មន្ត្រី​កម្ពុជា​និង​មន្ត្រី​ទូត​​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​មួក​ខៀវ​កម្ពុជា

រូបឯកសារ៖ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ ព្រះសង្ឃប្រោសព្រំទាហាន​កម្ពុជា ដែល​ចុះ​បេសកកម្ម​ឲ្យអង្គការ​សហប្រជាជាតិ នៅ​អាហ្វ្រិក។ នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ទាហាន​កម្ពុជា​បួននាក់​បាន​ស្លាប់ ដោយ​សារ​ការ​វាយប្រហារ​មួយ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។

លោក​​​​ឧត្តសេនីយ៍ ​សែម សុវណ្ណនី ​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​កងកម្លាំង​រក្សា​សន្តិភាព ​បោះ​សម្អាត​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ជា​ធម្មតា​គ្រួសារ​សព​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​៧០.០០០​(ប្រាំពីរ​ម៉ឺន)​ដុល្លារ​ សម្រាប់​សព​ម្នាក់ៗ​ពី​អង្គការ​សហប្រជាជាតិ។

មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​និង​មន្រ្តី​ការ​ទូត​មួយ​ចំនួន​នៅ​ថ្ងៃ​ព្រឹកសុក្រ​នេះ​បាន​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ទាហាន​មួក​ខៀវ​កម្ពុជា​ ដែល​បាន​ពលី​ជីវិត​ក្នុង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប.)​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល។​

​មជ្ឈមណ្ឌល​កង​កម្លាំង​រក្សា​សន្តិភាព ​បោស​សម្អាត​មីន ​និង​គ្រាន់​មិន​ទាន់​ផ្ទុះ​ ក្រុម​គ្រួសារ​ និង​អ្នក​តំណាង​អង្គ​ទូត​មួយ​ចំនួន​ នៅ​ព្រឹក​ថ្ងៃ​សុក្រនេះ​ បាន​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ទាហាន​មួក​ខៀវ​កម្ពុជា​ទាំង​៤​រូប ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិតដោយ​ការ​វាយ​ប្រហារ​ពី​ពួក​ឧទ្ទាម​នៅ​សាធារណរដ្ឋអាហ្វ្រិក​កណ្តាល។ ​

លោកឧត្តសេនីយ៍ ​សែម សុវណ្ណនី ​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​កងកម្លាំង​រក្សា​សន្តិភាព ​បោះ​សម្អាត​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ជា​ធម្មតា​គ្រួសារ​សព​ត្រូវ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​៧០.០០០​(ប្រាំពីរ​ម៉ឺន)​ដុល្លារ​ សម្រាប់​សព​ម្នាក់ៗ​ពី​អង្គការ​សហប្រជាជាតិ។

​លោក សែម សុវណ្ណនី ថ្លែង​អំពី​សោកនាដកម្ម​នេះ​ថា៖

«យើង​ក៏​សូម​ថ្កោល​ទោស​យ៉ាង​ពេញ​ទំហឹង​នូវ​អំពើ​ដ៏​សាហាវ​យង់ឃ្នង​នេះ​ ជា​អំពើ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​វាយ​ប្រហារ​មក​លើ​កងទ័ព​មួក​ខៀវ​កម្ពុជា​និង​កងទ័ព​មួក​ខៀវ​របស់​ម៉ារ៉ុក»។​

ក្នុង​ពិធី​ដែល​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កង​កម្លាំង​រក្សា​សន្តិភាព ​បោស​សម្អាត​មីន ​និង​គ្រាន់​មិន​ទាន់​ផ្ទុះ​ ​លោក ​សែម សុវណ្ណនី បាន​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា​ ​សព​កងទ័ព​មួក​ខៀវ​កម្ពុជា​៤​នាក់ ​ត្រូវ​បាន​តម្កល់​ទុក​នៅ​រដ្ឋធានី​បង់ហ្គី ​(Bangui) នៃ​សាធារណរដ្ឋ​អាហ្រ្វិក​កណ្តាល​ (Central African Republic) ដើម្បី​ឲ្យ​ថ្នាក់​ដឹកនាំ ​និង​មន្រ្តី​បរទេស​ចូល​គោរព​វិញ្ញាណក្ខន្ធ។​

លោកនាយ​ឧត្តសេនីយ៍ ​សែម សុវណ្ណនី​ ឲ្យ​ដឹង​ទៀត​ថា ​កន្លង​មក​សព​ទាហាន​មួក​ខៀវ​កម្ពុជា​បញ្ជូនពី​បេសកកម្មអង្គការ​សហប្រជាជាតិនៅ​ក្រៅ​ប្រទេសច្រើន​មក​ដល់​ប្រទេស​កម្ពុជា​រវាង​ពី​មួយ​ទៅ​ពីរ​សប្តាហ៍​ ក្រោយ​ពី​បាន​ទទួល​មរណភាព។

លោក​ឲ្យ​ដឹង​ថា ​ទាហាន​ម៉ារ៉ុក​ដែល​បាត់​ខ្លួន​ម្នាក់​នោះ​ក៏​ត្រូវ​បាន​បញ្ជាក់​ថា ​បាន​បាត់​បង់ជីវិត​ហើយ​ដែរ៖​

«ទន្នឹម​នឹង​នោះ​ ក៏​សុំ​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់​អ្នក​ទាំង​បួន​ ទាំង​ប្រាំ​នៅ​ទីនោះ ទាំង​កម្ពុជា​ទាំង​ម៉ារ៉ុក​នេះ​ទៅ​កាន់​សុគតិភព»។

លោក ​សែម សុវណ្ណនី និយាយ​ថា ​ក្រសួង​នឹង​រៀបចំ​ពិធី​បុណ្យ​សព​តាម​ប្រពៃណីរៀងៗ​ខ្លួន​នៅ​រាជធានី​ភ្នំពេញ ​ខេត្ត​ស្វាយរៀង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​សៀមរាប​ តាម​សំណើ​របស់​គ្រួសារ​សព។ ​ ​យុទ្ធជន​ពលី​ទាំង​បួន​រូប​មានលោក អ៊ឹម សំ ​ លោក​ ស៊ាន នរិន្ទ ​លោក​ មុំ តុលា​ និង​លោក ម៉ៅ អេង។ ​លោកបាន​ឲ្យ​ដឹង​ថា ការងារ​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា​នៅ​បេសកកម្ម​អ.ស.ប.​មិន​មែន​ជា​កម្លាំង​ប្រយុទ្ធ​ទេ ​គឺ​ជា​កង​វិស្វកម្ម ​ជីក​អណ្តូង​ និង​ដោះ​មីន​ជា​ដើម។ ​លោក​សង្កត់​ធ្ងន់​ថា​ ​កង​កម្លាំង​សន្តិភាព​មិន​គួរ​រង​ការ​វាយ​ប្រហារ​នោះ​ទេ៕