះដូង​ ពី​អារម្មណ៍​គ្រប់ៗ​គ្នា​ កុំ​ឲ្យ​មាន​ចិត្ត​ក្តៅ​គគុក​ ​កុំ​ឲ្យ​មាន​ចិត្ត​បេះដូង​ហ្នឹង​ហិង្សា​ រវាង​ក្រុម​ និង​ក្រុម​ រវាង​ស្ថាប័ន​ និង​ស្ថាប័ន​ ដែល​ជា​ជម្លោះ​មួយ​កកើត​ដល់​សង្គ្រាម។​ នេះគឺ​ជា​ជម្លោះ​ដ៏ធំ ​ដែល​យើង​បាន​រៀន​សូត្រ​កន្លង​មក»។​

អ្នកស្រី​ ហូយ សុជីវណ្ណី​ ដែល​ជា​អ្នក​នាំ​សារ​សន្តិភាព​ពី​កម្ពុជាទៅ​កាន់​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​ និង​ប្រទេស​ផ្សេងទៀត​ ​បាន​លើក​ឡើង​ថា​ ​ការ​ស្ថាបនា​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង​ មាន​ភាព​យឺតយ៉ាវ​បន្តិច​ក៏​ពិត​មែន​ តែ​មជ្ឈមណ្ឌល​នេះនឹង​ផ្តល់​ឱកាស​ឲ្យ​អ្នក​សិក្សា​ស្រាវជ្រាវ​ និង​មេ​ដឹកនាំ​កម្ពុជា​ជំនាន់​ក្រោយ​បាន​សែ្វង​យល់ពី​ដំណើរ​នៃ​ការ​ផ្សះផ្សារ​ និង​កសាង​សន្តិភាព​នៅ​កម្ពុជា​ចាប់​ពី​ឆ្នាំ​១៩៩៨​មក។​

«ក្នុង​ប្រទេស​យើង​ អ្នក​ដឹកនាំ​ប្រទេស​កម្ពុជា​ ក៏ដូចជា​ ​អ្នក​ដឹកនាំ​ជំនាន់​ក្រោយៗ​ទៀត​ រៀនសូត្រ​ថា​ ធ្វើ​យ៉ាង​ម៉េច​នោះ យុវជន​នឹង​អត់​មាន​ហ្មង​បេះដូង​ បេះដូងក្តៅ​ អត់​មាន​ហ្មង​បេះដូង​សង្រ្គាម​ អត់​មាន​ហ្មង​បេះដូង​ជម្លោះ​ ដើម្បី​អំណាច​ ដើម្បី​ត្រួត​ត្រាគឺ​អត់​មាន។ ​ហើយ​គិត​ថា​ អ្វីដែល​ជា​ចំណុច​ខ្វះ​ចន្លោះ ​យើង​គួរតែ​រួមគ្នា​កសាង​ កែ​លម្អ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ចំណុច​ទាំង​ឡាយ​ ដែល​ប្រជាជន​កំពុងតែ​ មាន​ហ្នឹង​ បាន​ដោះស្រាយ​ឡើង​ដោយ​សន្តិវិធី​ និង​អភិវឌ្ឍន៍។​ នេះ​ជា​ទស្សនៈ​របស់​ខ្ញុំ»។​

ផ្ទាំង​រូបភាព​នៃ​ម​ជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ ថត​នៅក្នុង​ទីតាំង​មជ្ឈមណ្ឌល​នេះ​ កាលពី​ថ្ងៃទី​២​ ខែកញ្ញា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី​/VOA) ​

តំបន់​អន្លង់វែង​មាន​ប្រវត្តិ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដោយ​រដ្ឋបាល​ប្រទេស​កម្ពុជា​ និង​ប្រទេស​សៀម​ រហូត​ដល់​ការ​ចូល​មក​ដល់​នៃ​អាណាព្យា​បាល​បារាំង។ ហើយ​នៅ​ពេលបង្កើត​របប​សង្គម​រាស្ត្រ​និយម​របស់​ព្រះ​បាទ ​សម្តេច​ នរោត្តម ​សីហនុ​ ទើប​តំបន់​នេះ​បាន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ជា​អចិន្ត្រៃយ៍​របស់កម្ពុជា។​ ​របប​សង្គម​រាស្ត្រនិយម​បាន​បង្កើត​ខេត្ត​មួយ​ចេញ​ពី​ខេត្ត​សៀមរាបគឺ​ខេត្ត​ឧត្តរមានជ័យ​ ដែល​មាន​តំបន់​អន្លង់វែង​ ដែលពេល​នោះជា​ភូមិ​មួយ។​ ​ក្រោយ​មក​តំបន់​ដែល​នៅ​ជាប់​ប្រទេស​ថៃ​នៅ​ភាគ​ខាង​ជើងនេះ​ ​បាន​ក្លាយ​ជា​ស្រុក​មួយ​នៃ​ខេត្ត​ឧត្តរ​មានជ័យ។ ​នេះ​បើ​យោងតាម​សៀវភៅ​ប្រវត្តិ​សាស្ត្រ​ស្តីពី​សហគមន៍ ​អន្លង់​វែង​ ​ដែល​ជា​ទី​កន្លែង​ការពារ​ខ្លួន​ចុង​ក្រោយ​របស់​ចលនា​ខ្មែរក្រហម។

សៀវភៅ​នោះ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្មែរក្រហម​ តំបន់​អន្លង់វែង​ មាន​រដ្ឋបាល​ច្របូក​ច្របល់ និង​មាន​រឿង​រ៉ាវ​ជា​ច្រើន​ ពាក់ព័ន្ធ​នឹង​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង​ ​ការ​ចាប់​ខ្លួន ​និង​ការ​ប្រហារ​ជីវិត។​

អតីត​មេដឹក​នាំ​ជាន់​ខ្ពស់​ខ្មែរក្រហម​មួយ​រូប​ គឺ​សុន សេន​ និង​ ​ក្រុម​គ្រួសារ​ រួម​ទាំង​នារសារ​ ​និង​អ្នក​បើក​បរ​ថយន្ត​ទាំង​អស់​ចំនួន​១១​នាក់​ ​ត្រូវបាន​ប្រហារ​ជីវិត​ជា​មួយ​គ្នា ​នៅ​ខែ​មិថុនា​ឆ្នាំ​១៩៩៧​ ក្នុង​ស្រុក​អន្លង់​វែង​នេះ។​ ​ការ​សម្លាប់​ផ្តាច់ផ្តិល​ពូជ​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​សកម្មភាព​ចុង​ក្រោយ​របស់​ចលនា​ខ្មែរក្រហម។​ ​ក្រោយ​ការ​សម្លាប់​សុន សេន​ ​ជម្លោះ​រវាង​តាម៉ុក​ និង​ប៉ុល ពត​ បាន​កើត​ឡើង​រហូត​ដល់​ ​ប៉ុល ពត​ ត្រូវ​បាន​កម្លាំង​ទ័ព​ និង​ប្រជាជន​សាមញ្ញ​ស្មោះត្រង់​នឹង​តាម៉ុក បង្កើត​តុលាការ​មហាជន​កាត់​ទោស​ ​ប៉ុល ពត​ ​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពី​បទ​សម្លាប់​សុន សេន​ ​និង​ប៉ុនប៉ង​សម្លាប់​តាម៉ុក​ ​និង​ការ​បំផ្លាញ​កិច្ច​ខិត​ខំ​ផ្សះ​ផ្សាជាតិ​នានា។​ ​មក​ដល់​ឆ្នាំ​១៩៩៨​ កម្លាំង​សេស​សល់​របស់​ខ្មែរក្រហម​បាន​ធ្វើ​សមាហរណ​កម្ម​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ហើយ​ក៏​ជា​ទី​បញ្ចប់​នៃ​ចលនា​ខ្មែរក្រហម។​

លោក​ លី សុខឃាង​ នាយក​មជ្ឈមណ្ឌលសន្តិភាព​អន្លង់​វែង​ អង្គុយ​នៅ​កណ្តាល​ ក្នុង​កិច្ចសន្ទនា​ជាមួយ​ក្រុម​បញ្ញវន្ត ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ​កាលពី​ថ្ងៃទី​២ ខែកញ្ញា​ ឆ្នាំ​ ២០១៧។​ (ហ៊ុល រស្មី/VOA) ​

លោក​ ​លី សុខឃាង​ ​នាយក​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ​បាន​ថ្លែង​ប្រាប់​ក្រុម​និស្សិត​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ និង​មន្ត្រី​នៃ​អង្គការ​សង្គម​ស៊ីវិល​ ដែល​បាន​ទៅ​សិក្សា​ស្វែង​យល់​ពី​មជ្ឈមណ្ឌល​នោះ​ថា​ ​ ដំណើរ​នៃ​ការ​កសាង​សន្តិភាព​គឺ​ជា​ការ​ប្រើ​ប្រាស់​ពេល​វេលា​បង្កើត​ក្រប​ខណ្ឌ​ ​និង​ស្រាវជ្រាវ​ពី​ប្រវត្តិ​សាស្ត្រ​ រួច​ផ្តល់​ការ​អប់រំ​ ដើម្បី​បង្ការ​ជម្លោះ​ផ្សេងៗ​ដែល​ធ្លាប់​កើត​មាន​ឡើង​ពី​អតីត​កាល​ ​មិន​ឲ្យកើត​មាន​ឡើង​ ទៅ​ថ្ងៃ​ខាងមុខ ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ ​លី សុខឃាង​ ថ្លែង​ថា៖​

«លទ្ធផលគឺ​អាស្រ័យ​លើ​ពេល​វេលាក្នុង​ការ​ធ្វើកិច្ចការ​ហ្នឹង និង​ក្រប​ខណ្ឌការងារ​ដែល​យើង​កំពុង​ធ្វើ​វា។​ កិច្ច​ការនេះនិយាយ​អំពីការ​អប់រំ ​ហើយ​យើង​ប្រើ​ប្រវត្តិសាស្ត្រ​ជា​ការ​ឆ្លុះបញ្ចាំង។​ ​នៅ​ពេល​ប្រជាជន​បាន​រៀន​សូត្រ​អំពី​ប្រវត្តិសាស្ត្រ​របស់​យើង​ ពួកគេ​នឹង​មិនធ្វើរឿង​ច្រំដែល​ចាស់ៗ​ឡើងវិញ​ ដូច​នៅ​មុន​សម័យ​ខ្មែរក្រហម ​ក្នុង​អំឡុង​ពេល​នៃ​សម័យ​ខ្មែរក្រហម និង​ក្រោយ​ពី​សម័យ​ខ្មែរក្រហម​ទេ»។​

លោក​បាន​ថ្លែង​បន្ត​ថា ​ការ​បង្កើត​តុលាការ​កាត់​ទោស​ខ្មែរក្រហម​ក៏​ជា​ចលករ​សំខាន់​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​មេ​ដឹក​នាំ​កម្ពុជា​ យក​លំនាំ​តាម​របៀប​របប​ដឹកនាំ​ដូច​ក្នុង​សម័យ​ប៉ុល ពត​ ផង​ដែរ។​

«ដូច្នេះ​ ​អ្វីដែល​ខ្ញុំ​អាច​និយាយ​បាន​នោះ​គឺ​ថា​ ​យើង​បង្កើត​តុលាការ​ ដើម្បី​ដាក់​ទណ្ឌកម្ម​ ដោយ​សារ​តែ​វា​ជា​សារ​សំខាន់​ផង​ដែរ​ សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​ និង​ការ​មាន​តុលាការ។​ នៅ​ពេល​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ មិន​យូរ​មិន​ឆាប់​ ឬ​ក៏​អ្នក​ដឹង​ទេ​ថា​ វា​អាច​ស៊ីពេល​ច្រើន​រាប់​ឆ្នាំ ​ដើម្បី​នាំ​យក​មក​កាត់​ទោស​ សម្រាប់​ស្វែងរកយុត្តិធម៌​ម្តង​ទៀត។ ​ដូច្នេះ​វាជា​បញ្ហា​នៃ​ការ​ដាក់​ទណ្ឌកម្ម​ វា​ជា​បញ្ហា​នៃ​ការ​ស្រាវ​ជ្រាវ​ និង​ការ​អប់រំ។​ ដូច្នេះ​ហើយ​ទើប​បាន​ជា​យើង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ និង​បង្ហាញ​យុវជន​ក្មេងៗ​ជំនាន់​ក្រោយ​ និង​មេ​ដឹកនាំ​របស់​យើង​ផង​ដែរ​ថា​ នៅពេល​អ្នក​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ​តុលាការ​មួយ​នឹង​កើត​ឡើង​ទៅ​ថ្ងៃ​អនាគត។​ អ្នក​ដឹង​ទេ​ថា​ នៅក្នុង​ប្រទេស​យើង​ បើ​គ្មាន​តុលាការនេះ​ទេ​ ប្រជាជន​នឹង​មិន​បាន​ដឹង​អ្វីនោះ​ឡើយ»។​

មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចាប់​ដំណើរ​ការ​តាំងពី​ឆ្នាំ​ ២០១៤។​ មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ទី​បញ្ជាការ​ប្រយុទ្ធ​ចុង​ក្រោយ​របស់​តាម៉ុក​ ដែល​ស្ថិត​លើ​ខ្នង​ភ្នំ​ដងរែក​ជាប់​ព្រំ​ប្រទល់​កម្ពុជា​ថៃ។​ ​កិច្ច​ការ​សំខាន់ៗ​របស់​មជ្ឈ​មណ្ឌលនេះ​គឺ​ការ​ផ្តល់​ឱកាស​ស្រាវ​ជ្រាវ​ដល់​អ្នក​ដែល​ចង់​យល់​ដឹង​អំពី​ប្រវត្តិសម័យ​ ប៉ុល ពត​ ឬ​ខ្មែរក្រហម​ និង​អភិរក្ស​តំបន់​ប្រវត្តិ​សាស្ត្រ​ចំនួន​១៤​ កន្លែង​ក្នុង​ស្រុក​អន្លង់វែង​ ដែល​រួមមាន​ កន្លែង​ដុត​ខ្មោច​ ប៉ុល ពត​ ផ្ទះ​តាម៉ុក​ និង​បឹង​អន្លង់វែង​ជាដើម។​ ​ការិយាល័យ​ធ្វើ​ការ​របស់​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់វែង​ក៏ស្ថិត​ក្នុង​តំបន់​ប្រវត្តិ​សាស្ត្រ​នេះផង​ដែរ។​

លោក​ លី សុខឃាង ​ប្រាប់​ VOA ​បន្ថែម​ថា​ មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់វែង​កំពុង​ក្លាយ​ជា​ទី​ប្រមូល​ផ្តុំ​សម្រាប់​ការ​ស្រាវ​ជ្រាវ។​

«ឥឡូវ​នេះ​ យើង​មាន​កូន​សិស្ស​មក​ច្រើន​ណាស់​ជា​រៀងរាល់​ឆ្នាំ។​ ដូចជា​ឆ្នាំ​២០១៦​ហ្នឹង​ យើង​មាន​កូន​សិស្ស​មក​ប្រហែល​ជា​ជិត​៣០០នាក់​ ដែល​មកពី​សាកល​វិទ្យាល័យ​ផ្សេងៗ។ ​ហើយ​អ្នក​ទាំងអស់​ហ្នឹង​ តំណាក់កាល​ដំបូង​នេះ​ គឺ​ថា​ យើង​តម្រូវ​ឲ្យគាត់​ជួប​ជាមួយ​នឹង​បងប្អូន​អ្នកភូមិ​យើង​នៅ​ក្នុង​អន្លង់​វែង​យើង​នេះ។ ​ហើយ​គាត់​បាន​ប្រែក្លាយ​ពីការ​សម្ភាស​របស់​គាត់​ហ្នឹង​ទៅ​ជា​អត្ថបទ​ ដើម្បី​ចុះ​ផ្សាយ​នៅ​ក្នុង​កាសែត​រស្មីកម្ពុជា​ ក៏ដូច​ជា​ទស្សនាវដ្តី​ស្វែងរក​ការណ៍​ពិត​ ដើម្បី​ឲ្យ​អ្នក​ផ្សេង​ទៀត​យល់​ថា​ រឿង​រ៉ាវ​ប្រវត្តិសាស្ត្រ​របស់​មនុស្ស​ម្នាក់ៗ​ ដែល​ឆ្លងកាត់​ជំនាន់​ខ្មែរក្រហម​កន្លងមក​ហ្នឹង​គឺ​ថា​ មានការ​លំបាក​ផ្សេងៗ​គ្នា​ ដើម្បី​ឲ្យគាត់​យល់»។​

លោក​បាន​ថ្លែង​បន្ថែម​ថា៖​

«ការណ៍​ដែល​ការណ៍​យល់​ហ្នឹង​ហើយ​ដែល​ជំរុញ​ឲ្យ​មាន​ការ​យោគយល់​គ្នា​ទៅវិញទៅ​មក។​ ការ​អត់​ឱន​ ហើយ​និង​ការ​ផ្សះផ្សា​ ហើយ​ចុង​ក្រោយ​គឺ​ថា​ យើង​ជំរុញ​ឲ្យមាន​ការ​កសាង​សន្តិភាព​ទំាងអស់​គ្នា​ ពីព្រោះ​ពាក្យ​សន្តិភាព​នេះ​មិនមែន​មាន​ន័យ​ថា​ ម្នាក់​ ឬ​ក៏​ពីរ​នាក់​ដែល​ធ្វើបាន​ទេ​ គឺ​ថា​ ត្រូវការ​ទាំង​ប្រជាជន​មូលដ្ឋាន ស្ថាប័ន​ផ្សេងៗ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ជា​ពិសេស​រដ្ឋាភិបាល​និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ ដែល​ពាក់​ព័ន្ធ»។

​សៀវភៅ​ប្រវត្តិសាស្ត្រ​ស្តី​ពី​សហគមន៍​អន្លង់​វែង​ ដែល​ជា​ទី​ការពារ​ខ្លួន​ចុង​ក្រោយ​របស់​ចលនា​ខ្មែរក្រហម​ បាន​ឲ្យដឹង​បន្ថែមថា​ ​តាម៉ុក​ ​ដែល​មានឈ្មោះ​ពីរ​ផ្សេង​ទៀត​គឺ​ អ៊ុង​ ជឿន​ ឬ​ ឈិត ជឿន​ បាន​ហៅ​តំបន់​អន្លង់វែង​ជា​ប្រទេស​មួយ។​ នៅ​ចុងឆ្នាំ១៩៩០​ និង​១៩៩១​ តាម៉ុក​ និង​មេ​ដឹកនាំ​កំពូល​ខ្មែរក្រហម​ នៅ​អន្លង់វែង​ បាន​បង្កើត​ភូមិជាច្រើន​ ដោយ​ផ្អែក​លើ​ធនធាន​ធម្មជាតិ​ និង​លក្ខខណ្ឌ​ភូមិ​សាស្ត្រ​ដែល​នៅ​ក្បែរ​ភូមិ​នីមួយៗ។​ ​ឧទាហរណ៍​ ឈ្មោះ​ភូមិ​ទំនប់​លើ​ត្រូវ​បាន​ដាក់​ដោយ​ផ្អែក​លើ​ទំនប់​ទឹក​មួយ​ដែល​តាម៉ុក​បាន​កសាង​នៅ​ក្បែរ​នោះ។ ​ភូមិ​ទួល​ត្បែង​ជា​ឈ្មោះ​ដែល​ខ្មែរក្រហម​បាន​ដាក់​ ​ដោយ​ផ្អែក​លើ​ធនធាន​ដ៏​ច្រើន​នៃ​ដើម​ត្បែង​ក្នុង​ភូមិ​នោះ។​

ក្រោយ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ខ្មែរក្រហម​ឲ្យ​ស្ថិត​ក្រៅ​ច្បាប់​នៅ​ឆ្នាំ​១៩៩៤​ ក្រុម​មេដឹក​នាំ​ខ្មែរក្រហម​នៅ​អន្លង់​វែង​ ជា​ពិសេស​គឺ​តាម៉ុក ​ដែល​ជា​មេ​ដឹកនាំ​កំពូល​នៅ​តំបន់នោះ បាន​ប្រែ​ក្លាយ​អន្លង់​វែង​ជាស្រុក​អន្លង់វែង​ ដែល​មាន​១១​ឃុំ​ និង​៥៥​ភូមិ។​ ​ចំនួន​ប្រជាជន​ទាំងអស់​ក្នុង​តំបន់​នេះ​ ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​សហគមន៍​យោធា។ ​តាម៉ុក​ក៏ផ្តើម​ឲ្យ​មាន​ពិធី​មង្គលការ​ឡើងវិញ​ ហើយ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​សាលារៀន​បឋម​សិក្សា​ និង​មន្ទីរ​ពេទ្យ។​ ​តាម៉ុក​បាន​បន្សល់​ទុក​ស្នា​ដៃ​នៃ​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់​អន្លង់វែង។​

យ៉ាងណាក្តី​ តាម៉ុក​បាន​ស្លាប់​នៅ​ឆ្នាំ​២០០៦​ ដោយ​ជំងឺ​ និង​ក្នុង​ពេល​លោក​ត្រូវ​បាន​នាំ​មក​កាត់​ទោស​នៅ​សាលាក្តី​ខ្មែរក្រហម​ ជា​មួយ​មេដឹក​នាំ​ខ្មែរក្រហមនិង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ផ្សេង​ទៀត។​

បន្ទាប់​ពី​ទស្សនា​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់​វែង ​ ​លោក​ ​ពូ សុវចនា​ ​អនុប្រធាន​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​ និង​សន្តិភាព ​(CICP)​ បាន​ប្រាប់​ VOA ថា​ របប​ខ្មែរក្រហម​កើត​ឡើង​ដោយ​សារកំហឹង​វណ្ណៈ​ មាន ក្រ។​ ​លោក​ថា​ ​ប៉ុល ពត​បាន​ចង​គំនុំ​នឹង​ក្រុម​សក្តិភូមិ​ ​ដើម្បី​ធ្វើ​បដិវត្តន៍​បំពេញ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន។​ ​លោក​បាន​បន្ត​ថា​ ​មជ្ឈមណ្ឌល​សនិ្តភាព​អន្លង់វែង​នឹង​ក្លាយ​ជា​ទី​កសាង​សន្តិភាព​រឹង​មាំមួយ​ ​ទៅ​ថ្ងៃ​អនាគត​ ប្រសិន​បើ​អ្នក​នយោបាយ​ខ្មែរ​យល់​ពី​សារៈ​សំខាន់​នៃ​មជ្ឈ​មណ្ឌល​នេះ។​

«ការ​រីកចម្រើន​របស់​មជ្ឈមណ្ឌល​នេះ​ឲ្យ​មាន​ការ​រីកចម្រើន​បាន​លុះត្រា​តែ​អ្នក​នយោបាយ​ទាំង​អស់​គ្នា​ហ្នឹង​គិត​ថា​ មាន​សារៈ​សំខាន់​ណាស់​ដើម្បី​គន្លឹះ​ ហើយ​ដើម្បី​ជា​គ្រាប់​ពូជមួយ​ ដែល​យើង​បណ្តុះ​សន្តិភាព​ពិត​ប្រាកដ​ ហើយ​សន្តិភាព​ពិត​ប្រាកដ​កើត​ឡើង​ នៅពេល​ណាមួយ​ដែល​យើង​ចេះ​ស្រឡាញ់​គ្នា​ ចេះ​រាប់​អាន​គ្នា​ ហើយ​យក​ជាតិ​ជា​ទិសដៅ​ ដើម្បី​សន្តិភាព​ពិត​ប្រាកដ​ ហើយ​និង​ដើម្បី​ការ​សុខដុម​រមនា»។​

លោក​ ឡៅ ម៉ុងហៃ​ អ្នកវិភាគឯករាជ្យថ្លែង​អំពីការ​ផ្សះផ្សា​ និងការ​រក្សាសន្តិភាពនៅលើ​អតីតតំបន់​បញ្ជាការ​ទ័ពរបស់​តាម៉ុក​ក្នុងស្រុក​អន្លង់វែង​ កាលពីថ្ងៃទី​ ២​ ខែ កញ្ញា​ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA) ​

លោក​ ​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​ ដែល​បាន​រួម​ដំណើរ​ជា​មួយ​ក្រុម​បញ្ញវន្ត​ទៅ​សិក្សា​ស្វែង​យល់​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់វែង​នោះ​ បាន​ប្រាប់​ VOA ​នៅ​ទីបញ្ជាការ​យោធា​ចុងក្រោយ​របស់​តាម៉ុក​ថា​ ការ​មិន​រម្លឹក​ពី​អតីត​កាល​ជាដំណើរ​នៃ​ការ​ផ្សះផ្សា​ និង​ការ​រក្សា​បាន​នូវ​សុខដុមនីយកម្ម​រវាង​ប្រជា​រាស្ត្រ​ខ្មែរ​សាមញ្ញ​ និង​ប្រជា​ពលរដ្ឋ​ដែល​ជា​អតីត​ទាហាន​ខ្មែរក្រហម​ ឬជន​ស៊ីវិល​ ដែល​នៅ​គោរព​មនោគម​វិជ្ជា​ស្នេហា​ជាតិ​របស់​ខ្មែរក្រហម​ ដែល​រមែង​ចាត់ទុក​ជនជាតិ​យួន​ថា​ជា​ «សត្រូវ»។​

«កាលណាយើង​មាន​វត្តមាន​កន្លែងនេះ​បាទ​ គឺ​យើង​ថា​ យើង​មាន​ទំនាក់​ទំនង​ មាន​អីចឹង​ដែរ​ ជួយ​ទៅ​ដល់​តំបន់​នេះ​ គឺ​ទាំង​អ្នកស្រុក​ផង​ហ្នឹង​បាទ។​ ​ហ្នឹង​ក៏​អាដែល​ ហើយ​យើង​អត់​គិត​ពី​រឿង​អតីត​កាល​ របស់​គាត់​ អីគាត់​ទៀត​ទេ​បាទ​ ​អញ្ចេះ។​ ម្ល៉ោះ​ហើយ​អាហ្នឹង​ គឺដូចជា​ គេ​ហៅឲ្យ​គាត់​ហ្នឹង​បំភ្លេច​អតីត​កាល​របស់​គាត់​ ហើយ​ក៏​អា​ដែល​បណ្តុះ​បណ្តាល​ឲ្យ​គិត​ថា​ នែ៎​ វា​មាន​ការ​ជ្រើស​រើស​ទៅ​រក​ហៅថា​ ​នែ៎ៗ​ផ្លូវ​ទៅរក​សន្តិភាព​ ទៅរក​ការ​រស់​នៅ​សុខដុមរមនា​ជាមួយ​គ្នា​ ជាមួយ​ទាំងអស់​គ្នា​បាទ។​ ម្ល៉ោះ​ហើយ​អាច​រារាំង​នូវ​អា​ជម្លោះ​ ហើយ​នឹង​សង្គ្រាម​ ឬការ​ច្បាំង​គ្នា​ទៅ​ថ្ងៃ​ក្រោយ​នោះ​បាទ»។​

អ្នក​វិភាគ​រូបនេះ​ក៏​បាន​ចាត់​ថា​ ទុក​ការ​ទទួល​យក​គំនិត​ផ្ទុយ​គ្នា​មក​ដឹកនាំ​ប្រទេស​ជា​វិធី​សាស្ត្រ​នៃ​ការ​រក្សា​សន្តិភាព​ និង​បញ្ចៀស​រាល់​វិវាទ​ទាំងឡាយ ដែល​នៅ​បន្ត​យាយី​សង្គម​កម្ពុជា​ ក្រោយ​ការ​រលំ​រលាយ​នៃ​របប​ខ្មែរក្រហម​ដែល​មាន​គោល​ដៅ​ប្រែក្លាយ​កម្ពុជា​ឲ្យក្លាយ​ជា​សង្គម​កសិកម្ម​ និង​រស់​នៅ​ដោយ​ស្មើ​ភាព​គ្នា។​

លោក​ ​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​ បាន​ថ្លែង​ថា៖​

«មនុស្សតាំងពី​កើត​មក​ សូម្បី​តែកូន​ភ្លោះ​ ក៏វា​ខុសគ្នា​ដែរ។ ​ ម្ល៉ោះ​គេ​អាច​មាន​ទស្សនៈ​ខុស​យើង។ គេអាច​មាន​រូបរាង​ខុស​យើង។​ រួច​ទទួល​ស្គាល់​អាភាព​ខុសៗ​គ្នា​នេះ​ទៅ​បាទ។ ​ប៉ុន្តែ​អាច​មាន​គំនិត​ស្រដៀងៗ​គ្នា​ ឬ​ក៏រួម​គ្នា​បាទ​អញ្ចេះ។ ​ រួចគំនិត​យើង​ក៏អាច​ខុស​គេ។​ គំនិត​គេ​ក៏​វា​អាច​ខុស​យើង។​ ប៉ុន្តែ​អាច​មាន​គំនិត​ផ្តេកផ្តួល​ទៅ​លើ​ការណ៍​ពិត​ ហើយ​គឺ​អា​ដែល​អាច​ជា​ផល​ប្រយោជន៍​រួម​គំនិត​ហ្នឹងបាទ ​យក​មក​ប្រើ​ប្រាស់​គំនិត​ហ្នឹង។ ​រឿង​អី​ក៏​យើង​ថា ​ទេ!​ អា​ដែល​ដោយ​សារ​គេ​ មិន​មែន​ ​ដោយសារ​យើង​ មិនមែន​ដោយ​សារ​គំនិត​យើង​ ​បោះបង់​ចោល​គំនិត​គេ​ ឬ​ក៏​ទាត់​ បដិសេធ​ចោល​ទេ! អត់​ទេ!»។​

អន្លង់​វែង​មាន​សភាព​ស្ងប់ស្ងាត់​ដូច​បណ្តា​ភូមិ​នានា​នៅ​តាម​ទី​ជនបទ​នៃ​ប្រទេស។​ ប៉ុន្តែ​ជីវិត​រស់​នៅ​ទីនោះ​នៅតែ​មាន​ភាព​រស់​រវើក​ជាមួយ​ចិត្ត​គំនិត​សមូហនិយម​ និង​មាន​គំនិត​ស្របគ្នា​ក្នុង​ការ​រស់នៅ​ដោយ​ឯករាជ្យ។​ នេះបើ​យោង​តាម​សៀវភៅ​ប្រវត្តិសាស្ត្រ​ស្តីពី​សហគមន៍​អន្លង់​វែង​ ដែល​ជា​ទីការពារ​ខ្លួន​ចុង​ក្រោយ​របស់​ចលនា​ខ្មែរក្រហម​ បោះ​ពុម្ពផ្សាយ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ (DC-CAM)។​

ខុសពី​មនោគមវិជ្ជា​ដឹកនាំ​ដើម​របស់​ខ្មែរក្រហម​ដែល​ផ្តេកផ្តួល​ខ្លាំង​លើ​ការ​រស់​ជា​សមូហភាព​ ​អន្លង់​វែង​ ​ក្រោម​ការ​ដឹកនាំ​របស់​តាម៉ុក​ បាន​ចាប់​ផ្តើម​មាន​កម្ម​សិទ្ធិ​ឯកជន។​ ក្រុម​គ្រួសារ​យោធា​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​ផលិត​ស្បៀង​ខ្លួនឯង​ និង​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ដោយ​ខ្លួន​ឯង។​

លោក​ ​លី សុខឃាង​ ​នាយក​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ បាន​ថ្លែង​ថា​ មជ្ឈមណ្ឌលនេះ​មាន​កិច្ចការ​លើស​ពីការ​រក្សាទុក​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​នៅ​អន្លង់វែង​សម្រាប់​ការ​ស្រាវជ្រាវ​ និងការ​ស្វែង​យល់​អំពី​ដំណើរ​នៃ​ការ​ផ្សះផ្សា​ជាតិ​ និង​សន្តិភាព។ ​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ មជ្ឈមណ្ឌលនេះ​បាន​ខិតខំស្តារ​ប្រព័ន្ធ​បរិស្ថាន​ ដោយ​បាន​ដាំដើមឈើ​ឡើង​វិញ​នៅតំបន់​អន្លង់វែង​ ដែល​រង​គ្រោះ​យ៉ាង​ខ្លាំង​ពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ បង្កើន​ការអភិវឌ្ឍ​ក្នុង​តំបន់​អន្លង់វែង​ និង​ថែ​រក្សា​តំបន់​នេះ​ជា​តំបន់​ប្រវត្តិ​សាស្ត្រ។​

កន្លែង​ដុតខ្មោចប៉ុល ពត​ ថតកាលពី​ថ្ងៃ​ទី​ ២ ខែកញ្ញា​ ឆ្នាំ​ ២០១៧​ នៅស្រុកអន្លង់​វែង។ (ហ៊ុល​ រស្មី​/VOA) ​

លោក​ ​លី សុខឃាង​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ទោះបី​មាន​ធ្វើ​សមាហរណ​កម្ម​របស់​ចលនាខ្មែរក្រហម​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៨​ក៏ដោយ​ ក៏ប៉ុន្តែ​អតីត​ទាហាន​ខ្មែរក្រហម​នៅ​បន្ត​រស់​ជា​ក្រុម​ និង​រក្សា​ការ​គោរព​មនោគមវិជ្ជា​ខ្មែរក្រហម​ ព្រោះ​ថា ​តំបន់​របស់​ពួកគេ​គ្មាន​អំពើ​ចោរកម្ម​ និង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ដើម។​ ​លោក​បាន​បន្ថែម​ថា​ ​អតីត​សមាជិក​នៃ​ចលនា​ខ្មែរក្រហមត្រូវការ​ពេល​វេលាច្រើនទៀត​ ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​លុប​បំបាត់​ចោល​នូវ​មនោគម​វិជ្ជា​ដែល​គេបាន​ទទួល​ក្នុង​សម័យកាលធ្វើ​បដិវត្តន៍​របស់​ពួក​គេ៕