ពលរដ្ឋ​ខ្មែរ​មើល​ឃើញ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​អាណត្តិ​នេះ​ពិសេស​ជាង​អាណត្តិ​មុនៗ

លោក Donald Trump បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​សាធារណរដ្ឋ និងលោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​មក​ពីគណបក្ស​ប្រជាធិបតេយ្យ។

ដូច​ប្រជាជន​នៅ​លើ​ពិភពលោក​ដែរ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​រួម​ទាំង​យុវជន​ក្នុង​ប្រទេស​កម្ពុជា​ បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​បោះឆ្នោត​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ ដោយ​ពួកគេ​យល់ថា​ ការ​បោះឆ្នោត​នេះ​ជា​គំរូ​មួយ​ដល់​ប្រទេស​នានា​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ។

ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នឹង​ចាប់​ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី៨​ វិច្ឆិកា​សប្តាហ៍​ក្រោយ​នេះ។

ដូច​ប្រជាជន​នៅ​លើ​ពិភពលោក​ដែរ​ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​រួម​ទាំង​យុវជន​ក្នុង​ប្រទេស​កម្ពុជា​ បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​បោះឆ្នោត​របស់​ប្រទេស​មហា​អំណាច​មួយ​នេះ ដោយ​ពួកគេ​យល់ថា​ ការ​បោះឆ្នោត​នេះ​ជា​គំរូ​មួយ​ដល់​ប្រទេស​នានា​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ។

ម្យ៉ាងទៀត ពួកគេ​យល់​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​មាន​ឥទ្ធិពល​ដល់​នយោបាយ​នៃ​ប្រទេស​ជាច្រើន​ក្នុង​សាកលលោក ក៏ដូចជា​នយោបាយ​ក្នុង​តំបន់។

ក្នុង​ការ​បោះឆ្នោត​ប្រកួត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក្នុង​អាណត្តិ​ទី​៤៥​នេះ មាន​បេក្ខជន​ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោកស្រី Hilary Clinton។ លោកស្រី​ធ្លាប់​ជា​រដ្ឋមន្ត្រី​ការបរទេស​របស់​សហរដ្ឋអាមេរិក។

ចំណែក​ឯបេក្ខជន​ដែល​មកពី​គណបក្ស​សាធារណរដ្ឋ គឺ​លោក Donald ​Trump​ គឺ​ជា​មហាសេដ្ឋី​អចលនទ្រព្យ​មួយ​រូប​ដែល​បណ្ដាញ​ព័ត៌មាន​សហរដ្ឋ​អាមេរិក​ចាប់​អារម្មណ៍។

ផេង ស្រីនាង វ័យ២៤ឆ្នាំ ជា​ប្រធាន​គម្រោង​នៃ​អង្គការ​សេវា​សង្គម​អ៊ីវ៉ា ប្រាប់ VOA ថា ទោះបី​ជា​កញ្ញា​ពុំសូវ​តាមដាន​ព័ត៌មានអំពី​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ជា​ប្រចាំ​ក៏​ដោយ ក៏​កញ្ញា​យល់​ថា ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​បង្ហាញ​ពី​គំរូ​នយោបាយ​ទៅកាន់​ប្រទេស​ដទៃទៀត។

«បោះឆ្នោត​នៅ​អាមេរិក​មិន​មាន​ជាការ​លេង​សើច​ទេ។ អាមេរិក​ជា​ប្រទេស​មហា​អំណាច​ដែល​គេ​ទទួល​ស្គាល់​ទូទាំង​ពិភពលោក។ ការ​បោះឆ្នោត​នៅ​អាមេរិក​គឺជា​គំរូ​មួយ​សម្រាប់​ប្រទេស​ដទៃ​នឹង​យក​គំរូ​តាម ​ប្រសិន​បើ​ការ​បោះឆ្នោត​ហ្នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ថ្ងៃ​ខាង​មុខ​ផ្ដល់​ការ​ដឹកនាំ​ដ៏​ល្អ​ក្រោយ​ការ​បោះឆ្នោត នោះ​ថ្ងៃ​ក្រោយ​ប្រទេស​ដទៃទៀត​នឹង​យក​តាម។ ដូច​ថា​ការ​បង្ហាញ​គោល​នយោបាយ​តាម​លក្ខណៈ​ការ​ដេញ​ដោល»។

លោក​ ជឹម​ វិទូ វ័យ​២៣​ឆ្នាំ គឺជា​និស្សិត​ឆ្នាំ​ទី៤​ជំនាញ​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង។

ខណៈ​អង្គុយ​ជជែក​ពិភាក្សា​ការងារ​ជាមួយ​មិត្ត​របស់​លោក​ក្នុង​ហាង​កាហ្វេ​បែប​លោក​ខាង​លិច​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ លោក​ប្រាប់​ VOA​ ថា កម្ពុជា​គួរ​ស្វែង​យល់​អំពី​លទ្ធិ​ប្រជាធិបតេយ្យ​តាម​រយៈ​ការ​សិក្សា​ពី​ការ​បោះឆ្នោត​របស់​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ។

«ចំពោះ​ប្រជាជន​ទូទៅ ការ​តាម​ដាន​ព័ត៌មាន​អន្តរជាតិ​ដូច​ជា​ពី​ប្រទេស​អាមេរិក​ហ្នឹង អាច​ផ្ដល់​ជា​ចំណេះដឹង​ដល់​ប្រជា​ជន​ខ្មែរ​យើង​ ដែល​ប្រទេស​យើង​ក៏​កាន់​លទ្ធិប្រជាធិបតេយ្យ​ដូចគ្នា។ អញ្ចឹង​បើ​ស្រុក​គេ​ គេ​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹក​នាំ​ប្រទេស ខ្មែរ​យើង​ក៏​មាន​ការ​បោះឆ្នោត​ដែរ។ អញ្ចឹង​អាច​ឲ្យ​ប្រជាជន​យើង​ស្វែង​យល់​ពី​គ្នា​ទៅវិញ​ទៅមក។ បេក្ខជន​ប្រធានាធិបតី​ដេញដោល​គ្នាហ្នឹង ជា​ការ​បង្ហាញ​ឲ្យ​ប្រជាជន​គេ​ដឹង​បាន​ថា​ បេក្ខភាព​មួយ​ណា​ល្អ​ មួយ​ណា​គួរ​ឬ​មិន​គួរ​ដឹកនាំ​ប្រទេស»។

លោក ឈាង​ រតនា​ និស្សិត​ជំនាញ​សហគ្រិន​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ដូចគ្នា​ បង្ហាញ​គោល​ជំហរ​ផ្ទាល់ខ្លួន​ថា លោក​ចង់​ឃើញ​លោក Donald Trump ឈ្នះ​ការ​បោះឆ្នោត​នេះ។

«ខុស​ពី ​Clinton បើ​ Trump​ អាច​ធ្វើ​អ្នក​ធំ (ប្រធានាធិបតី)​បាន​ គាត់​ជា​មនុស្ស​ដែល​ចូលចិត្ត​ខាង​ផ្នែក​រកស៊ី។ ថ្វីត្បិតតែ​គាត់​ឈ្លោះ​គ្នា​ត្រូវ​បាន​គេ​ថា​ឲ្យ​គាត់​ថា​មាន​ស្រី​មាន​អី គាត់​ជា​មនុស្ស​មួយ​ដែល​គិតគូរ​ពី​ប្រទេស គិតគូរ​រឿង​រកស៊ី។ ខ្ញុំ​គិត​ថា​បើ​គាត់​ជាប់​ឆ្នោត​ល្អ។ Clinton អត់​មាន​អត្តចរិត​លក្ខណៈ​រក​ស៊ី​ទេ»។

រីឯ​ លោក សាន់ សេង​ វ័យ​២២​ឆ្នាំ ជា​អតីត​និស្សិត​ជំនាញ​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​បច្ចុប្បន្ន​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ប្រាប់ VOA ថា អាណត្តិ​នេះ​ជា​អាណត្តិ​ពិសេស​មួយ​ដែល​លោក​ចាប់​អារម្មណ៍​តាមដាន​លើ​ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។

លោក​ពន្យល់​ថា អាណត្តិ​នេះ​ពិសេស​ត្រង់​ថា​ ប្រវត្តិរូប​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ទាំងពីរ​ មាន​លក្ខណៈ​ប្លែក​ពី​បេក្ខជន​ប្រធានាធិបតី​អាណត្តិ​មុនៗ។

«ដោយសារ​ពី​មុនៗ​មក វា​កម្រ​មាន​ អ្នក​ Business (ពាណិជ្ជករ) ឡើង​ធ្វើ​ជា​ប្រធានាធិបតី។ ដោយសារ​ Trump​ ហ្នឹងជា​មហា​សេដ្ឋី គាត់​មាន​ប្រវត្តិ​ខាង​ពាណិជ្ជកម្ម។ ពី​មុនៗ កន្លង​មក​សម្បូរ​តែ​អ្នក​ដឹក​នាំ​មានប្រវត្តិ​ជា​អ្នក​សេដ្ឋកិច្ច ឬ​អ្នក​ច្បាប់។ ណា​មួយ​ទៀត លើក​ហ្នឹង​វា​រវាង​ស្ត្រី និង​បុរស។ អញ្ចឹង​យើង​ចង់​ដឹង​ថា ពេល​ស្ត្រី​ឡើង​កាន់​តំណែង ភាព​ដឹកនាំ​ស្រ្តី​វា​យ៉ាង​ម៉េច​ខ្លះ។ អញ្ចឹង​បាន​ជា​យើងចាប់​អារម្មណ៍​ជាង​មុនៗ»។

លោក សាន់ សេង​ ចាប់​អារម្មណ៍​លើ​ការ​ដឹក​នាំ​របស់​ លោក Donald Trump ព្រោះ​លោក​ធ្លាប់​អាន​ប្រវត្តិ​របស់​លោក​ Trump តាមរយៈ​សៀវភៅ​មួយ​ក្បាល​ និពន្ធ​ដោយ​លោក Robert Kiyosaki ដែល​រៀបរាប់​អំពី​សិល្បៈ​ដឹកនាំ​ផ្នែក​ពាណិជ្ជកម្ម​របស់​លោកDonald Trump។

«ដោយសារ​ធ្លាប់​ស្គាល់​គាត់​តាម​រយៈ​សៀវភៅ​រៀបរាប់​ពី​ចំណេះដឹង​មួយ​ចំនួន​ដែល​គាត់ (លោក​ Robert Kiyosaki) បាន​រៀន​ពី Donald Trump។ ពី​ពេល​នោះ​មក ខ្ញុំ​ស្គាល់​ថា Donald Trump ជា​អ្នក​ណា​ ហើយ​ភ្ញាក់ផ្អើល​ពេល​ដែល​ដឹង​ថា​ លោក Trump មាន​បេក្ខភាព​ជា​ប្រធានាធិបតី»។

លោក​ សាន់ សេង​ ចង់​ឃើញ​ការ​ដឹក​នាំ​របស់​អ្នក​ដែល​មាន​បទ​ពិសោធន៍​ផ្នែកពាណិជ្ជកម្ម​គឺ​លោក Donald Trump។

រីឯ​ លោក​ សុខ ប៊ុនថន ​អតីត​សាស្ត្រាចារ្យ​ជំនាញ​សិក្សា​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ តាមដាន​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​តាំង​ពី​ការ​ចាប់​ផ្ដើម​នូវ​ការ​សួរ​ដេញដោល​កន្លង​មក​រវាង​បេក្ខជន​ប្រធានាធិបតី។

លោក​បន្ត​ថា ការ​ដេញដោល​កន្លងមក​គ្រាន់តែ​ជា​ការ​បង្ហាញ​ពី​មតិ​បុគ្គល​របស់​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​រូប​ប៉ុណ្ណោះ ក៏ប៉ុន្តែ​គោល​នយោបាយ​ដឹកនាំ​ប្រទេស​នៅ​តែ​សម្រេច​រួម​ដោយ​ក្រុម​មនុស្ស​ដែល​នៅ​ក្នុង​សភា។

លោក​បន្ថែម​ថា ទោះ​យ៉ាង​នេះ​ក្តី​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នឹង​ជះ​ឥទ្ធិ​ពល​ដល់​នយោបាយ​ក្នុង​តំបន់ និង​ក្នុង​សាកលលោក ដោយ​លោក​លើក​ឧទាហរណ៍​អំពី​បញ្ហា​គោលជំហរ​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​លើ​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម។

«ឧទាហរណ៍​ថា​ បើ​ថ្ងៃ​ទី​៨​ វិច្ឆិកា​ហ្នឹង​ Donald Trump ជាប់​ឆ្នោត​នោះ គោល​នយោបាយ South China Sea, Pivot to Asia ដែល​បង្កើត​ដោយ Hillary Clinton​ ហើយ​អនុវត្ត​ក្នុង​អាណត្តិ Obama នោះ​ ត្រូវ​បាន​កាត់​បន្ថយ។ កម្ពុជា​នឹង​លែង​សូវ​មាន​សម្ពាធ​ហើយ ទោះបីជា​យើង​គាំទ្រ​ចិន​ អាមេរិក​ក៏​លែង​ខ្វល់ សម្ព័ន្ធមិត្ត​អាមេរិក​ក៏​លែង​ខ្វល់»។

ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ចង់​ឃើញ​កម្ពុជា​ដើរ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ លោក​ ប៊ុនថន ​រំពឹង​ថា​លោកស្រី Clinton នឹង​អាច​ឈ្នះ​ការ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​របស់​ប្រទេស​មហា​អំណាចពិភពលោក​មួយ​នេះ។

«ក្នុង​ Bipolar System (ប្រព័ន្ធ​មហា​អំណាច​២) រវាង​អាមេរិក​ និង​ចិន បើ​យើង​ងាក​រក​ចិន​ពេក វា​មិនល្អ​ទេ។ វា​មិន​ល្អ​សម្រាប់​ប្រទេស​កំពុង​ដើរ​ទៅ​រក​ប្រជាធិបតេយ្យ​ដូច​កម្ពុជា​អញ្ចឹង។ បើ Hillary Clinton ឡើង​មក (កាន់អំណាច) នោះ ខ្ញុំ​ថា​អាច​ល្អ​ជាង។ ខ្ញុំ​មិន​គាំទ្រ​ខាង​ណា​ទេ តែ​ខ្ញុំ​គាំទ្រ​ការអនុវត្ត​បែប​លទ្ធិប្រជាធិបតេយ្យ»។

ថ្មីៗនេះ ឆ្លៀតឱកាស​ក្នុង​ការ​ថ្លែង​បាឋកថា​មួយ នៅ​ឯ​បណ្ឌិត​សភា​នគរបាល​កម្ពុជា នាយក​រដ្ឋ​មន្ត្រី​ដែល​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​នៅ​កម្ពុជា លោក ហ៊ុន សែន ​ថ្លែង​ថា​ រូប​លោក​ចង់​ឲ្យ​លោក​ Donald Trump ទទួល​ជ័យជម្នះ​លើ​ការ​បោះឆ្នោត​ខាង​មុខ។

លោក​លើក​ឡើង​ថា ​បើ​លោក​ Trump ​ឈ្នះ ​ពិភពលោក​អាច​នឹង​មានការ​ប្រែប្រួល ហើយ​អាច​មាន​សភាពការណ៍​ល្អ​ ព្រោះ​លោក​ Trump ជា​អ្នក​រកស៊ី និង​មិន​ចង់​ឲ្យ​មាន​សង្គ្រាម៕