ស្របពេលដែលថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីខិតជិតមកដល់នៅខែវិច្ឆិកាខាងមុខនេះ ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួននៅទីក្រុង Lowell (ឡូវែល) រដ្ឋ Massachusetts បានត្រៀមខ្លួនទៅបោះឆ្នោតដើម្បីជ្រើសរើសបេក្ខជនមកពីគណបក្សដែលខ្លួនពេញចិត្តឲ្យជាប់ជាប្រធានាធិបតី។
នៅពេលបច្ចុប្បន្ននេះ ទីក្រុង Lowell រដ្ឋ Massachusetts មានពលរដ្ឋខ្មែរអាមេរិកាំងចន្លោះ៣០.០០០នាក់ទៅ៤០.០០០នាក់រស់នៅ ចាប់តាំងពីចុងទសវត្ស១៩៨០នៅពេលដែលប្រជាពលរដ្ឋខ្មែររត់ភៀសខ្លួនមកសហរដ្ឋអាមេរិកដោយសារសង្គ្រាមក្នុងប្រទេសកម្ពុជា។
សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦នេះ គេឃើញមានពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនធំបានចុះឈ្មោះបោះឆ្នោត និងត្រៀមខ្លួនជ្រើសរើសប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដែលមានលោកស្រី Hillary Clinton ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ។

លោក ឃុន ហុង អាយុ៥៥ឆ្នាំ ជាពលរដ្ឋខ្មែរអាមេរិកាំងដែលមានសិទ្ធិបោះឆ្នោតនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត។ (VOA Khmer)
លោកឃុន ហុង អាយុ៥៥ឆ្នាំ ដែលជាពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Lowell ម្នាក់បានប្រាប់ VOA ថា លោកនឹងទៅបោះឆ្នោតដើម្បីឲ្យមានការផ្លាស់ប្តូរគឺឲ្យមានអ្នកដឹកនាំជាស្ត្រីម្តង។
«ខ្ញុំចូលចិត្តផ្លាស់ប្តូរ ពីព្រោះមិនចង់ឃើញអ្វីដែលជាប្រុសរហូត ហាសិបនាក់មកហើយប្រុសៗរហូត»។

លោក ខន សុវណ្ណ អាយុ៥១ឆ្នាំ ជាម្ចាស់ហាងសំអាងការទេពសួគ៌ និងជាតន្ត្រីករភ្លេងបុរាណខ្មែរ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត។ (VOA Khmer)
រីឯលោកឃន សុវណ្ណ អាយុ៥១ឆ្នាំ ដែលជាម្ចាស់ហាងសំអាងការទេពសួគ៌នៅទីក្រុង Lowell បានប្រាប់ VOA ថា លោកនឹងបោះឆ្នោតដើម្បីឲ្យគណបក្សសាធារណរដ្ឋដឹកនាំប្រទេសម្តង ដោយសារគណបក្សប្រជាធិបតេយ្យបានដឹកនាំសហរដ្ឋអាមេរិករយៈពេលពីរអាណត្តិរួចហើយ។
«បើឥឡូវនេះ ខ្ញុំគិតថា ដោយសារតែប្រជាធិបតេយ្យហ្នឹង វាជាប់ពីរអាណត្តិទៅហើយ ខ្ញុំចង់ឲ្យមានការផ្លាស់ប្តូរ។ កុំឲ្យយូរពេក។ យ៉ាងយូរ វា៨ឆ្នាំហើយណា។ ខ្ញុំពេញចិត្តប្រព័ន្ធបោះឆ្នោតគេនៅទីនេះ បើប្រៀបធៀបនឹងស្រុកខ្មែរ។ កុំឲ្យគណបក្សប្រជាធិបតេយ្យហ្នឹងយូរពេក។ បើមួយអាណត្តិទៀត ចូលដល់១២ឆ្នាំហើយ»។
លោក នាង សុវណ្ណាតារា គឺជាគ្រូបង្រៀនសិល្បៈបុរាលខ្មែរនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
រីឯលោកនាង សុវណ្ណតារា ដែលជាគ្រូបង្រៀនតន្រ្តីបុរាណខ្មែរនៅទីក្រុង Lowell ក៏យល់ថា លោកត្រូវការការផ្លាស់ប្តូរគណបក្សដឹកនាំសហរដ្ឋអាមេរិកដែរ ដោយលោកចង់បោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋកាន់តំណែងម្តង។ ក៏ប៉ុន្តែ លោកមិនសូវពេញចិត្តបេក្ខជនប្រធានាធិបតីមកពីគណបក្សនេះគឺលោក Donald Trump នោះទេ។
«ពីរអាណត្តិនៃការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ ខ្ញុំយល់ឃើញថា ដល់ពេលដែលខ្ញុំត្រូវការផ្លាស់ប្តូរទៅគណបក្សមួយទៀតហើយ។ ដូច្នេះ ខ្ញុំត្រូវតែជ្រើសរើសគណបក្សសាធារណរដ្ឋ។ ប៉ុន្តែបេក្ខជនមកពីគណបក្សសាធារណរដ្ឋហ្នឹង ខ្ញុំភាគច្រើនមិនសូវពេញចិត្ត តែខ្ញុំពេញចិត្តគណបក្ស។ ហើយឥឡូវគណបក្សជ្រើសរើសមនុស្សដែលខ្ញុំមិនសូវពេញចិត្ត។ ឥឡូវគ្មានជម្រើស ត្រូវតែបោះឲ្យម្នាក់ហ្នឹង»។
លោក ម៉ែន វណ្ណៈ ជាសកម្មជននយោបាយម្នាក់ និងពលរដ្ឋខ្មែរអាមេរិកាំង ដែលមានសិទ្ធិបោះឆ្នោតនោទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
ដូចគ្នាដែរលោកម៉ែន វណ្ណៈ អាយុ៤១ឆ្នាំ ដែលជាពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Lowell ដែរ ក៏បានបញ្ជាក់ថា លោកចង់បោះឆ្នោតឲ្យគណបក្សសាធារណៈរដ្ឋជាប់ជាប្រធានាធិបតី ពីព្រោះលោកចង់ឃើញការផ្លាស់ប្តូរក្នុងគោលការណ៍នយោបាយការបរទេសថ្មីនៅសហរដ្ឋអាមេរិកមកលើប្រទេសផ្សេងៗ ជាពិសេសគឺទៅលើប្រទេសកម្ពុជាជាដើម។
«ខ្ញុំចាប់អារម្មណ៍គោលនយោបាយរបស់គណបក្សសាធារណៈរដ្ឋ ពីព្រោះគណបក្សសាធារណរដ្ឋតែងតែត្រួតពិនិត្យកិច្ចការបរទេសជាលក្ខណៈអន្តរជាតិច្រើនជាងគណបក្សប្រជាធិបតេយ្យ។ ហើយអារម្មណ៍របស់ខ្ញុំគឺខ្ញុំគិតពីប្រទេសកម្ពុជាដែលកំពុងតែលុកលុយទៅដោយអំពើមនុស្សឃាត ការរំលោភសិទ្ធិមនុស្សច្រើន។ ហើយខាងគណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់រដ្ឋាភិបាលលោក Obama ហាក់បីដូចជាមិនខ្វាយខ្វល់ពីប្រទេសកម្ពុជាយើង។ អញ្ចឹងហើយ ធ្វើឲ្យយើងជំរុញប្តូរទៅគាំទ្រគណបក្សសាធារណរដ្ឋវិញ»។
អ្នកស្រី លី ផល្លីន គឺជាពលរដ្ឋខ្មែរអាមេរិកាំងដែលមានសិទ្ធិបោះឆ្នោតនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
ក៏ប៉ុន្តែសម្រាប់ស្ត្រីមេម៉ាយមានកូនក្រោមបន្ទុក ដូចជាលោកស្រីលី ផល្លីសន្លឹកឆ្នោតរបស់លោកស្រីគឺសំខាន់ណាស់។ លោកស្រីបានប្រាប់ VOA ថា លោកស្រីនឹងបោះឆ្នោតឲ្យលោកស្រី Hillary Clinton ជាប់ជាប្រធានាធិបតី ដោយសារលោកស្រី Hillary Clinton ជាស្ត្រីដែលយកចិត្តទុកដាក់ខ្ពស់លើស្ត្រីមេម៉ាយ។
«ដូចថា យើងមិនមានលទ្ធភាព មានគេជួយច្រើន។ ឧទាហរណ៍ថា យើងជាស្ត្រីមេម៉ាយ ប្រាក់ចំណូលយើងទាប រដ្ឋគេជួយ ដូចជាជួយការសិក្សាកូន និងជួយឧបត្ថម្ភអីផ្សេងៗទៀត»។
អ្នកស្រី វ៉ាន អេនី គឺជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ដែលមានសិទ្ធិបោះឆ្នោត នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
សម្រាប់លោកស្រីវ៉ាន អេនី អាយុ៥០ឆ្នាំ នៅពេលដែលលោកស្រីភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិក លោកស្រីទទួលបានការឧបត្ថម្ភគាំទ្រច្រើនពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ។ ដូច្នេះ លោកស្រីនឹងបោះឆ្នោតឲ្យលោកស្រី Hillary Clinton នៃគណបក្សប្រជាធិបតេយ្យ ពីព្រោះគណបក្សនេះយកចិត្តទុកដាក់ខ្លាំងលើពលរដ្ឋក្រីក្រ និងជនអន្តោប្រវេសន៍ ដូចជាសហគមន៍ខ្មែរនៅទីក្រុង Lowell នេះជាដើម។
«ខ្ញុំជឿថា គាត់អាចជួយដល់ប្រជាពលរដ្ឋច្រើន ដូចជាអ្នកក្រីក្រមិនមានសមត្ថភាពធ្វើការ ហើយនិងដូចជាជនភៀសខ្លួនដទៃទៀត»។
លោកស្រី វ៉ាត សាវឿន អាយុ៨២ឆ្នាំ គឺជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ដែលមានសិទ្ធិបោះឆ្នោត នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦។ (VOA Khmer)
លោកស្រីវ៉ាត សាវឿន អាយុ៨២ឆ្នាំ បានចុះឈ្មោះបោះឆ្នោតរួចហើយនៅមជ្ឈមណ្ឌលសុខភាពមេត្តា ដែលផ្តល់សេវាកម្មចុះឈ្មោះបោះឆ្នោតដល់ពលរដ្ឋខ្មែរ។ លោកស្រីបានប្រាប់ VOA ថា លោកស្រីនឹងបោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យ ពីព្រោះលោកស្រីយល់ថា គណបក្សនេះផ្តល់ការឧបត្ថម្ភគំាទ្រដល់អ្នកក្រ។
«តាំងពីដើមមក គាត់ខាងអ្នកក្រ។ ហើយគាត់ជួយអ្នកក្រ ហើយយើងសុទ្ធតែជាអ្នកក្រមករស់នៅស្រុកគេ យើងពឹងអ្នកដែលគេជួយខាងអ្នកក្រហើយ»។
សម្រាប់ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុង Lowell ដែលបានចុះឈ្មោះបោះឆ្នោតទាំងអស់នេះ ពួកគេថា សំណុំបែបបទចុះឈ្មោះបោះឆ្នោតនៅសហរដ្ឋអាមេរិកមិនមានអ្វីស្មុគស្មាញពិបាកយល់នោះទេ។
បន្ថែមលើនេះ គេឃើញមានគម្រោងមួយស្តីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋដែលដឹកនាំដោយពលរដ្ឋខ្មែរអាមេរិកាំងនៅមជ្ឈមណ្ឌលសុខភាពមេត្តា ហើយនឹងសមាគមខ្មែរនៅទីក្រុង Lowell ដែលធ្វើកិច្ចការផ្សព្វផ្សាយជាបន្តបន្ទាប់ដើម្បីជំរុញឲ្យពលរដ្ឋខ្មែរកាន់តែច្រើនទៅចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅខែវិច្ឆិកាខាងមុខនេះ៕