កន្លងទៅរដ្ឋាភិបាលប្រទេសឡាវបានថ្លែងកុំឲ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃគម្រោងទំនប់វារីអគ្គិសនីថ្មី ឈ្មោះថា ប៉ាក់ បេង (Pak Beng) ដែលស្ថិតនៅចម្ងាយជាង១.៥០០គីឡូម៉ែត្រ ពីប្រទេសកម្ពុជា។
ខណៈការពិភាក្សាលើកទី២ ស្តីអំពីទំនប់វារីអគ្គិសនី ប៉ាក់ បេង ខិតជិតមកដល់ អ្នកធ្វើការលើផ្នែកបរិស្ថាន បានបន្តលើកឡើងពីក្តីបារម្ភលើគម្រោងទំនប់វារីអគ្គិសនីមួយនេះ បន្ថែមលើទំនប់ពីររបស់ឡាវដែលកំពុងសាងសង់ គឺទំនប់សាយ៉ាប៊ូរី និង ដន សាហុង។ ចំណែកភាគីកម្ពុជាបានអះអាងថា ឯកសារសំណើរបស់ប្រទេសឡាវ នៅខ្វះខាតឯកសារស្តីពីផលប៉ះពាល់ឆ្លងដែននៃគម្រោងមកលើប្រទេសដទៃទៀតនៅទន្លេមេគង្គ។
លោក សូ សុភ័ទ្ទ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា កម្ពុជាកំពុងពិនិត្យមើលបន្ថែមទៀតលើឯកសារដែលផ្តល់ដោយភាគីឡាវ នៅមុនគណៈកម្មការទន្លេមេគង្គ (MRC) ដែលមានតួនាទីសម្របសម្រួលលើការអភិវឌ្ឍនានានៅទន្លេមេគង្គ រៀបចំវេទិកាពិភាក្សាជាលើកទី២ នៅថ្ងៃសុក្រនេះ ដែលធ្វើឡើងនៅក្នុងទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា តាមការពិនិត្យជាបឋម កម្ពុជាយល់ថា ភាគីឡាវនៅខ្វះឯកសារ ទាក់ទងនឹងផលប៉ះពាល់ឆ្លងដែន។
លោកបានប្រាប់ VOA ថា៖
«ជារួម យើងពិនិត្យឃើញថា ឯកសារដែលភាគីឡាវផ្តល់ជូនហ្នឹង នៅមានចំណុចខ្វះខាតជាច្រើនដែរ ជាពិសេសពាក់ព័ន្ធទៅនឹងផលប៉ះពាល់ឆ្លងដែនមកក្រោមកម្ពុជាយើងនេះ។ យើងក៏ចង់ឃើញអំពីផលប៉ះពាល់ជាបណ្តុំ ដោយសារតែនៅលើទន្លេមេគង្គមានគម្រោងទាំងអស់១១។ អញ្ចឹងយើងចង់ដឹង ចង់ឃើញអំពីផលប៉ះពាល់ជាបណ្តុំមកលើជលសាស្រ្ត មកលើជលផល មកលើកំណកកករដី គុណភាពទឹក បរិស្ថាន អេកូឡូស៊ីជាដើម»។
ទិដ្ឋភាពទន្លេមេគង្គពេលថ្ងៃលិចនៅឡួងព្រះបាង ប្រទេសឡាវ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១១។
លោក សូ សុភ័ទ្ទ បានបន្តថា កម្ពុជានឹងផ្ញើការឆ្លើយតបមួយទៅកាន់ភាគីឡាវ ឲ្យពិចារណាបន្ថែមទៀតលើគម្រោងសាងសង់ទំនប់នេះ ដែលអាចនឹងធ្វើឡើងនៅក្នុងខែមិថុនាខាងមុខ ក្រោយបញ្ចប់នីតិវិធីជូនដំណឹង និងពិគ្រោះយោបល់ (ហៅកាត់ថា PNPCA) ដែលរៀបចំឡើងដោយគណៈកម្មការទន្លេមេគង្គ។
លោកបញ្ជាក់បន្ថែមថា ប្រទេសទាំង៤នៅតំបន់ទន្លេមេគង្គ គឺថៃ ឡាវ កម្ពុជា និងវៀតណាម ក៏កំពុងតែពិភាក្សាឲ្យបញ្ចូលចំណុចនៃការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន ទៅជាក្របខណ្ឌច្បាប់ ដើម្បីឲ្យប្រទេសទាំងអស់អនុវត្តតាម នៅពេលមានការស្នើសុំសាងសង់ទំនប់នៅទន្លេមេគង្គ។
ទំនប់វារីអគ្គិសនី ប៉ាក់ បេង (Pak Beng dam) នឹងអាចផ្ដល់ថាមពលអគ្គិសនី ប្រមាណ៩១២មេហ្គាវ៉ាត់ និងមានតម្លៃប្រមាណ២.៣៧២លានដុល្លារអាមេរិក។ វាស្ថិតនៅចម្ងាយប្រហែល១.៥៤០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ឡាវ។ ការសាងសង់ទំនប់នេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤។
មន្ត្រីឡាវបានធ្លាប់លើកឡើងថា ប្រទេសឡាវត្រូវការថាមពលអគ្គិសនីដើម្បីកាត់បន្ថយភាពក្រីក្រ និងដើម្បីលើកតម្កើងកំណើនសេដ្ឋកិច្ចរបស់ខ្លួនទៅដល់៧,៥ភាគរយនៅត្រឹមឆ្នាំ២០២០។
រដ្ឋាភិបាលនៃប្រទេសកុម្មុយនិស្តមួយនេះបានព្រមព្រៀងជាមួយប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនី ក្នុងនោះមានការលក់ថាមពលទៅឲ្យប្រទេសថៃចំនួន៩.០០០ មេហ្គាវ៉ាត់នៅឆ្នាំ២០២៥ ប្រទេសកម្ពុជាចំនួន១.៥០០មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២៥ និងប្រទេសវៀតណាមចំនួន៥.០០០មេហ្គាវ៉ាត់ក្នុងឆ្នាំ២០៣០។
លោក ដាវង់ ផនកែវ (Daovong Phonekeo) លេខាអចិន្ត្រៃយ៍នៃក្រសួងថាមពលនិងរ៉ែរបស់ប្រទេសឡាវ បានថ្លែងប្រាប់ VOA តាមទូរស័ព្ទនៅថ្ងៃអង្គារថា មិនមានការព្រួយបារម្ភថ្មីណា ទាក់ទងនឹងគម្រោងទំនប់វារីអគ្គិសនីប៉ាក់ បេង នោះទេ ដោយសារគម្រោងនេះស្ថិតនៅផ្នែកខាងលើទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ដែលកំពុងសាងសង់ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៩។
លោក ដាវង់ ផនកែវ បានថ្លែងប្រាប់ VOA ថា៖ «សម្រាប់ជំហររបស់យើងលើទំនប់ប៉ាក់ បេង គឺយើងគាំទ្រឲ្យមានការស្ថាបនាគម្រោងនេះ។ ខ្ញុំគិតថា មិនមានការព្រួយបារម្ភថ្មីទេ។ ខ្ញុំគិតថា ការព្រួយបារម្ភចម្បង គឺជាការសម្របសម្រួលរវាងគម្រោងនេះ និងគម្រោងសាយ៉ាប៊ូរី»។
លោក ដាវង់ បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មិនទាន់មានការកំណត់ពេលវេលាច្បាស់លាស់អំពីការសាងសង់ទំនប់វារីអគ្គិសនី ប៉ាក់ បេង នៅឡើយទេ ដោយរង់ចាំបញ្ចប់នីតិវិធីរបស់គណៈកម្មការទន្លេមេគង្គ ហើយបន្ទាប់មកនឹងឈានទៅដល់ដំណាក់កាលពិភាក្សារវាងរដ្ឋាភិបាលឡាវ និងក្រុមហ៊ុន អំពីកិច្ចសន្យាសម្បទាន។
អ្នកនេសាទម្នាក់បង្ហាញកូនត្រីដែលចាប់បានពីទន្លេមេគង្គ។
មុនវេទិកាពិភាក្សាដែលរៀបចំដោយគណៈកម្មការទន្លេមេគង្គចាប់ផ្តើម អង្គការទន្លេអន្តរជាតិ (International Rivers) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានជំរុញឲ្យគណៈកម្មការទន្លេមេគង្គ និងរដ្ឋាភិបាលក្នុងតំបន់ទន្លេមេគង្គពន្យារដំណើរការពិគ្រោះយោបល់ជាមុន ដើម្បីមានពេលវេលាគ្រប់គ្រាន់ បង្កើតការសិក្សាមួយផ្សេងទៀត ដោយយោងតាមទិន្នន័យ និងការវិភាគថ្មីៗ។
តាមអង្គការអន្តរជាតិមួយនេះ មនុស្សយ៉ាងហោចណាស់៦.៧០០នាក់ នឹងត្រូវផ្លាស់ប្ដូរទីលំនៅដោយសារការសាងសង់ទំនប់នេះ។ ប្រសិនបើមានការសាងសង់ ទំនប់នេះនឹងមានផលប៉ះពាល់ច្រើនទៅលើសហគមន៍ក្រៅតំបន់ប៉ាក់ បេង (Pak Beng) ក្នុងប្រទេសថៃ និងពេញអាងទន្លេមេគង្គ រួមនឹងការប៉ះពាល់នៃគម្រោងវារីអគ្គិសនីដែលមានស្រាប់ផង។
លោកស្រី Maureen Harris នាយិកាទទួលបន្ទុកកម្មវិធីនៅអាស៊ីអាគ្នេយ៍នៃអង្គការទន្លេអន្តរជាតិ បានថ្លែងប្រាប់ VOA តាមរយៈសារអេឡិចត្រូនិក ឬអ៊ីមែលនៅថ្ងៃអង្គារថា៖
«ការពិគ្រោះយោបល់ជាមុនសម្រាប់ទំនប់ចំនួនពីររបស់ឡាវ គឺទំនប់សាយ៉ាប៊ូរី និងដន សាហុង គឺជាដំណើរការដែលមានភាពចម្រូងចម្រាស និងការព្រួយបារម្ភខ្ពស់ក្នុងចំណោមរដ្ឋាភិបាលប្រទេសទន្លេមេគង្គក្រោម រួមមានឡាវ ថៃ កម្ពុជា និងវៀតណាម ដែលមិនអាចឈានទៅដល់កិច្ចព្រមព្រៀង»។
លោកស្រី Maureen Harris បានបញ្ជាក់បន្ថែមថា៖
«ហានិភ័យសម្រាប់ទន្លេមេគង្គ និងប្រជាជននៅក្នុងតំបន់គឺខ្ពស់ណាស់ ដែលមិនអាចគិតខុសបាននោះទេ ទាក់ទងនឹងការស្ថាបនាទំនប់នៅលើទន្លេមេគង្គ។ នេះមានសារៈសំខាន់ណាស់ មិនមែនត្រឹមតែទំនប់ប៉ាក់ បេង នោះទេ គឺសម្រាប់គម្រោងទាំងអស់នៅពេលអនាគត»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ MRC វេទិកាពិភាក្សាលើកទី២នេះ នឹងមានការឆ្លើយតបនឹងបញ្ហា និងការព្រួយបារម្ភមួយចំនួន ដែលប្រមូលបានកាលពីវេទិកាកន្លងទៅ។ វេទិកានេះក៏នឹងបង្ហាញពីលទ្ធផលបឋមនៃការត្រួតពិនិត្យមើលផ្នែកបច្ចេកទេសរបស់គម្រោងទំនប់វារីអគ្គិសនីប៉ាក់ បេង។ វេទិកាក៏នឹងប្រមូលមតិយោបល់ អនុសាសន៍ និងការស្នើសុំនានារបស់ភាគីពាក់ព័ន្ធទាក់ទងនឹងលទ្ធផលនៃការពិនិត្យមើលផ្នែកបច្ចេកទេសនេះ។
ពាក់ព័ន្ធនឹងគម្រោងទំនប់វារីអគ្គិសនីប៉ាក់ បេង នេះសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាដែលធ្វើការលើផ្នែកបរិស្ថាន គឺវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជាឬ NGO Forum on Cambodia ធ្លាប់បានបង្ហាញក្តីបារម្ភលើទំនប់វារីអគ្គិសនីនេះ និងស្នើឲ្យរដ្ឋាភិបាលកម្ពុជាច្រានចោលសំណើគម្រោងមួយនេះផងដែរ។
លោក តែ ណាវុធ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គ បានលើកឡើងថា ទំនប់វារីអគ្គិសនីនេះ ស្ថិតនៅឆ្ងាយពីព្រំដែនកម្ពុជាជាង១.៥០០គីឡូម៉ែត្រ ដូច្នេះលោកថា កម្ពុជានឹងមិនរងផលប៉ះពាល់ធំដុំនោះទេ។
លោកពន្យល់ថាប្រសាសន៍ថា៖ «ដោយសារវានៅឆ្ងាយ១.៥៤០គីឡូម៉ែត្រ ខ្ញុំគិតថា បើប៉ះពាល់តិចតួចតែប៉ុណ្ណឹង»។
ក្រោយពេលបញ្ចប់វេទិកាពិភាក្សាស្តីពីទំនប់ប៉ាក់ បេង លើកទី១ កាលពីខែកុម្ភៈកន្លងទៅ សង្គមស៊ីវិលវៀតណាមឈ្មោះថាបណ្ដាញទន្លេវៀតណាម (Vietnam Rivers Network) បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយលើកឡើងថា ដំណើរការ PNPCA ត្រូវបានអនុវត្តទៅតាមទំនប់វារីអគ្គិសនីមួយៗដាច់ដោយឡែកពីគ្នា ហើយមិនអនុញ្ញាតឲ្យមានការវាយតម្លៃទាំងស្រុងទៅលើឥទ្ធិពលដែលបង្កដោយសារទំនប់ទាំងអស់នោះទេ។
សង្គមស៊ីវិលវៀតណាមបារម្ភថា ដំណើរការ PNPCA លើទំនប់វារីអគ្គិសនី ប៉ាក់ បេង នេះ នឹងដូចគ្នាទៅនឹងទំនប់ពីររបស់ឡាវពីមុន ដែលមិនបានដោះស្រាយបញ្ហាព្រួយបារម្ភពីភាគីវៀតណាម និងកម្ពុជា៕