ជិត១០ឆ្នាំមកហើយ ជីវិតរបស់អ្នកស្រី ឃន ខន បានផ្លាស់ប្តូរ ចាប់តាំងពីអ្នកស្រីបាត់បង់ដីធ្លីប្រមាណ៣ហិកតាទៅក្រុមហ៊ុនស្ករអំពៅភ្នំពេញ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អ្នកស្រី ឃន ខន ដែលមានអាយុ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិស្រែច្រាបលើដីដែលត្រូវបានផ្តល់ដោយសហគមន៍នៅទីនោះ។ ផ្ទះបច្ចុប្បន្នរបស់អ្នកស្រីនៅចម្ងាយជាង១០គីឡូម៉ែត្រពីដីចាស់ដែលអ្នកស្រីចោទថាក្រុមហ៊ុនស្ករអំពៅភ្នំពេញបានរឹបអូសយក។
អ្នកស្រីបានថ្លែងថាអ្នកស្រីមិនធ្លាប់ជំពាក់បំណុលគេ មុនពេលបាត់បង់ដីនោះទេ ប៉ុន្តែមកដល់ពេលនេះ អ្នកស្រីកំពុងជំពាក់ធនាគារចំនួន២ ដែលសរុបទឹកប្រាក់ប្រមាណ៥.០០០ដុល្លារអាមេរិក និងជំពាក់ឯកជនប្រមាណ១ពាន់ដុល្លារទៀត។
អ្នកស្រី ឃន ខន ដែលមានកូន៧នាក់ បន្ថែមថាអ្នកស្រីត្រូវការថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ រហូតដល់មានការខ្ចីជាបន្តបន្ទាប់។
អ្នកស្រីបានថ្លែងប្រាប់VOAនៅផ្ទះរបស់អ្នកស្រីក្នុងភូមិស្រែច្រាប ឃុំត្រពាំងជោរកាលពីថ្ងៃពុធថា៖
«រដ្ឋាភិបាលបើដោះស្រាយឲ្យយើងតាំងពីប៉ុន្មានឆ្នាំមុន ដែលយើងតវ៉ារហូតខ្លាំងៗ [វាមិនអីទេ]។ ទទួលថាដោះស្រាយខែនេះ ខែនោះ ឆ្នាំនេះ ឆ្នាំនោះ អត់ឃើញ។ ធ្វើឲ្យប្រជាពលរដ្ឋនៅជំពាក់ចងក ជំពាក់រដ្ឋ[ធនាគារ] ជំពាក់ឯកជន។ បើមិនជឿ ទៅដើរសួរតាមភូមិ មិនមែនតែខ្ញុំមួយទេ»។
អ្នកស្រី ឃន ខន គឺជាអ្នកប៉ះពាល់ម្នាក់ក្នុងចំណោមអ្នកភូមិដែលប៉ះពាល់និងរងគ្រោះប្រមាណ១២០០គ្រួសារដែលទីលំនៅ និងដីធ្លីរបស់ពួកគេ ត្រូវបានធ្វើឲ្យប៉ះពាល់ដោយក្រុមហ៊ុនស្ករអំពៅភ្នំពេញ តាំងពី១០ឆ្នាំមុនមក។
ក្រោយពីមានជម្លោះដីធ្លីនោះមក ប្រជាជនមួយចំនួនបានធ្វើចំណាកស្រុកស៊ីឈ្នួលឲ្យអ្នកដទៃ ដើម្បីរកប្រាក់ចំណូលជាដើមហើយមួយចំនួនទៀតបានចាកចេញទៅរស់នៅតំបន់ផ្សេងៗទៀត។
ជីវិតរបស់អ្នកស្រី ឃន ខន ត្រូវបានផ្លាស់ប្តូរ និងជួបការលំបាកច្រើនចាប់តាំងពីពេលដែលក្រុមហ៊ុនស្ករអំពៅភ្នំពេញ យកដីដែលមានទំហំ៣ហិកតារបស់អ្នកស្រីនិងដីរបស់កូនអ្នកស្រី៤នាក់ទៀត ដែលមានទំហំសរុបជាង ១០ហិកតា។
ស្វាមីរបស់អ្នកស្រី លោក លឹម វ៉ាន់ អតីតទាហានខ្មែរក្រហម បានស្លាប់កាលពីប៉ុន្មានឆ្នាំមុន ខណៈអ្នកស្រី ដែលបាក់ដៃខាងស្តាំ ដោយសារគ្រោះថ្នាក់ ពុំមានដីធ្វើស្រែចម្ការ ចិញ្ចឹមសត្វគោ មាន់ទា ដូចកាលពីមុន។
អ្នកស្រីត្រូវបង់ធនាគារក្នុងរយៈពេលជាង២ឆ្នាំទៀត ដោយក្នុងមួយខែ អ្នកស្រីត្រូវបង់ជាង៧០ម៉ឺនរៀល ហើយប្រាក់នោះ គឺត្រូវបានជួយបង់ដោយកូនប្រុសពៅរបស់អ្នកស្រី គឺលោក វ៉ាន់ ប្រុស អាយុ២០ឆ្នាំ ដែលឈប់រៀន ស៊ីឈ្នួលដឹកឈើឲ្យគេ។
អ្នកស្រី ឃន ខន អាយុ៦៤ឆ្នាំ ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA Khmer)
ក្រៅពីជំពាក់បំណុលគេដែលអ្នកស្រីអះអាងថាពិបាកនឹងសង អ្នកស្រីបង្ហាញការសោកស្តាយដែលកូនប្រុសរបស់អ្នកស្រី៣នាក់ បានឈប់រៀននៅថ្នាក់ទាបៗ ក្រោយពេលអ្នកស្រីបាត់បង់ដីធ្លី ហើយពួកគេបច្ចុប្បន្នធ្វើការស៊ីឈ្នួលដឹកឈើឲ្យគេដើម្បីជួយជីវភាពអ្នកស្រី។
អ្នកស្រីមានប្រសាសន៍ថា៖«កូនខ្ញុំ អត់បានរៀនទៅថ្នាក់ខ្ពស់នឹងគេ មកពីអាបាត់បង់ដីហ្នឹង។ បើនៅដី កូនខ្ញុំអាចបានរៀនទៅច្រើន បានចេះចំណេះវិជ្ជា ធ្វើការនឹងគេបានខ្ពស់ៗ មិនបានធ្វើខ្ញុំគេ រាល់តែថ្ងៃ»។
មិនត្រឹមតែអ្នកស្រីដែលបាត់បង់ដីនោះទេ កូនៗរបស់អ្នកស្រី៤នាក់ផ្សេងទៀត ក៏បានបាត់បង់ដីសរុបទាំងអស់ជាង១០ហិកតា ទៅក្រុមហ៊ុនស្ករអំពៅដែលគ្រប់គ្រងដោយឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលម្នាក់មកពីគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១០។
កូនរបស់អ្នកស្រី គឺអ្នកស្រី វ៉ាន់ សៅរី អាយុ៣០ឆ្នាំ បានថ្លែងថាអ្នកស្រីបានបាត់បង់ដីធ្លីចំនួន២ហិកតាកន្លះ ដែលអ្នកស្រីធ្លាប់ធ្វើស្រែ ដើម្បីបានអង្ករហូបប្រចាំឆ្នាំ។ ប៉ុន្តែអ្នកស្រីដែលមានកូន២នាក់ លែងបានធ្វើស្រែទៀតហើយ និងត្រូវចំណាយលុយទិញអង្ករគេហូបវិញ។
អ្នកស្រី វ៉ាន់ សៅរី អាយុ៣០ឆ្នាំ ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA Khmer)
អ្នកស្រីបានថ្លែងប្រាប់VOAថា៖ «ពិបាកខ្លាំង វាអត់មានដីស្រែ ធ្វើស្រែ។ បើខ្ញុំឥឡូវហ្នឹង អស់ដីធ្វើស្រែហើយ។ បានម៉ែចែកឲ្យហ្នឹងគ្រាន់បានធ្វើស្រែ ដល់ពេលគេយកបាត់ទៅ អត់មានអីធ្វើផង»។
អ្នកស្រីបន្តថា អ្នកស្រីធ្លាប់ធ្វើការឲ្យក្រុមហ៊ុនស្ករអំពៅបានប្រមាណ១ឆ្នាំ កាលពីឆ្នាំ២០១៧ ខាងផ្នែកច្រកស្ករសចូលការ៉ុង។ អ្នកស្រីថាអ្នកស្រីមិនចង់ធ្វើការនៅទីនោះទេ ប៉ុន្តែគ្មានជម្រើស ដោយសារត្រូវការថវិកា។
អ្នកស្រីមានប្រសាសន៍ថា៖«អារម្មណ៍ខឹង បើយើងអត់ការងារធ្វើអញ្ចឹងទៅ ចេះតែចូលធ្វើ បើយើងអត់ចូល យើងអត់មានលុយបង់គេ»។ អ្នកស្រីបានជំពាក់លុយធានាគារ ប្រមាណ៥ពាន់ដុល្លារផងដែរ។
អ្នកស្រី វ៉ាន់ សៅរី ដែលជាស្រ្តីមេម៉ាយ កំពុងបារម្ភអំពីអនាគតកូនៗដែលកំពុងរៀនថ្នាក់ទី៦ និងថ្នាក់ទី៣ ខណៈអ្នកស្រីស៊ីឈ្នួលដកដំឡូងឲ្យគេនៅក្នុងឃុំត្រពាំងជោរ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។
អ្នកស្រីបានថ្លែងថា៖«បារម្ភ! វាចង់ចេះរៀនទៅមុខអញ្ចឹងទៅ ខ្លាចយើងអត់មានលុយឲ្យវារៀន ព្រោះអីកូនខ្ញុំរៀនចេះណាស់ រាល់ថ្ងៃ វាចង់រៀន ខ្លាចទៅមុខទៅ រកលុយអត់បានឲ្យវារៀន»។
តំណាងប្រជាពលរដ្ឋដែលបាត់បង់ដីធ្លីដែរ លោក សឹង សុខុម មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលបន្តតវ៉ាទាមទារដីធ្លីរាប់រយគ្រួសារបានជួបការលំបាកជាបន្តបន្ទាប់ រហូតដល់ធ្លាក់ទៅក្នុងបំណុល ចំណាកស្រុក និងកូនៗមិនបានចូលរៀនជាដើម។
លោក សុខុម ដែលបាត់បង់ដីទៅក្រុមហ៊ុនអំពៅប្រមាណ១ហិកតាកន្លះ បានថ្លែងប្រាប់VOAនៅផ្ទះរបស់លោកថា៖ «បន្ទាប់ពីគាត់បាត់បង់ដីធ្លីទៅ ជីវភាពគាត់ធ្លាក់ដុនដាបខ្លាំង ដោយសារគាត់ខ្វះស្រូវ អង្ករហូបអញ្ចឹង។ទីមួយប្រឈមនឹងការខ្វះបាយហូប។ ចំណូលដែលគាត់រកបានតិចតួច ទិញតែលើអង្ករ លើបាយហូប ហើយត្រូវបាត់បង់ការសិក្សាកូនៗរបស់ពួកគាត់ ដោយសារយើងមិនមានលទ្ធភាពបញ្ជូនកូនទៅសាលា»។
លោកបន្តថា ប្រជាពលរដ្ឋរងគ្រោះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ក៏បានទៅធ្វើការឲ្យក្រុមហ៊ុនស្ករអំពៅផងដែរ នៅពេលក្រុមហ៊ុនត្រូវការកម្លាំងមនុស្សច្រើន ដោយសារពួកគេត្រូវការប្រាក់ចំណូល។ ប៉ុន្តែលោកថា បច្ចុប្បន្ននេះ ក្រុមហ៊ុនមិនត្រូវការកម្លាំងពលកម្មដូចមុនទៀតទេ ដោយសារក្រុមហ៊ុនប្រើគ្រឿងម៉ាស៊ីនជំនួសវិញ។
ព័ត៌មានទាក់ទង៖ អង្គការអន្តរជាតិថាជនរងគ្រោះដីធ្លីនៅកំពង់ស្ពឺ ត្រូវទទួលបានសំណងពីឈ្មួញរំលោភដីធ្លីបន្ថែមលើសំណងANZកាលពីពេលថ្មីៗនេះ ធនាគារANZដែលផ្តល់កម្ចី៤០លានដុល្លារដល់ក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ កាលពីឆ្នាំ២០១១ បានសម្រេចផ្តល់កញ្ចប់ថវិកាចំណេញពីកម្ចីនេះ ដល់គ្រួសារទាំងឡាយដែលរងផលប៉ះពាល់ដោយសារការបង្ខំឲ្យផ្លាស់ប្តូរទីលំនៅដ្ឋាន។ ធនាគារANZរបស់ប្រទេសអូស្ត្រាលី បានទទួលស្គាល់កំហុសរឿងរំលោភសិទ្ធិមនុស្ស ក្រោយមានការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ អស់រយៈពេល៥ឆ្នាំ។ ការទទួលខុសត្រូវរបស់ធនាគារនេះចំពោះប្រជាពលរដ្ឋដែលប៉ះពាល់ទាំងនេះត្រូវបានក្រុមអ្នកតស៊ូមតិគាំទ្រនិងសាទរ ហើយពួកគេថា ទង្វើនេះអាចនឹងធ្វើឲ្យក្រុមហ៊ុនអន្តរជាតិដទៃៗទៀតយកតម្រាប់តាមនិងវិនិយោគប្រកបដោយការទទួលខុសត្រូវ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយការប្រកាសសេចក្តីសម្រេចនេះ លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាដែលជួយដាក់ពាក្យបណ្តឹងក្នុងនាមតំណាងឲ្យពលរដ្ឋ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថានេះជាការទទួលស្គាល់ដ៏សំខាន់មួយ តែលោកថា«វាមិនអាចជំនួសឲ្យការទទួលខុសត្រូវណាមួយរបស់ក្រុមហ៊ុនស្ករភ្នំពេញ ក្នុងការផ្តល់សំណងពេញលេញដល់សហគមន៍សម្រាប់ការខូចខាតទាំងឡាយរបស់ពួកគាត់ឡើយ»។
តំណាងប្រជាពលរដ្ឋរងគ្រោះ លោក សឹង សុខុម មានប្រសាសន៍ថា៖ «នេះជាចំណែកមួយ គាត់ស្តាសិទ្ធិមនុស្សមកវិញដែរ ហើយក៏ជាផលប្រយោជន៍មួយ ធ្វើឲ្យសហគមន៍បានចែករំលែកក្នុងការលំបាករបស់គាត់មួយចំនួនដែរ ហើយយើងត្រេកអរមែនទែនចំពោះANZដែលធ្លាប់តែបដិសេធមិនចរចា ហើយឥឡូវនេះ បែរជាចរចាហើយ ព្រមឲ្យប្រាក់ចំណេញមកសហគមន៍វិញទៀត»។
ចំណែកអ្នកស្រី ឃន ខន ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះស្រាយជម្លោះដីធ្លីរបស់អ្នកស្រីឲ្យបានឆាប់ៗ។
អ្នកស្រីមានប្រសាសន៍ថា៖ «ANZ គាត់គ្រាន់តែប្រាក់ចំណេញផង។ គាត់សុខចិត្តនឹកឃើញថា គាត់ហ្នឹងឲ្យប្រាក់ហ្នឹងមក ឲ្យក្រុមហ៊ុនហ្នឹងអភិវឌ្ឍខុសច្បាប់លើដីពួកខ្ញុំ។ គាត់គិតឃើញអញ្ចឹង បានគាត់ផ្តល់លុយហ្នឹង ប្រាក់ចំណេញឲ្យមកយើង។ ហើយចុះរដ្ឋាភិបាលយើង ប្រជាពលរដ្ឋយើង ខ្លួនឯង សុំឲ្យគាត់ហ្នឹងឆាប់ដោះស្រាយឲ្យពួកខ្ញុំ ដូចANZផង»។
លោក លី យ៉ុងផាត់ ម្ចាស់ក្រុមហ៊ុនស្ករសភ្នំពេញ និងជាព្រឹទ្ធសមាជិកម្នាក់មកពីគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថានេះជាការសម្រេចរបស់ធនាគារANZ ហើយលោកថាក្រុមហ៊ុនរបស់លោកបានដោះស្រាយជូនប្រជាពលរដ្ឋអស់ហើយ។
លោកបានថ្លែងប្រាប់VOAតាមទូរស័ព្ទកាលពីថ្ងៃពុធថា៖«អូ អារឿងហ្នឹង រឿងក្រុមហ៊ុនគេ យើងមិនហ៊ានទៅបកស្រាយជំនួសគេ អត់បានទេអាហ្នឹង។ រឿងក្រុមហ៊ុនគេ សិទ្ធិគេ ឲ្យគេធ្វើរបស់គេទៅ»។
ឆ្លើយតបនឹងការអះអាងអំពី«ស្ករប្រឡាក់ឈាម»ដែលពលរដ្ឋមានជម្លោះដីធ្លីបានដាក់ឈ្មោះឲ្យ លោក លី យ៉ុងផាត់ មានប្រសាសន៍ថា៖ «ប្រឡាក់ឈាមណា ឥឡូវរកស្ករស៊ីអត់បានផង។ អត់អីទេ គេថាម៉េច សិទ្ធិគេនិយាយ លើគេ យើងធ្វើម៉េច»។
លោកបន្ថែមថា៖ «កន្លងទៅ ខ្ញុំដោះអស់ច្រើនហើយ។ ទាំងអា៥០០ដុល្លារហ្នឹង[សំណងដែលផ្តល់ឲ្យពលរដ្ឋរងគ្រោះ] ដោះមិនដឹងប៉ុន្មានលើកហើយ។ ឥឡូវយើងទុកឲ្យក្រសួងជាអ្នកដោះស្រាយម្តង ព្រោះក្រសួង គេមានគណៈកម្មការគេមើលការខុសត្រូវ»។
VOA មិនអាចសុំការឆ្លើយតបពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បាននៅឡើយទេ។
សម្រាប់អ្នកស្រី ឃន ខន អ្នកស្រីសង្ឃឹមថាថវិកាដែលនឹងផ្តល់ដោយធនាគារ នឹងអាចឲ្យអ្នកស្រីដោះស្រាយបំណុលគេបានខ្លះ។ តែអ្នកស្រីនៅតែបន្តទាមទារដីធ្លី និងសំណងនៃការខូចខាតក្នុងរយៈពេលជិត១០ឆ្នាំមកនេះ។
អ្នកស្រីមានប្រសាសន៍ថា៖ «វាយឺតពេលហើយ ក៏ប៉ុន្តែក្រែងលោវាគ្រាន់រំលស់អីអញ្ចឹងណា វាយឺតពេល។ វាយឺតខ្លាំងណាស់។ បើសិនឲ្យតាំងពីមុន បើសិនឲ្យតាំងពីមុន វាអត់ជំពាក់ទេ»៕