កម្ពុជា​និង​វៀតណាម​ព្រមព្រៀង​​​គ្នា​មិន​​ផ្តល់​ទី​តាំង​ជា​ជម្រក​​ដល់​កម្លាំង​បរទេស​ក្នុង​ប្រទេស​រៀងៗ​ខ្លួន

រូបឯកសារ៖ លោក​ ​ប្រាក់ សុខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប នៅប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការ​ប្រកាស​ព្រមព្រៀង​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​មួយ​​ថា​ កម្ពុជា​កំពុង​បើក​ឲ្យ​មាន​ការ​ដាក់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ចិន​ ខណៈ​មាន​ក្រុមហ៊ុន​​ចិន​មួយ​បាន​កំពុង​សាងសង់​កំពង់​ទឹកជ្រៅ​ធំ​មួយ​ក្នុង​ខេត្ត​កោះកុង។

ប្រទេស​កម្ពុជា​និង​វៀតណាម​ ​បាន​ប្រកាស​ពី​ជំហរ​មិន​អនុញ្ញាត​ឲ្យមាន​កម្លាំង​ «អមិត្ត»​ ប្រើ​ប្រាស់​ទឹក​ដី​ក្នុង​ប្រទេស​ទាំងពីរ​ដើម្បី​វាយ​តបត​នឹង​ប្រទេស​មួយ​ផ្សេង​ទៀត​ និង​បាន​ព្រមព្រៀង​លើ​កិច្ច​ការពារ​សន្តិសុខ​ ការ​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​ និង​កិច្ច​ការងារ​ដទៃ​ទៀត​ រួម​ទាំង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈនៅ​ថ្ងៃ​សុក្រ។

​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​ ២៩​ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ លោក​ ​ប្រាក់ សុខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ ​បាន​ជួប​ពិភាក្សា​ជាមួយ​ នាយក​រដ្ឋមន្ត្រី​វៀតណាម​ លោក​ ង្វៀន សួនហ៊្វុក​ (Nguyen Xuan Phuc ) និង​លោក​ ផាម​ ប៊ិញមិញ​ (Phạm Bình Minh ) រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម។ ក្នុង​ការ​ជួប​ពិភាក្សា​នោះ​ ​ភាគី​ប្រទេស​ទាំងពីរ​ បាន​លើកឡើង​ពី​ទំនាក់​ទំនង​ការទូត​ប្រទេស​ទាំង​ពីរ​ និង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ក្នុងវិស័យ​ជាច្រើន​ ​ក្នុង​នោះ​មាន​វិស័យ​សន្តិសុខ។

សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«សម្រាប់​វិស័យ​សន្តិសុខ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ក្នុង​ការ​បង្កើន​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ឲ្យ​ទាន់​ពេលវេលា​ ដើម្បី​សង្គ្រោះ​ជន​រងគ្រោះ​ បង្ការ​ និង​ទប់​ស្កាត់​រាល់​បញ្ហា​នានា​ដូច​ជា​ គ្រោះធម្មជាតិ​ ការ​រត់​ពន្ធ​ការ​ជួញដូរ​ ខុសច្បាប់​ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​កាប់​ឈើ​ខុស​ច្បាប់។ ភាគី​ទាំងពីរ​ ក៏បាន​អះអាង​ពី​នយោបាយ​របស់​ខ្លួន​ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​កម្លាំង​អមិត្តណាមួយ​ប្រើ​ប្រាស់​ទឹកដី​របស់​ខ្លួន​ដើម្បី​ប្រឆាំង​ ឬ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​មួយ​ទៀត​ឡើយ»។

​ការ​លើកឡើង​ពី​បញ្ហា​ការ​មិន​អនុញ្ញាត​ឲ្យ​មាន​កម្លាំង​សត្រូវ​ ក្នុង​ប្រទេស​ទាំងពីរនេះ​ កើតមាន​ឡើង​ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​របស់​កាសែតបរទេស​មួយ​ ដែល​បាន​លើក​ពី​មន្ទិល​ជាច្រើន​ថា​ កម្ពុជា​កំពុង​បើក​ឲ្យ​មាន​ការ​ដាក់​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ចិន​ ខណៈ​មាន​ក្រុមហ៊ុនចិន​មួយ​ បាន​កំពុង​សាងសង់​កំពង់​ទឹកជ្រៅ​ធំ​មួយ​ក្នុង​ខេត្ត​កោះកុង​របស់​ប្រទេស​កម្ពុជា​ ​ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​ថៃ។

រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ៊្វុក​ (Nguyen Xuan Phuc) (ឆ្វេង) ​និយាយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ចុះ​ហត្ថាលេខា​មួយ នៅ​ការិយាល័យ​នាយករដ្ឋ​មន្ត្រី ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

​កាល​ពី​ពាក់​កណ្តាល​ខែ​វិចិ្ឆកា​ កាសែត​ Asia Times បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា​ «កម្ពុជា​នៅ​ចំ​កណ្តាល​សង្គ្រាម​ត្រជាក់​ថ្មី»។ អត្ថបទ​នោះ​ ​បាន​លើក​ឡើង​ពី​ការ​វិភាគ​ជា​ច្រើន​ដែល​អះអាង​ថា​ កំពង់ផែ​ថ្មី​កោះកុង​ (Koh Kong New Port)​ ដែល​ជា​កំពង់ផែ​ទឹក​ជ្រៅ​នោះ ​គឺ​ធំ​គ្រប់គ្រាន់​សម្រាប់​ទទួល​នាវា​ចម្បាំង​ និង​នាវា​ប្រដេញ​ក្នុង​ការ​ប្រយុទ្ធ​ដ៏​មាន​សក្ដានុពល​ ​និង​កប៉ាល់​ធំៗ​ផ្សេង​ទៀត​របស់​កងទ័ព​ជើងទឹក​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន។

កាសែត​ដែល​ចេញ​ផ្សាយ​អត្ថបទ​តាម​បណ្តាញ​អ៊ិនធឺណិត​នេះ​បាន​ឲ្យដឹង​ថា​ កាល​ពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​អភិវឌ្ឍន៍​ Tianjin Union​ ​របស់​ចិន​ដែល​គេ​ស្គាល់​ថា​ ជា​ក្រុមហ៊ុន ​Union Development Group (UDG) ​ ​ដែល​កំពុង​សង់​កំពង់ផែ​ទឹក​ជ្រៅ​នោះ​ ​ត្រូវ​បាន​ផ្តល់​សម្បទាន​ចំនួន​៩៩​ឆ្នាំ​លើ​ផ្ទៃដី​ប្រមាណ​២០%​នៃ​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ក្នុង​ទឹក​ប្រាក់​ត្រឹម​តែ​៣០​ដុល្លារ​ក្នុង​មួយ​ហិកតា​ប៉ុណ្ណោះ។ ​គម្រោង​របស់​ក្រុមហ៊ុន​ UDG ដែល​គេ​ជឿ​ថា​ ជា​ ​«គម្រោង​សាកល្បង»​ ​នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​សរុប​៣.៨០០​លាន​ដុល្លារ ដើម្បី​សាងសង់​កំពង់ផែ​ថ្មី​មួយ​នៅ​ខេត្ត​កោះកុង​ និង​អាកាសយានដ្ឋាន​ រួម​ទាំង​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។

មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​ចេញ​សេចក្តី​រាយការណ៍​របស់​កាសែត​នេះ មេដឹកនាំ​កម្ពុជា​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ប្រាប់​មហាជន​ខ្មែរ​ថា​ កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​ ពោល​គឺ​មិន​ថា ​ជើង​ទឹក​ ជើង​គោក​ ឬ​ជើង​អាកាស​នោះ​ទេ។

លោក​ ហ៊ុន សែន ​ក៏​នឹង​គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការនៅ​ប្រទេស​វៀតណាម​ក្នុង​ខែ​ធ្នូ​ខាង​មុខ​នេះ។​ ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ក៏​នឹង​យាង​ទៅ​ប្រទេស​វៀតណាម​ដំណាល​គ្នា​និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ផង​ដែរ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

​VOA Khmer មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ កេត សោផាន់​ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃសុក្រ​នេះ។

តាម​សេចក្តី​ប្រកាស​ដដែល​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ស្តី​ពី​ទស្សនកិច្ច​របស់​លោក​ ប្រាក់​ សុខុន ​នៅ​ប្រទេស​វៀតណាម​ បាន​ឲ្យដឹង​ទៀត​ថា​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ លោក​ ប្រាក់​ សុខុន​ បាន​កោត​សរសើរ​វៀតណាម​ថា​ «ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម​ ប្រទេស​វៀតណាម​ មាន​ស្ថិរភាព​ សេដ្ឋកិច្ច​រីក​ចម្រើន​ ហេដ្ឋារចនាសម្ព័ន្ធ​ទន់​ និង​រឹង​មាន​ភាព​រឹង​មាំ​ ជីវភាព​រស់​នៅ​របស់​ប្រជាជន​មាន​ភាព​ប្រសើរ​ឡើងជាលំដាប់​ ជាពិសេស​វៀតណាម​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​តំបន់​ និង​នៅ​លើ​ឆាក​អន្តរជាតិ»។

លោក​ ​ប្រាក់ សុខុន​ ​ក៏​ជឿជាក់​ថា​ ជាមួយ​នឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​បែប​នេះ​ វៀតណាម​ នឹង​សម្រេច​បាន​នូវ​គោលដៅ​ឧស្សាហូបនីយកម្ម និង​ទំនើបកម្ម​របស់​ខ្លួន។

ក្រៅ​ពី​ការ​ថ្លែង​កោត​សរសើរ​របស់​លោក​ ប្រាក់ សុខុន​ ចំពោះ​ការ​ជឿនលឿន​របស់​វៀតណាម​នោះ​ ភាគី​កម្ពុជា​ និង​វៀតណាម​ បាន​ស្វាគមន៍​ការ​រីក​លូតលាស់​ជា​វិជ្ជមាន​នូវ​ទំហំ​ពាណិជ្ជកម្ម​រួម​គ្នា​ និង​បាន​ឯកភាព​ក្នុង​ការ​បញ្ចប់​ឲ្យបាន​ឆាប់​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទេ្វភាគី​កម្ពុជា-វៀតណាម​ ដើម្បី​រួម​ចំណែក​សម្រេច​ទិសដៅ​ពាណិជ្ជកម្ម​ទេ្វភាគី​ ៥​ប៊ីលាន​(ពាន់លាន)​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ​២០២០​ ដូច​ការ​រំពឹង​ទុក​របស់​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។

ពាក់​ព័ន្ធ​បញ្ហា​ព្រំដែន​ ភាគី​ទាំង​ពីរ​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ និង​ការ​បោះ​បង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំងពីរ​ ដែល​សម្រេច​បាន​ការ​កំណត់​ខ័ណ្ឌសីមា​ ព្រំដែន​គោក​ និង​ការ​បោះ​បង្គោល​ព្រំដែន​ ចំនួន​ប្រមាណ​៨៤​ភាគរយ។ ភាគី​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​ថា​ នឹង​ខិតខំ​ដោះ​ស្រាយ​ការងារ​ រំាង​ស្ទះ​នានា​ ដើម្បី​ឈាន​ទៅ​សម្រេច​ការងារ​សេសសល់​១៦​ភាគរយ​ទៀត​ ដែល​មិន​ទាន់​ឯកភាព​គ្នា។

ក្នុង​បញ្ហា​កសិកម្ម​ លោក​ ប្រាក់​ សុខុន​ បាន​អរគុណ​វៀតណាម​ ដែល​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​ និង​ឯកជន​វៀតណាម​ បន្ត​ទិញ​កសិផល​ពី​កម្ពុជា​ និង​បាន​ស្នើ​រដ្ឋាភិបាល​វៀតណាម​បន្ត លើក​ទឹកចិត្ត​ចំពោះ​សកម្មភាព​នេះ​ទៀត​ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន។

ដោយ​ឡែក​ នាយករដ្ឋមន្ត្រី​វៀតណាម​ លោក​ ង្វៀន សួនហ៊្វុក​ បាន​កត់សម្គាល់​ពី​ទំនាក់ទំនង​យូរអង្វែង​រវាង​ប្រទេស​ទាំង​ពីរ​ និង​បាន​ស្នើ​ឲ្យ​ភាគី​ទាំងពីរ​បង្កើនបន្ថែម​ទៀត​នូវ​ទំនាក់ទំនង​នេះ​ សម្រាប់​ផលប្រយោជន៍​ប្រទេស​ទាំងពីរ។

លោក​បណ្ឌិត​ ​មាស នី​ ​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ នៅ​កម្ពុជា​ យល់​ថា ប្រទេស​កម្ពុជា​ នៅ​មិន​អាច​ឃ្លាតឆ្ងាយ​ពី​ប្រទេស​វៀតណាម​បាន​នៅ​ឡើយ​ នៅ​គ្រា​ដែល​ប្រទេស​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​កាន់​តែ​ច្បាស់​ថា​ បាន​ងាក​ទៅ​រក​ប្រទេស​ចិន​នោះ។ លោក​ថា ​ការ​ងាក​ឆ្ងាយ​ពី​ប្រទេស​វៀតណាម​ អាច​នឹង​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​កម្ពុជា​ បច្ចុប្បន្ន​ពិបាក​ក្នុង​ការ​រក្សា​លំនឹង​របស់​ខ្លួន។

​លោក​មាន​ប្រសាសន៍​ប្រាប់ VOA Khmer ថា៖​

​«វា​មាន​សញ្ញា​តិច​ណាស់​ ដែល​ថា​ រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ នឹង​ធ្វើការ​ពន្យារ​នូវ​ទំនាក់ទំនង​ ឬ​ក៏​គេ​ហៅ​ ​distance​ បាន​ន័យ​ថា​ ដក​ឃ្លា​ខ្លួន​ ឬ​ក៏​ដកឃ្លា​ចេញ​ពី​វៀតណាម​អី​នោះ សម្រាប់​ខ្ញុំ​ ខ្ញុំ​មើល​ទៅ​ដូច​ជា​មិន​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​នឹង​ត្រូវ​ទេ​ សំខាន់​គឺ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង​ ត្រូវ​តែ​រក្សា​ ដើម្បី​រក្សា​សុវត្ថិភាព​របស់​ខ្លួន​ ពិសេស​សមត្ថភាព​នៃ​ស្ថិរភាព​របស់​គណបក្ស​កាន់​អំណាច​ផង​នោះ​ គឺ​ត្រូវ​តែ​ព្យាយាម​ទំនាក់ទំនង​ឲ្យ​បាន​ទាំង​ពីរ​ រវាង​ចិន​ ហើយ​និង​រវាង​វៀតណាម​ហ្នឹង​ហើយ»។

លោក​ ​មាស នី​ ​បន្ថែម​ទៀត​ថា​ វៀតណាម​មាន​លទ្ធភាព​បង្កើន​ឥទ្ធិពល​ច្រើន​ជាង​ប្រទេស​ចិន​ ​មក​លើ​កម្ពុជា។​

​«វៀតណាម​ជា​ប្រទេស​មួយ​ដែល​នៅ​កៀក​បំផុត​ អ៊ីចឹង​បើ​សិន​ជា​ វៀតណាម​មានគំនិត​បែបណា​មួយ​នោះ វា​នឹង​អាច​មាន​ឥទ្ធិពល​ ខ្លាំង​ជាង​ចិន​ ដែល​នៅ​ឆ្ងាយ​ពី​យើង​បាទ»។​

​ទាក់ទិន​ការ​ចោទ​ប្រកាន់​ថា កម្ពុជា​ចង់​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា​នោះ​ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​រូប​នេះ​ មានប្រសាសន៍​ថា​ បញ្ហា​នេះ​ ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​ក្រុម​មន្ត្រី​របស់​សហរដ្ឋ​អាមេរិក​ ហើយ​រដ្ឋាភិបាល​ខ្មែរ​មួយរយៈពេល​ចុង​ក្រោយ​នេះ​ ក៏បាន​ខិតខំ​ផ្តល់​ការ​ពន្យល់​ដើម្បី​ជម្រះ​មន្ទិល​នេះ។

លោក​ មាស នី​ មិន​អាច​ផ្តល់​ការ​អធិប្បាយ​ណា​មួយ​ថា​ កម្ពុជា​ពិត​ជា​ចង់បាន​មូលដ្ឋាន​កងទ័ព​ជើងទឹក​ចិន​ក្នុង​ទឹក​ដី​របស់​ខ្លួន​ ឬ​យ៉ាង​ណា​នោះ​ទេ​ តែ​ថា​ ទំនាក់​ទំនង​យោធា​ចិន​ និង​កម្ពុជា​ កាន់​តែ​ស្អិត​រមួត​ខ្លាំង​ទៅ​ រហូត​ត្រូវ​ដល់​ចំណុច​មួយ​ ដែល​កម្ពុជា​សម្រេច​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​សំខាន់ៗ​ជាច្រើន​ជាមួយ​សហរដ្ឋ​អាមេរិក៕