មន្ត្រីកម្ពុជាបានឱ្យដឹងថា កងទ័ពកម្ពុជានិងកងទ័ពវៀតណាមនឹងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នារយៈពេលប្រាំថ្ងៃនៅតំបន់ព្រំដែន ចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ ដែលនឹងផ្ដោតទៅលើការជួយសង្គ្រោះឆ្លងព្រំដែន ក្នុងពេលមានគ្រោះមហន្តរាយ ដូចជាគ្រោះថ្នាក់ធម្មជាតិ និងការបន្សាយសារធាតុគីមីគ្រោះថ្នាក់ជាដើម។
លំហាត់ហ្វឹកហ្វឺនរួមគ្នានេះមានឈ្មោះថា «លំហាត់ហ្វឹកហ្វឺនរួមកម្ពុជា-វៀតណាមស្ដីពីការជួយសង្គ្រោះគ្រោះមហន្តរាយព្រំដែនគោកនិងការងារមនុស្សធម៌ឆ្នាំ២០១៩»។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានប្រាប់ VOA ថា នឹងមានការប្រើប្រាស់កងកម្លាំងយោធាទាំងពីរប្រទេសចំនួន១៤៤១នាក់ ក្នុងនោះមានទាហានវៀតណាម២៥០នាក់ ក្នុងលំហាត់ហ្វឹកហ្វឺនដែលចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះនិងបិទបញ្ចប់នៅថ្ងៃទី១៨ខែធ្នូ។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានថ្លែងយ៉ាងដូច្នេះថា៖
«សមយុទ្ធនេះគឺក្នុងគោលដៅដើម្បីពង្រឹងពង្រីកនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណីដែលប្រទេសកម្ពុជា[វៀតណាម]មានជាមួយគ្នា ហើយនិងការផ្លាស់ប្ដូរបទពិសោធន៍លើការជួយ សង្គ្រោះមហន្តរាយ ក៏ដូចជាកិច្ចការមនុស្សធម៌ ការរក្សាសន្តិសុខនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ»។
លោក រស់ ផារិទ្ធិ នាយករដ្ឋបាលសាលាខេត្តស្វាយរៀងបានប្រាប់VOAថា ទីតាំងនៃលំហាត់ហ្វឹកហ្វឺនយោធាស្ថិតក្នុងឃុំទួលស្ដី ស្រុកចន្ទ្រា ខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម ហើយលោកថាបរិវេណនៃការធ្វើលំហាត់ហ្វឹកហ្វឺននឹងមិនប៉ះពាល់ដល់ស្រូវស្រែដំណាំរបស់ពលរដ្ឋទេ។ តែមន្ត្រីរូបនេះថា លោកមិនច្បាស់នោះទេថា តើទឹកដីវៀតណាមនឹងត្រូវប្រើប្រាស់ឬអត់សម្រាប់លំហាត់ហ្វឹកហ្វឺនខាងលើ។
កងកម្លាំងពីកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ដែលក្រុមសិទ្ធិមនុស្សធ្លាប់បានបរិហារពីកំណត់ត្រារំលោភបំពានសិទ្ធិមនុស្សនាពេលកន្លងមក ក៏ត្រូវបញ្ជូនទៅចូលរួមលំហាត់ហ្វឹកហ្វឺនខាងលើផងដែរ។ លោក ថោង សូលីម៉ូ បន្ថែមថានេះជាលើកដំបូងហើយ ដែលកងទ័ពប្រទេសទាំងពីរកម្ពុជានិងវៀតណាមធ្វើលំហាត់សមយុទ្ធបែបនេះ។
លំហាត់ហ្វឹកហ្វឺនរួមកើតមានឡើងបន្ទាប់ពីមានការផ្ដួចផ្ដើមគំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្ដាលឆ្នាំ២០១៩នេះថា លោកប្រាថ្នាចង់ឱ្យកងទ័ពកម្ពុជានិងកងទ័ពប្រទេសជិតខាង សហការរៀនសូត្រ ត្រៀមសម្រាប់ការជួយសង្គ្រោះឆ្លងព្រំដែន ក្នុងពេលមានភយន្តរាយនានាដែល បណ្ដាលពីកត្តាធម្មជាតិ និងជីវសាស្ត្រនានា។
បន្ទាប់ពីបានផ្អាកលំហាត់ហ្វឹកហ្វឺនរួមប្រចាំឆ្នាំជាមួយសហរដ្ឋអាមេរិក កម្ពុជាបានរៀបចំលំហាត់ហ្វឹកហ្វឺន «នាគមាស» បីដងរួចមកហើយ ក្នុងរយៈពេលបីឆ្នាំចុងក្រោយ ជាមួយនឹង កងទ័ពរំដោះប្រជាជនចិន (PLA) ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលក្រុងភ្នំពេញនិងរដ្ឋាភិបាលក្រុងប៉េកាំង ហាក់ស្និទ្ធស្នាលគ្នាខ្លាំងផ្នែកការទូត នយោបាយ សេដ្ឋកិច្ច និងយោធា។
ដោយសារតែទីក្រុងហាណូយ និងទីក្រុងប៉េកាំង មានទំនាស់គ្នាជាយូរមកហើយ ការណ៍ដែលកម្ពុជាទៅស្និទ្ធចិនបង្កជាក្ដីបារម្ភសម្រាប់ទីក្រុងហាណូយ តែការធ្វើសមយុទ្ធនេះនឹងជួយបង្កើនការជឿទុកចិត្តរវាងកម្ពុជានិងវៀតណាម នឹងផ្ដល់អត្ថប្រយោជន៍ផ្នែកបច្ចេកទេសសម្រាប់យោធានិងប្រជាជនប្រទេសទាំងពីរ។ នេះបើតាមលោក ឯម សុវណ្ណារ៉ា អ្នកអត្ថាធិប្បាយនយោបាយកម្ពុជា។
យ៉ាងណាក្ដីលោក ឯម សុវណ្ណារ៉ា បានថ្លែងថា កន្លែងធ្វើសមយុទ្ធដែលជាតំបន់ព្រំដែន និងមានពាក់ព័ន្ធវត្តមានយោធាអាចនឹងនាំឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណមតិ ដែលទាមទារឱ្យរដ្ឋាភិបាលនិងស្ថាប័នយោធា ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនពលរដ្ឋមុននឹងធ្វើសមយុទ្ធ។
«ជាមួយវៀតណាម តាមពិតយើងមានកិច្ចសហប្រតិបត្តិការច្រើនណាស់ ក៏ប៉ុន្តែកិច្ចសហប្រតិបត្តិការមួយចំនួនមិនត្រូវប្រកាសជាសាធារណៈ ដែលធ្វើឱ្យពលរដ្ឋយើង មានចំណោទ មានចម្ងល់ សង្ស័យច្រើនទៅវិញទេ។ អ៊ីចឹងកិច្ចការផ្សេងៗ ទាមទារឱ្យមានសាធារណជនចូលរួម»។
ក្នុងសៀវភៅសការពារជាតិវៀតណាមឆ្នាំ២០១៩ ដែលដាក់ឱ្យប្រើប្រាស់កាលពីចុងខែវិច្ឆិកាកន្លងទៅ វៀតណាមបានព្រមានអំពីការប៉ុនប៉ងបំបែកបំបាក់ទំនាក់ទំនងជាមួយនឹងកម្ពុជា ដែលអ្នកវិភាគបានលើកឡើងថា វៀតណាមបានសំដៅទៅលើប្រទេសចិន តែក៏បានបង្ហាញពីចេតនាចង់រក្សាទំនាក់ទំនង «យុទ្ធសាស្ត្រពិសេស»និង«ប្រពៃណី»រវាងប្រទេសទាំងពីរបន្តទៅមុខទៀត។
ក្រុមអភិជននយោបាយដឹកនាំប្រទេសកម្ពុជា បានចូលមកកាន់អំណាចដំបូងនៅឆ្នាំ១៩៧៩ ក្រោយពេលកងទ័ពវៀតណាមវាយសម្រុកឆ្លងព្រំដែន ផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យនិងដាក់ទីតាំងទីក្នុងប្រទេសកម្ពុជាអស់រយៈពេល១០ឆ្នាំមុននឹងដកចេញទៅវិញនៅឆ្នាំ១៩៨៩។ ការណ៍នេះនាំមជ្ឈដ្ឋាននានាដែលមិនគាំទ្ររដ្ឋាភិបាលតែងដាក់ការសង្ស័យអំពីការងារកំណត់និងបោះបង្គោលព្រំដែននិងក៏ដូចជាសុឆន្ទៈនៃទំនាក់ទំនង រវាងប្រទេសទាំងពីរមកដល់សព្វថ្ងៃ៕