អ្នក​និពន្ធ​សៀវភៅ​ថា បឹង​ទន្លេសាប​ក្លាយ​ជា​បឹង​ងាប់​ ហើយ​សហគមន៍​នេសាទ​ជំពាក់​បំណុល​ធ្ងន់ធ្ងរ

ប្រជាពលរដ្ឋនេសាទត្រីលើផ្ទៃបឹងទន្លេសាប ក្នុងតំបន់ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

បឹង​បូរាណ​ដ៏ល្បី​ល្បាញ​ឈ្មោះ​លើ​ពិភពលោក​មួយ​ គឺ​បឹង​ទន្លេសាប ​ដែល​ផ្តល់​សន្តិសុខ​ស្បៀង​ដល់​មនុស្ស​រាប់លាន​នាក់​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​ប្រឈម​មុខ​នឹង​អនាគត​ដ៏គ្រោះថ្នាក់ ​ហើយ​ក្លាយជា ​បឹង​ដែល​ងាប់។ បន្ថែម​លើ​នេះ សហគមន៍​ប្រជា​នេសាទ​ដែល​ពឹងផ្អែក​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ​នេះ កំពុង​ «ជំពាក់​បំណុល​គេ​ធ្ងន់ធ្ងរ» ដោយសារ​នេសាទត្រី​មិន​សូវបាន​ច្រើន​ ពីព្រោះ​តែ​កត្តា​ធម្មជាតិ ​និង​កក្តា​មនុស្ស​ជាដើម។ នេះបើ​យោងតាម​អ្នកស្រី ​Abby Seiff​ ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​ថ្មី​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា 'Troubling the Water: ​A Dying Lake ​and ​A Vanishing ​World ​in Cambodia' ឬ «បង្ក​បញ្ហា​ដល់​ទឹក៖ បឹង​មួយ​ដែល​កំពុង​ងាប់​និង​កំពុង​អស់​សារៈសំខាន់​នៅ​កម្ពុជា»។

អ្នកនាង Abby Seiff ​គឺជា​អ្នក​សារព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅ​អាស៊ី​អាគ្នេយ៍​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍ បាន​បង្ហាញ​ការ​រកឃើញ​ថ្មី​របស់​អ្នកនាង​ នៅក្នុងការ​ពិភាក្សា​តាម​អនឡាញ​មួយ ​ដែល​រៀបចំ​ដោយ​អង្គការ​តាក់​តែងគោល​នយោបាយ​មួយ ​គឺ​មជ្ឈមណ្ឌល ​Stimson​ ​និង​ដឹកនាំ​ដោយ​លោក​ Brian Eyler ​ដែល​ជា​នាយក​គ្រប់គ្រង​កម្មវិធី​អាស៊ី​អាគ្នេយ៍ ​និង​កម្មវិធី​ថាមពល ​ទឹក​ និង​និរន្តរភាព​នៃ​មជ្ឈមណ្ឌល​នេះ​ ដែល​បាន​ធ្វើ​ឡើង​កាលពី​សប្តាហ៍​មុន។

អ្នកនាង ​Seiff ​បាន​លើក​ឡើង​ពី​ការ​ប៉ះពាល់​ពី​ក្នុង​ស្រុក​ តំបន់​និង​ពិភពលោក​ ដោយសារ​តែ​សកម្មភាព​មនុស្ស​និង​ធម្មជាតិ​ រាប់​ចាប់ពី​ការ​ឡើង​កម្តៅ​ផែនដី​ដែល​បណ្តាល​ឱ្យមាន​គ្រោះ​រាំងស្ងួត​ និង​បរិមាណ​ទឹក​ថយ​ចុះ​ទាប​សម្រាប់​បឹង ការ​សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ចិន ​និង​ឡាវ ​នៅ​ទន្លេមេគង្គ​លើ​ ដែល​តភ្ជាប់​ទៅ​នឹង​បឹង​ទន្លេសាប​ដែល​បង្ក​បញ្ហា​ដល់​ការ​បន្លាស់​ទី​របស់​ត្រី ​ការ​នេសាទ​ខុសច្បាប់​ដោយ​ប្រើ​សំណាញ់​វែង​ និង​រន្ធតូចៗ​ចាប់ត្រី​ទាំងតូច​ទាំងធំ ​ការ​បំផ្លាញ​ព្រៃ​លិចទឹក​បំផ្លាញ​ជម្រកត្រី​ ដើម្បី​លក់ ​ជួល​សម្រាប់​ដីធ្វើ​កសិកម្ម ​ក្នុងប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ​គឺជា​មូលហេតុ​ចម្បង​ដែលនាំ​ឱ្យ​ត្រី​ត្រូវ​បំផ្លិច​បំផ្លាញ។

ព័ត៌មាន​ទាក់ទង៖ លំហូរ​ទឹក​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​៣​ឆ្នាំ​ជាប់​គ្នា បង្ក​ជា​ក្តី​បារម្ភ​អំពី​ផល​ប៉ះពាល់​លើ​ប្រជានេសាទ


អ្នក​នាង​បាន​និយាយ​ថា៖ ​«អ្នកដឹងថា ​នោះទំនង​ជាការ​រួមចំណែក​ដល់ការ​បំផ្លិច​បំផ្លាញ​ជម្រុក​ត្រី ​ពិតប្រាកដ។ ហើយអ្វីៗ​ទាំងអស់​នេះ គឺជា​ដំណើរការ​ព្រមគ្នា ​ដែលវា​កាន់តែ​អាក្រក់​ទៅៗ»។

អ្នក​និពន្ធ​រូបនេះ​ក៏​បាន​ថ្លែង​បន្ថែម​ថា​ សហគមន៍​ប្រជានេសាទ​មិន​អាច​ពឹងផ្អែក​លើ​ប្រាក់​ចំណូល​ពី​ការ​នេសាទ​ទៀត​ទេ ដោយ​សារ​គ្មានត្រី ​ចាប់តាំង​ពីឆ្នាំ​ ២០១៦។ ហេតុ​ដូច្នេះ​ប្រជានេសាទ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ជំពាក់​បំណុលមីក្រូហិរញ្ញវត្ថុ​ ដែល​បច្ចុប្បន្ន​នេះ​ចាប់​ពីបុគ្គល ​និង​សហគមន៍​ដែល​អ្នកនាង​បាន​និយាយ​ជាមួយ។

រូប​ឯកសារ៖ ពលរដ្ឋ​ធ្វើដំណើរ​តាម​ទូក​តាម​ដងទន្លេសាប ក្នុង​ភូមិសាស្រ្ត​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

អ្នកនាង​ Abby Seiff បាន​ថ្លែង​ថា៖ «អ្នក​ដឹង​ទេ​ថា​ ក្នុង​ឆ្នាំ​ ២០១៦ មាន​គ្រោះ​រាំង​ស្ងួត ភ្លើង​ឆេះ​ព្រៃ​ដ៏​គួរ​ឲ្យ​រន្ធត់ ហើយ​ការ​ចាប់​ត្រី​មាន​ចំនួន​តិច​ណាស់ ដូច្នេះ​ប្រជានេសាទគ្រប់​រូប​ទាំង​អស់​ត្រូវ​ជំពាក់​បំណុល​គេ​យ៉ាង​ខ្លាំង»។

អ្នក​នាង​បាន​ពន្យល់​ថា ​ប្រជាជន​មក​ពី​សហគមន៍​នេសាទ​កំពុង​សម្រុក​ទៅធ្វើ​ការ​នៅ​ក្រៅប្រទេស​ ដូចជា​ប្រទេស​ថៃ​ ហើយ​ខ្លះ​ធ្វើ​ចំណាក​ស្រុក​ទៅ​ខេត្ត​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា។

អ្នក​នាង​បានបន្ត​ថា៖ «ដោយ​សារ​តែ​បំណុល​ទាំង​អស់​នោះ​ហើយ​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​ប្រជានេសាទ​ ទៅ​ធ្វើ​ការ​ក្នុង​ការ​ដ្ឋាន​សំណង់ និង​ទៅ​ធ្វើ​ការ​ក្នុង​រោងចក្រ​កាត់​ដេរ»។

ខណៈ​ពេល​ដែល​របាយការណ៍​ចុងក្រោយ​ស្តីពី​ជលផល​ ឲ្យដឹង​ថា​ ត្រី​បាន​ធ្លាក់ចុះ​ពី​ជាង ​៤១៣.២០០ តោន ​ក្នុងមួយ​ឆ្នាំ ​ក្នុង​ឆ្នាំ ២០២០ មក​នៅ​ត្រឹមជិត​ជាង​ ៣៨៣.០៥០ តោន​ ក្នុងឆ្នាំ​ ២០២១ ក្រោម​ផែនការ​កំណត់ ៤៥១.​០០០ តោន​នោះ ​អ្នកនាង ​Seiff ​ក៏​បាន​បរិយាយ​ថា ​ប្រជានេសាទ​គ្រប់​រូប​មាន​កម្ចី​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ចំណាយ​លើ​សំណាញ់ ​មង ​អន្ទាក់ត្រី ​និង​ចំណាយ​ផ្សេងៗ​ទៀត​ដើម្បី​ទ្រទ្រង់​ជីវភាព។ ប៉ុន្តែ​ក៏មាន​អ្នកខ្លះ​មាន​កម្ចី​បន្ទាប់​បន្សំ​បន្ថែម​ទី ២ ​ទៀត​ផងដែរ​ គឺខ្ចី​ពីអ្នក​ជិត​ខាង​ ដើម្បី​រ៉ាប់រង​ការ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ​ និង​សេវា​ថែទាំសុខភាព។

រូប​ឯកសារ៖ ក្មេង​ស្រី​ម្នាក់​កំពុង​ដង​ត្រី​ចេញ​ពី​ទូក​ចាក់​ចូល​កញ្ច្រែង​ដែលនេសាទ​បាន​ពី​ទន្លេ​មេគង្គ​ ក្នុង​រាជធានី​ភ្នំពេញ នា​រសៀលថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១។​ (កាន់ វិច្ឆិកា/វីអូអេ)

រូបឯកសារ៖ អាជីវករលក់ត្រីនៅតាមដងផ្លូវ ជាយក្រុងភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២។

អ្នក​និពន្ធ​សៀវភៅ​ជនជាតិ​អាមេរិកាំង​រូប​នេះ​ ក៏​បាន​សង្កត់​ធ្ងន់​ថា​ ការ​និយាយ​អំពី​បឹង​ទន្លេសាប​ដែល​សម្បូរ​ត្រី​លោត​ចូល​ទូក ​និង​ការ​ដួស​ត្រី​ដោយ​កន្ត្រក​ គឺ​គ្រាន់​តែ​ជា​ «ការ​ចងចាំ» ​ពី​រឿង​និទាន​ប៉ុណ្ណោះ​នា​ពេល​សព្វ​ថ្ងៃ​នេះ។

ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​ រាជរដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ជា​ច្រើន​ដើម្បីដើម្បី​ការពារ​បឹង​ទន្លេសាប​និង​បរិស្ថាន​នោះ ក៏​ប៉ុន្តែ​លទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ដើម្បី​ការពារ​ជលផល​ត្រី​និង​សក្តានុពល​របស់​បឹង​ធម្ម​ជាតិ​មួយ​នេះ នៅតែ​មាន​ចន្លោះ​ប្រហោង​នៅ​ឡើយ។ កាលពី​ចុងខែ​មីនា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន ​បាន​ដាក់​ចេញ​វិធានការ​ខ្លាំងៗ​បន្ថែម​ទៀត ​ចំពោះ​ការ​នេសាទ​ខុស​ច្បាប់ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ហើយ​ខ្ញុំ​នៅ​តែ​បញ្ជាក់​អ៊ីចឹង អស់​លោក​រាយការណ៍​បទល្មើស​នេសាទ មាន​ប៉ុន​នេះ បាន​លុប​បំបាត់​ប៉ុន​នេះ តែ​អា​ធុន​តូច អា​ធុន​ធំ អត់​ទាន់​ប៉ះ។ ព្រៃ​ឈើក៏​អ៊ីចឹង នេសាទ​ក៏​អ៊ីចឹង អត់​ទាន់​ប៉ះ​ទេ»។

លោក​បាន​ព្រមាន​បន្ថែម​ថា មន្ត្រី​ដូចជា​អភិបាល​ខេត្ត និង​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​ មិន​គួរ​នៅ​ក្នុង​តំណែង​ទេ ប្រសិន​បើ​ពួកគេ​មិន​អាច​បញ្ឈប់​សកម្មភាព​នោះ​បាន។ វិធានការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​មុនពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​នាដើម​ខែ​មិថុនា​ខាងមុខ​នេះ​ គឺជា​ផ្នែកមួយ​ដែល​អ្នកវិភាគ​មួយ​ចំនួន​និង​អ្នក​ជំនាញ​ដូចជា​លោក ​Brian Eyler ​នៃ​ មជ្ឈមណ្ឌល ​ Stimson Center​ លើកឡើង​ថា អ្នកនយោបាយ​អាច​ប្រើ​ជា​យុទ្ធនាការ «ត្រីច្រើន ​សន្លឹក​ឆ្នោតច្រើន» និង​ថា​ សៀវភៅ​នេះ​នឹង​ជួយ​ដល់​ការ​ពិភាក្សា​នៅ​ថ្ងៃអនាគត។

អ្នក​និពន្ធ​ Abby Seiff ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​បង្ក្រាប​សកម្មភាព​ខុស​ច្បាប់​ផ្សេងៗ​នៅ​បឹង​ទន្លេសាប​នេះ ​បង្ហាញ​ថា​ជា​រឿង​សំខាន់​ និង​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល ប៉ុន្តែ​អ្នកនាង​បាន​ចោទ​សួរ​ថា​ តើ​វិធានការ​បែប​នេះ​មិន​ដឹង​ថាគ្រប់គ្រាន់​ឬក៏អត់​នោះ​ទេ។ ទោះ​យ៉ាង​ណា​ក៏​ដោយ អ្នក​នាង​បាន​សង្កត់​ធ្ងន់​ថា វា​ចាំបាច់​ត្រូវ​មាន​ការ​ប្រឹងប្រែង​រួម​គ្នាដើម្បី​ប្រឆាំង​អំពើ​ពុករលួយ​ ដែល​ជាកិច្ចការ​ដ៏​លំបាក​ ពីព្រោះ​គេ​ត្រូវការ​រដ្ឋាភិបាល​ដែល​មាន​ «ឆន្ទៈ​នយោបាយ» ​ហើយ​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ ដែល​បច្ចុប្បន្ន​ពួកគេ​កំពុង​ត្រូវការ​ការ​គាំទ្រ​ផ្នែក​សង្គមកិច្ច​នោះ។ អ្នកនាង Abby Seiff ​សំដៅ​លើ​សកម្មភាព​កន្លង​ទៅ​របស់​រដ្ឋាភិបាល ដែល​មិន​បាន​រក​ឃើញ​ជន​សង្ស័យ​សំខាន់ៗ ឬ​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​ខុស​ច្បាប់​ ដែល​កម្រ​ត្រូវ​បាន​គេ​កាត់​ទោស​ក្រៅ​ពី​ពលរដ្ឋ​សាមញ្ញ។

លោក​ ងិន ប៊ុនឫទ្ធិ ​បាន​គាំទ្រ​ការ​លើក​ឡើង​របស់​អ្នក​នាង Abby Seiff ជុំវិញ​បញ្ហា​នៅ​បឹង​ទន្លេសាប។ លោក​ ងិន ប៊ុនឫទ្ធិ ​ជា​អ្នក​ស្រាវជ្រាវក​សិកម្ម​នៅ​កម្ពុជា​ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​រដ្ឋ​California (កាលីហ្វ័រញ៉ា) ​បាន​ប្រាប់ ​VOA ​ថា ​មូលហេតុ​ចម្បង​នៃ​ការ​បំផ្លិច​បំផ្លាញ​បឹងទន្លេសាប ​គឺជា​បុព្វហេតុ​របស់​មនុស្ស​ ជាជាង​ធម្មជាតិ។ លោក​ពន្យល់​ថា ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ​និង​នេសាទ​ខុសច្បាប់ ​ភាគច្រើន​ស្ថិត​ក្រោម​មន្ត្រីមាន​អំណាច​ ព្រោះ​ថា​អ្នក​ដែល​ប្រព្រឹត្ត ​និង​មនុស្ស​អនុវត្ត​ច្បាប់ ​គឺចេញ​ពីប្រភព​តែមួយ​ ដែល​ផ្សំ​គំនិត​គ្នា។ ដូច្នេះ​លោក​ថា​ វា​ជារឿង​ពិបាក​ដោះស្រាយ។

លោក​ ងិន ប៊ុនឫទ្ធិ ថ្លែង​ថា៖ «អ៊ីចឹង​អ្នកកាន់​អំណាច​ហ្នុង​ជាអ្នក​អនុវត្ត​ផង​ និង​ជា​អ្នកប្រព្រឹត្ត​ (ផង) ​ជា​មនុស្ស​តែមួយ។ ប្រជា​ពលរដ្ឋ​សាមញ្ញ​គ្នា​ម៉េច​ហ៊ាន​ធ្វើ​ បើ​ថា​ធ្វើ​ទៅ​ ត្រូវ​មាន​ទោស ​ហើយ​បើ​អ្នក​កាន់​ច្បាប់​ រំលោភ​ច្បាប់​មាន​អ្នកណា​ចាប់​ពួកគេ​ទៀត»។

លោក​បាន​ពន្យល់​ទៀតថា ​បញ្ហា​នេះ​កើត​ឡើង​ព្រោះ​អ្នក​កាន់​អំណាច​ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​អ្នក​ប្រព្រឹត្ត ​ហើយ​ចែក​ផល​ប្រយោជន៍​គ្នា​ យក​លុយ​សូកប៉ាន់​ទប់​ពីក្រោម​ដល់​លើ។

លោក​បន្ថែម​ថា៖ «វា​ជា​ប្រព័ន្ធ​គឺ​ថា​ជា​ប្រព័ន្ធ​ពីលើ​ដល់ក្រោម​ ពីក្រោម​ដល់លើ​ សុទ្ធតែ​អ្នក​មាន​អំណាច។ បើគ្មាន​អំណាច​ក៏មិន​អាចធ្វើ​បានទេ​ ព្រោះ​ទាំងនោះ​ជា​ការងារ​ល្មើសច្បាប់ មនុស្សម្នាក់​ល្មើស​ច្បាប់​ បើគ្មាន​ពាក់ព័ន្ធ​នឹង​អ្នកមាន​អំណាច​ខាងលើ​ គេចាប់​បាន​បាត់​ហើយ​ តែចាប់​មិនបាន​ដោយ​មាន​ប្រព័ន្ធ​ពីលើ​ដល់​ក្រោម ​ពីក្រោម​ទៅលើ​ចឹង​ណា»។

រូប​ឯកសារ៖ ទូកលក់ត្រីល្អិតនៅដៃទន្លេសាប​នៅភ្នំក្រោម ឃុំចុងឃ្នាស ខេត្តសៀមរាប កាលពីខែធ្នូ ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)

លោក ​ងិន ប៊ុនឫទ្ធិ ​បាន​ផ្តល់​យោបល់​ថា ​ប្រជាពលរដ្ឋ​ត្រូវ​ស្វែងរក​ផែនការ​ជំនួស​សម្រាប់​វិស័យ​កសិកម្ម ​ជាជាង​នេសាទ ​ឬចាំ​ដំណោះ​ស្រាយ ​នៅពេល​មិនអាច​តទល់​ជាមួយ​នឹង​មន្ត្រី​មាន​អំណាច​បាន។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​ជួយ​ប្រជាពលរដ្ឋ​តាម​ផែនការ​នានា ​ក្នុងការ​ស្តារបឹង​ទន្លេសាប​ឡើង​វិញ ​និង​យក​ភក់​នៅ​បាត​បឹង​ដែល​ជា​ជី​នោះ​សម្រាប់​ការ​ដាំដុះ​របស់​ប្រជា​ពលរដ្ឋ ​ផ្តល់​គ្រាប់​ពូជ ​និង​តម្រូវការ​ផ្សេងៗ​ទៀត​ដល់​ប្រជា​នេសាទ​ក្នុងការ​ធ្វើ​កសិកម្ម។

លោក ​យ៉ង់ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាជន​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​ បាន​ប្រាប់ ​VOA ​ថា ​បឹង​ទន្លេសាប​ដែល​គេ​ស្គាល់ថា​ជា​អាង​ដែល​មាន​ត្រី​ច្រើន​ជាងគេ​នា​ពេលនេះ ​កាន់តែ​ខ្សត់​ត្រី​ជាងមុន​ ដោយសារ​ការ​នេសាទ​ខុសច្បាប់​ដែល​កំពុង​រីក​រាលដាល និង​កំពុង​រងគ្រោះ​ពី​វិធានការ​ធូរលុង​និង​កត្តា​ផ្សេងៗ​ទៀត។

លោក​បញ្ជាក់​ថា៖ «ហើយ​បើសិន​ជា​យើង​មិន​អាច​គ្រប់គ្រង​បាន​ទេ​ បើមិន​មាន​វិធានការ​ច្បាស់​លាស់​ទេ​ វា​នឹង​បង្ក​ផល​ប៉ះពាល់​ធំ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ។ ហើយ​យើង​ឃើញ​ហើយ​ មួយ​រយ:ពេល​កន្លង​មកនេះ​ យើង​នាំត្រី​មក​ពី​វៀតណាម មក​ពី​ថៃ​អីណា​ ចូលមក​ក្នុង​ប្រទេស​កម្ពុជា ​ទាំងត្រី​ចញ្ចឹម​ទៀត​បាទ។ អ៊ីចឹង​យើង​ឃើញ​ថា​តើ​កេរ្តិ៍ឈ្មោះ​នៃ​បឹង​ទន្លេសាប​ជា​ជង្រុក​ត្រី​នោះ​ នៅឯណា​វិញ​បាទ»។

ព័ត៌មាន​ទាក់ទង៖ ប្រជា​នេសាទ​នៅ​ខេត្ត​បាត់ដំបង​មាន​ចម្ងល់​អំពី​ទិន្នន័យ​ជលផល ខណៈ​បរិមាណ​ត្រី​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់

លោក​បាន​ថ្លែង​បន្ថែម​ថា មាន​ត្រី​សរីរាង្គ​កម្រ​ពី​បឹង​ទន្លេសាប​ក្នុង​ប្រទេស​កម្ពុជា​ឥឡូវ​នេះ។ លោក​ជំរុញ​ឱ្យ​សកម្មភាព​ក្នុង​ស្រុក ​និង​អន្តរជាតិ​ ឬ​ដៃគូ​អន្តរជាតិ​ ស្តារ​ស្ថានការណ៍​នៅ​បឹង​ទន្លេសាប ​លើ​វិស័យ​ជលផល ស្តារ​ព្រៃលិច​ទឹក ​ស្តារ​បឹង​រាក់​ រក្សា​ប្រភេទ​ត្រីកម្រ ​ជីវសាស្ត្រ​ចម្រុះ​ បរិស្ថាន​ផ្សេងៗ ​រួមទាំង​គ្មាន​ភូមិ​បណ្តែត​ទឹក​ក្នុង​បឹង​ទន្លេសាប​របស់​និគមន៍​ជន​វៀតណាម ​ដែល​អ្នក​ជំនាញ​និយាយ​ថា​ វាជា​ផ្នែក​មួយ​នៃការ​បង្ហូរ​ជាតិ​ពុល​បំផ្លាញ​បរិស្ថាន​និងត្រី​ក្នុង​បឹង​ទន្លេសាប ជា​បឹង​ផ្តល់ត្រី​ទឹកសាប​ធំជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​ហើយ​ត្រូវបាន​ទទួល​ស្គាល់​ដោយ អង្គការ UNESCO ​ថា ជា​តំបន់​អភិរក្ស​ជីវបរិស្ថានចម្រុះ​កាលពី​ឆ្នាំ​ ១៩៩៧។

ទោះជាយ៉ាងណា​ក្តី​ អ្នកនាំពាក្យ​ម្នាក់​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ​លោក​ អ៊ឹង ទ្រី ​មិន​បាន​ឆ្លើយ​តប​ទៅនឹង​ការ​លើក​ឡើង​របស់​អ្នកនិពន្ធ​សៀវភៅ​ពី​បឹង​ទន្លេសាប​ទេ​ ដោយ​គ្រាន់​តែបាន​ថ្លែងអំពី​បញ្ហា​មួយ​ជា​ឧទាហរណ៍​ គឺ​កំណើន​ពលរដ្ឋ​រស់នៅ​តាម​បឹង​ទន្លេសាប។

រូប​ឯកសារ៖ ប្រជាពលរដ្ឋរស់នៅតំបន់ឆ្នុកទ្រូទន្លេសាប ធ្វើដំណើរតាមទូកម៉ាស៊ីន ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

មន្ត្រី​កម្ពុជា​រូប​នេះ​ថ្លែង​ថា៖ «ខ្ញុំ​មិន​ហ៊ាន​ថា​យ៉ាងម៉េច​ទេ​ ព្រោះរឿង​ហ្នឹង​ជាការ​យល់ដឹង​របស់​ថ្នាក់​បញ្ញវ័ន ​ដែល​គាត់​អ្នក​សរសេរ​ទៅ​លើ​បញ្ហានេះ។ អ៊ីចឹង​គ្រាន់តែ​ខ្ញុំ​ចង់​ជម្រាប​ថា​ យើង​មើល​កាល​ពីមុន​ប្រជាពលរដ្ឋ​របស់​យើង​ប៉ុន្មាន​គ្រួសារ​ ដែល​រស់នៅបឹង​ទន្លេសាប»។

លោក​លើក​យក​តែ​ករណី​មួយ​នៅឃុំ​ចុងឃ្នៀស ​ខេត្ត​សៀមរាប​ ជាប់​នឹង​បឹង​ទន្លេសាប​ភាគ​ខាងជើង​ ដែល​កាលពី​ទសវត្សរ៍​ ១៩៩០​ មាន​ពលរដ្ឋ​រស់នៅ​តែ​ ២០០ ​គ្រួសារ​ប៉ុណ្ណោះ។ យ៉ាងតិច​មាន​ពលរដ្ឋ​ជាង ១.០០០​ គ្រួសារ​រស់នៅ​តំបន់​នោះ​ នា​ពេល​បច្ចុប្បន្ន​នេះ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​មាន​បទបញ្ជា​របស់​នាយករដ្ឋមន្ត្រី​ ក៏​មាន​ការ​ដាក់​វិធានការ​ថ្នាក់ជាតិ​និង​មូលដ្ឋាន ជាបុស្តិ៍​អន្តរាគមន៍​តាម​ខេត្ត​ជាប់បឹង​ទន្លេសាប​ ចុះ​បង្រ្កាប​បទល្មើស​បាន​ច្រើន​ករណី។

«ហើយ​ក្រោយ​ពីចំណាត់​ការហ្នឹង​មក​ យើងឃើញ​ថា​បទ​ល្មើស​ជលផល​របស់​យើង​មាន​ការ​ថយចុះ​ច្រើន ​អ៊ីចឹង​ពួក​ដែល​ថា​ដាក់​មង ​ដាក់​អួនធំ​ហ្នឹង​ក៏លែង​ហ៊ានដែរ»។

នៅក្នុង​របាយការណ៍​ពីខេត្ត​កំពង់ឆ្នាំង ​ពោធិ៍សាត់ ​បាត់ដំបង ​សៀមរាប ​កំពង់ធំ ​បន្ទាយមានជ័យ ​ស្តីពី​វិធានការ​ចាប់ពី​ថ្ងៃទី ២​ ខែមេសា​ ដល់ ថ្ងៃ​ទី ៧ ​ខែមេសា ​ដែល​វីអូអេ​ទទួល​បាន បញ្ជាក់​ឲ្យដឹង​ថា​ មាន​ការ​ចាប់ខ្លួន​ជន​សង្ស័យ​ចំនួន ​២៩ នាក់ ​ឃុំខ្លួន​មនុស្ស​ចំនួន​ ១២ នាក់ ​មាន​ដីកា​កោះ​មនុស្ស​ចំនួន ២០ នាក់ រឹបអូស​កាណូត​ចំនួន​ ៥៩ គ្រឿង របាំង​ស្បៃមុង​ចំនួន ២.៣០០ ​រឹបអូស​បង្គោល​ចម្រឹង​ ចំនួន​ ១២.១៣០ ​ឧបករណ៍​ឆក់ត្រី ​អួន​ហ៊ុម​វែង​មាន​ចម្ងាយ​រហូត​ដល់ជាង​ ១.០០០​ម៉ែត្រ​ក៏មាន ក្រៅពី​ឧបករណ៍​នេសាទ​មួយ​ចំនួន​ទៀត៕