កំណត់និពន្ធ៖ សមាជិកសភារដ្ឋកាលីហ្វ័រញ៉ាខាងគណបក្សប្រជាធិបតេយ្យ រីកាដូ ឡារ៉ា (Ricardo Lara) តំណាងពលរដ្ឋក្នុងសង្កាត់ទី៣៣នៃមណ្ឌលរបស់លោក រួមទាំងទីក្រុងឡុងប៊ិចផងដែរ ដែលជាកន្លែងដែលពលរដ្ឋខ្មែរអាមេរិកាំងរស់នៅច្រើនជាងគេបង្អស់នៅសហរដ្ឋអាមេរិក។ លោកព្រឹទ្ធសភាបានថ្លែងប្រាប់ លោក សុខ ខេមរា នៃ VOA តាម ទូរស័ព្ទថ្មីៗនេះអំពីដំណើរការបឋមៗក្នុងការចងសម្ព័ន្ធភាពជាមួយនឹងប្រទេសកម្ពុជា ដើម្បីលើកកំពស់ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ ហើយនឹងការផ្លាស់ប្តូរវប្បធម៌។ តទៅនេះគឺជាខ្លឹមសារនៃបទសម្ភាសន៍នេះទាំងស្រុង៖
(ចុចស្តាប់បទសម្ភាសន៍ជាភាសាខ្មែរទាំងស្រុងខាងក្រោមនេះ)
Your browser doesn’t support HTML5
VOA៖ លោកសមាជិកព្រឹទ្ធសភា រីកាដូ ឡារ៉ា (Ricardo Lara) សូមអរគុណលោកច្រើនដែលអនុញាតិឲ្យ VOA ភាសាខ្មែរ បានធ្វើបទសម្ភាសន៍លោកអំពីគម្រោងការបឋមៗក្នុងការបង្កើតទំនាក់ទំនងរវាងរដ្ឋកាលីហ្វ័រញ៉ានិងរាជធានីភ្នំពេញជារដ្ឋបងប្អូន។ សំណួររបស់ខ្ញុំគឺ ហេតុអ្វីបានជាលោកស្នើឲ្យមានរឿងនេះកើតឡើង?
រីកាដូ ឡារ៉ា៖ លោកដឹងទេថា រដ្ឋកាលីហ្វ័រញ៉ាមានពលរដ្ឋខ្មែរច្រើនជាងគេបំផុត ហើយជាពិសេស ទីក្រុងឡុងប៊ិច ដែលខ្ញុំជាតំណាង គឺជាទីក្រុងល្បីល្បាញក្នុងពិភពលោក ហើយជាទីជម្រកនៃសហគមន៍ខ្មែរដ៏ធំជាងគេបង្អស់ដែលស្ថិតនៅក្រៅតំបន់អាស៊ីអាគ្នេយ៍។ ហើយខ្ញុំគិតថា ការកសាងទំនាក់ទំនងជារដ្ឋបងប្អូនជាមួយនឹងរដ្ឋកាលីហ្វ័រញ៉ា គឺជាវិធីមួយដែលយើងអាចប្រើប្រាស់សម្រាប់ពង្រីកទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ទេសចរណ៍ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មដ៏មានសក្តានុពលក្នុងចំណោមពលរដ្ឋខ្មែរក្នុងរដ្ឋកាលីហ្វ័រញ៉ា ហើយនិយាយដោយត្រង់ទៅគឺថា ខ្ញុំមានមោទនភាពណាស់ចំពោះបញ្ហា ដែលថារដ្ឋកាលីហ្វ័រញ៉ាជារដ្ឋមានភាពចម្រុះខ្លាំងជាងគេបំផុតក្នុងប្រទេស គឺជារដ្ឋដែលគោរពជនអន្តោប្រវេសន៍ ជារដ្ឋដែលអបអរសាទរចំពោះវប្បធម៌ដ៏សម្បូរបែប។ ហើយសហគមន៍ខ្មែរគឺជាផ្នែកមួយដែរ ដែលមានពិសោធន៍ជាអ្នកកាលីហ្វ័រញ៉ា។
VOA៖ តើមានឧទាហរណ៍មួយឬពីរចំពោះពាណិជ្ជកម្មទ្វេភាគី ការផ្លាស់ប្តូរវប្បធម៌ អប់រំ ទេសចរណ៍ ឬបញ្ហាផ្សេងទៀត ដូចដែលលោកបានលើកឡើងទេ?
រីកាដូ ឡារ៉ា៖ ត្រឹមត្រូវហើយ។ ទំនាក់ទំនងរដ្ឋជាបងប្អូនអនុញាតឲ្យយើងពង្រីកថែមទៀតចំពោះការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ក្នុងចំណោមរដ្ឋជាបងប្អូន បង្កើនទេសចរណ៍ និងពាណិជ្ជកម្ម។ ហើយសូមយល់ថា យើងមានពលរដ្ឋខ្មែរច្រើនណាស់ដែលរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលយើងអាចទាញយកប្រយោជន៍ចេញពីទំនាក់ទំនងរបស់យើង ដោយការវិនិយោគនៅក្នុងប្រទេសទាំងពីរ និងរដ្ឋជាបងប្អូននេះ។
VOA៖ សេចក្តីសម្រេចគួរតែត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃទី៥ ខែធ្នូ តែវាហាក់ដូចជាពន្យារពេលបន្តិចទៅវិញ ដែលខ្ញុំមិនបានដឹងពីមូលហេតុអ្វីដែលជាហេតុ ផលពន្យារពេលនេះ?
រីកាដូ ឡារ៉ា៖ មិនមែនអញ្ចឹងទេ។ សេចក្តីព្រាងសេចក្តីសម្រេចនេះនឹងដំណើរការដល់ដំណាក់កាលជាធម្មតា ព្រោះនេះជាការបង្កើតទំនាក់ទំនងរដ្ឋបងប្អូនជាផ្លូវការ។ ដូច្នេះវាត្រូវតែដំណើរការទៅកាន់គណៈកម្មាធិការនីតិកម្ម ហើយវាត្រូវឆ្លងកាត់គណៈកម្មាធិការសារពើពន្ធ ហើយបន្ទាប់មកបានឆ្លងកាត់ការបោះឆ្នោតដោយព្រឹទ្ធសភាពេញអង្គ។ បន្ទាប់ពីនោះ សេចក្តីព្រាងសេចក្តីសម្រេចនេះនឹងឆ្លងសភាជាន់ទាប និងគណៈកម្មាការសភានានាដូចគ្នាដែរ មុននឹងអនុម័តជាផ្លូវការ។ ដូច្នេះ ដំណើរការបែបនេះទើបអាចបង្កើតបានទំនាក់ទំនងនៃរដ្ឋជាបងប្អូនកើតឡើងបាន។ គេត្រូវតែដំណើរការតាមច្បាប់។
VOA៖ សូមលោកនិយាយទៅមើលថា តើវាត្រូវការពេលមួយឆ្នាំ ពីរឬបីខែទៀត ឬតើលោកគួរតែនិយាយពេលវេលាណាមួយដែលអាចបញ្ចប់ (សេចក្តីសម្រេចនេះ)បាន?
រីកាដូ ឡារ៉ា៖ ដំណើរការនេះនឹងត្រូវបញ្ចប់នៅរដូវក្តៅ ឬក៏និទាឃៈរដូវខាងមុខនេះ។
VOA៖ បាទ! នេះជារឿងល្អ។ តើមានការឆ្លើយតបយ៉ាងណាពីរដ្ឋាភិបាលកម្ពុជាចំពោះសេចក្តីព្រាងសេចក្តីសម្រេចនេះ ឬតើលោកបានទទួលដំណឹងអ្វីថារដ្ឋាភិបាលកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមនេះ ឬមិនគាំទ្រទេ?
រីកាដូ ឡារ៉ា៖ យើងកំពុងធ្វើការជាមួយសហគមន៍ខ្មែរក្នុងស្រុកគឺអ្នករស់នៅក្នុងទីក្រុងឡុងប៊ិច ហើយអ្វីដែលយើងឮគឺថា ពួកគេមានក្តីរំភើបត្រេកអរដែលពួកគេមានឱកាសដូចនេះ ក្នុងការបង្កើតទំនាក់ទំនងជាមួយរដ្ឋកាលីហ្វ័រញ៉ា។ ហើយយើងរំពឹងថានឹងបានធ្វើកិច្ចការជាមួយពួកគេ ទាក់ទងនឹងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌ថែមទៀតជាមួយនឹងពលរដ្ឋកម្ពុជាក្នុងរដ្ឋកាលីហ្វ័រញ៉ា។
VOA៖ បាទ លោក ព្រឹទ្ធសភា។ ខ្ញុំមិនយល់អំពីរឿងទំនាក់ទំនងទីក្រុងជាបងប្អូន ឬអ្វីៗផ្សេងៗនោះទេ តែមានម្តងនោះ ដូចជាធ្លាប់មានទំនាក់ទំនងជាបងប្អូនដែររវាងរាជធានី ភ្នំពេញ និងទីក្រុងឡុងប៊ិច។ ចុះពេលនេះតើមានអ្វីខុសគ្នា?
រីកាដូ ឡារ៉ា៖ បាទ ភាពខុសគ្នានោះ គឺថារដ្ឋកាលីហ្វ័រញ៉ាទាំងមូលតែម្តង មិនមែនមានតែទីក្រុងឡុងប៊ិចទេ។
VOA៖ បាទលោក សមាជិកព្រឹទ្ធសភា ខ្ញុំយល់ហើយ។ ដូចជាលោកបានដឹងហើយគឺថាមានពលរដ្ឋខ្មែរជាច្រើនដែលរងគ្រោះដោយសាររបបវាលពិឃាដ។ តើសេចក្តីសម្រេចនេះនឹងជួយពួកគេដោយវិធីណាមួយទេ នៅពេលសេចក្តីសម្រេចនេះត្រូវបានអនុម័ត ដោយពេញលេញ?
រីកាដូ ឡារ៉ា៖ លោកដឹងទេ ខ្ញុំគិតថាអ្វីដែលយើងបានធ្វើកាលពីអតីតកាល យើងបានអនុម័តសេចក្តីសម្រេចមួយផ្សេងទៀត ដែលរំលឹកទៅដល់អំពើប្រល័យពូជសាសន៍ដែលបានកើតឡើង។ នេះគឺជាការទទួលស្គាល់តាមផ្លូវច្បាប់ដំបូងចំពោះឧក្រិដ្ឋកម្មប្រល័យពូជសាសន៍លើពលរដ្ឋកម្ពុជា ហើយយើងបានឃើញពលរដ្ឋកម្ពុជាមក កាលពីពីរឆ្នាំមុន ហើយមានពលរដ្ឋកម្ពុជាមកពីរដ្ឋទាំងមូល មកធ្វើជាសាក្សីពេលមានការអនុម័តសេចក្តីសម្រេចតាមច្បាប់លើកដំបូង ដែលត្រូវបានទទួលស្គាល់ មិនធ្លាប់មានចំពោះអំពើប្រល័យពូជសាសន៍ដែលបានកើតឡើងក្នុងរបបវាលពិឃាដ។
ពលរដ្ឋខ្មែរជាច្រើនបានមកជួបខ្ញុំ ហើយបាននិយាយថា ពួកគេមានកត្តិយសណាស់ដែលនៅទីបំផុតអំពើឃោរឃៅប្រល័យពូជសាសន៍ដែលបានកើតឡើងត្រូវបានទទួលស្គាល់។ ខ្ញុំគិតថា នេះជាការចាប់ផ្តើមព្យាបាលផ្លូវចិត្តដល់បងប្អូនខ្មែរប្រុសស្រីដែលបានចូលរួមក្នុងសហគមន៍របស់យើង ក្នុងដំណើរការប្រជាធិបតេយ្យក្នុងប្រទេសអាមេរិក ជាពិសេសក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ខ្ញុំគិតថានេះមិនមែនគ្រាន់តែជួយម្តងទៀត ដោយមិនគ្រាន់តែឲ្យសហគមន៍ខ្មែរយើងយល់ដឹងពីរដ្ឋកាលីហ្វ័រញ៉ាថា ជារដ្ឋដែលពួកគេត្រូវបានគោរព និងអបអរសារទរចំពោះសមិទ្ធិផលរបស់យើង ហើយនឹងអ្វីដែលពលរដ្ឋកម្ពុជាបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចប៉ុណ្ណោះទេ តែរួមទាំងវប្បធម៌នៅទីនេះគឺរដ្ឋកាលីហ្វ័រញ៉ាផងដែរ។ ដូច្នេះខ្ញុំគិតថា រឿងទាំងនេះនឹងជួយធានាថា រដ្ឋនេះជារដ្ឋដែលមានសុវត្តិភាពសម្រាប់ពួកគេ ដែលយើងគោរពស្រឡាញ់ និងអបអរសារទរចំពោះការរួមចំណែកនេះ។
VOA៖ ចំណុចចុងក្រោយគឺថា VOA នឹងបន្តតាមដាន និងឃ្លាំមើលដំណើរការនេះ ហើយរំពឹងថា សេចក្តីសម្រេចនេះនឹងកើតឡើងក្នុងពេលឆាប់ៗ តែអ្វីទៅជាសារចុងក្រោយរបស់លោក ចំពោះសហគមន៍ខ្មែរជាចុងបញ្ចប់នេះលោក?
រីកាដូ ឡារ៉ា៖ សាររបស់ខ្ញុំចំពោះសហគមន៍ខ្មែរគឺថា លោកអ្នកដឹងទេ ខ្ញុំមានមោទនភាពដែលបានក្លាយជាតំណាងសហគមន៍ដ៏ធំក្នុងមណ្ឌលរបស់ខ្ញុំ។ ក្នុងនាមជាអ្នកដែលមានប្រវត្តិជាជនអន្តោរប្រវេសន៍ដែរ ខ្ញុំយល់និងមានការគោរពទំនៀមទម្លាប់ វប្បធម៌របស់ពួកគេ ហើយនឹងបទពិសោធន៍រស់នៅសហរដ្ឋអាមេរិក។ ហើយយើងនឹងបន្តតស៊ូដូចជាខ្ញុំបានធ្វើ ដើម្បីទទួលបានជំនួយជាធនធាននានា ដែលកុមារកម្ពុជានិងក្រុមគ្រួសារទទួលបានសេវាកម្មសុខភាពផ្លូវចិត្ត ដែលគេត្រូវការចាំបាច់ ហើយសមនឹងទទួលបាន ដើម្បីឲ្យពួកគេមានលទ្ធភាពជម្នះបានលើសោកនាដ្ឋកម្មដ៏ឃោរឃៅនេះ ដែលយើងឃើញថា មានពលរដ្ឋខ្មែរជាច្រើននៅមានជំងឺបាក់ស្បាត (PTSD) ដំណាលគ្នានឹងបញ្ហាផ្សេងទៀត ដែលពាក់ព័ន្ធនឹងពលរដ្ឋដែលរងគ្រោះដោយអំពើហិង្សាដ៏ធំធេង ហើយធានាថា យើងនឹងធ្វើការរួមគ្នា ហើយយើងនឹងដាក់បញ្ចូលពួកគេក្នុងរដ្ឋរបស់យើង និងក្នុងដំណើរការប្រជាធិបតេយ្យ។ ពួកគេមិនគ្រាន់តែអាចមានអារម្មណ៍ថា ពួកគេមិនឯកោទេ តែពួកគេមានអារម្មណ៍ថា ទទួលបានការគោរពស្រឡាញ់ផងដែរ គឺជាសហគមន៍ដ៏ល្អដែលពួកគេរស់នៅ។ ដូច្នេះខ្ញុំមានកិត្តិយសណាស់ដែលបានក្លាយជាអ្នកតំណាងសហគមន៍ខ្មែរ ក្នុងនាមជាព្រឹទ្ធសភាក្នុងរដ្ឋកាលីហ្វ័រញ៉ា៕