កម្ពុជា​កំពុង​រៀបចំ​ឲ្យ​មាន​បច្ចេកវិទ្យា 5G ខណៈ​ក្រុមហ៊ុន​ Huawei​ ចិន​សន្យា​ជួយ

ស្តង់​របស់​ក្រុមហ៊ុន Cellcard ដែល​មាន​ភ្ជាប់នឹង​សញ្ញា​ 5G នៅក្នុង​ពិព័រណ៍​បច្ចេកវិទ្យា រាជធានី​ភ្នំពេញ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

5G គឺ​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់ ដែល​អាច​ផ្តល់​អ៊ីនធឺណិត​លឿន​ជាង​ 4G និង​ 3G ដែល​កម្ពុជា​កំពុង​តែ​ប្រើប្រាស់។ ជាមួយ ​5G ប្រជាជន​អាច​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក មើល​វីដេអូ​តាម​ YouTube និង​ទាញ​យក​កម្មវិធី​ផ្សេងៗ​មក​ប្រើប្រាស់​បាន​លឿន​ជាង​មុន។

នៅ​ក្បែរ​ស្តង់​របស់​ក្រុមហ៊ុន​ Cellcard ដែល​ជា​ប្រព័ន្ធ​ទូរស័ព្ទ​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​ភ្ជាប់​ដោយ​សញ្ញា​ 5G សិស្ស​សាលា​ជាង​១០​នាក់ កំពុង​តែ​លេង​ហ្គេម ដើម្បី​ឈ្នះ​រង្វាន់​នៅ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​បច្ចេកវិទ្យា​ (Digital Cambodia) ដែល​ធ្វើ​ឡើង​នៅ​កោះ​ពេជ្រ រយៈ​ពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩។

ពិព័រណ៍​នេះ​មាន​ការ​ចូលរួម​ពី​វាគ្មិន និង​អ្នក​ជំនាញ ជាង​១០០នាក់​មក​ពី​ក្នុង​តំបន់ រួមមាន​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា តំណាង​ផ្នែក​ឯកជន អ្នកជំនួញ អ្នកស្រាវជ្រាវ និង​តំណាង​ក្រុមហ៊ុន​ផ្សេងៗ។

ឈរ​នៅ​ជិត​ស្តង់​នោះ គឺជា​យុវជន​ម្នាក់ ឈ្មោះ ហាក់ គីមហេង រៀន​ថ្នាក់​ទី​៩ នៅ​វិទ្យាល័យ​បឹង​កេងកង​នៅ​ភ្នំពេញ។ លោក​បាន​និយាយ​ថា ម្តាយ​របស់​លោក​បាន​អនុញ្ញាត​ឲ្យ​លោក​ប្រើ​ទូរស័ព្ទ ដើម្បី​ទាក់ទង​គ្នា កាល​ពី​ពីរ​បី​ខែ​មុន ក្រោយ​ពេល​លោក​បាន​ប្តូរ​សាលា​ពី​ខេត្ត​កណ្តាល មក​រៀន​នៅ​ភ្នំពេញ។

យុវជន​អាយុ​១៦​ឆ្នាំ​នោះ បន្តថា លោក​បាន​បង្កើត​គណនី​សម្រាប់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​មួយ​សម្រាប់​ប្រើប្រាស់ និង​ទាញ​យក​កម្មវិធី​មួយ​ចំនួន​ផង​ដែរ រួម​មាន​ប្រព័ន្ធ​សង្គម​ Youtube។ ក្នុង​ចំណោម​កម្មវិធី​ដែល​ទាញ​យក​មក​ប្រើ​នោះ ក៏​មាន​កម្មវិធី​មួយ​ឈ្មោះ​ថា​ «Khmer Academy» ដែល​មាន​មេរៀន​ទាក់ទង​នឹង​គណិតវិទ្យា រូបវិទ្យា និង​គីមី​វិទ្យា។

លោក​បន្ត​ថា​លោក​ក៏​បាន​ប្រើ​ប្រាស់ ​YouTube​ សម្រាប់​មើល​បាល់​ទាត់ ប្រហែល​មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ទោះ​ជា​យ៉ាងណា គីមហេង លើក​ឡើង​ថា សេវា​អ៊ីនធឺណិត មិន​ទាន់​ពេញ​ចិត្ត​លោក​នៅ​ឡើយ​ទេ។

លោក​បាន​ប្រាប់​ VOA ថា៖ «ខ្ញុំ​ថា​ចង់​បាន​លឿន​ជាង​ហ្នឹង ព្រោះ​អ៊ីនធឺណិត វា​រៀង​slow [យឺត]។ បើ​វា​អត់​ទាក់​ រូបភាព​វា​អត់​ច្បាស់​ទេ។ ខឹង​ម្តង ចង់​ដូរ​ស៊ីម ព្រោះ​វា​ទាក់​ពេក»។

ក្នុង​ថ្នាក់​របស់​ គីមហេង មាន​តែ​សិស្ស​២​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​២៥​នាក់ ដែល​ពុំ​មាន​ទូរស័ព្ទ​ប្រើប្រាស់។

នៅ​ពេល​សួរ​អំពី​បច្ចេកវិទ្យា​ 5G លោក គីមហេង និយាយ​ថា លោក​មិន​យល់​ច្បាស់​ថា​អ្វី​នោះ​ទេ តែ​លោក​ថា​ចង់​បាន​សេវា​អ៊ីនធឺណិត​លឿន។

រូបឯកសារ៖ ស្ត្រីម្នាក់ឈរក្បែរផ្លាកសញ្ញា 5G នៃក្រុមហ៊ុន Huawei នៅក្នុងពិព័រណ៍បច្ចេកវិទ្យា PT Expo នៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

5G គឺ​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ចុង​ក្រោយ​បង្អស់ ដែល​អាច​ផ្តល់​អ៊ីនធឺណិត​លឿន​ជាង​ 4G និង​ 3G ដែល​កម្ពុជា​កំពុង​តែ​ប្រើប្រាស់។ ជាមួយ ​5G ប្រជាជន​អាច​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក មើល​វីដេអូ​តាម​ YouTube និង​ទាញ​យក​កម្មវិធី​ផ្សេងៗ​មក​ប្រើប្រាស់​បាន​លឿន​ជាង​មុន។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​នោះ ក្នុង​បន្ទប់​មួយ អ្នក​រៀប​ចំ​កម្មវិធី​កំពុង​តែ​ចាប់​ផ្តើម​បើក​កម្មវិធី​សម្រាប់​ពិព័រណ៍​នេះ។ តំណាង​ក្រុមហ៊ុន ​Huawei​ របស់​ចិន​ប្រចាំ​នៅ​កម្ពុជា ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឡើង​ថ្លែង​នៅ​ក្នុង​ពិធី​នោះ​មុន​គេ។

នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍ លោក David Li អគ្គនាយក​ក្រុមហ៊ុន Huawei បាន​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក​បាន​ព្យាយាម​ជួយ​កម្ពុជា​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ផ្នែក​បច្ចេកវិទ្យា។

លោក​បាន​ថ្លែង​ថា៖ «ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ ការ​អភិវឌ្ឍ​ផ្នែក​ឌីជីថល​នៅ​កម្ពុជា គឺ​នឹង​ផ្តល់​ក្តី​សង្ឃឹម​ជាមួយ​លទ្ធផល​កាន់​តែ​អស្ចារ្យ​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ»។

លោក​បន្ត​ថា ក្រុមហ៊ុន​ Huawei បាន​ចាប់​ផ្តើម​ការ​រក​ស៊ី​នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៩ និង​បាន​ប្តេជ្ញា​ក្នុង​ការ​ជួយ​កម្ពុជា​ឲ្យ​មាន​បច្ចេក​វិទ្យា​ទំនើបៗ ក្នុង​នោះ​មាន​ការ​សន្យា​ថា នឹង​នាំ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ចុង​ក្រោយ គឺ​ 5G ​មក​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ​ធ្វើ​ការ​ជាមួយ​ប្រតិបត្តិករ យើង​បាន​ដំណើរ​ការ​ 2G 3G 4G និង​កំពុង​ឆ្ពោះ​ទៅ​រក​ 5G។ ដូច្នេះ ក្នុង​នាម​ជា​អ្នក​ចាប់​ផ្តើម​ដំបូង​គេ ​5G ក្រុមហ៊ុន Huawei បាន​ចាប់​ផើ្តម​សិក្សា និង​ស្រាវជ្រាវ​អំពី​ 5G អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ»។

លោក​បន្ថែម​ថា៖ «បច្ចុប្បន្ន​នេះ យើង​គឺ​ជា​អ្នក​ដែល​អាច​ផ្តល់​ប្រព័ន្ធ​ 5G​ មួយ​ល្អ។ ខ្ញុំ​ជឿ​ថា ឆ្នាំ​២០១៩​នេះ នឹង​ជា​ឆ្នាំ​អស្ចារ្យ​សម្រាប់​ 5G ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​ 5G គឺ​នឹង​ចូលរួម​យ៉ាង​ខ្លាំង​សម្រាប់​កម្ពុជា​ឌីជីថល»។

លោក Thomas Hundt អគ្គនាយក​នៃ​ក្រុមហ៊ុន​ទូរស័ព្ទ​ Smart Axiata បាន​ថ្លែង​ប្រាប់ VOA​ នៅ​កន្លែង​តាំង​ពិព័រណ៍​ថា ក្រុមហ៊ុន​របស់​លោក​បច្ចុប្បន្ន​នេះ បាន​រៀប​ចំ​ដំណើរឆ្ពោះ​ទៅ​រក​ 5G។ ប៉ុន្តែ​លោក​បាន​បដិសេធ​ក្នុង​ការ​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​ការ​ជាមួយ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​អាច​បង្ហាញ​ដៃ​គូ​ដែល​ខ្ញុំ​ធ្វើ​ការ​ជាមួយ​នោះ​ទេ»។ ប៉ុន្តែ​លោក​ថា ក្រុមហ៊ុន​ Huawei គឺ​ជាដៃគូ​របស់​ Smart ក្នុង​ចំណោម​ដៃ​គូ​ផ្សេង​ទៀត​ដែល​បាន​សហការ​ជាមួយ​គ្នា​កាល​ពី​កន្លង​ទៅ។ លោក​បញ្ជាក់​ថា៖ «យើង​កំពុង​តែ​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ជា​ច្រើន។ យើង​កំពុង​ពិនិត្យ​មើល​ថា​តើ​នរណា​អាច​ផ្តល់​ការ​រៀបចំ​ល្អ​បំផុត​សម្រាប់​យើង»។

លោក​បន្ថែម​ថា​ ការ​ប្រើប្រាស់​ទិន្នន័យ​តាម​ទូរស័ព្ទ​នៅ​កម្ពុជា គឺ​មាន​ចំនួន​ច្រើន​ជាង​សមត្ថភាព​នៃ​ប្រព័ន្ធ ​4.5G ដែល​ក្រុមហ៊ុន​របស់​លោក​កំពុង​តែ​ផ្តល់​ឲ្យ​អ្ន​ក​ប្រើ​ប្រាស់ ដែល​លោក​មើល​ឃើញ​ថា​ជាតម្រូវ​ការ​មួយ​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​បច្ចេក​វិទ្យា​ទំនើប​មួយ​ជំហាន​ទៀត។

លោក​បញ្ជាក់​បន្ថែម​ថា៖ «សុទិដ្ឋិ​និយម​របស់​ខ្ញុំ គឺ​វិជ្ជមាន​សម្រាប់​កម្ពុជា​នឹង​អាច​លោត​ទៅ​រក និង​ជា​ប្រទេស​ដំបូង​នៅ​អាស៊ាន ដែល​នៅ​ទី​បំផុត អាច​ចាប់​ផ្តើម​ 5G ក្នុង​ឆ្នាំ​នេះ»។

ហាងលក់​ទូរស័ព្ទ​ដៃ​មួយ​ដាក់​តាំង​រូប​សញ្ញា​ក្រុមហ៊ុន Huawei និង​ផលិតផល​ផ្សេងៗ​ រាជធានី​ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ក្រុមហ៊ុន​ទូរស័ព្ទ ​Cellcard ដែល​គ្រប់គ្រង​ដោយ​ឧកញ៉ា​ គិត ម៉េង បាន​រៀបចំ​ព្រឹត្តិការណ៍​មួយ​ឈ្មោះ​ថា​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ 5G បន្ទាប់​ពី​ក្រុម​ការងារ​របស់​គេ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន និង​បាន​ធ្វើ​តេស្ត​សាកល្បង​បាន​ជោគ​ជ័យ​សម្រាប់​បច្ចេកវិទ្យា​មួយ​នេះ។

លោក Ian Watson អគ្គនាយក​ក្រុមហ៊ុន Cellcard បាន​ថ្លែង​កាល​នោះ​ថា ក្រុមហ៊ុន​បាន​រៀប​ចំ​រួច​រាល់ក្នុងការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ 5G ដើម្បី​អាច​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​ឆ្នាំ​២០១៩នេះ។

រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក សុខ ពុទ្ធីវុធ បាន​ថ្លែង​ប្រាប់​ VOA​ ថា រដ្ឋាភិបាល​ចង់​ជំរុញ​ឲ្យ​មាន​បច្ចេក​វិទ្យា​នេះ​ឲ្យ​បាន​ឆាប់​សម្រាប់​ប្រទេស​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «តាម​គោល​ការណ៍ យើង​ចង់​រុញ​ឲ្យ​បាន​លឿន។ បាទ​អញ្ចឹង​យើង​កំពុង​រៀប​ចំ​ផែន​ការ ក្នុង​ការ​ជំរុញ​ឲ្យបាន​ 5G មាន​ការងារ​ច្រើន​ដែល​ត្រូវ​ធ្វើ»។

លោក​បន្ត​ថា ប្រទេស​ណា​មួយ​ដែល​មាន​សក្តានុពល​លើ​បច្ចេកវិទ្យា​នេះ កម្ពុជា​នឹង​សហការ​ជាមួយ។ លោក​មាន​ប្រសាសន៍​ថា៖ «ប្រទេស​ណា​ដែល​ខ្លាំង​នៅ​ក្នុង​ផ្នែក​ណាមួយ គឺ​យើង​នឹង​សហការ​ជាមួយ​ផ្នែក​ណា​ដែល​គាត់​ពូកែ។ អញ្ចឹង​គឺ​យើង​អត់​ផ្តោត​ទៅ​លើ​ប្រទេស​ណាមួយ​ទេ។ អ្នកណា​ដែល​មាន​បច្ចេកទេស​ដែល​អាច​ជួយ​យើង បច្ចេកទេស​ខ្ពស់​ជាង​គេ ស្តង់​ដារ​ល្អ​ជាង​គេ ហើយ​និង​តម្លៃ​សមរម្យ​ជាង​គេ យើង​នឹង​សហការ​ជាមួយ​គាត់​បាទ»។

លោក​បន្ត​ថា រដ្ឋាភិបាល​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន​អំពី​បច្ចេកវិទ្យា​ 5G ​នេះ រួមមាន​ចិន ជប៉ុន កូរ៉េ អាមេរិក រួម​ទាំង​អឺរ៉ុប​ផង​ដែរ។

លោក សុខ ពុទ្ធីវុធ បាន​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​ក៏​បាន​កំពុង​គិត​គូ​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ប្រកប​ដោយ​សុវត្ថិភាព។

លោក​មាន​ប្រសាសន៍​ថា៖ «ទន្ទឹម​នឹង​នេះ ក៏​យើង​បាន​គិត​គូ​ច្រើន​ហើយ ទាក់ទង​នឹង​ការ​ស៊ី​ជម្រៅ​ទៅ​លើ​ Cyber Security [សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត] ទាក់ទង​ទៅ​នឹង​ការ​គ្រប់គ្រង​បណ្តាញ​ Network​ នៅ​ក្នុង​ទូទាំង​ប្រទេស ការ​ទុក​ដាក់​ទៅ​លើ​ព័ត៌មាន។ អញ្ចឹង​សុទ្ធ​តែ​ប្រព័ន្ធ​សំខាន់ៗ»។

ក្រសួង​ប្រៃសណីយ៍​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ចុង​ខែ​មករា ឆ្នាំ២០១៩​នេះ ចំនួន​ទូរស័ព្ទ​ចល័ត​សរុប​នៅ​កម្ពុជា​មាន​ប្រហែល​១៩,៥លាន​ស៊ីមកាត គឺ​ស្មើ​ប្រមាណ​១២០​ភាគរយ បើ​ប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​សរុប​នៅ​កម្ពុជា​ប្រមាណ​១៦​លាន​នាក់។ ចំនួនអ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត សរុប​ជាង​១៣,៥លាន ​គឺ​ប្រមាណ​៨២​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា។ ចំណែក​អ្នក​ប្រើប្រាស់​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក មាន​ចំនួន​សរុប​ប្រមាណជា​៧​លាន​គណនី។

ការ​យល់​ដឹង​អំពី​បច្ចេកវិទ្យា​អ៊ីនធឺណិត ​គឺ​ស្ថិត​នៅ​កម្រិត​ទាប​នៅឡើយ​សម្រាប់​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ក្រុមហ៊ុន​ឯកជន​ និង​រដ្ឋាភិបាល បាន​ចាប់​ផ្តើម​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​បង់​លុយ​តាម​អនឡាញ​ផង​ដែរ។

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បាន​ថ្លែង​នៅ​ក្នុង​ពិពរណ៍​បច្ចេកវិទ្យា​ថា ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​រៀប​ចំ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល ​ដូច​ដែល​មាន​ក្នុង​យុទ្ធសាស្រ្ត​ចតុកោណ​របស់​រដ្ឋាភិបាល។

លោក​បាន​ថ្លែង​ជា​ភាសា​អង់គ្លេស​ថា​៖ «កម្ពុជា​គឺ​ប្តេជ្ញា​ខ្ពស់​ដើម្បី​ភ្ជាប់​ប្រទេស​ និង​ធានាថា​ផល​ប្រយោជន៍​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​នឹង​ទៅ​ដល់​តំបន់​ដាច់​ស្រយាល​បំផុត​ផង​ដែរ ​និង​សហគមន៍​ដែល​រង​គ្រោះ​បំផុត»។ លោក​បន្ថែម​ថា​ប្រព័ន្ធ និង​សេវា នឹង​ត្រូវ​បាន​ពង្រីក​ទៅ​ដល់​ឃុំ​ទូទាំង​ប្រទេស​នៅ​ត្រឹម​ឆ្នាំ​២០២០។

នៅ​ក្នុង​ពិធី​បើក​សិក្ខា​សាលាថ្នាក់​ជាតិ ស្តី​អំពី​«គោល​នយោបាយ និង​ទិសដៅ​នៃ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា» កាល​ពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៩ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនី​រ័ត្ន មាន​ប្រសាសន៍​ថា៖ «កម្ពុជា​អាច​នឹង​ត្រូវ​ការ​រយៈពេល​៥​ឆ្នាំ​ទៀត ដើម្បី​បង្កើត​នូវ​មូលដ្ឋាន​ត្រឹមត្រូវ​គ្រប់ជ្រុងជ្រោយ​មួយ ឬ​ដើម្បី​ត្រៀម​ខ្លួន​រួច​រាល់​នូវ​ផ្នែក​ឌីជីថល ហើយ​ត្រូវ​ការ​រយៈពេល​៥​ទៅ​១០​ឆ្នាំ​បន្ទាប់ ឬ​ច្រើន​ជាង​នេះ ដើម្បី​បង្កើត​សេដ្ឋកិច្ច​ឌីជីថល​ពេញ​លេញ​មួយ និង​ប្រែក្លាយ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ទៅ​ជា​សេដ្ឋកិច្ច​ដែល​មាន​កំណើន​ដឹក​មុខ​ដោយ​បច្ចេក​វិទ្យា​ព័ត៌មាន»។

ជាមួយ​ការ​វិនិយោគ​យ៉ាង​គំហុក កំណើន​អ្នក​រក​ស៊ី​របស់​ចិន កំណើន​សំណង់​អគារ កាស៊ីណូ ផ្សារ​ទំនើប និង​កន្លែង​បម្រើ​សេវា​ដល់​ជន​ជាតិ​ចិន ក្នុង​ខេត្ត​ព្រះសីហនុ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ខែមីនា​នេះ​ថា រដ្ឋាភិបាល​ចិន​នឹង​នាំ​យក​អ្នក​បច្ចេក​ទេស​ចិន​ដែល​មាន​ជំនាញ​ខ្ពស់​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​មក​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​ឮព័ត៌មាន​ថា​អ្នក​បច្ចេក​ទេស​ខ្ពស់ ICT (បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន) ហ្នឹង ចិន​យក​មក​ដាក់​នៅ​ស្រុក​ខ្មែរ​ដែល​ជា​ផល​សង្ឃឹម​ទុក​ជា ​Silicon Valley។ ដូច្នេះ​ខ្ញុំ​មិន​គិត​ដល់​ថា កំពង់​សោម​ជា Silicon Valley នៅ​កាលី​ហ្វរញ៉ា ដែល​ជា​មជ្ឈមណ្ឌល ​IT (បច្ចេកវិទ្យា​ព័ត៌មាន) នោះ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​ជឿ​ប្រហែល​ជា​អញ្ចឹង​ដែរ»។

លោក មាស ប៉ូ ​អនុរដ្ឋ​លេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ថ្លែង​ថា រដ្ឋាភិបាល​មិន​ទាន់​សម្រេច​យក​ក្រុមហ៊ុន​ណា​នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ជា​ច្រើន​ក្នុង​នោះ​មាន​ក្រុមហ៊ុន​ចិន​ផង​ដែរ។ លោក​បញ្ជាក់​ថា ការ​សម្រេច​គឺ​ស្ថិត​នៅ​លើ​ថ្នាក់​ដឹកនាំ​នៅ​ពេល​ខាង​មុខ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «យើង​អត់​ទាន់​កំណត់​ថា​យើង​នឹង​ជ្រើស​រើស​ក្រុម​ហ៊ុនណាមួយ​មក​ធ្វើ​ជា​ដៃ​គូ​យើង​ទេ»។

លោក​បញ្ជាក់​ថា កម្ពុជាកំពុង​សិក្សា​បន្ត និង​ជ្រើស​រើស​ក្រុមហ៊ុន​ណា​ដែល​ផ្តល់​គុណភាព​ល្អ និង​តម្លៃ​អាច​ទទួល​យក​បាន។ អ្នកនាំពាក្យ​រូប​នោះ​មាន​ប្រសាសន៍​ថា​ មន្រ្តី​ជំនាញ​កំពុង​តែ​រៀបចំ​ឲ្យ​មាន​បច្ចេក​វិទ្យា​ 5G​ នៅ​ក្នុង​ខេត្ត​សៀមរាប ឲ្យ​បាន​ដំបូង​គេ ដើម្បី​បម្រើ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​មួយ​នេះ។

ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ​៦,២លាន​នាក់ ហើយ​ក្នុង​នោះ​ទេសចរជន​ជាតិចិន​បាន​មក​ច្រើន​ជាង​គេ មាន​ទៅ​ដល់​១,៩លាន​នាក់។ ប្រទេស​កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ទេសចរ​ចិន​យ៉ាង​តិច​៣​លាន​នាក់​ក្នុង​ឆ្នាំ​២០២០។

ពិភព​លោក​កំពុង​តែ​ពិភាក្សា​ក្នុង​ការ​ទទួល​យក​ 5G របស់​ក្រុមហ៊ុន​ចិន Huawei ទាក់ទង​នឹង​ការ​ទុក​ចិត្ត និង​សុវត្ថិភាព​លើ​បច្ចេកវិទ្យា​មួយ​នេះ។ ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​បាន​បដិសេធ​មិន​ទទួល​យក​បច្ចេកវិទ្យា​របស់​ចិន ខណៈ​សហរដ្ឋអាមេរិក​កំពុង​បញ្ចុះ​បញ្ចូល​កុំ​ឲ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ចិន។ ប៉ុន្តែ​ប្រទេស​ជា​សមាជិក​អាស៊ាន ទំនង​ជា​ទទួល​យក​បច្ចេក​វិទ្យាមួយ​នេះ។

ទីភ្នាក់ងារ​ចារកម្ម​របស់​អាល្លឺម៉ង់​បាន​និយាយ​នៅ​ក្នុង​ខែមីនា​ថា ​ក្រុមហ៊ុន ​Huawei មិនមែនជា​ដៃ​គូ​ទុក​ចិត្ត​នោះ​ទេ ដើម្បី​កសាង​ប្រព័ន្ធ​ 5G។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bloomberg។ ប៉ុន្តែ​ក្រុមហ៊ុន Huawei បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា មិន​មាន​រដ្ឋាភិបាល​ចិន​នៅ​ពី​ក្រោយ​បច្ចេក​វិទ្យា​មួយ​នេះ ហើយ​ថា​មិន​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​នេះ​ទេ។

លោក Thomas Hundt អគ្គនាយក​នៃ​ក្រុមហ៊ុន ​Smart Axiata បាន​ថ្លែង​ថា​ ក្រុមហ៊ុន​ដែល​នឹង​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុន​របស់​លោក​លើ​បច្ចេក​វិទ្យា ​5G ​នេះ ត្រូវ​តែ​ធានា​ថា​ឧបករណ៍​របស់​គេ​ល្អ និង​សុវត្ថិភាព។

ទាក់ទង​នឹង​ការ​បារម្ភ​អំពី​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត 5G លោក មាស ប៉ូ អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មាន​ប្រសាសន៍​ថា៖ «នៅ​ប្រទេស​ណា នៅ​ស្រុក​ណា ក៏​គេ​មាន​ប្រព័ន្ធ​សុវត្ថិភាព​របស់​គេ​ដែរ។ មិន​មែន​យើង​ចេះ​តែ​ទាញ​យក​ទិន្នន័យ​ពី​អ្នក​នេះ អ្នក​នោះ​បាន​ស្រេច​ចិត្ត ដូច​គាត់​យល់​អញ្ចឹង​ទេ។ នោះ​គឺ​ជា​ទស្សនៈ​មួយ​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទេ»។

កញ្ញា ងួន សុម៉ាលី ​ដែល​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ច្បាប់ និង​បច្ចេកវិទ្យា​នៅ​សាកលវិទ្យាល័យ​ផ្នែក​បច្ចេកវិទ្យា​មួយ​នៅ​ក្នុង​អឺរ៉ុប​ខាង​កើត​បាន​និយាយ​ថា កញ្ញា​មាន​ការ​ព្រួយ​បារម្ភ​អំពី​ក្រុមហ៊ុន​ចិន​ដែល​អាច​នឹង​ផ្តល់​បច្ចេក​វិទ្យា​ 5G​ មក​កម្ពុជា។

កញ្ញា​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «ទាក់ទង​ជាមួយ​ប្រទេស​ចិន យើង​ដឹង​ស្រាប់​ហើយ គាត់​មិន​មែន​ជា​ប្រទេស​សេរី​ទេ ហើយ​បញ្ហា​ Privacy [ឯកជនភាព] មិនមែន​ជា Priority [អាទិភាព] ​របស់​គេ​ទេ»។

កញ្ញា សុម៉ាលី ដែល​បាន​សរសេរ​សារណា​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​អំពី​សេរីភាព​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា​ថា អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​កម្ពុជា​ មិន​ចាប់​អារម្មណ៍​នឹង​ទិន្នន័យ​ឯកជន​របស់​ពួក​គេ​នោះ​ទេ មិន​ដូច​ប្រជាជននៅ​អឺរ៉ុប៕