វ៉ាស៊ីនតោន — ចំណងទាក់ទងរវាងកម្ពុជានិងចិននឹងត្រូវពង្រឹងថែមទៀត ក្រោមផែនការ«សកម្មភាពកសាងសហគមន៍ជោគវាសនារួមគ្នា» រហូតដល់ឆ្នាំ ២០២៣ ជាឆ្នាំដែលនឹងមានការបោះឆ្នោតជាតិជាថ្មីនៅកម្ពុជា។
ប្រទេសទាំងពីរបានប្តេជ្ញាផ្តោតលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ប្រជាជននិងពហុភាគី ដែលចាក់ឫសពីថ្នាក់ជាតិរហូតដល់ថ្នាក់រដ្ឋបាលគ្រប់កម្រិត។ នេះបើតាមឯកសារដែលចេញផ្សាយដោយស្ថានទូតចិននៅកម្ពុជា។
កាលពីដើមខែឧសភា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនថ្មីមួយ និងជាលើកដំបូងត្រូវបានសម្ពោធបើកជាផ្លូវការ ដើម្បីជំរុញឱ្យមានការផ្សាយព័ត៌មានល្អៗពីជនជាតិចិន និងជួយពង្រឹងបន្ថែមដល់ទំនាក់ទំនងរបស់ចិនជាមួយនឹងកម្ពុជា។
សម្រាប់អ្នកជំនាញខាងសារព័ត៌មានសេរី នៅរដ្ឋធានីវ៉ាស៊ីនតោន មើលឃើញថា តាមរយៈការវិនិយោគនិងបច្ចេកវិទ្យាប្រទេសចិនកំពុងតែពង្រីកឥទ្ធិពល និងការតាមឃ្លាំមើលលើប្រទេសដែលខ្លួនចងសម្ព័ន្ធភាព។
អ្នកជំនាញមើលឃើញថា «សង្គ្រាមប្រឆាំងនឹងការពិត» កំពុងត្រូវបានធ្វើឡើងនៅលើជ្រុងជាច្រើន ដែលមានតាមរយៈអ៊ីនធឺណិត ការបំភិតបំភ័យ ការដាក់ទណ្ឌកម្ម និងការផ្សាយព័ត៌មានក្លែងក្លាយដោយរដ្ឋាភិបាលផ្តាច់ការ។ ក្នុងនោះប្រទេសចិននិងរុស្ស៊ីត្រូវបានបន្ទោសថាជាអ្នកនៅពីក្រោយយុទ្ធនាការនេះ។
គំរូនៃភាពផ្តាច់ការខាងផ្នែកឌីជីថលរបស់ប្រទេសចិនមានតាមរយៈការបណ្តុះបណ្តាលសារព័ត៌មានដល់មន្ត្រីរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងព័ត៌មានដែលក្រោយមករដ្ឋាភិបាលនៃប្រទេសនោះយកមកអនុម័តច្បាប់គ្រប់គ្រង ដែលមានលក្ខណៈរឹតត្បិតដូចប្រទេសចិន។ បន្ទាប់មកតាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន គឺចិនបានតម្រូវឱ្យសរសេរកូដសម្ងាត់អ៊ីនធឺណិត តាមក្បួនចិនដែលងាយស្រួលក្នុងការតាមដាន។
កាលពីចុងខែមេសា រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខានៅក្រុងប៉េកាំង ប្រទេសចិនលើអនុស្សារណៈយោគយល់គ្នារវាងទូរគមនាគមន៍កម្ពុជា (ទ.ក.) និងក្រុមហ៊ុន Huawei Technologies (Cambodia) Co.Ltd ស្តីពីភាពជាដៃគូក្នុងការអភិវឌ្ឍ និងការដាក់ឱ្យប្រើប្រាស់មុនគេ រួមគ្នានូវបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) ។ ពួកគេរំពឹងថា នឹងជួយជំរុញដល់បណ្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
លោកស្រី សារ៉ា រីពូស៊ី (Sarah Repucci) នាយកជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវនិងវិភាគនៃអង្គការFreedom House បានបញ្ជាក់បន្ថែមប្រាប់ដល់អ្នកចូលរួម នៅឯវេទិកាសារព័ត៌មានដើម្បីលទ្ធិប្រជាធិបតេយ្យ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនថា៖
«អ្វីដែលជាការព្រួយបារម្ភមួយ គឺប្រទេសចិនកំពុងតែព្យាយាមកំណត់ស្តង់ដាបច្ចេកទេសពីរបៀបសរសេរលេខកូដ និងការផ្សាយតាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធនេះ។ ហើយមានគ្រោះថ្នាក់ខ្ពស់ខ្លាំងណាស់ថា ប្រទេសចិននឹងមានលទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ដើម្បីធ្វើតាមដានមើល និងផ្តល់បច្ចេកវិទ្យានេះទៅសម្ព័ន្ធមិត្តប្រចាំប្រទេសទាំងនោះប្រើប្រាស់តាមដានពលរដ្ឋរបស់ខ្លួននៅពេលខាងមុខ»។
លោកស្រី សារ៉ា រីពូស៊ី (Sarah Repucci) នាយកជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវនិងវិភាគនៃអង្គការ Freedom House ថ្លែងនៅក្នុងវេទិកាសារព័ត៌មានដើម្បីលទ្ធិប្រជាធិបតេយ្យ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។ (រូបថត៖ USAGM)
លោកស្រី អាម៉ាន់ដា បឺណិត (Amanda Bennett) នាយិការបស់សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ថ្លែងនៅក្នុងវេទិកាសារព័ត៌មានដើម្បីលទ្ធិប្រជាធិបតេយ្យ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។ (រូបថត៖ USAGM)
លោកស្រី សារ៉ា រីពូស៊ី បានបន្ថែមទៀតថា ចុងក្រោយគឺចិនប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត ដើម្បីតាមដានពលរដ្ឋនៅក្នុងប្រទេសទាំងនោះផងដែរ។
អ្នកជំនាញបានលើកឡើងពីសារៈសំខាន់នៃសារព័ត៌មានសេរី ដោយសារតែវាផ្តល់ដល់ពលរដ្ឋនូវសេរីភាព ព័ត៌មានគ្មានការរឹតត្បិត ការរីកចម្រើន សេរីភាពផ្ទាល់ខ្លួន និងការអភិវឌ្ឍនានា។ នេះបើតាមការបញ្ជាក់របស់លោកស្រី អាម៉ាន់ដា បឺណិត (Amanda Bennett) នាយិការបស់សំឡេងសហរដ្ឋអាមេរិក (វីអូអេ)។
លោកស្រី អាម៉ាន់ដា បឺណិត បានបន្ថែមថា៖
«ប្រទេសចិនមានបច្ចេកវិទ្យាទាំងនេះ។ ពួកគេមានថវិកាតាមរយៈគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ប៉ុន្តែពួកគេមិនបានផ្តល់ដល់បណ្តាប្រទេសនៅអាមេរិកឡាទីន និងអាហ្វ្រិកនិងប្រទេសដទៃទៀតនៅលើពិភពលោកពីដំណើររឿងពិតទេ។ ពួកគេមិនបានឱ្យនរណាម្នាក់នូវហេតុផលថា ហេតុអ្វីបានជាពួកគេទៅទីនោះ និងអ្វីដែលពួកគេផ្តល់ជូនពលរដ្ឋ។ នៅត្រង់ចំណុចនេះ គឺយើងនៅគ្រប់គ្រងបាន។ នៅពេលដែលយើងផ្សាយចេញពីសំឡេងសហរដ្ឋអាមេរិក វិទ្យុអឺរ៉ុបសេរី និងវិទ្យុអាស៊ីសេរី គឺយើងផ្សាយពីទិដ្ឋភាពសេរីភាព និងការរីកចម្រើន និងការរំដោះនិងអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ ការផ្សាយរបស់យើងមានលក្ខណៈខ្លាំងជាង និងឥទ្ធិពលច្រើនជាង»។
ក្រោយពីមានការផ្សាយព័ត៌មានដែលផ្តោតខ្លាំងលើការរំលោភសិទ្ធិមនុស្សនៅប្រទេសចិនក្នុងពេលកន្លងមក រដ្ឋាភិបាលចិនបានប្រកាសកាលពីឆ្នាំ ២០០៩ ពីគម្រោងចាយវាយថវិកាចំនួន ៦,៦ ពាន់លានដុល្លារ ដើម្បីផ្សាយព័ត៌មានវិជ្ជមានពីប្រទេសចិននិងការអភិវឌ្ឍរបស់ខ្លួន។ បណ្តាញទូរទស្សន៍ពិភពលោកចិន (CGTV) របស់រដ្ឋាភិបាលចិនបានពង្រីកការផ្សាយជាភាសាអង់គ្លេសទៅប្រទេស និងតំបន់ជាង ១០០ ក្នុងនោះមានអឺរ៉ុប អាហ្វ្រិក សហរដ្ឋអាមេរិក និងអាស៊ីជាដើម។ នេះបើតាមសេចក្តីរាយការណ៍របស់ទស្សនាវដ្តី The Guardian កាលពីចុងឆ្នាំ ២០១៨។
ប្រទេសកម្ពុជាបានងាកទៅរកប្រទេសចិនកាន់តែខ្លាំងឡើងក្នុងរយៈពេលជាង ១ទសវត្សរ៍នេះ ហើយបានឈានទៅបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅខែធ្នូ ឆ្នាំ ២០១០។ ពាណិជ្ជកម្មរវាងចិននិងកម្ពុជាមានទំហំ ៥,៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៧ ដោយកម្ពុជានាំចូលពីចិនចំនួន ៤,៨ ពាន់លានដុល្លារ។ ចិនរំពឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងដល់ ៦,០០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២០។
រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ (ទីបីពីខាងស្តាំ) ថតរូបជាមួយអ្នកចូលរួមដទៃទៀតក្នុងពិធីសម្ពោធសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន កាលពីល្ងាចថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។ (Facebook/Cambodia China Journalist Association Officia
តាមរយៈការបង្កើតសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិននេះ រដ្ឋាភិបាលកម្ពុជារំពឹងថាអ្នកសារព័ត៌មាននឹងសរសេរផ្តោតលើអំពើល្អរបស់អ្នកវិនិយោគទុនចិននៅកម្ពុជា ដោយ«កម្ចាត់»ចោលគំនិតដែលផ្តោតតែលើរឿងអាក្រក់របស់ចិន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញ៉ារិទ្ធ បានបន្ថែមថា៖ «មិនមែនយើងលាក់អំពើអាក្រក់ទេ ប៉ុន្តែមានអំពើល្អច្រើនណាស់ដែលយើងអាចនិយាយបាន»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមើលឃើញថា តាមរយៈលំហូរព័ត៌មានដែលចិននិងកម្ពុជាបង្កើតឡើង គឺនឹង«ជួយជំរុញដល់សាធារណជនឱ្យយល់ដឹងពីតម្លៃមហាសាលនៃទំនាក់ទំនងការទូត សេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត» រវាងប្រទេសទាំងពីរឱ្យក្លាយជា «មិត្តរឹងដូចដែកថែប ហើយគ្មាននរណាអាចបំបែកមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះបានឡើយ»។
យ៉ាងណាក៏ដោយ លោកសយ សុភាព សហប្រធានសមាគមនេះបានបញ្ជាក់ថា នៅមិនទាន់មានកញ្ចប់ថវិកាណាមួយសម្រាប់ដំណើរការនៅឡើយទេ។
អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយសហរដ្ឋអាមេរិកយល់ថា នៅក្នុងយុគសម័យឌីជីថល គឺការផ្សាយព័ត៌មានបានរហ័ស ហើយអាចទៅដល់កន្លែងឆ្ងាយៗ។ ក្នុងពេលជាមួយគ្នានេះដែរប្រទេសអមិត្តរបស់សហរដ្ឋអាមេរិកបានប្រើប្រាស់បច្ចេកទេសនេះ ដើម្បីផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់សម្ព័ន្ធមិត្ត សង្គម និងសន្តិសុខរបស់សហរដ្ឋអាមេរិក។
រដ្ឋាភិបាលនៅជុំវិញពិភពលោកបង្ក្រាបលើលំហូរសេរីនៃសារព័ត៌មាន បំបិទសំឡេងអ្នកប្រឆាំង និងមិនឱ្យមានការជួបសន្ទនា និងបំភ្លៃការពិត។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ ដោយសារសម្ពាធពីរដ្ឋាភិបាលនៃប្រទេសមួយចំនួន អ្នកសារព័ត៌មានខ្លះត្រូវបង្ខំចិត្តប្រយ័ត្នប្រយែងក្នុងការសរសេរព័ត៌មាន ដើម្បីសុវត្ថិភាពនិងការងារ។
លោកស្រី លីប៊ី លីវ (Libby Liu) នាយិកាស្ថានីយវិទ្យុអាស៊ីសេរី ថ្លែងនៅក្នុងវេទិកាសារព័ត៌មានដើម្បីលទ្ធិប្រជាធិបតេយ្យ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។ (រូបថត៖ USAGM)
លោក ស្រី លីប៊ី លីវ (Libby Liu) នាយិកាស្ថានីយវិទ្យុអាស៊ីសេរីបានបញ្ជាក់ថា៖
«ខ្ញុំគិតថា ការប្រយ័ត្នប្រយែងដោយខ្លួនឯងគឺជារឿងដ៏គ្រោះថ្នាក់បំផុតមួយ ដែលយើងឃើញនៅក្នុងពិភពលោកនេះ។ នៅពេលដែលអ្នកឃើញគេយកច្បាប់មកដាក់ទោសទណ្ឌការបញ្ចេញមតិ បច្ចេកវិទ្យាទំនើប និងការវិនិយោគនានាក្លាយជាសត្រូវនឹងសេរីភាពនៃការបញ្ចេញមតិ»។
វិទ្យុអាស៊ីសេរីបានផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយសារតែរដ្ឋាភិបាលបានប្រើប្រាស់ច្បាប់ពន្ធដារ ដើម្បីរារាំងមិនផ្តល់អាជ្ញាបណ្ណ។
លោកស្រី លីប៊ី បន្ថែមថា ទន្ទឹមនឹងនោះក្រុមហ៊ុន Apps ក៏បានរឹតត្បិត ហើយដកយកអត្ថបទខ្លះចេញ បូករួមនឹងការប្រើប្រាស់ឧបករណ៍ផ្សាយព័ត៌មានក្លែងក្លាយ និងការបំភិតបំភ័យនានា ដែលធ្វើឱ្យបរិយាកាសនៃការបំពេញការងារកាន់តែ «ជាការរឹតត្បិតដ៏គួរឱ្យខ្លាច»។
លោក ចន ឡែនស៊ីង (John Lansing) នាយកប្រតិបត្តិនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្តាញផ្សព្វផ្សាយសាកល បានចាត់ទុកថា ទង្វើទាំងនេះគឺជាការគំរាមកំហែងដល់ស្ថិរភាពពិភពលោក ហើយការប្រយុទ្ធនឹងសមភូមិនេះ គឺមានសារៈសំខាន់ណាស់នៅក្នុងវិស័យសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
លោកចន ឡែនស៊ីង បានបន្ថែមថា៖
«ខ្ញុំជឿថា ជាលទ្ធផលគឺឈានដល់សង្គ្រាមប្រឆាំងនឹងការពិត។ សង្គ្រាមនេះធ្វើឡើងនៅលើសមរភូមិជាច្រើន ជាពិសេសនៅលើសមរភូមិព័ត៌មាន។ នេះគឺជាទីដែលព័ត៌មានត្រូវបានគេប្រើប្រាស់ជាអាវុធ ហើយពលរដ្ឋដែលនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោកត្រូវបានគេគៃបន្លំដោយគ្មានការសង្ស័យអ្វីឡើយ... ពួកគេបំភាន់សាច់រឿងពិត ដោយមិនឱ្យពលរដ្ឋមើលឃើញជម្រើសប្រកបដោយការពិតត្រឹមត្រូវនិងស្មោះត្រង់ឡើយ»។
លោក ចន ឡែនស៊ីង (John Lansing) នាយកប្រតិបត្តិនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្តាញផ្សព្វផ្សាយសាកល ថ្លែងនៅក្នុងវេទិកាសារព័ត៌មានដើម្បីលទ្ធិប្រជាធិបតេយ្យ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។ (រូបថត៖ USAGM)
លោកថេត គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋតិចសាស (Texas) ថ្លែងនៅក្នុងវេទិកាសារព័ត៌មានដើម្បីលទ្ធិប្រជាធិបតេយ្យ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។ (រូបថត៖ USAGM)
លោកចន ឡែនស៊ីង យល់ថា ការបាត់សំឡេងសារព័ត៌មានសេរី គឺជាគ្រោះថ្នាក់មួយ៖
«នៅពេលដែលយើងបាត់បង់សំឡេងឯករាជ្យ យើងប្រឈមនឹងការបោះបង់ចោលលំហរព័ត៌មានហើយឱ្យទៅរបបអមិត្ត ពួកជ្រុលនិយម និងពួកជនពាល។ វាត្រូវការខិតខំប្រឹងប្រែងរបស់ពួកយើង ដើម្បីធានាថារឿងនេះមិនបន្តកើតមានទេ។ ការចាត់ទុកសេរីភាពសារព័ត៌មានជាសិទ្ធិមនុស្ស និងអាទិភាពសាកលនឹងទាមទារឱ្យគ្រប់វិស័យទាំងអស់ ទាំងខាងផ្នែកសង្គមស៊ីវិល រដ្ឋាភិបាល វិស័យឯកជន និងប្រព័ន្ធឃោសនាធ្វើការជាមួយគ្នា»។
បើទោះបីជាមានបញ្ហាប្រឈមកំពុងតែកើតមានឡើង តែអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាមេរិកលើកទឹកចិត្តដល់អ្នកសារព័ត៌មានបន្តផ្សាយការពិតដែលកើតមានឡើង ដើម្បីឱ្យពិភពលោកបានដឹងដោយមិនចាំបាច់ផ្សាយពីអ្វីដែលជាទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំងទេ។
លោកថេត គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋតិចសាស (Texas) បានថ្លែងប្រាប់វេទិកាអ្នកសារព័ត៌មានថា៖
«ពួកជនផ្តាច់ការខ្លាចការពិត។ ពួកគេខ្លាចញ័រនឹងពន្លឺព្រះអាទិត្យ។ ដូច្នេះសូមផ្សាយការពិត ហើយខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាថា មានរឿងមួយចំនួនដែលមានសារៈសំខាន់ជាងការលើកឡើងតែពីក្រុមដែលប្រឆាំងរដ្ឋាភិបាល។ នោះគឺជាតួនាទីដែលខ្ញុំបានធ្វើនៅឯព្រឹទ្ធសភាក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ។ ខ្ញុំបានឡើងថ្លែងនៅអង្គប្រជុំព្រឹទ្ធសភាម្តងហើយម្តងទៀត បង្ហាញពីក្រុមប្រឆាំងរដ្ឋាភិបាលដែលហ៊ានក្រោកឈរប្រឆាំងនឹងជនផ្តាច់ការ ប្រឆាំងនឹងការជិះជាន់ ដោយសារតែការបំភ្លឺនិងរៀបរាប់រឿងរ៉ាវរបស់អ្នកទាំងនោះនឹងធ្វើឱ្យជនផ្តាច់ការភ័យខ្លាចនឹងផលពីទង្វើរបស់ខ្លួន»។
លោកថេត គ្រួស បានបន្ថែមថា ពាក្យពេចន៍និងការនិយាយពីការពិតហើយគោលការណ៍របស់សហរដ្ឋអាមេរិកអាចធ្វើឱ្យជនផ្តាច់ការធ្លាក់ចេញពីអំណាចបាននិងលើកកម្ពស់សិទ្ធិសេរីភាព។
លោកបន្ថែមថា៖
«ជម្រើសនិងគោលនយោបាយការបរទេសរបស់យើង គឺមិនចាំបាច់តែបញ្ជូនទាហានម៉ារីន ទៅដោះស្រាយវិបត្តិនៅជុំវិញពិភពលោកទេ។ ប៉ុន្តែអាមេរិកគួរតែជាសំឡេងនៃសេរីភាពជាប្រចាំ។ យើងគួរតែជាសំឡេងនៃសិទ្ធិមនុស្ស។ យើងគួរតែជាសំឡេងនៃលទ្ធិប្រជាធិបតេយ្យ ពីព្រោះការពិតមានអានុភាព ហើយវាអាចផ្លាស់ប្តូរពិភពលោកបាន»។
អ្នកជំនាញយល់ថា ដោយសារការរួមតូចនៃសេរីភាពសារព័ត៌មានទាមទារឱ្យមានការវិនិយោគបន្ថែមលើបច្ចេកវិទ្យាអ៊ីនធឺណិត បណ្តុះបណ្តាលឱ្យយល់ដឹងពីសារព័ត៌មានសេរី និងសារព័ត៌មានបែបស៊ើបអង្កេត៕