ក្រោយមានប្រតិកម្មពីអ្នកប្រើប្រាស់បណ្តាញសង្គមលើការថតវីដេអូរបស់ស្រ្តីម្នាក់ស្តីពីរបៀបសម្លាប់ និងចម្អិនសត្វព្រៃយកទៅបរិភោគ ក្រសួងបរិស្ថានបានចាត់វិធានការលើស្រ្តីនោះ ដោយមានការអប់រំ ចុះកិច្ចសន្យា និងពិន័យជាប្រាក់។ ក្រុមអង្គការសង្គមស៊ីវិល និងប្រធានអង្គការការពារធនធានធម្មជាតិមួយ បានរិះគន់ការសម្រេចនេះ ថាជាការបង្ហាញពីអសមត្ថភាពក្នុងការអនុវត្តច្បាប់របស់សមត្ថកិច្ច។
អ្នកការពារធនធានធម្មជាតិនៅកម្ពុជា បានរិះគន់ក្រសួងបរិស្ថាន ដែលសម្រេចដោះលែងស្រ្តីថតវីដេអូសម្លាប់ និងបរិភោគសត្វព្រៃជាច្រើនប្រភេទត្រឹមការធ្វើកិច្ចសន្យា ដោយមិនប្រើវិធានការធ្ងន់ធ្ងរតាមច្បាប់។
លោក ឆឺយ ឧត្តមរស្មី កូនប្រុសលោក ឈុត វុទ្ធី និងជាប្រធានអង្គការការពារធនធានធម្មជាតិ ប្រាប់ VOA នាព្រឹកថ្ងៃសុក្រនេះថា ការប្រមាញ់ សម្លាប់ និងបរិភោគសត្វព្រៃ បង្ហោះលើបណ្តាញសង្គមរបស់ស្រ្តីឈ្មោះ ចាន់ ប៉ូលីន នោះ គឺជាសកម្មភាពដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សត្វព្រៃនៅកម្ពុជា។ លោកបន្ថែមថា សត្វព្រៃមួយចំនួនដែលស្រ្តីនោះសម្លាប់ និងបរិភោគ គឺជាសត្វព្រៃប្រភេទកម្រ ដែលលោកថា តាមច្បាប់ស្តីពីបទល្មើសព្រៃឈើ ការសម្លាប់ ឬ ជួញដូរសត្វកម្រទាំងនោះ គឺត្រូវកាត់ទោសដាក់ពន្ធនាគារ។
លោក ឆឺយ ឧត្តមរស្មី បន្ថែមថា ការអនុវត្តរបស់មន្រ្តីក្រសួងបរិស្ថានដែលត្រឹមតែឲ្យជនល្មើសធ្វើកិច្ចសន្យា គឺបង្ហាញពីអសមត្ថភាពក្នុងការអនុវត្តច្បាប់ និងថាអាចធ្វើឲ្យប៉ះពាល់ដល់សត្វព្រៃនៅកម្ពុជា ជាបន្ត។
លោកបញ្ជាក់ថា៖
«ឃើញគាត់កាន់សត្វរនាលខ្យង ដែលជាសត្វគេហៅថាវាមានប្រភេទរនាលពណ៌ ប្រភេទរនាលខ្យង ម្យ៉ាងទៀតហៅត្រយ៉ង ហើយពួកសត្វទាំងបីហ្នឹងជាសត្វដែលគៀកនឹងផុតពូជ ហើយបន្ទាប់មកឃើញមានខ្លាត្រី ឃើញត្រកួត ឃើញអី។ អញ្ចឹងគួរតែចាប់នារីហ្នឹងទៅផ្តន្ទាទោសតាមច្បាប់ ព្រោះច្បាប់មានតើ។ ប៉ុន្តែថាមន្រ្តីទាំងអស់ហ្នឹងមិនមែនគ្រាន់តែឲ្យនារីម្នាក់ហ្នឹងធ្វើកិច្ចសន្យាសុំទោស ហើយឈប់ធ្វើអញ្ចឹងទៀតទេ អញ្ចឹងថ្ងៃក្រោយអ្នកដទៃទៀតគេធ្វើដែរ ហើយគេនិយាយថា គ្រាន់តែសុំទោសទៅគឺចប់ហើយ អត់ផ្តន្ទាទោសដាក់ពន្ធនាគារផងហ្នឹង»។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្រ្តីម្នាក់ឈ្មោះ ចាន់ ប៉ូលីន និងស្វាមី បានចូលសារភាពទោសកំហុសរបស់ខ្លួន នៅចំពោះមុខមន្ត្រីក្រសួងបរិស្ថាន ក្រោយមានប្រតិកម្មពីសាធារណៈជនពាក់ព័ន្ធនឹងវីដេអូជាង៣០ ដែលស្រ្តីរូបនេះថតបង្ហោះលើបណ្តាញសង្គមយូធូបមួយឈ្មោះ «Natural Life TV»។ ក្នុងវីដេអូមួយចំនួនដែលស្រ្តីឈ្មោះ ចាន់ ប៉ូលីន បានបង្ហោះ បានបង្ហាញពីការដាក់អន្ទាក់ ការសម្លាប់ របៀបចម្អិន និងបរិភោគសត្វព្រៃមួយចំនួន ដែលមានដូចជា ពស់វែក ខ្លាត្រី និងសត្វព្រៃផ្សេងៗមួយចំនួនទៀត។
ស្រ្តីឈ្មោះ ចាន់ ប៉ូលីន និងស្វាមី បាននិយាយក្នុងពេលចូលសារភាព ដោយមានក្រសួងបរិស្ថានបង្ហោះជាវីដេអូលើទំព័រហ្វេសប៊ុករបស់ក្រសួងថា នាងនិងអ្នកផ្សេងទៀត បានចាប់ផ្តើមថតវីដេអូរ តាំងពីខែ ធ្នូ ឆ្នាំ២០១៧ ដែលបង្ហាញពីការយកសត្វព្រៃធ្វើជាម្ហូប ហើយចាប់ផ្តើមបង្ហោះកាលពីខែមេសា។ នាងបន្ថែមថា នាងអត់ស្គាល់ប្រភេទសត្វទាំងនោះអស់ទេ និងថា នាងក៏មិនដឹងថាការសម្លាប់សត្វព្រៃយកធ្វើម្ហូប អាចបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងដូច្នេះដែរ។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានដែលស្ថិតក្នុងសន្និសីទនៃការចូលសារភាពកំហុសរបស់ស្រ្តីឈ្មោះ ចាន់ ប៉ូលីន ដែរនោះ ប្រាប់ VOA នាល្ងាចថ្ងៃព្រហស្បតិ៍ថា ក្រោយការសារភាពកំហុស និងធ្វើកិច្ចសន្យាបញ្ឈប់ការសម្លាប់ និងបរិភោគសត្វព្រៃថតជាវីដេអូ ស្រ្តីឈ្មោះ ចាន់ ប៉ូលីន និងស្វាមី ត្រូវបានពិន័យជាអន្តរការណ៍ និងអប់រំណែនាំ ទៅតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ លោកបន្ថែមថា សត្វដែលស្រ្តីឈ្មោះ ចាន់ ប៉ូលីន ថតបង្ហោះនោះ មិនមែនជាប្រភេទសត្វកម្រ និងថា ស្រ្តីនោះបានទិញពីឈ្មូញដើម្បីសម្តែងរកប្រាក់តាមបណ្តាញសង្គមយូធូបប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖
«យើងអនុម័តមាត្រា៥៩ ដែលចែងពីការផាកពិន័យអន្តរការណ៍ ហើយធ្វើការអប់រំណែនាំ។ ប្រភេទសត្វហ្នឹង គឺប្រភេទសត្វមិនទាន់ជាប្រភេទដែលកម្រជិតផុតពូជទេ ហើយបើតាមអ្វីដែលគាត់រាយការណ៍មកហ្នឹង គាត់បានឆ្លើយសារភាពមកហ្នឹង។ ដូចជាមានពស់ ពស់សង់សឿ សត្វដូចជាអែអូត សត្វស្អីទន្សង ស្អីហ្នឹង ខ្ញុំមិនច្បាស់ដែរ តែប្រមាណជា៣-៤ ប្រភេទដែរ»។
បើតាមមាត្រា៩៨ ចំណុចទី១០ នៃច្បាប់ស្តីពីព្រៃឈើ ចែងថា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី២ ដែលត្រូវជាប់ពន្ធនាគារពីមួយឆ្នាំ ទៅ៥ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១០លានរៀល ទៅ១០០លានរៀល ឬផ្តន្ទាទោសណាមួយនៃទោសទាំងពីរ វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានបរបាញ់ សម្លាប់ ធ្វើពាណិជ្ជកម្ម ឬនាំចេញសត្វក្នុងក្រុមមានដោយកម្រ។
មាត្រា៩៩ ចំណុចទី១៤ ចែងថា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ១០លានរៀល ចំពោះជនណាយាយី ធ្វើឲ្យរបួស ប្រមូលពង កូន នៃប្រភេទសត្វក្នុងក្រុមជិតផុតពូជ ឬក្រុមមានដោយកម្រ ឬបំផ្លាញជម្រករបស់វា។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព មិនបានបញ្ជាក់ពីចំនួននៃការពិន័យអន្តរការណ៍នោះទេ។
លោកមានប្រសាសន៍ថា៖
«ទន្ទឹមនឹងចម្លើយរបស់គាត់ហ្នឹងគឺយើងបានពិនិត្យមើលជាមួយគ្នា អ្នកជំនាញរបស់យើង និងជាមួយកងរាជអាវុធហត្ថ។ ការពិន័យអន្តរការណ៍ហ្នឹងជាការពិន័យជាប្រាក់។ ដោយសារថាគាត់បានទទួលកំហុស ហើយមកសារភាព ហើយគាត់ក៏មិនដឹងអំពីការដែលគាត់ទិញរបស់ដែលមានលក់ជាលក្ខណៈលួចលាក់ហ្នឹង ហើយគាត់ត្រូវមានទោសដែរ អញ្ចឹងក៏យើងជួយសម្រាលឲ្យគាត់ ប៉ុន្តែសំខាន់ឲ្យគាត់យល់ពីកំហុស ហើយគាត់សន្យា គាត់ប្តេជ្ញាមិនប្រព្រឹត្តតទៅទៀត»។
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា ការអះអាងរបស់ស្រ្តីដែលបានថតវីដេអូពីការសម្លាប់ និងបរិភោគសត្វព្រៃ បង្ហោះលើបណ្តាញសង្គមនេះ មានភាពមិនសមហេតុផល និងថា ការសម្រេចរបស់អាជ្ញាធរទៅលើស្រ្តីនោះ ធ្វើឡើងដោយមិនសមស្របទៅតាមច្បាប់ដែលបានចែង។ លោកបន្ថែមថា សមត្ថកិច្ចគួរអនុវត្តច្បាប់ឲ្យបានស្មើភាពជាមួយប្រជាពលរដ្ឋផ្សេងទៀតដែលត្រូវបានអាជ្ញាធរវាយខ្នោះ និងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនាពេលកន្លងមក។
លោក សន ជ័យ បន្ថែមថា ដើម្បីទប់ស្កាត់ ការពារធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលប្តេជ្ញាចិត្តខ្ពស់ក្នុងការចាត់វិធានការលើអ្នកមានអំណាចនៅពីក្រោយសកម្មភាពបទល្មើសទាំងនោះ។
លោកបញ្ជាក់ថា៖ «ខ្ញុំនៅតែទទូចថាឲ្យមានការអនុវត្តច្បាប់ចាប់ផ្តើមពីក្រុមដែលមានឥទ្ធិពល មានអំណាចជាមុន ហើយនៅពេលដែលក្រុមនោះស្ថិតនៅក្រោមឥទ្ធិពល ស្ថិតនៅក្រុមអំណាចច្បាប់ ហើយវានឹងក្លាយជាគំរូមួយសម្រាប់សង្គម។ បន្ទាប់មកទៀតការអនុវត្តច្បាប់បន្ថែមទៀតទៅលើក្រុមគោលដៅទី២ បានន័យថាក្រុមប្រជាពលរដ្ឋដែលនៅតែព្យាយាមល្មើសច្បាប់ហ្នឹង ក៏មិនត្រូវលើកលែងដែរ។ អញ្ចឹងពីរហ្នឹងយើងចង់ឲ្យការអនុវត្តច្បាប់ទៅលើក្រុមដែលមានឥទ្ធិពលមុន»។
ថ្មីៗនេះ បន្ទាប់ពីមានការបង្ហោះតាមបណ្តាញសង្គមពីការដាក់លក់សត្វព្រៃជាច្រើនករណី តាមដងផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម គេឃើញអាជ្ញាធរមានសមត្ថកិច្ចកាលពីថ្ងៃព្រហស្បតិ៍ក៏បានចុះបង្រ្កាប និងឃាត់ខ្លួនអ្នកលក់ផងដែរ។ នៅថ្ងៃដដែលនោះ សមត្ថកិច្ចក៏បានឆែកឆេរផ្ទះល្វែងមួយកន្លែងក្នុងខណ្ឌសែនសុខ ដកហូតបានស្បែក ឆ្អឹង និងកន្ទុយខ្លា ភ្លុកដំរី និងសំណល់សត្វព្រៃជាច្រើនគីឡូក្រាម៕