អាកាសធាតុ នៅរដ្ឋធានីវ៉ាស៊ីនតោនត្រជាក់ស្ទើរកកគឺមានកម្រិត ២អង្សារសេ កាលពីថ្ងៃសុក្រប៉ុន្តែមិនបានរារាំងពលរដ្ឋខ្មែរអាមេរិកាំង ដែលគំាទ្រគណបក្សង្គ្រោះជាតិជិត ១០០នាក់ មកជួបជុំគ្នាតវ៉ានៅក្បែរវិមានរដ្ឋសភាទេ។ ពួកគេសម្តែងការគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆាំង ដែលប្តេជ្ញាទៅស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
លោកស្រីណាឡែន ស្មីត អ្នករូបចំបាតុកម្មមួយរូប បានបញ្ជាក់ប្រាប់វីអូអេថា៖
«លោកប្រធានស្តីទីសមរង្ស៊ីហើយនឹងបងប្អូនយើងជាច្រើនដែលរស់នៅសហរដ្ឋអាមេរិកនិងប្រទេសផ្សេងៗ គាត់បានអញ្ជើញទៅមាតុភូមិនិវត្តន៍ដូច្នេះយើងនៅ សមរភូមិក្រោយក៏យើងអត់នៅស្ងៀមដែរគឺយើងត្រូវធ្វើបាតុកម្មដើម្បីទាមទារដូចពួកគាត់ដែរ។ ពួកគាត់ទាមទារលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរយើងនៅទីនេះក៏គាំទ្រយើងក៏ទាមទារដែរ»។
លោកសមរង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលបានរស់នៅនីរទេសខ្លួនក្រៅប្រទេសតាំងពីឆ្នាំ២០១៥ បានប្រកាសដឹកនាំមន្ត្រីបក្សវិលត្រឡប់ចូលមាតុភូមិវិញដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ លោកបានគំរាមចាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន យកទៅកាត់ទោស ដោយសារតែការដឹកនាំក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ បានធ្វើឱ្យប្រទេសកម្ពុជាខូចខាតធនធានធម្មជាតិ បាត់បង់អធិបតេយ្យភាពនិងពុករលួយបក្សពួកនិយម។
Your browser doesn’t support HTML5
លោកធួន ស៊ុន មកពីរដ្ឋអូហៃយូបានកាន់បដាមួយជាភាសាអង់គ្លេស ដែលមានខ្លឹមសារថា «ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាត្រូវតែបញ្ឈប់» បានរៀបរាប់ពីការចង់បានស្ថានភាពសិទ្ធិមនុស្សមួយដែលល្អសម្រាប់កម្ពុជា។
លោកបានបញ្ជាក់ប្រាប់វីអូអេថា៖
«រហូតមកដល់ឥឡូវនេះ ខ្ញុំឃើញខ្មែរយើងវេទនាណាស់។ ខ្ញុំស្បែកជើងក៏ខ្ញុំគ្មានផងកាលខ្ញុំមកអាមេរិកាំងហើយមកដល់ស្រុកនេះអាមេរិកាំង គេឱ្យសិទ្ធិសេរីភាពមានការងារធ្វើ ហើយគេស្រឡាញ់យើង។ ខ្ញុំមើលទៅសិទ្ធិមនុស្សគេនៅទីនេះ គេគោរពសិទ្ធិមនុស្ស។ ជីវិតខ្ញុំរុងរឿង មានការមានងារ ធ្វើមានឋានៈខ្ពង់ខ្ពស់ ហើយខ្ញុំចង់បានខ្មែរនៅស្រុកខ្មែរឱ្យមានឋានៈ មានការងារធ្វើដូចខ្ញុំអីចឹងដែរ បានជាខ្ញុំខិតខំមកនេះ»។
រីឯអ្នកស្រីសូរីណា សំបូរ សុក ដែលមកពីរដ្ឋអូហៃយូដែរ ចង់ឃើញការបោះឆ្នោតនៅកម្ពុជាមានភាពប្រសើរឡើង។
«ខ្ញុំចង់បានឱ្យប្រជាពលរដ្ឋយើងអាចទៅបោះឆ្នោត។ ចង់បានប្រជាធិបតេយ្យដែលមនុស្សយើងទាំងអស់គ្នានៅស្រុកខ្មែរហ្នឹងអាចទៅបោះឆ្នោត ឱ្យនាយករដ្ឋមន្ត្រីនៅស្រុកខ្មែរយើងឱ្យបាន កុំឱ្យគេទិញសន្លឹកឆ្នោតយើង។ យើងអាចទៅបោះរើសអ្នកណាឡើងធ្វើនាយករដ្ឋមន្ត្រី ក៏បានដែរ»។
បាតុកម្មនេះក៏មានការចូលរួមពីអ្នកស្រីទេព វន្នី អតីតសកម្មជនដីធ្លីនៅតំបន់បឹងកក់ ដែលកំពុងស្វែងរកសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ ដោយកាន់បដាដែលមានន័យថា «សូមកុំឱ្យមានរបបវាលពិឃាតជាលើកទីពីរនៅកម្ពុជា» លោកស្រីទេព វន្នី បានប្រដូចប្រទេសកម្ពុជាទៅនឹងរបបប៉ុល ពត ទី២ ដោយសារតែបទពិសោធផ្ទាល់ខ្លួនជាជនរងគ្រោះ ដោយសារការរឹបអូសដីធ្លី បើទោះបីជាអ្នកស្រីមិនដែលបានរស់នៅឆ្លងកាត់របបនេះក៏ដោយ។
អ្នកស្រីបានបញ្ជាក់ប្រាប់វីអូអេថា៖
«ពីព្រោះខ្ញុំឃើញថា បច្ចុប្បន្ននេះស្ថានភាពដូចជាមិនសូវល្អ កាន់តែធ្ងន់ធ្ងរឡើងៗ ពីរដ្ឋាភិបាលកម្ពុជា មានការគំរាមកំហែង បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ ហើយការចាប់អ្នកស្នេហាជាតិផ្សេងៗទៀតយកទៅដាក់ឃុំខ្លួន ហើយក៏មានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធបង្ហាញ ក៏ដូចជាគំរាមកំហែងដល់ប្រជាពលរដ្ឋខ្មែរដែលកំពង់រស់នៅប្រទេសកម្ពុជា។ អីចឹងយើងខ្លាចមានសង្គ្រាមស៊ីវិលកើតឡើងម្តងទៀត ដូចសម័យប៉ុល ពត។ ប្រជាពលរដ្ឋមានបាតដៃទទេ ហើយម្ខាងទៀតមានប្រដាប់អាវុធ គេអាចមកសម្លាប់ប្រជាពលរដ្ឋដូចសម័យប៉ុលពត។ អីចឹងខ្ញុំអត់ចង់បានទេ»។
ការតវ៉ានេះបានបញ្ចប់ដោយមានការអុជទៀន ដើម្បីបួងសួងសុំក្តីសុខនិងគ្មានអំពើហិង្សាកើតមានឡើងលើអ្នកដែលធ្វើមាតុភូមិនិវត្តន៍ផងដែរ។
លោកសម រង្ស៊ី បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី នៅល្ងាចថ្ងៃសៅរ៍នេះបន្ទាប់ពីខកខានមិនអាចឡើងជិះយន្តហោះរបស់ក្រុមហ៊ុនថៃអ៊ែវេយ (Thai Airways) ឆ្ពោះទៅទីក្រុងបាងកកប្រទេសថៃ។
អាជ្ញាធរកម្ពុជាបានចាត់វិធានការត្រៀមទប់ស្កាត់នៅតាមច្រកព្រំដែននានា ដោយមានដាក់ពង្រាយកម្លាំងប្រដាប់អាវុធបំពាក់ដោយអាវុធទំនើបៗ។ ទន្ទឹមនឹងនោះក៏បានធ្វើសកម្មភាពការទូតដើម្បីរារាំងដំណើរនិវត្តន៍នេះផងដែរ។
រដ្ឋាភិបាលកម្ពុជាបានអះអាងថា វត្តមានរបស់លោកសម រង្ស៊ី នៅក្នុងប្រទេសកម្ពុជានឹងបង្កអស្ថិភាពដល់សន្តិភាពនិងការអភិវឌ្ឍ។ រដ្ឋាភិបាលកម្ពុជាក៏ស្នើឱ្យបណ្តាប្រទេសអាស៊ានចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួន៩នាក់ ក្នុងនោះមានលោកសម រង្ស៊ី លោកស្រីមូរ សុខហួរ និងលោកអេង ឆៃអ៊ាង ជាដើមដោយសារតែរងការចោទប្រកាន់ថារៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកស្រីធិត គឹមហ៊ុន ប្រធានកិច្ចការស្ត្រីនៃគណបក្សសង្គ្រោះជាតិអាមេរិកនិងក្រៅប្រទេស បានបញ្ជាក់ប្រាប់វីអូអេថា លោកស្រីបានទៅជួបជាមួយនឹងមន្ត្រីសហរដ្ឋអាមេរិកដើម្បីរាយការណ៍ពីការវិវត្តន៍នយោបាយនៅកម្ពុជា។
លោកស្រីបន្ថែមថា៖
«យើងដឹងហើយថាពេលនេះគឺជាពេលវេលាដ៏ក្តៅគគុកបំផុតសម្រាប់ប្រទេសកម្ពុជា។ យើងឃើញហើយថា រដ្ឋាភិបាលផ្តាច់ការហ៊ុន សែន បានរារាំងគ្រប់មធ្យោបាយទាំងអស់មិនឱ្យលោកប្រធានស្តីទីសម រង្ស៊ី ចូលក្នុងប្រទេសកម្ពុជាយើងវិញ ដោយបានឃាំងពីរឿងយន្តហោះជាដើមតាំងពីបារំាងមកម្ល៉េះ ហើយដោយសារគាត់មានកាតព្វកិច្ច ក៏ដូចជាគោលជំហរនៃមាតុភូមិនិវត្តន៍ គឺនៅតែដដែលសូមជម្រាបដល់បងប្អូននិងថ្នាក់ដឹកនាំទំាងអស់ទូទាំងពិភពលោក»។
អ្នកស្រីបាន បន្ថែមថា ពិធីដូចគ្នានេះក៏មានរៀបចំនៅតាមរដ្ឋជាច្រើនទៀតដែរ។
សហរដ្ឋអាមេរិកសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនូវការចាប់ខ្លួននិងការយាយីរំខានដល់សមាជិកនៃគណបក្សប្រឆាំង ហើយបានទទូចឱ្យអ្នកនយោបាយកម្ពុជារៀបចំដំណើរការផ្សះផ្សារជាតិ ដោយសន្តិវិធីដោយមានការចូលរួមគ្រប់ភាគីដើម្បីស្តារលទ្ធិប្រជាធិបតេយ្យពហុបក្សពិតប្រាកដឡើងវិញ។
លោកស្រីអេមីលី ហ្ស៊ីប៊ឺក (Emily Zeeberg) អ្នកនាំពាក្យស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់នៅក្នុងសារឆ្លើយតបនឹងវីអូអេថា៖
«យើងព្រួយបារម្ភយ៉ាងខ្លាំងចំពោះកំណើនការចាប់ខ្លួនជាបន្តបន្ទាប់នាពេលថ្មីៗនេះ ការយាយីរំខាននិងការបំភិតបំភ័យសមាជិកនៃគណបក្សនយោបាយប្រឆាំងនៅកម្ពុជានិងការខិតខំប្រឹងប្រែង រារាំងពលរដ្ឋកម្ពុជាមិនឱ្យវិលត្រឡប់មកចូលរួមដំណើរការនយោបាយដោយសន្តិវិធី»។
លោកស្រីអេមីលី ហ្ស៊ីប៊ឺក បានបន្ថែមថា៖
«យើងអំពាវនាវដល់សមាជិកអាស៊ានឱ្យគោរពតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិនិងគោរពគោលការណ៍មិនបញ្ជូនជនភៀសខ្លួនមកប្រទេសដើមវិញបើបុគ្គលនោះអាចប្រឈមនឹងការកាត់ទោស ឬរងទារុណកម្មបើត្រឡប់មកវិញ»។
ចាប់តាំងពីដើមឆ្នាំ២០១៩មក មានអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង៥០នាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ដោយហេតុផលនយោបាយ។
យ៉ាងហោចណាស់ មានពលរដ្ឋខ្មែរអាមេរិកាំងជិត២០០នាក់ បានស្ម័គ្រចិត្តវិលទៅប្រទេសកម្ពុជាវិញ តាមការអំពាវនាវរបស់លោកសម រង្ស៊ី ផងដែរ។
លោកស្រី ផល្លីន នូ ដែលមានស្វាមីនិងឪពុកស្ម័គ្រចិត្តវិលទៅប្រទេសកម្ពុជា បានបញ្ជាក់ថា៖
«ខ្ញុំមានការភ័យព្រួយខ្លះដែរ ដែលស្វាមីរបស់ខ្ញុំ ពីព្រោះអីគាត់នៅក្នុងបញ្ជីខ្មៅគឺលោកគា រី ហើយនឹងប៉ាខ្ញុំ ប៉ុន្តែទន្ទឹមគ្នានេះ ខ្ញុំក៏មានមោទនភាពដែរ ដែលពួកគាត់មានសេចក្តីក្លាហានមោះមុតឆ្លងទៅជួយរកលទ្ធិប្រជាធិបតេយ្យជូនប្រជាជនយើងវិញ ជាពិសេសគឺប្រទេសខ្មែរ»។
កាលពីថ្ងៃសុក្រ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបីរូបបានស្នើសេចក្តីសម្រេចមួយ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យសមាជិកគណបក្សប្រឆាំងនិងសកម្មជនប្រជាធិបតេយ្យបានវិលត្រឡប់វិញ ដោយសន្តិវិធី។
សមាជិកព្រឹទ្ធសភាទាំងបីរូបគឺលោក អេវឺដ ម៉ាគី (Edward Markey) សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋម៉ាស្សាឈូសិត លោកឌិក ដឺប៊ឹន (Dick Durbin) សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋអ៊ីលីណយនិងលោក ថេត គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋតិចសាស។
លោក Edward Markey ដែលជាសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យខ្ពស់ជាងគេនៅក្នុងអនុគណៈកម្មការអាស៊ីបូព៌ានៃគណៈកម្មាធិការទំនាក់ទំនងការបរទេសរបស់ព្រឹទ្ធសភា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖
«រដ្ឋាភិបាលលោកហ៊ុន សែន បានរាំងខ្ទប់សិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជាអស់រយៈពេលយូរពេកហើយ ហើយនៅពេលនេះកំពុងតែព្យាយាមបំភិតបំភ័យលោកសមរង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ និងមេដឹកនាំបក្សប្រឆាំងដទៃទៀត។ យើងអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាសូមអនុញ្ញាតឱ្យពួកគេធ្វើដំណើរប្រកបដោយសន្តិវិធីទៅប្រទេសវិញ។ រដ្ឋាភិបាលលោកហ៊ុន សែន ត្រូវតែដឹងថាពិភពលោកកំពុងតែតាមឃ្លាំមើល»។
លោកឌិក ដឺបឹន សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យមកពីរដ្ឋអ៊ីលីណយ បានបញ្ជាក់ថា៖
«ការគាបសង្កត់លើបក្សប្រឆាំងនៅកម្ពុជាត្រូវតែបញ្ចប់។ ខ្ញុំមានក្តីរំភើបដែលរួមគ្នាជាមួយនឹងលោកសមាជិកព្រឹទ្ធសភា ម៉ាគី និងគ្រូស ក្នុងការអំពាវនាវដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឱ្យដោះលែងអ្នកទោសនយោបាយ និងស្តារសេរីភាពជាមូលដ្ឋានសម្រាប់ដំណើរការប្រជាធិបតេយ្យកម្ពុជា»។
លោកថេត គ្រូស សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋតិចសាស បានបញ្ជាក់ថា៖
«នៅថ្ងៃសៅរ៍នេះនឹងជាខួបទី៣០នៃការដួលរលំកំផែងក្រុងប៊ែឡាំង និងរបបកុម្មុយនិស្តដ៏ឃោរឃៅ ដែលបានសាងសង់កំផែងនោះ។ វាជាការសមស្របណាស់ដែលនៅថ្ងៃសៅរ៍នេះ អ្នកតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យនិងអ្នកនយោបាយប្រឆាំងនឹងធ្វើមាតុភូមិនិវត្តដោយក្តីក្លាហានទៅកម្ពុជា ដោយក្តីសង្ឃឹមថានឹងរុញច្រានរលកនៃរបបផ្តាច់ការ និងស្តារនិយាមប្រជាធិបតេយ្យឡើងវិញ។ ខ្ញុំមានក្តីមោទនដែលរួមគ្នាជាមួយលោកសមាជិកព្រឹទ្ធសភា ម៉ាគី លើសេចក្តីសម្រេចដ៏សម្រេចនេះ និងទទូចឱ្យអនុម័តដោយរហ័ស។ សហរដ្ឋអាមេរិកត្រូវតែឈរដោយមិនខ្លាចញញើតជាមួយនឹងប្រជាពលរដ្ឋកម្ពុជាក្នុងការតស៊ូរបស់ពួកគេទាមទារសេរីភាពនិងប្រជាធិបតេយ្យ»។
រីឯអ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលចំនួន៨រូប បានផ្ញើលិខិតមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសម្តែងការព្រួយបារម្ភពីសុវត្ថិភាពថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលគ្រោងនឹងវិលទៅដល់ប្រទេសកម្ពុជានៅថ្ងៃសៅរ៍នេះ។
អ្នកតំណាងរាស្ត្រទាំង៨រូបមកពីគណបក្សទាំងពីរនៅក្នុងសភាតំណាងរាស្ត្រគឺគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋ រួមមានលោកអាឡាំង ឡូវឹនសល លោកស្ទីវ ឆាបុត្រ លោកអ៊ីលៀត អ៊ីងហ្កល លោកថេត យូហូ លោកប្រែដ សឺមឹន លោកជែម ម៉ាក់ហ្កូវឺន លោកស្រីឡូរី ត្រាហាន់ និងលោកជេរ៉ល ខូណូលី។
អ្នកតំណាងរាស្រ្តទាំង៨រូបបានប្រាប់ទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថា ពួកគេបានដឹងពីដំណើរនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទៅកម្ពុជា និងព្រួយបារម្ភខ្លាចមានហិង្សាណាមួយកើតមានឡើង។
លិខិតរបស់អ្នកតំណាងរាស្ត្រដែលបានចេញផ្សាយនៅថ្ងៃសុក្រ ហើយវីអូអេទទួលបានច្បាប់ចម្លងមួយបញ្ជាក់ថា៖
«យើងព្រួយបារម្ភយ៉ាងខ្លាំងនឹងអត្ថាធិប្បាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគំរាមកំហែងនិងបណ្តោយឱ្យមានអំពើហិង្សាប្រឆាំងនឹងអ្នកទាំងនេះ នៅពេលដែលពួកគេត្រឡប់ទៅវិញ»។
អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកបានថ្កោលទោសហិង្សានយោបាយនៅកម្ពុជាដែរថា៖
«យើងថ្កោលទោសរាល់ទម្រង់នៃហិង្សានយោបាយនៅកម្ពុជា។ ការអនុញ្ញាតឱ្យគណបក្សប្រឆាំងធ្វើសកម្មភាពដោយសេរីក្នុងប្រទេសកម្ពុជា ដោយគ្មានការភ័យខ្លាច ការសងសឹកនយោបាយ គឺជាការចាំបាច់សម្រាប់ស្តារលទ្ធិប្រជាធិបតេយ្យ»។
លោកសម រង្ស៊ី និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីគណបក្សចំនួន២០នាក់ទៀត មាននៅក្នុងបញ្ជីចាប់ខ្លួនដែលអាជ្ញាធរបានបិទប្រកាសនៅតាមទីសាធារណៈ ដោយអាជ្ញាធរចាត់ទុកថាជា «ក្រុមឧទ្ទាមក្បត់ជាតិ» ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
អ្នកតំណាងរាស្រ្តទាំង៨រូបបានរំលឹកដល់លោកហ៊ុនសែនក្នុងការធានាសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋតាមរដ្ឋធម្មនុញ្ញកម្ពុជានិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
អ្នកតំណាងរាស្ត្រទាំងនេះបានបន្តថា៖
«ក្នុងនាមជាហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស សហរដ្ឋអាមេរិកនឹងបន្តតាមដានសភាពការណ៍នេះ ហើយយើងទទូចរដ្ឋាភិបាលរបស់លោកឱ្យគាំទ្រលទ្ធិប្រជាធិបតេយ្យកម្ពុជា និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍ពលរដ្ឋកម្ពុជា»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រងការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីគណបក្សរបស់លោកបានឈ្នះយកអាសនៈសភាទាំងអស់ចំនួន១២៥ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលរៀបចំឡើង ក្រោយពីបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំមួយ៕