អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ស្នើ​បង្កើត​គណបក្ស​ថ្មី ក្រោយ​ចាក​ចេញ​ពី​គណបក្ស​ជំទាស់

លោក ស៊ុន ចន្ធី ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ខេត្ត​កំពង់ធំ។ (រូបថត​ផ្តល់​ឱ្យ)

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​កំពង់​ធំ លោក ស៊ុន ចន្ធី បាន​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បីសុំ​បង្កើត​គណបក្ស​នយោបាយ​បាយ​ថ្មី ក្រោយ​ការ​ចាកចេញ​ពី​គណ​បក្ស​ជំទាស់ដែល​មិន​ត្រូវ​បាន​អនុ​ញ្ញាត​ឱ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ខែកក្កដា​ខាង​មុខ។ នេះ​បើ​យោង​តាម​ពាក្យ​សុំ​បង្កើត​គណបក្ស​នយោ​បាយ ចុះថ្ងៃទី​១៩ ខែ​មិថុនា ដែល​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ ហើយ​វីអូអេ​ទទួល​បាន។

គណ​បក្ស​ដែល​លោក ស៊ុន ចន្ធី សុំ​បង្កើត​នោះ មាន​ឈ្មោះ​ថា«គណបក្ស​កម្លាំង​ជាតិ»។
ក្រោយ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​កាល​ពី​ឆ្នាំ​២០២១ លោក ស៊ុន ចន្ធី​ បាន​សម្រេច​ប្រឡូក​ចូលក្នុងវិស័យ​នយោ​បាយ​វិញ​ជាមួយគណបក្ស​ភ្លើងទៀន​កាល​ពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២២។ ប៉ុន្តែ​លោក​ក៏​បាន​លាឈប់​ពី​គណបក្សភ្លើង​ទៀន​វិញ កាល​ពី​ថ្ងៃទី​១៨ ខែ​មិថុនា​ ឆ្នាំ២០២៣។ នេះ​បើ​តាម​លិខិត​សុំ​លា​ឈប់​ដែល​វីអូអេ​ទទួល​បាន។

លោក ស៊ុន ចន្ធី បាន​បង្ហោះ​ព័ត៌មាន​នៅ​លើ​គេហ​ទំព័រហ្វេស​ប៊ុក​របស់​លោក​ថា​ការ​លា​ឈប់​របស់​លោក​នេះ គឺជា​សិទ្ធិ​របស់​បុគ្គល ដែល​មិន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​របស់​គណ​បក្ស​ភ្លើង​ទៀន​ឡើយ។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ខ្ញុំ​នៅ​តែ​បន្ត​សកម្មភាព​ជា​អ្នក​នយោបាយ​ទៅ​មុខ​ទៀត​ដដែល ដោយ​អាច​នឹង​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ណា​មួយ ឬ​អាច​នឹង​ដឹកនាំ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ពង្រឹង​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ និង​សិទ្ធិ​មនុស្ស ដើម្បី​រួម​ចំណែក​ក្នុង​ការការ​ពារ​សន្តិភាព ព្រម​ទាំង​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង»។

​វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ស៊ុន ចន្ទី បាន​នៅ​ឡើយ​ទេ។

រដ្ឋលេខាធិការ និង​ជាអ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ ខៀវ សុភ័គ ប្រាប់វី​អូអេ​ថា​ក្រសួង​បាន​ទទួល​លិខិត​ស្នើ​សុំ​បង្កើត​គណបក្ស​នយោ​បាយ​ថ្មី​នោះ​រួច​ហើយ​ ប៉ុន្តែ​មិន​ទាន់​ពិនិត្យ​និង​សម្រេច​បែប​ណា​នោះ​ទេ។

ជា​បន្ត​បន្ទាប់ ក្រោយ​គណបក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត​នាខែកក្កដា​ខាង​មុខ​នេះ មន្ត្រី​និង​សកម្ម​ជន​របស់​គណបក្ស​ជំទាស់​មួយ​នេះ​បាន​នាំ​គ្នា​លា​ឈប់​ពី​គណបក្ស។ អ្នក​ខ្លះបាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

អ្នក​នាំ​ពាក្យ​គណបក្សភ្លើង​ទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់​វីអូអេ​ថា​វា​ជា​សិទ្ធិ​បុគ្គល​សម្រាប់​ការធ្វើ​នយោ​បាយ ​ដោយ​ការ​ចាក​ចេញ​ទៅ​ពី​គណបក្ស​មួយ​ទៅ​បង្កើត​គណ​បក្ស​ថ្មី​ឬក៏​ចុះ​ចូល​ជាមួយ​បក្ស​ផ្សេង​ទៀត។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​គាត់​អាច​នឹង​សម្រេច​ចិត្ត​ទៅ​ធ្វើ​អ្វី​ដែល​គាត់​ពេញ​ចិត្ត​នឹង​ធ្វើ។ អាហ្នឹង​ជា​សិទ្ធិ​នយោ​បាយ។ កុំ​ថា​តែ​គាត់​ទៅ​បង្កើត​គណបក្ស​ថ្មី ចំពោះ​អ្នក​ដទៃ​ដែល​គេ​មិន​ទៅ​បង្កើត​គណបក្ស​ថ្មី​ គេ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ណា គណបក្ស​ណី​ អាហ្នឹង​ជា​សិទ្ធិ​បុគ្គល»។

អ្នកនាំ​ពាក្យ​រូប​នេះ​អះអាង​ថា​គណបក្ស​ភ្លើង​ទៀន​នៅ​តែ​ធ្វើ​ដំណើរ​ទៅ​មុខ ​ដើ​ម្បី​ជ្រោង​ទង់​លទ្ធិ​ប្រជា​ធិប​តេយ្យ​និង​កា​រ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕