ខ្មែរ​អាមេរិកាំង​ម្នាក់​ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​សភា​តំណាងរាស្ត្រ​រដ្ឋ Connecticut

លោក រឿន វាសនា បេក្ខជន​ខ្មែរ​អាមេរិកាំង​ឈរ​ឈ្មោះជា​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​១០៩​នៃ​រដ្ឋ Connecticut សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ឆ្នាំ​២០១៦​នេះ។ លោក​គឺជា​អនុប្រធាន​អង្គការ​សម្ព័ន្ធមិត្តខ្មែរ​អាមេរិកាំង និង​ជា​សកម្មជន​សហគមន៍​ខ្មែរ​ម្នាក់​នៅ​រដ្ឋ​ Connecticut។

លោក រឿន វាសនា បាន​ឲ្យ​ដឹង​ថា លោក​មាន​គោល​បំណង​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​វិស័យ​នយោបាយ​នៅ​រដ្ឋ Connecticut នេះ ដោយ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ខ្មែរ​អាមេរកាំង​ម្នាក់​ដំបូង​គេ​បង្អស់ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​នៅ​ឆ្នាំ​២០១៦​នេះ។

នៅ​រដ្ឋ​ Connecticut ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​តិចតួច​ប្រមាណ​តែ​៤០០០នាក់​ប៉ុណ្ណោះ​នោះ គេ​មិន​រំពឹង​ថា នឹង​មាន​អ្នក​ដឹកនាំ​ជា​ខ្មែរ​ដែល​អាច​ក្លាយ​ជា​តំណាងរាស្ត្រ​នោះ​ទេ។

ក៏ប៉ុន្តែ លោក រឿន វាសនា បាន​ឲ្យ​ដឹង​ថា លោក​មាន​គោល​បំណង​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​វិស័យ​នយោបាយ​នៅ​រដ្ឋ Connecticut នេះ ដោយ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ខ្មែរ​អាមេរកាំង​ម្នាក់​ដំបូង​គេ​បង្អស់ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ថ្នាក់​រដ្ឋ​នៅ​ឆ្នាំ​២០១៦​នេះ។

«‍មូល​ហេតុ​មួយ ដែល​ខ្ញុំ​សម្រេច​ចិត្ត​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ គឺ​ដោយសារ​តែ​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​ឲ្យ​សហគមន៍​ខ្មែរ​យើង ចូលរួម​សកម្មភាព​នយោបាយ និង​សង្គម​ឲ្យ​បាន​ច្រើន»។

លោក​បាន​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​បាន​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ជិត​៤០ឆ្នាំ​ហើយ តែ​វា​គួរ​ឲ្យ​ស្តាយ​ ដែល​នៅ​ក្នុង​សង្គម​ខ្មែរ​មិន​សូវ​មាន​តំណាង​ខ្មែរ​ជា​អ្នក​ដឹកនាំ​ច្រើន​ទេ​នៅ​ក្នុង​សហគមន៍ ​និង​ក្នុង​ជួរ​រដ្ឋាភិបាល​ក្នុង​តំបន់ ក៏ដូច​ជា​រដ្ឋាភិបាល​សហព័ន្ធ។

លោក រឿន វាសនា អាយុ​៣៧ឆ្នាំ ឈរ​ឈ្មោះ​ជា​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ ដើម្បី​ប្រកួត​យក​តំណែង​ជា​តំណាង​រាស្ត្រ​ប្រចាំ​សង្កាត់​លេខ​១០៩ រដ្ឋ​ Connecticut ពី​លោក David Arconti ដែល​ជា​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​នេះ និង​ជា​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​អាណត្តិ​ថ្មី​នេះ។

ជាក់ស្តែង ពលរដ្ឋ​នៅ​ទូទាំង​រដ្ឋ​ Connecticut ដែល​មាន​ចំនួន​ប្រមាណ​៣លាន​នាក់ ភាគច្រើន​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ ហើយ​សព្វថ្ងៃ​នេះ សភា​តំណាងរាស្ត្រ​រដ្ឋ Connecticut ភាគច្រើន​គឺជា​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ នៅ​ក្នុង​ចំណោម​សមាជិក​១៥១​រូប តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​មាន​ចំនួន​៨៦​នាក់ ហើយ​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សាធារណរដ្ឋ​មាន​ចំនួន​៦៤នាក់​ប៉ុណ្ណោះ។

ជា​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក រឿន វាសនា បាន​សង្កត់​ធ្ងន់​ថា លោក​គឺជា​បេក្ខជន​វ័យ​ក្មេង​ម្នាក់ ដែល​មាន​សមត្ថភាព មាន​គំនិត​ផ្តួចផ្តើម​ថ្មី និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់។

‍«‍បញ្ហា​ដែល​សភា​ភាគច្រើន​គ្រប់គ្រង​ដោយ​គណបក្ស​តែ​មួយ គឺ​ថា យើង​មិន​អាច​បង្កើត​គំនិត​ថ្មីៗ​បាន​ទេ។ តែ​នេះ​គឺជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​តាមរយៈ​ការ​ឃោសនា​ ដោយ​នាំ​មក​នូវ​សមាសភាព​ថ្មី និង​គំនិត​ថ្មី»។

ទាក់ទង​នឹង​គោលនយោបាយ លោក រឿន វាសនា បាន​ប្រាប់ VOA ថា លោក​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ ពន្ធដារ និង​វិស័យ​សេដ្ឋកិច្ច។ លោក​បាន​បញ្ជាក់​ថា ពលរដ្ឋ​នៅ​ទីក្រុង Danbury នៃ​សង្កាត់​លេខ​១០៩​នេះ ជួប​បញ្ហា​ខ្វះ​ថវិកា​សម្រាប់​ពង្រឹង​វិស័យ​អប់រំ ហើយ​ពន្ធ​កាន់​តែ​ឡើង​ថ្លៃ។ ក្រៅ​ពី​នេះ ឱកាស​ការងារ​ក្នុង​តំបន់​កាន់តែ​ខ្វះខាត ដោយសារ​តែ​ក្រុមហ៊ុន​ធំៗ​សម្រេច​ចិត្ត​ផ្លាស់​ទី​ចេញ​ពី​រដ្ឋ Connecticut។

លោក​បាន​ឲ្យ​ដឹង​ថា៖

«‍នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​យុទ្ធនាការ ខ្ញុំ​បាន​និយាយ​ថា ពលរដ្ឋ​គ្រប់គ្នា ទាំង​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ក្តី ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​រដ្ឋ Connecticut នេះ»។

លោក រឿន វាសនា (ស្តាំ) ដែល​ជា​បេក្ខជន​ខ្មែរ​អាមេរិកាំង​ដំបូង​គេ​បង្អស់​ឈរឈ្មោះជាតំណាងរាស្រ្ត​ប្រចាំ​សង្កាត់​លេខ​១០៩​នៃ​រដ្ឋ Connecticut ថតរូបជាមួយ​នឹង​លោក ព្រហ្ម សៅរ៍នរ៉ា (កណ្តាល) ប្រធាន​ក្រុមប្រឹក្សា និង​លោក ទូច វិបុល (ឆ្វេង) ប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង។

តាមរយៈ​ការ​ឃោសនា​បេក្ខភាព​ជា​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​លេខ​១០៩​កន្លង​មក លោក រឿន វាសនា យល់​ថា ពលរដ្ឋ​ទូទៅ​នៅ​សង្កាត់​នេះ មិន​ថា​ពលរដ្ឋ​ខ្មែរ ឬ​ពលរដ្ឋ​សាសន៍​ដទៃ​ទេ គឺ​ពួកគេ​រីករាយ​ដែល​ឃើញ​រូប​លោក ដែល​ជា​ពលរដ្ឋ​ខ្មែរ​ដំបូង​គេ​បង្អស់​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ។

«‍មនុស្ស​ជា​ច្រើន​មាន​សុទិដ្ឋនិយម​ចំពោះ​បេក្ខភាព​របស់​ខ្ញុំ ហើយ​ពួកគេ​រីករាយ​ឃើញ​ខ្ញុំ ដែល​ជា​អតីត​ទាហាន​ និង​ជា​ពលរដ្ឋ​ខ្មែរ​ដំបូង​គេ​បង្អស់​ឈរ​ឈ្មោះ»។

ថ្មីៗ​នេះ លោក រឿន វាសនា ទើប​តែ​លាឈប់​ពី​ការងារ​មួយ​នៅ​ក្រសួង​ការងារ​ប្រចាំ​រដ្ឋ Connecticut ដែល​លោក​បាន​បម្រើការងារ​អស់រយៈ​ពេល​ជាង​៥ឆ្នាំ​នៅ​ទីនោះ ដើម្បី​ធ្វើ​យុទ្ធនាការ​សម្រាប់​បេក្ខភាព​ជា​តំណាងរាស្ត្រ​ប្រចាំ​សង្កាត់​លេខ​១០៩​នេះ។

ចាប់ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៨ លោក រឿន វាសនា គឺជា​ទាហាន​ម្នាក់​បម្រើ​ក្នុង​ជួរ​កងទ័ព​អាមេរិក​ (Army National Guardman) ដែល​ត្រូវបាន​បញ្ជូន​ទៅ​ប្រចាំ​ការ​នៅ​ប្រទេស​មាន​សង្គ្រាម​ដូចជា ប្រទេស​ប៊ូស្នៀ និង​អាហ្វហ្គានីស្ថាន។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​ច្បាប់​ពី​សាកល​វិទ្យាល័យ​ Central Connecticut State University។

ក្រៅ​ពី​នេះ​ លោក រឿន វាសនា គឺជា​សកម្មជន​ខ្មែរ​អាមេរិកាំង​ដ៏​សកម្ម​មួយ​រូប ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។ បច្ចុប្បន្ន​នេះ លោក​គឺជា​អនុប្រធាន​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ​អាមេរិក (Cambodia-America Alliance) ហើយ​លោក​ក៏​ជា​សមាជិក​ក្រុម​ប្រឹក្សា​ម្នាក់​នៃមូលនិធិ United Khmer Foundation ប្រចាំ​រដ្ឋ Connecticut។

បេក្ខជន​ខ្មែរ​អាមេរិកាំង​រូប​នេះ មាន​ស្រុក​កំណើត​នៅ​ទីរួម​ខេត្ត​បាត់ដំបង។ លោក និង​ក្រុម​គ្រួសារ​របស់​លោក​បាន​រត់​ភៀស​ខ្លួន​មក​ជំរុំ​ជន​ភៀស​ខ្លួន​ខាវ​អ៊ីដាង​កាលពី​ឆ្នាំ​១៩៨១ ហើយ​បាន​ទទួល​សិទ្ធិ​ជា​ជន​ភៀស​ខ្លួន​មក​រស់នៅ​ទីក្រុង Danbury រដ្ឋ Connecticut សហរដ្ឋ​អាមេរិក​កាលពី​ឆ្នាំ​១៩៨៣ ដែល​កាលនោះ​លោក​មាន​អាយុ​ប្រមាណ​បី​ឆ្នាំ​ប៉ុណ្ណោះ។

លោក រឿន វាសនា បាន​បញ្ជាក់​ថា លោក​មាន​ស្មារតី​ខ្ពស់​ក្នុង​ការបម្រើ​សហគមន៍។ លោក​ក៏​បាន​បន្ថែម​ថា ទោះបី​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​វិជ្ជមាន ឬ​អវិជ្ជមាន​ក្តី ក៏​លោក​នៅ​តែ​បន្ត​ធ្វើ​ជា​សកម្មជន​ក្នុង​សហគមន៍​របស់​លោក​បន្ត​ទៀត។

«‍យើង​មិន​ចាំ​បាច់​ក្លាយ​ជា​មន្ត្រី​រាជការ ដើម្បី​ធ្វើ​ការងារ​ដែល​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​នោះ​ទេ។ កាលណា​យើង​ចេះ​សហការ​គ្នា ហើយ​ទទួល​បាន​ការ​គាំទ្រ​គ្រប់គ្រាន់​ពី​អ្នក​ដទៃ នោះ​យើង​អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ។ សកម្មជន​សហគមន៍​ក៏​អាច​ក្លាយ​ជា​អ្នក​មាន​ឥទ្ធិពល​ម្នាក់​ ដូច​គ្នា​នឹង​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង និង​សមាជិក​ព្រឹទ្ធសភា​ដែរ»។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក​សង្ឃឹម​ថា​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ ហើយ​ក្លាយ​ជា​តំណាងរាស្ត្រ​ម្នាក់ ដែល​មាន​ដើម​កំណើត​ជា​ខ្មែរ​ដំបូង​គេ​បង្អស់​នៅ​រដ្ឋ Connecticut នេះ។

ជាមួយ​គ្នា​នេះ តាមរយៈ​ការ​ឈរ​ឈ្មោះ​នេះ លោក រឿន វាសនា ក៏​សង្ឃឹម​ថា​នឹង​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​សហគមន៍​ ចូលរួម​ក្នុង​ដំណើរ​ការ​នយោបាយ​កាន់តែ​ច្រើន ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ៕