លោក ម៉េង ហៃ ឈរផ្អែកបង្កាន់ដៃដែលនៅម្ខាងផ្លូវ ទល់មុខស្ថានីយ៍ដឹកដំណើរមកដល់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ភ្នែករបស់លោកសម្លឹងទៅច្រកទ្វារ រកមើលភ្ញៀវរបស់លោក ដែលមានដូចជាជាជនជាតិជប៉ុន និងជនជាតិចិន និងជនជាតិអាស៊ីផ្សេងទៀត។ នាព្រឹកថ្ងៃសុក្រនេះ លោកកំពុងរង់ចាំអតិថិជនម្នាក់ដែលមានជើងហោះហើរមកពីទីក្រុងហុងកុង។
លោក ម៉េង ហៃ វ័យ ៤៦ឆ្នាំ ជាអ្នកស៊ីឈ្នួលបើកតាក់ស៊ីឲ្យក្រុមហ៊ុន ដោយលោកដឹកភ្ញៀវពីព្រលានយន្តហោះ ទៅសណ្ឋាគារជារៀងរាល់ថ្ងៃ ប្រមាណ៥ឆ្នាំហើយ។
លោកបានប្រាប់វីអូអេថា៖ «ខ្ញុំបារម្ភដែលពេលឃើញភ្ញៀវមួយចំនួនដែលគាត់ពាក់ម៉ាសការពារ។ ខ្ញុំចេះតែឆ្ងល់ថា ភ្ញៀវដូចជាការពារបានល្អ។ យើងឆ្ងល់ដែរ ទើបតែពីរបីថ្ងៃហ្នឹងយើងឃើញភ្ញៀវអឺរ៉ុប អាស៊ីអីមួយចំនួនដែលគាត់ពាក់ម៉ាសការពារអី»។
បើទោះបីជាមេរោគកូរ៉ូណាបានសម្លាប់មនុស្សអស់ជាង ២០ នាក់ និង មនុស្សជាង ៨០០ នាក់បានឆ្លងមេរោគនេះក៏ដោយ លោកថា លោកទើបតែដឹងអំពីមេរោគថ្មីនេះនៅព្រឹកនេះ។
លោកនិងប្រជាជនខ្មែរមួយចំនួនដែល VOA បានសម្ភាស បានបង្ហាញពីកង្វល់របស់ពួកគេអំពីមេរោគថ្មីនេះ។ ពួកគេថា សម្រាប់មនុស្សដែលមានការងារមមាញឹកដូចពួកគេព័ត៌មានអំពីរឿងនេះនៅមានកម្រិតនៅឡើយ។
លោក ម៉េង ហៃ ឈរទ្រេតខ្លួន ដៃកាន់សោរឡាន ហើយពុំមានពាក់ម៉ាសទេ។ លោកថា លោកទើបតែដឹងព័ត៌មានជំងឺរលាកទងសួត ពុំស្គាល់ប្រភពដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី នៅព្រឹកនេះ ពេលដែលមិត្តរបស់លោកទូរស័ព្ទផ្តាំឲ្យការពារខ្លួន។
លោកនិយាយបន្ថែមថា៖ «ខ្ញុំចេះតែបារម្ភដែរ បើសិនមានបញ្ហានឹងកើតឡើង [នៅកម្ពុជា]។ ទីមួយ យើងអត់ដឹងថា ភ្ញៀវណាមួយដែលមានមេរោគទេ»។
យ៉ាងហោចណាស់មនុស្សជាង២០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់បន្ទាប់ពីឆ្លងមេរោគ កូរ៉ូណាថ្មី ដែលមានប្រភពកើតចេញពីទីក្រុងវូហាន នៅប្រទេសចិន។ មេរោគនេះបានឆ្លងដល់មនុស្សជាង៨០០នាក់ ដែលនៅផ្នែកផ្សេងទៀតនៃប្រទេសចិន និងក្នុងប្រទេសដូចជាវៀតណាម ថៃ សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ប្រទេសអូស្ត្រាលីកំពុងតាមដានមើលទៅលើមនុស្សដែលសង្ស័យថាអាចនឹងបានឆ្លងមេរោគនេះដែរ។
អង្គការសុខភាពពិភពលោកកំពុងធ្វើការជាមួយប្រទេសផ្សេងៗទៀតនៅលើពិភពលោក ដើម្បីសិក្សាឲ្យច្បាស់ពីដើមកំណើតរបៀបឆ្លង របៀបការពារ និងរបៀបព្យាបាលជំងឺនេះ។
មួយថ្ងៃមុនពិធីបុណ្យចូលឆ្នាំចិនគណៈកម្មការបន្ទាន់នៃបទបញ្ញត្តិសុខភាពអន្តរជាតិ International Health Regulations Emergency Committees បានជួបជុំគ្នានៅក្នុងទីក្រុងហ្សឺណែវ ដើម្បីរកវិធីទប់ស្កាត់ការរីករាលដាល និងព្យាបាលជំងឺនេះ។
បើទោះបីជាមិនមានការប្រកាសអាសន្នជាសាកលពីមេរោគនេះក៏ដោយលោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកនៃ WHO បានដាស់តឿនថា៖ «កុំច្រឡំឲ្យសោះនេះ គឺជាអាសន្ននៅប្រទេសចិន ប៉ុន្តែវានៅមិនទាន់ក្លាយជាការប្រកាសអាសន្ននៃសុខភាពសាកលនៅឡើយទេ»។
លោកបានបន្ថែមថា៖ «យើងដឹងថា ភាគច្រើននៃអ្នកដែលស្លាប់នោះមានបញ្ហាសុខភាពដូចជា លើសឈាម ទឹកនោមផ្អែមនិង ជំងឺបេះដូងដែលធ្វើឲ្យប្រព័ន្ធការពាររបស់ពួកគេចុះខ្សោយ។ មកទល់ពេលនេះ មិនមានភស្តុតាងថាមានការឆ្លងពីមនុស្សទៅមនុស្សនៅក្រៅប្រទេសចិននោះទេ។ តែមិនមែនមានន័យថាមិនការឆ្លងនេះនៅក្រៅប្រទេសចិនដែរ»។
លោក Tedros Adhanom Ghebreyesus បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្រទេសចិនបន្តផ្តល់ទិន្នន័យជាក់លាក់ដល់អង្គការនេះ ដើម្បីអាចទប់ស្កាត់ការរីករាលដាលនៃជំងឺនេះបាន។
VOA ខ្មែរបានទាក់ទងស្ថានទូតចិននៅកម្ពុជាក្នុងសប្តាហ៍នេះ តែមិនមានការឆ្លើយតបមកទល់ពេលនេះ។
ស្ថានីយ៍ដំណើរមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
អ្នកស្រី ជឿន ស្រីណែត វ័យ៣២ឆ្នាំ អង្គុយជិតសាច់ញាតិម្នាក់ទៀត។ ពួកគេទាំងពីរ ពាក់ម៉ាសអង្គុយចុចទូរស័ព្ទទាក់ទងទៅម្តាយមីង ដែលពួកគេរង់ចាំទទួល នៅស្ថានីយ៍មកដល់នៃអ្នកដំណើរ។ ម្តាយមីងរបស់អ្នកទាំងពីរ មកពីប្រទេសកាណាដាដោយប្តូរជើងយន្តហោះនៅទីក្រុងហុងកុង មុននឹងមកដល់ទីក្រុងភ្នំពេញ។
អ្នកស្រី ជឿន ស្រីណែត ប្រាប់វីអូអេថា អ្នកស្រីមានការបារម្ភ ហើយសង្ស័យថា ជំងឺរលាកទងសួតមិនស្គាល់ប្រភពនេះ អាចមាននៅកម្ពុជា។ អ្នកស្រីថា៖ «ដោយសារយើងមកព្រលានអញ្ចឹងទៅ មនុស្សច្រើនមកពីគ្រប់កន្លែង អញ្ចឹងខ្ញុំពាក់ម៉ាសទៅ»។
អ្នកស្រីថា ម៉ាសត្រូវបានចែកជូននៅលើយន្តហោះដល់អ្នកដំណើរទាំងអស់។
«ពួកគាត់មកពី[បរទេស] នោះ គេចែកម៉ាសឲ្យបណ្តោយពីខាងលើយន្តហោះ។ និយាយទៅពេលគេឡើងគេចែកម៉ាសឲ្យគ្រប់គ្នា គ្រប់អ្នកដំណើរ»។
អ្នកស្រី និយាយទៀតថា វត្តមានច្រើនរបស់ប្រជាជនចិនក៏ធ្វើឲ្យអ្នកស្រីកាន់តែបារម្ភ៖ «និយាយទៅបារម្ភៗហើយ ព្រោះអីនៅប្រទេសយើងជនជាតិចិនចូលច្រើន។ បើយើងគិតទៅប្រៀបធៀបជាមួយប្រទេសផ្សេងៗទៀត ចិនចូលច្រើនជាងគេហើយណា។ អញ្ចឹងបារម្ភច្រើនតើ។ អញ្ចឹងការផ្តាំផ្ញើមានអីក្រៅពីឲ្យប្រជាជនយើងពាក់ម៉ាសគ្រប់គ្នា»។
កាលពីឆ្នាំ២០១៩ កន្លងទៅ យ៉ាងហោចភ្ញៀវទេសចរចិនជាង ២លាននាក់មកទស្សនានៅប្រទេសកម្ពុជា។
នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ នៅថ្ងៃសុក្រនេះ មន្ត្រីសុខាភិបាល ២រូប នៅប្រចាំការ ២៤ម៉ោង ក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិននេះ ដើម្បីឃ្លាំមើលស្ថានភាពសុខភាពភ្ញៀវទេសចរ និងមានការដាក់ម៉ាស៊ីនស្គែនកម្តៅមួយគ្រឿង។ ក្រៅពីនោះ ក្រសួងសុខាភិបាលក៏បានដាក់ម៉ាស៊ីនស្គែនកម្តៅពីរគ្រឿងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មួយគ្រឿងនៅអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និង៣គ្រឿងទៀតត្រូវបានដាក់នៅច្រកព្រំដែនប៉ោយប៉ែត បាវិត និងព្រែកចាក។
ស្ថានីយ៍ដំណើរមកដល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/VOA)
បើតាម The Centers for Disease Control and Prevention (CDC) របស់អាមេរិកបានឲ្យដឹង មេរោគកូរ៉ូណា ជាគ្រួសារនៃមេរោគផ្លូវដង្ហើមជាច្រើន ដែលខ្លះកើតលើមនុស្ស និងខ្លះទៀតឆ្លងតាមសត្វដូចជាសត្វអូដ សត្វឆ្មា និងសត្វប្រជាវ។ ជាការកម្រដែលមេរោគកូរ៉ូណាឆ្លងពីសត្វទៅសត្វ អាចកើតលើមនុស្ស ហើយអាចឆ្លងរវាងមនុស្សនិងមនុស្ស ដូចជាជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុស សារស៍ (SARS) ជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសមើរស៍ (MERS) និង ជំងឺផ្ដាសាយបក្សីជាដើម។ ស្ថានការណ៍ឆ្លងពាក់ព័ន្ធនឹងមេរោគកូរ៉ូណាថ្មី ឬហៅថា 2019-nCoV នៅមិនទាន់ច្បាស់នៅឡើយ។
មន្ត្រីជាង ២.០០០ នាក់ ត្រូវបានដាក់ឲ្យប្រចាំការនៅរដូវបុណ្យចូលឆ្នាំចិន ជាពេលវេលាដែលគេរំពឹងថា ប្រជាជននិងអ្នកជំនួញចិនរាប់លាននាក់វិលទៅលេងស្រុកកំណើត និងត្រឡប់មកកម្ពុជាវិញក្រោយចប់ពិធីបុណ្យនេះ។
មកទល់ល្ងាចថ្ងៃសុក្រនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា នៅក្នុងប្រទេសកម្ពុជាគេពុំទាន់ឃើញមានការឆ្លងជំងឺរលាកសួតថ្មីនេះនៅឡើយទេ។
អ្នកដែលងាយឆ្លងមេរោគនោះគឺមនុស្សវ័យចំណាស់និងអ្នកដែលមានសុខភាពទ្រុឌទ្រោម។
អង្គការសុខភាពពិភពលោក WHO ឲ្យដឹងថា ដើម្បីកុំឲ្យឆ្លងមេរោគ ពលរដ្ឋគួរលាងដៃនឹងសាប៊ូ ឬជាតិអាកុលឲ្យបានញឹកញាប់ ខ្ទប់មាត់និងច្រមុះ នៅពេលក្អកនិងផ្តាសាយ ហើយចោលក្រដាសទាំងនោះក្នុងធុងសម្រាមភ្លាមៗ។ អង្គការនេះបន្ថែមថា ជៀសវាងការប្រាស្រ័យទាក់ទងជាមួយអ្នកដែលមានគ្រុនក្តៅ និងក្អក។
ប្រសិនបើមានអាការៈគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើមត្រូវរួសរាន់រកការព្យាបាល។ នៅពេលទៅកន្លែងដែលមានមេរោគនេះត្រូវជៀសវាងប៉ះពាល់ជាមួយសត្វ។ គួរជៀសវាងការបរិភោគសាច់សត្វឆៅ ឬចំអិនមិនបានឆ្អិនល្អ ។ ជៀសវាង វាងការបរិភោគផលិតផលសត្វ។ ត្រូវមានការប្រយ័ត្ននៅពេលដែលរក្សាទុកសាច់ ទឹកដោះគោ និងគ្រឿងក្នុងសត្វឆៅ ដើម្បីជៀសវាង ការរាលដាលនៃមេរោគទៅលើបន្លែ ឬសាច់សត្វផ្សេងទៀតដែលមិនទាន់ចម្អិន។
បើទោះបីជាមានការប្រកាសពីវិធីការពារពីអង្គការសុខភាពពិភពលោកក៏ដោយ លោក ម៉េង ហៃ និយាយថា ក្រសួងសុខាភិបាលកម្ពុជាគួរតែធ្វើការផ្សព្វផ្សាយពីមេរោគនិងជំងឺនេះឲ្យប្រជាពលរដ្ឋដឹងបានទូលំទូលាយពីរបៀបការពារខ្លួន និងគ្រោះថ្នាក់នៃជំងឺនេះ។
«ខ្ញុំចង់បានមួយ ដោយឲ្យខាងក្រសួងសុខាភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានហ្នឹងឲ្យបានឆាប់រហ័សបន្តិច ដើម្បីជួយប្រជាពលរដ្ឋយើង កុំឲ្យមានជំងឺហ្នឹងឆ្លង កើនឡើងណា។ សុំតែប៉ុណ្ណឹងទេ»៕