ប្រធានាធិបតី Tran Dai Quang នៃប្រទេសវៀតណាមបានទម្លាយព័ត៌មានដោយមិនបានត្រៀមទុកជាមុននៅឯសន្និសីទកាសែតរួមគ្នាមួយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ានៅក្នុងទីក្រុងហាណូយបន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគីរបស់អស់លោក។ ប្រធានាធិបតីវៀតណាម បាននិយាយថា សហរដ្ឋអាមេរិកនឹងលុបចោលការហាមឃាត់ការលក់អាវុធដ៏យូរអង្វែងលើប្រទេសវៀតណាម។
លោកប្រធានាធិបតី Quang និយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងហាណូយបានព្រមព្រៀងគ្នាដើម្បីពង្រឹងភាពជាដៃគូឲ្យកាន់តែស៊ីជម្រៅដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់ក្នុងជំនួយខាងយោធា ពាណិជ្ជកម្ម ការថែទាំសុខភាពនិងការផ្លាស់ប្តូររវាងពលរដ្ឋនិងពលរដ្ឋ។ លោកប្រធានាធិបតី Quang បានស្វាគមន៍ចំណាត់ការនេះថាជាទីបញ្ចប់ «ទំព័រប្រវត្តិសាស្រ្តដ៏ការឈឺចាប់»។
នៅពេលដែលដល់វេនលោក អូបាម៉ា ថ្លែងម្តង លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ពីព័ត៌មាននេះថា «សហរដ្ឋអាមេរិក នឹងលុបចោលទាំងស្រុងនូវការហាមឃាត់ការលក់ឧបករណ៍យោធាទៅឲ្យវៀតណាមដែលការរឹតត្បិតនេះមានរយៈពេលអស់៥០ឆ្នាំ»។ លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍ទៀតថា «ការលក់អាវុធនេះ នៅតែចាំបាច់ធ្វើទៅតាមតម្រូវការដ៏តឹងរ៉ឹង រួមមានតម្រូវការខាងសិទ្ធិមនុស្ស ក៏ប៉ុន្តែ ការផ្លាស់ប្តូរនេះធ្វើឲ្យប្រាកដថា វៀតណាម មានឧបករណ៍ដែលខ្លួនត្រូវការដើម្បីការពារខ្លួនឯង»។
លោកប្រធានាធិបតីអូបាម៉ា បានមានប្រសាសន៍ទៀតថាកាលពីសតវត្សរ៍មុនៗសហរដ្ឋអាមេរិកនិងវៀតណាម ធ្លាប់មានកិច្ចសហប្រតិបត្តិការនិងជម្លោះ ហើយថា បន្ទាប់ពីការធ្វើឲ្យមានទំនាក់ទំនងជាប្រក្រតីភាពឡើងវិញអស់រយៈពេលជាង២ទសវត្សរ៍មក ចំណងទាក់ទង បានឈានដល់ពេលវេលាដ៏សំខាន់មួយ។
ឆ្លើយតបទៅនឹងសំណួររបស់ពួកអ្នកយកព័ត៌មានអំពីការឈ្លានពានរបស់ចិននៅក្នុងតំបន់ដែលកាន់តែកើនឡើង លោកប្រធានាធិបតី អូបាម៉ា មានប្រសាសន៍ថា ការសម្រេចនោះ មិនមែនអាស្រ័យលើចិននោះទេ។ លោកប្រធានាធិបតី មានប្រសាសន៍ទៀតថា ការសម្រេចលុបចោលការហាមឃាត់ការលក់អាវុធនោះ ពឹងផ្អែកទៅលើចំណង់ដើម្បីបញ្ចប់ដំណើរការដ៏យូរអង្វែងដែលបានចាប់ផ្តើមកាលពីប៉ុន្មានទសវត្សរ៍មុនដោយអតីតយុទ្ធជនសង្គ្រាមវៀតណាមជាច្រើន រួមទាំងលោក John McCain អតីតអ្នកទោសសង្គ្រាមនិងជាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋផង។
ប្រទេសចិន បានមានប្រតិកម្មយ៉ាងប្រុងប្រយ័ត្នចំពោះការប្រកាសនៅថ្ងៃច័ន្ទនេះ។ លោកស្រី Hua Chuying អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា «ក្នុងឋានៈជាប្រទេសជិតខាងវៀតណាម យើងសូមស្វាគមន៍ទំនាក់ទំនងជាប្រក្រតីនិងប្រកបដោយកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសផ្សេងទៀត ហើយយើង ប្រាកដជាសង្ឃឹមថា ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគីនេះ គឺដើម្បីសន្តិភាពនិងសន្តិសុខក្នុងតំបន់។
លោកស្រី មិនបានធ្វើអត្ថាធិប្បាយថាតើហេតុអ្វីបានជារដ្ឋាភិបាលទីក្រុងហាណូយចង់ឲ្យលុបចោលបម្រាមការលក់អាវុធនោះទេ ដោយគ្រាន់តែនិយាយថា អស់ លោក អ្នកគួរសួរវៀតណាមវិញ។ ការដាក់ទណ្ឌកម្មការលក់អាវុធ គឺដោយសារទប់ស្កាត់សង្គ្រាមត្រជាក់។ វាមិនគួរមានទេ។ យើងសង្ឃឹមថានឹងមានទំនាក់ទំនងជាប្រក្រតីរវាងសហរដ្ឋអាមេរិកនិងវៀតណាម។
ក៏ប៉ុន្តែ កាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារព័ត៌មានផ្លូវការ ស៊ីនហួនៃប្រទេសចិន បានចេញផ្សាយបទវិចារណកថាដែលនិយាយថា «ចំណាត់ការដែលមានការគិតគូរនេះ នឹងបម្រើផលប្រយោជន៍យុទ្ធសាស្ត្រដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនតែប៉ុណ្ណោះនៅពេលដែលសហរដ្ឋអាមេរិក ស្វះស្វែងធ្វើឲ្យមានតុល្យភាពឡើងវិញនៅក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មានប្រសាសន៍ថា សហរដ្ឋអាមេរិកនិងវៀតណាម នៅមានការខ្វែងគំនិតលើបញ្ហាសិទ្ធិមនុស្ស ហើយថាករណីលក់អាវុធទៅកាន់បុគ្គលនីមួយៗ នឹងត្រូវពិនិត្យល្អិតល្អន់។ ក៏ប៉ុន្តែ លោកប្រធានាធិបតី បានមានប្រសាសន៍ទៀតថា ពេលវេលាមកដល់ហើយសម្រាប់លុបចោលបម្រាមការលក់អាវុធទាំងស្រុងដោយផ្អែកលើការខ្វែងគំនិតខាងមនោគមវិជ្ជា។ លោកប្រធានាធិបតី បានលើកពីកម្រិតថ្មីនៃការទុកចិត្តនិងការសន្ទនារវាងយោធារបស់ប្រទេសទាំង២ ហើយ បានបង្ហើបថា ប្រហែលជានឹងមាននាវាសហរដ្ឋអាមេរិកកាន់តែច្រើនឡើងមកកំពង់ផែវៀតណាម «តាមការអញ្ជើញ» របស់រដ្ឋាភិបាលក្រុងហាណូយ។
ការលុបចោលការហាមឃាត់ការលក់អាវុធប្រល័យជីវិត បានបណ្តាលឲ្យមានការឆ្លើយតបយ៉ាងខ្លាំងពីលោក Phil Robertson នាយករងទទួលបន្ទុកកិច្ចការអាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ថា «នៅពេលដែលលោកប្រធានាធិបតី អូបាម៉ា កំពុងលុបចោលការដាក់ទណ្ឌកម្មការលក់អាវុធរបស់សហរដ្ឋអាមេរិក ក្រុមអាជ្ញាធរវៀតណាម ជាប់រវល់ចាប់ខ្លួនលោក Doan Trang អ្នកកាសែត និងសកម្មជនសិទ្ធិមនុស្សនិងអ្នកសរសេរប្លុក ផ្សេងទៀតនៅតាមផ្លូវនិងតាមផ្ទះរបស់ពួកគេ។ ភ្លាមៗមួយរំពេច លោកប្រធានាធិបតី អូបាម៉ា បានទម្លាក់ចោលអ្វីដែលនៅសេសសល់នៃអានុភាពរបស់សហរដ្ឋអាមេរិកដើម្បីធ្វើឲ្យប្រសើរឡើងនូវសិទ្ធិមនុស្សក្នុងប្រទេសវៀតណាមហើយមិនបានទទួលអ្វីទាល់តែសោះ។
មេដឹកនាំទាំង២ ក៏បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីដែលមានទឹកប្រាក់ចំនួន១៦ពាន់លានដុល្លារផងដែរ៕