យុត្តិធម៌ដល់អ្នកដែលរួចរស់រានមានជីវិតពីរបបខ្មែរក្រហមពិតជាពិបាកសម្រេចបាន ហើយអ្នកទាំងនេះមិនទាំងដឹងថា យុត្តិធម៌មានន័យពិតប្រាកដយ៉ាងដូចម្តេចទេសម្រាប់ពួកគេ។ នេះបើយោងតាមលោក ម៉ៃឃើល ស៊ីវ (Michael Siv) អ្នកផលិតខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា «ភាពវិលវល់នៃយុត្តិធម៌»។
តាមរយៈការផលិតខ្សែភាពយន្តឯកសារ«ភាពវិលវល់នៃយុត្តិធម៌» លោក ម៉ៃឃើល ស៊ីវ បានស្វែងរកនិយមន័យនៃយុត្តធម៌សម្រាប់ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់លោក។
លោក ម៉ៃឃើល ស៊ីវ បានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកនៅក្នុងនាមជាជនភៀសខ្លួននៅដើមទសវត្សរ៍១៩៨០ ជាមួយនឹងម្តាយរបស់លោក។
ខ្សែភាពយន្តឯកសារដែលមានរយៈពេល៦៩នាទីនេះ ត្រូវបានចាក់បង្ហាញជូនសាធារណជនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយព័ត៌មានអាស៊ីអាមេរិកាំង ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី២០ ខែមីនាកន្លងទៅនេះ នៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្គូ និងទីក្រុងអ៊ុកឡែន រដ្ឋកាលីហ្វ័រញ៉ា។
ខ្សែភាពយន្តឯកសារ«ភាពវិលវល់នៃយុត្តិធម៌» បង្ហាញពីរឿងរ៉ាវរបស់ស្ត្រីជនរងគ្រោះនៃរបបខ្មែរក្រហម ដែលរស់នៅសហរដ្ឋអាមេរិក ក្នុងដំណើរស្វែងរកចម្លើយទៅលើអ្វីដែលបានកើតឡើងនៅកម្ពុជា ក្រោមការដឹកនាំរបស់ពួកខ្មែរក្រហម។
ស្ត្រីទាំងបីនាក់នេះបានធ្វើកស្សិណសាក្សីនៅតុលាការខ្មែរក្រហម នៅទីក្រុងភ្នំពេញ ដោយបានប្រឈមមុខនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដែលត្រូវបានតុលាការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងកំពុងប្រឈមនឹងបទចោទប្រកាន់អំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលរឿងក្តីនេះកំពុងដំណើរការនៅឡើយ។
លោក ម៉ែឃើល ស៊ីវ បានប្រាប់ VOA ថា ខ្សែភាពយន្តឯកសារនេះត្រូវបានផលិតឡើងដើម្បីឧទ្ទិសដល់អ្នករួចរស់រានមានជីវិតពីរបបខ្មែរក្រហមទាំងអស់ ហើយថាខ្សែភាពយន្តឯកសារនេះ គឺជាដំណើរនៃការស្វែងរកយុត្តិធម៌ដែលមិនមាននិយមន័យពិតប្រាកដ។
«តើអ្វីទៅជាយុត្តិធម៌? នៅពេលដែលខ្ញុំបានចាប់ផ្តើមតាមដានដំណើរស្វែងរកយុត្តិធម៌របស់ជនរងគ្រោះ ខ្ញុំមិនដឹងថាអ្វីទៅជាយុត្តិធម៌នោះទេ។ ដូច្នេះ គោលបំណងរបស់ខ្ញុំគឺចាប់យកអត្ថន័យនៃយុត្តិធម៌ តាមរយៈការយល់ឃើញរបស់ជនរស់រានមានជីវិតពីរបបខ្មែរក្រហម»។
នៅប្រទេសកម្ពុជា មានការជជែកដេញដោលគ្នាអំពីបរាជ័យនៃតុលាការខ្មែរក្រហមក្នុងការសម្រេចបានយុត្តិធម៌មួយដ៏ពេញលេញ។ តុលាការខ្មែរក្រហមនាំយកមេដឹកនាំជាន់ខ្ពស់មួយចំនួនតូច រួមមាន នួន ជា ខៀវ សំផន អៀង សារី និងភរិយារបស់លោកគឺលោកស្រី អៀង ធីរិទ្ធ ដែលអ្នកទាំងពីរបានទទួលមរណៈភាព និង កាំង ហ្គេចអ៊ាវ និងជនសង្ស័យមួយចំនួនទៀតសម្រាប់សំណុំរឿងទី៣ និងទី៤ របស់តុលាការ ខណៈដែលជនដៃដល់នៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហមមានចំនួនច្រើន។
សម្រាប់រូបលោក និងទាំងជនរស់រានមានជីវិតនៅក្នុងខ្សែភាពយន្តឯកសារនេះ យុត្តិធម៌មិនមានចម្លើយពិតប្រាកដនោះទេ។
«ហេតុដូច្នេះហើយបានជាខ្ញុំប្រើពាក្យ«ភាពវិលវល់នៃយុត្តិធម៌» ដោយសារតែការស្វែងរកយុត្តិធម៌នេះនឹងបន្តទៅមុខរហូត ក្នុងដំណើរជីវិតរបស់យើង»។
ខ្សែភាពយន្តនេះចាប់ផ្តើមឡើងដោយរៀបរាប់ពីជីវិតរបស់ស្ត្រីខ្មែរបីនាក់ ដែលបានរួចរស់មានជីវិតពីរបបខ្មែរក្រហម។ លោក ម៉ៃឃើល ស៊ីវ បានឲ្យដឹងថា រឿងរ៉ាវនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហមមិនមែននិយាយត្រឹមតែពីជនដៃដល់ និងជនរួចរស់រានមានជីវិតនោះទេ។
«សារនៃខ្សែភាពយន្តឯកសារនេះគឺថា អំពើប្រល័យពូជសាសន៍ ឬសង្គ្រាមមិនត្រឹមតែប៉ះពាល់ដល់មនុស្សជំនាន់ដែលឆ្លងកាត់សង្គ្រាមតែប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់មនុស្សជំនាន់ក្រោយ ដូចជារូបខ្ញុំ និងក្មេងៗជំនាន់ក្រោយខ្ញុំ ដូចជាកូនប្រុសខ្ញុំ ឬចៅៗរបស់ខ្ញុំដែរ»។
ការស្វែងរកការពិត
ក្នុងវ័យ៣ ឬ៤ឆ្នាំ លោក ម៉ៃឃើល ស៊ីវ ប្អូនប្រុសរបស់លោក និងឪពុកម្តាយរបស់លោក បានរត់គេចពីអំពើប្រល័យរបស់ខ្មែរក្រហមទៅកាន់ជំរុំនៅតាមព្រំដែនខ្មែរថៃ។ លោកបានឲ្យដឹងថា ឪពុករបស់លោកបានប្រាប់ម្តាយរបស់លោក ឲ្យនាំលោក ម៉ៃឃើល ស៊ីវ ភៀសខ្លួនចេញពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក។ ម្តាយរបស់លោកបានផ្ញើប្អូនប្រុសរបស់លោក ជាមួយនឹងប្អូនជីដូនមួយរបស់គាត់។
បច្ចុប្បន្ននេះ លោក ម៉ៃឃើល ស៊ីវ ស្ថិតក្នុងវ័យជាង៣០ឆ្នាំ។ នៅពេលដែលលោកធំដឹងក្តី លោកមិនដែលមានបំណងស្វែងរកការពិតនៃរឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងគ្រួសាររបស់លោកទេ។
លោកបានឲ្យដឹងថា៖«នៅសហរដ្ឋអាមេរិក ម្តាយរបស់ខ្ញុំមិនដែលនិយាយអំពីអតីតកាលរបស់គាត់ឲ្យខ្ញុំបានដឹងនោះទេ ដោយសារតែវាពោរពេញដោយភាពឈឺចាប់ និងខ្លោចផ្សារសម្រាប់គាត់»។
លោក ម៉ៃឃើល ស៊ីវ មិនទាំងដឹងថា លោកនៅមានឪពុក និងប្អូនប្រុសដែលនៅរស់រានមានជីវិតនៅប្រទេសកម្ពុជានោះទេ រហូតដល់ពេលលោកមានអាយុ២៤ឆ្នាំ នៅពេលដែលលោកបានផលិតខ្សែភាពយន្តឯកសារអំពីជនភៀសខ្លួន (Refugee) នៅប្រទេសកម្ពុជា។ នៅពេលនោះ លោកក៏បានសម្រេចចិត្តធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា។ លោកបានដឹងថា ឪពុករបស់លោកបានចាប់ផ្តើមមានគ្រួសារមួយទៀត នៅពេលដែលគ្រួសាររបស់លោករស់នៅក្នុងជំរុំព្រំដែនខ្មែរថៃ។ ឪពុករបស់លោកបានសម្រេចចិត្តរៀបការជាមួយនឹងស្ត្រីម្នាក់ផ្សេងទៀតនៅជំរុំ ហើយសព្វថ្ងៃនេះមានកូនចំនួនប្រាំបីនាក់។
លោក ម៉ៃឃើល ស៊ីវ តក់ស្លុត នៅពេលដែលលោកបានដឹងថា ប្អូនប្រុសរបស់លោករស់នៅក្នុងភូមិជាមួយគ្នានឹងឪពុករបស់លោក ក៏ប៉ុន្តែអ្នកទាំងពីរមិនស្គាល់គ្នាទេ។
លោក ម៉ៃឃើល ស៊ីវ បានឲ្យដឹងថា៖ «រឿងនេះវាមិនគួរឲ្យជឿទេ ហើយខ្ញុំក៏មិនដឹងថា វាកើតឡើងដោយសារមូលហេតុអ្វីដែរ។ រឿងនេះបានធ្វើឲ្យខ្ញុំយល់ថា រឿងរ៉ាវទាំងនេះមិនមែនសុទ្ធតែកើតឡើងដោយសារសង្គ្រាមនោះទេ។ ក៏ប៉ុន្តែ ឪពុករបស់ខ្ញុំបាននិយាយថា៖ រឿងហ្នឹងកើតឡើងដោយសារតែសង្គ្រាម។ ដូច្នេះ កុំបន្ទោសគាត់។ កុំបន្ទោសម្តាយខ្ញុំ។ ខ្ញុំគួរតែបន្ទោសខ្មែរក្រហម»។
យ៉ាងណាក៏ដោយ លោក ម៉ៃឃើល ស៊ីវ បានដឹងថា ឪពុកម្តាយរបស់លោក និងជនរស់រានមានជីវិតដទៃទៀត មិនអាចលុបចោលអតីតកាលរបស់ពួកគេបានទេ។ លោកថា៖ «រឿងនេះនឹងនៅដិតដាមនៅក្នុងជីវិតរបស់ពួកគាត់។ ពួកគាត់នឹងបន្តស្វែងរកយុត្តិធម៌ និងការពិតរហូត»។
រឿងរ៉ាវសម្រាប់មនុស្សគ្រប់ជំនាន់
នៅក្នុងខ្សែភាពយន្តឯកសារមួយនេះ លោក ម៉ៃឃើល ស៊ីវ បានបញ្ចូលសាច់រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត។ លោកបានមានឱកាសជួបជាមួយនឹងកូនប្រុសរបស់ជនដៃដល់ដែលមានការទទួលខុសត្រូវខ្ពស់ចំពោះអំពើសាហាវព្រៃផ្សៃនៅក្នុងមន្ទីរឃុំឃាំង«ស-២១»ឬគុកទួលស្លែង។
ភេង គឺជាកូនប្រុសរបស់ កាំង ហ្គេចអ៊ាវ ហៅ ឌុច។ លោក ភេង បានចូលរួមក្នុងខ្សែភាពយន្តឯកសារនេះ ដើម្បីស្វែងរកការពិតអំពីឪពុករបស់លោក ដែលត្រូវបានតុលាការខ្មែរក្រហមកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិកាលពីឆ្នាំ២០១០។
លោក ម៉ៃឃើល ស៊ីវ បានឲ្យដឹងថា៖ «ភេង បានចូលរួមក្នុងខ្សែភាពយន្តឯកសារនេះ ដើម្បីព្យាយាមស្វែងយល់ថាឪពុករបស់គាត់ជាមនុស្សបែបណា។ ប៉ុន្តែ ដំណើរស្វែងរកការពិតនេះពោរពេញដោយភាពច្របូកច្របល់សម្រាប់ ភេង នៅពេលដែលគាត់បានទៅស្តាប់អង្គសវនាការរបស់តុលាការខ្មែរក្រហមជាមួយនឹងជនរស់រានមានជីវិតដទៃទៀត»។
លោកបានបន្ថែមទៀតថា៖ «ភេង មិនបានសម្លាប់នរណាម្នាក់ទេ ក៏ប៉ុន្តែ ឪពុករបស់គាត់បានសម្លាប់មនុស្ស។ សំណួររបស់ខ្ញុំគឺថា តើកូនប្រុសរបស់ជនដៃដល់ដ៏សាហាវម្នាក់អាចនឹងប្រឈមនឹងការពិតនេះដោយរបៀបណា? តាមពិតទៅ គ្មាននរណាម្នាក់និយាយអំពីរឿងរ៉ាវរបស់ ភេង នោះទេ ហើយក៏មិនដឹងថាតើជីវិតរបស់គាត់ធំដឹងក្តីក្នុងនាមជាកូនរបស់ជនដៃដល់ម្នាក់នេះជួបនឹងការលំបាកដល់កម្រិតណាដែរ»។
ក្រោយពីបានបញ្ចប់ខ្សែភាពយន្តឯកសារ«ភាពវិលវុលនៃយុត្តិធម៌»នេះមក លោក ម៉ៃឃើល ស៊ីវ បានស្វែងយល់ដឹងថា ប្រវត្តិសាស្ត្រខ្មែរក្រហមគឺជាប្រវត្តិសាស្ត្ររបស់មនុស្សគ្រប់ជំនាន់ទាំងអស់នៅក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេសកម្ពុជា៕