ការ​ដាក់​អន្ទាក់​ស្លាប់​សត្វ​ទន្សោង​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​លើ​ការ​សម្លាប់​សត្វ​កម្រ​នៅ​កម្ពុជា

សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃ។ (រូបថត​ពី​ក្រសួង​បរិស្ថាន)

ការ​ដាក់​អន្ទាក់​រហូត​ស្លាប់​សត្វ​ទន្សោង​មួយ​ក្បាល​ដែល​ជា​ប្រភេទ​សត្វ​កម្រ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃ​រុក្ខវ័ន​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​ចំពោះ​អនាគត​សត្វ​ព្រៃ​ដ៏​កម្រ​នៅ​កម្ពុជា។​

អ្នក​ធ្វើ​ការ​លើ​វិស័យ​សត្វ​ព្រៃ​ជំរុញ​ឲ្យ​មាន​វិធានការ​បន្ថែម​ទៀត​លើ​ការ​ប្រមាញ់​សត្វព្រៃ​ដោយ​ខុស​ច្បាប់។​

ករណី​ស្លាប់​សត្វ​ទន្សោង​ឈ្មោល​នេះ ​មន្រ្តី​ក្រសួង​បរិស្ថាន​អះអាង​ថា ​អាជ្ញាធរ​កំពុង​ស្វែង​រក​អ្នក​ដាក់​អន្ទាក់​នេះ។ ក្រសួង​បរិស្ថាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ថា​ សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​ស្លាប់ ​ដោយ​សារ​ស្ថានភាព​សុខភាព​ចុះ​ខ្សោយ​ខ្លាំង​ ក្រោយ​ជាប់​អន្ទាក់​ព្រាន​ព្រៃ​ជា​យូរ​ថ្ងៃ។ ​សត្វ​ទន្សោង​ដែល​ជាប់​អន្ទាក់​នោះ​ត្រូវ​ប្រទះ​ឃើញ​ក្នុង​ភូមិសាស្រ្ត​អូរ​ថ្ម ​ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខវ័ន​ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខវ័ន​ និង​បាន​ទទួល​ការ​សង្គ្រោះ​បឋម​មុន​នឹង​សត្វ​ទន្សោង​នោះ​ស្លាប់។

ក្រសួង​បរិស្ថាន​ឲ្យ​ដឹង​ថា​ សាកសព​សត្វ​ទន្សោង​នេះ​ត្រូវ​មន្ត្រី​ឧទ្យានុ​រក្ស​និង​ព្រះ​តេជ​គុណ ​ប៊ុន សាលួត ​ប្រធាន​សហគមន៍​ព្រៃ​សង្ឃ​រុក្ខវ័ន​បញ្ចុះ​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សហគមន៍​ព្រៃ​សង្ឃ​រុក្ខវ័ន​នៅ​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ឆ្នាំ​២០២០។​

លោក​ នេត្រ ភក្រ្តា ​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​VOA​ នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា​ សមត្ថ​កិច្ច​កំពុង​ស្វែង​រក​អ្នក​ដាក់​អន្ទាក់​នោះ ​ហើយ​ជន​នោះ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៥​ឆ្នាំ។​

«បើ​សិន​ជា​យើង​រក​ឃើញ​អ្នក​ដែល​ដាក់​អន្ទាក់​គឺ​យើង​នឹង​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​អំពី​តំបន់​ការពារ​ធម្មជាតិ​ ដែល​ក្នុង​នេះ​ក៏​មាន​ការ​ពិន័យ ​និង​មាន​ការ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ»។​

លោក​បន្ថែម​ថា​សត្វ​ទន្សោង​ដែល​ជា​ប្រភេទ​សត្វ​កម្រ​និង​ជិត​ផុត​ពូជ​លើ​ពិភព​លោក​នោះ​មាន​ចំនួន​ចន្លោះ​ពី​២.៧០០​ទៅ​៥.៧០០​ក្បាល​នៅ​កម្ពុជា​ខណៈ​ក្នុង​ពិភព​លោក ​មាន​ចំនួន​ចន្លោះ​ពី​៥.៩០០​ទៅ​១១.០០០​ក្បាល។​

បើ​តាម​លោក នេត្រ​ ភក្រ្តា ក្នុង​រយៈពេល​ជិត​៥​ខែ​នៃ​ដើម​ឆ្នាំ​២០២០​នេះ ​សត្វ​ទន្សោង​៤​ក្បាល​ត្រូវ​បាន​សម្លាប់​និង​សត្វ​ខ្ទីង​មួយ​ក្បាល ​ត្រូវ​បាន​សម្លាប់​ដោយ​កាត់​ក្បាល។ ​អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ថា ​កាល​ពី​ឆ្នាំ​២០១៩​ អន្ទាក់​ជិត​ពីរ​ម៉ឺន​ ត្រូវ​បាន​ដោះ​ចេញ​ពី​តំបន់​ការពារ​ធម្មជាតិ​៦០​កន្លែង​នៅ​ទូទាំង​ប្រទេស។​

សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃ។ (រូបថត​ពី​ក្រសួង​បរិស្ថាន)

ព្រះ​តេជ​គុណ ប៊ុន សាលួត​ ប្រធាន​សហគមន៍​ព្រៃ​សង្ឃ​រុក្ខវ័ន ​ដែល​មាន​សមាជិក​៥១​នាក់​ចុះ​ល្បាត​ព្រៃ​ជា​ប្រចាំ​មាន​សង្ឃ​ដីកា​ថា ​ព្រះ​អង្គ​បាន​រក​ឃើញ​សត្វ​ទន្សោង​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​ឧសភា ​និង​រាយ​ការណ៍​ទៅ​ក្រុម​មន្ត្រី​ដើម្បី​សង្គ្រោះ។​ ព្រះ​អង្គ​បន្ត​ថា​ ក្រុម​មន្រ្តី​សង្គ្រោះ​បាន​ទៅ​ដល់​សហគមន៍​នៅ​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក​ ថ្ងៃ​ទី​២៤​និង​ចូល​ដល់​កន្លែង​ដែល​សត្វ​ទន្សោង​រង​របួស​ដាច់​ជើង​ឆ្វេង​ខាង​ក្រោយ ​នៅ​ម៉ោង​ប្រមាណ​ជា​១២​រសៀល។​

ព្រះ​អង្គ​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្តល់​ជា​សម្ភារៈ​និង​បង្រៀន​ពី​បច្ចេក​ទេស​ដល់​សហគមន៍​ដើម្បី​អាច​សង្គ្រោះ​សត្វ​ព្រៃ​ដែល​រង​របួស​បាន​ទាន់​ពេល។​

បើ​តាម​ព្រះ​អង្គ ប៊ុន សាលួត​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃរុក្ខវ័ន​ ជា​ព្រៃ​ការពារ​មាន​ទំហំ​ជាង​៣​ម៉ឺន​ហិកតា ​ប៉ុន្តែ​ព្រះ​អង្គ​ថា​ ​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​ធនធាន​ធម្មជាតិ​នៅ​តែ​បន្ត​កើត​មាន ​ដោយ​សារ​ការ​អនុវត្ត​ច្បាប់​មាន​កម្រិត​និង​ខ្វះ​មន្រ្តី​ការពារ។​

«បើ​យើង​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នោះ​បាន​ ប្រជាជន​គាត់​អត់​មាន​ក្លាយ​ខ្លួន​ទៅ​ជា​ជន​ល្មើស​ទេ។​គាត់​ត្រៀម​ខ្លួន​ធ្វើ​ជា​ជា​ជន​ល្មើស​អត់​បាន​ទេ​ ដោយសារ​គោល​ការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅ​យើង​អនុវត្ត​បាន​ទាំង​អស់។ ​ទី​២​ទាក់ទង​នឹង​ផ្នែក​មន្រ្តី ផ្នែក​មន្រ្តី​ឧទ្យានុរក្ស​ ពួក​គាត់​តិច។​ ពួក​គាត់​ធ្វើ​ការ​តាម​ពេល​វេលា​របស់​ពួក​គាត់។​ គាត់​ត្រូវ​ឡើង​មក​វិញ គាត់​ឡើង​មក​វិញ។ ​ពួក​គាត់​មាន​ប្រាក់​ខែ​មែន ​ ប៉ុន្តែ​ការងារ​ដែល​គាត់​ធ្វើ​អត់​ពេញ​ដៃ​ពេញ​ជើង ​ដោយសារ​ទាក់ទង​រឿង​ជីវភាព​ពួក​គាត់​ដែរ»។​

លោក​កែន សេរីរដ្ឋា​ ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​(WCS)​ចាត់​ទុក​ការ​បាត់បង់​សត្វ​ទន្សោង​និង​ ការ​បាត់បង់សត្វ​ជិត​ផុត​ពូជ​ផ្សេងៗ​ទៀត ​ដោយ​សារ​ការ​បរ​បាញ់​និង​ដាក់​អន្ទាក់​នោះ​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​សោក​ស្តាយ។​

លោក​បន្ថែម​ថា ​អំពើ​ខុស​ច្បាប់​ប្រមាញ់​សត្វ​ព្រៃ​ជិត​ផុត​ពូជ​នៅ​កម្ពុជា​ធ្វើ​ឡើង​ក្រោម​រូប​ភាព​ការ​ប្រើ​ប្រាស់​អន្ទាក់​និង​ការ​ឆក់ ​ដែល​ក្រុម​ល្បាត​ពិបាក​រក​ឃើញ។​ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​សកម្ម​ភាព​ការពារ ​ បង្កើន​ការ​អប់រំ ​និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​សត្វ​ព្រៃ ​និង​ធនធាន​ធម្មជាតិ។​

«យើង​ត្រូវ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ឲ្យ​បាន​ស្រប​ទៅ​តាម​ច្បាប់ ​ ហើយ​ការ​អនុវត្ត​ក្នុង​ការ​បង្ក្រាប​អំពើ​ល្មើស​ខុស​ច្បាប់​ក្នុង​ការ​ប្រមាញ់ ​ក្នុង​ការ​បរបាញ់​ខុស​ច្បាប់ ​ក្នុង​ការ​ដុត​ព្រៃ -ល- ត្រូវ​តែ​អនុវត្ត​ជា​ប្រចាំ ​បើ​មិន​អ៊ីចឹង​ទេ​ យើង​មិន​អាច​គ្រប់គ្រង​ធនធាន​ធម្មជាតិ​របស់​យើង​មាន​ប្រសិទ្ធ​ភាព​បាន​ទេ»។​

បើ​តាម​លោក ​កែន សេរីរដ្ឋា​បទ​ល្មើស​ធនធាន​ធម្មជាតិ ​ជាពិសេស​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​សត្វ​ព្រៃ​ មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​អំឡុង​ការ​កើត​មាន​ជំងឺ​កូវីដ១៩។​លោក​បន្ត​ថា​ ការ​កើន​ឡើង​នេះ​ដោយសារ​ប្រជា​ពលរដ្ឋ​ជាច្រើន​បាត់​បង់​ការងារ​ហើយ​សម្រេច​ចូល​ទៅ​បរបាញ់ ​និង​កាប់​ព្រៃ​ដើម្បី​រក​កម្រៃ។​

ចំណែក​លោក​ សេង ទៀក​ នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ ​WWF ​លើក​ឡើង​ស្រដៀង​គ្នា​ថា​ បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​ប្រមាញ់​និង​ជួញដូរ​សត្វ​ព្រៃ​កើត​មាន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​សម្រាប់​កម្ពុជា។ ​ លោក​រំពឹង​ថា ​ សមត្ថ​កិច្ច​នឹង​ចាប់​ខ្លួន​ជន​ល្មើស​យក​មក​ដាក់​ទោស​តាម​ច្បាប់។ ​

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក ​នេត្រ ភក្រ្តា ​ឲ្យ​ដឹង​ថា​ ចំនួន​បទ​ល្មើស​ធនធាន​ធម្មជាតិ​ជារួម​នៅ​ឆ្នាំ​២០១៩ ​ សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន​ជាង​៤.៧០០​ករណី ​ក្នុង​នោះ​៤៨០​ករណី​ត្រូវ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។ ​ លោក​បន្ត​ថា​ការ​ដាក់​អន្ទាក់ ​ ការ​បរបាញ់​និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​នៅ​កម្ពុជា​នៅ​តែ​បន្ត​កើត​មាន​ឡើង ​ដោយ​សារ​ប្រជា​ពលរដ្ឋ​នៅ​ប្រកប​មុខ​របរ​បរបាញ់​សត្វ ​ព្រៃ​ដោយ​សារ​ការ​បរិភោគ ​សត្វ​ព្រៃ ការ​បរបាញ់​សត្វ​ព្រៃ​កម្សាន្ត ​ ​ការ​ប្រើប្រាស់​កាំភ្លើង​កែ​ច្នៃ​និង​ការ​ប្រើប្រាស់​សម្ភារៈ​ដាក់​អន្ទាក់​។​លោក​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋបញ្ឈប់​ការ​បរិភោគ ​និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ ​និង​ចូល​រួម​ទប់​ស្កាត់ ​បង្ការ​គ្រប់​រូប​ភាព​នៃ​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​សត្វ​ព្រៃ។​

«ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដែរ ​ បើ​សិន​ជា​មាន​ព័ត៌មាន​ជាក់​លាក់​សូម​រាយ​ការណ៍​ជូន​ដល់​បងប្អូន​សមត្ថ​កិច្ច។ ​ យើង​ខ្ញុំ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជា​បន្ទាន់​ដើម្បី​ទប់​ស្កាត់​បញ្ហា​បរបាញ់​សត្វ​ដោយ​ខុស​ច្បាប់នេះ»៕