អាកាសយានដ្ឋានកម្ពុជាជឿជាក់ថា ភ្ញៀវទេសចរដែលធ្វើការហោះហើរក្នុងស្រុកនិងក្រៅស្រុកតាមអាកាសយានដ្ឋានអន្តរជាតិទាំងបី គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងឈានដល់១០លាននាក់នៅចុងឆ្នាំ២០១៨នេះ។ នេះបើយោងតាមនាយកប្រតិបត្តិនៃអាកាសយានដ្ឋានកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់ខេត្តសៀមរាប ដែលធ្វើឡើងដោយក្លឹបអ្នកកាសែតកម្ពុជាសហការជាមួយសហភាពអឺរ៉ុប កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៨ លោក Éric DELOBEL នាយកប្រតិបត្តិនៃអាកាសយានដ្ឋានកម្ពុជាបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថា៖
«កាលពីឆ្នាំមុនយើងទទួលបានអ្នកធ្វើដំណើរ៨.៨លាននាក់ហើយក្នុងឆ្នាំនេះ យើងបានដាក់គោលដៅថ្មី គឺយើងនឹងទទួលស្វាគមន៍អ្នកធ្វើដំណើរជាង១០លាននាក់ ហើយសម្រាប់ព្រះរាជាណាចក្រកម្ពុជា នេះក៏ជាសមិទ្ធិផលដ៏ធំធេងមួយដែរដោយសារតែយើងអាចឈានទៅដល់ការសម្រេចសមិទ្ធិផលថ្មីនោះ គឺការទទួលអ្នកធ្វើដំណើរ១០លាននាក់»។
យោងតាមសិ្ថតិរបស់អាកាសយានដ្ឋានកម្ពុជាឱ្យដឹងថា នៅក្នុងឆ្នាំ២០១៧ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនិងសៀមរាប បានស្វាគមន៍ភ្ញៀវទេសចរជាមធ្យមគឺ៤លាន៤សែននាក់ ហើយបានធ្វើការហោះហើរទៅកាន់៥៥គោលដៅ និង៧០០ជើងហោះហើរជារៀងរាល់សប្តាហ៍។ ១៧ភាគរយនៃផលិតផលជាតិសរុបចាប់់ពីឆ្នាំ២០១៤និង២០១៥ គឺទទួលបានពីអាកាសយានដ្ឋានអន្តរជាតិ ហើយបានបង្កើតការងារចំនួន១លាន៧សែនការងារ ដែលស្មើនឹង២០ភាគរយនៃចំនួនប្រជាជនដែលមានការងារធ្វើ។
តាមស្ថិតិរបស់ក្រសួងទេសចរណ៍ដែល VOA បានទទួលក៏បានបញ្ជាក់ផងដែរថា ចំនួនភ្ញៀវដែលធ្វើដំណើរតាមអាកាសទាំងក្នុងស្រុកនិងក្រៅស្រុកនៅក្នុង១០ខែ ឆ្នាំ២០១៨ គឺគិតចាប់ពីខែមករាដល់ខែតុលា មានចំនួនជិត៩លាននាក់។ បើធៀបហ្នឹងឆ្នាំ២០១៧ ចំនួនភ្ញៀវមានត្រឹមតែជាង៧លាននាក់ប៉ុណ្ណោះ។ អាកាសយានដ្ឋានកម្ពុជាបាននិយាយថា នេះជាកំណើនគួរឲ្យកត់សម្គាល់នៅក្នុងខែតុលា ដែលអាកាសយានដ្ឋានអន្តរជាតិទាំងបីទទួលបានកំណើនអ្នកធ្វើដំណើរជាមធ្យមគឺ២៥ភាគរយ។
លោក គង់ សុភារក្ស ប្រធាននាយកដ្ឋានផែនការស្ថិតិនៃក្រសួងទេសចរណ៍បាននិយាយប្រាប់ VOA នៅថ្ងៃសុក្រនេះថា ការកើនឡើងនៃការហោះហើរតាមអាកាសយានដ្ឋាន ចេញចូលក្នុងប្រទេសកម្ពុជាអាចមកពីការបើកឱ្យមានការប្រកួតប្រជែងក្នុងទីផ្សារនេះនឹងការកើនឡើងនៃជើងហោះត្រង់ទៅកាន់ប្រទេសនានា។
លោកបន្ថែមថា៖
«យើងឃើញកំណើនផ្លូវអាកាស វាកើនខ្ពស់ហ្នឹងទីមួយ យើងឃើញមានតម្លៃនៃការហោះហើរ វាមានតម្លៃធូរថ្លៃ ដូចជាប្រភេទ Air Asia ពួក Jetstar អីហ្នឹង។ ទីពីរយើងឃើញថា មានជើងហោះហើរច្រើនទៅប្រទេសមួយចំនួន»។
យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រសួងទេសចរចេញផ្សាយការពីខែតុលាកន្លងទៅ ភ្ញៀវទេសចរអន្តរជាតិតាមអាកាសចូលមកកម្ពុជាមានចំនួនជាង៣លាននាក់ក្នុងឆ្នាំ២០១៨ និង២លាននាក់ជាងក្នុងឆ្នាំ២០១៧ ហើយភ្ញៀវទេសចរដែលធ្វើដំណើរតាមអាកាសចេញទៅក្រៅប្រទេសមានសរុបជាង៦លាននាក់ក្នុងឆ្នាំ២០១៨ និង៥លាននាក់ក្នុងឆ្នាំ២០១៧។ ហើយភ្ញៀវទេសចរណ៍ចិនស្ថិតក្នុងលំដាប់ថ្នាក់លេខមួយ។
លោក គង់ សុភារក្ស បញ្ជាក់ថាក្រសួងទេសចរណ៍ជឿជាក់ថា កម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិដល់ទៅ ៧លាននាក់នៅក្នុងឆ្នាំ២០២០ ហើយកម្ពុជាបានមានលក្ខណៈគ្រប់គ្រាន់ដើម្បីស្វាគមន៍ភ្ញៀវទេសចរទាំងឡាយ។ លោកបាននិយាយថា៖
«ការពិតនិយាយទៅ ស្រុកខ្មែរយើងមានគ្រប់គ្រាន់ហើយ ក្នុងការទទួលភ្ញៀវទេសចរក្នុងកម្រិត ៦ ឬ ៧លាននាក់ក្នុងមួយឆ្នាំហ្នឹង ហើយជាក់ស្តែងយើងគិតថា យើងនឹងបាន៧លាននាក់ក្នុងឆ្នាំ២០២០»។
ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅមានការខ្វះខាតច្រើនក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរដែលមានការកើនឡើងនេះ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ទេសចរណ៍នានា និងការទទួលបដិសណ្ឋារកិច្ចផងដែរ។ នេះបើតាមអ្នកស្រី ឆៃ ស៊ីវលីង ប្រធានសមាគមទេសចរណ៍កម្ពុជា។
អ្នកស្រីបាននិយាយប្រាប់ VOA យ៉ាងដូច្នេះ៖
«កាលណាទេសចរមកកាន់តែច្រើន យើងបញ្ហាប្រឈមយើងក៏ច្រើនទៅតាមហ្នឹងដែរដូចជាយើងខ្វះធនធានមនុស្ស យើងត្រូវការលម្អហេដ្ឋារចនាសម័្ពន្ធ ពង្រីកផ្លូវថ្នល់ហើយនឹងពង្រីកបន្ថែមនូវខ្សែទស្សនកិច្ច គោលដៅទេសចរ ផលិតផលទេសចរណ៍អីគឺសុទ្ធតែយើងទាមទារឲ្យមានការកើនឡើង»។
កាលពីខែវិច្ឆិកាកន្លងទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបាន សម្រេចការជួសជុលទ្រង់ទ្រាយធំនូវផ្លូវសម្រាប់យន្តហោះធ្វើការរត់ ដែលអស់ទឹកប្រាក់១២លានដុល្លារសហរដ្ឋអាមេរិកប្រវែង៣០០០ម៉ែត្រជាស្ថាពរ ដើម្បីស្វាគមន៍ការកើនឡើងនៃការហោះហើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាកាសយានដ្ឋានកម្ពុជាកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ វិស័យទេសចរណ៍គឺជាផ្នែកមួយដែលជួយរកចំណូលមួយផ្នែកធំដល់ប្រទេសកម្ពុជា ក្រៅពីវិស័យកាត់ដេរ សំណង់ និងកសិកម្ម។
យោងតាមក្រសួងទេសចរណ៍ វិស័យដ៏សំខាន់នេះបានផ្តល់ប្រាក់ចំណូលចូលរដ្ឋ ជារួមប្រមាណ ជា៣ពាន់លានដុល្លារដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ហើយចំនួននេះមានការកើនឡើងជាង១៣ភាគរយបើធៀបទៅឆ្នាំ២០១៦៕