កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៦៣​ឆ្នាំ​នៃ​ទិវា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង

នាយទាហានកម្ពុជាម្នាក់គោរពនៅមុខវិមានឯករាជ្យក្នុងឧកាសប្រារព្ធខួបលើកទី៦៣ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។

ក្រោម​ព្រះ​រាជាធិបតី​របស់​​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​ករុណា​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ និង​អម​ដំណើរ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​​ប្រធាន​ព្រឹទ្ធ​សភា​លោក ​ហេង សំរិន ព្រះមហាក្សត្រ បាន​​ប្រទាន​គារវៈកិច្ច​ដល់​មន្ត្រី​រាជការ​ អ្នក​មុខ​អ្នក​ការ និង​អង្គ​ទូត​នានា។

ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ប្រារព្ធ​ខួប​៦៣ឆ្នាំ​នៃ​ការ​ទទួល​បាន​ឯករាជ្យ​ពី​ការ​ដាក់​នឹង​អាណា​និគម​បារាំង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៩ ខែ​វិច្ឆិកា​នេះ។

មន្ត្រី​រាជ​ការ​មកពី​ក្រសួង​ពាក់​ព័ន្ធ ក្រុម​តំណាងរាស្ត្រ​ ពល​ទាហាន សិស្សានុសិស្ស​ និង​ជា​ពិសេស​ក្រុម​យុទ្ធជន​ បាន​មក​ជួប​ជុំ​នៅ​វិមាន​ឯករាជ្យ ដើម្បី​ចូលរួម​ពិធី​យ៉ាង​ឧឡារិក​អធិក​អធម​អម​ដោយ​ភ្លេង​ជ័យ​អបអរ​សាទរ​នៃ​ការ​ទាម​ទារ​ឯករាជ្យ​របស់​វីរជន​ខ្មែរ។​

ក្រោម​ព្រះ​រាជាធិបតី​របស់ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​ករុណា​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ និង​អម​ដំណើរ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និងប្រធាន​ព្រឹទ្ធ​សភា​លោក ​ហេង សំរិន ព្រះមហាក្សត្រ បានប្រទាន​គារវៈកិច្ច​ដល់​មន្ត្រី​រាជការ​ អ្នក​មុខ​អ្នក​ការ និង​អង្គ​ទូត​នានា។

បន្ទាប់​មក ព្រះ​អង្គ​ថ្វាយ​ភ្លើង​ជ័យ​ដើម្បី​រំលឹក​ដល់​វីរភាព​អង់អាច​របស់​យុទ្ធជន នាយទាហាន និង​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ​ ក្នុង​បុព្វហេតុ​តស៊ូ​រំដោះ​ប្រទេស​ជាតិ​ចេញ​ពី​ប្រទេស​បារាំង។

(ចុចមើលកម្រងរូបភាពខាងក្រោម)

កម្រង​រូបភាព៖ កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៦៣​ឆ្នាំ​នៃ​ទិវា​​ឯករាជ្យ​ជាតិ

ព្រះ​អង្គ​ក៏​យាង​គារវៈ​កិច្ច​ជាមួយ​ប្រជា​ពលរដ្ឋ​ សិស្សានុសិស្ស និង​មន្ត្រី​អ្នក​មុខ​អ្នកការ​ជាច្រើន​ទៀត​ មុន​នឹង​យាង​ត្រលប់​ចូល​ព្រះ​បរម​រាជ​វាំង​វិញ។

ប្រទេស​បារាំង​បាន​ធ្វើ​ជា​អាណា​ព្យាបាល​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ តាំងពី​ឆ្នាំ​១៨៦៣​ដល់​ឆ្នាំ​១៩៥៣។

អតីត​ព្រះ​មហាក្សត្រ​ព្រះ​បរម​រតន​កោដ្ឋ ​នរោត្តម សីហនុ បាន​ទាម​ទារ​ឯករាជ្យពី​បារាំង​នៅ​ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី៩ ​ខែវិច្ឆិកា ឆ្នាំ​១៩៥៣។

លោក​ សារុន អាយុ​៥២ឆ្នាំ​ ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​នៅ​រាជធានី​ភ្នំពេញ និយាយ​ថា​ លោក​រីករាយ​ដែល​កម្ពុជា​បាន​រំដោះ​ខ្លួន​ចេញ​ពី​បរទេស ​ហើយ​មិន​ស្ថិត​ក្រោម​ការ​ត្រួតត្រារបស់​ប្រទេស​ក្រៅ​តទៅទៀត។

​«បើ​មិន​សប្បាយ​ចិត្ត​ម៉េច​ បើ​យើង​រើ​បម្រះ​ពី​នឹម​បរទេស​ហើយ។ ​អញ្ចឹង​មាន​ន័យ​ថា​យើង​ឯករាជ្យ»។

លោក​ ថុល ចន្ថន​ អាយុ​៣៣ឆ្នាំ ប្រជា​ពលរដ្ឋ​ម្នាក់​ក្នុង​ទីក្រុង​ភ្នំពេញ និយាយ​ថា ​ទោះ​បី​ជា​លោក​កើត​មិន​ទាន់​ថ្ងៃ​ទទួល​បាន​ឯករាជ្យ​ជាតិ​មែន តែ​លោក​ថា​ លោក​សប្បាយ​ចិត្ត​ដែល​កម្ពុជា​មិន​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​បរទេស។

លោក​សំណូម​ពរ​ឲ្យ​សហគមន៍​ជាតិ​ និង​អន្តរជាតិ ជួយ​រក្សា​ឯករាជ្យ​ភាព​នេះ​ឲ្យ​បាន​រហូត។

«ហ្នឹង​ហើយជួយ​ទប់​ស្កាត់​ប្រទេស​យើង​កុំ​ឲ្យ​មាន​សង្គ្រាម​ឡើង​វិញ ហើយ​កុំ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​ណា​មួយ។​ ឲ្យ​ប្រទេស​យើង​ឯករាជ្យ​រហូតតែ​ម្ដង​ទៅ»៕