តួលេខថ្មីបង្ហាញថា ការបញ្ចេញជាតិពុលផ្ទះកញ្ចក់នៅប្រទេសអូស្ត្រាលី បានកើនឡើងជាថ្មី។ ការណ៍នេះ នាំឲ្យមានការចោទសួរថា តើការអះអាងរបស់លោកនាយករដ្ឋមន្ត្រីដែលថា ប្រទេសអូស្ត្រាលីនឹងគោរពតាមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសបានយ៉ាងឆាប់រហ័សនោះ ឬ យ៉ាងណា។ ក្រុមអ្នករិះគន់ បាននិយាយថា តួលេខនៃការបញ្ចេញជាតិពុលថ្មីចុងក្រោយនេះ ធ្វើឲ្យមានការចោទសួរលើគោលនយោបាយអាកាសធាតុដែលមានស្រាប់។
នៅចុងត្រីមាសទី៤ នៃឆ្នាំ២០១៨ កន្លងទៅនេះ ការបញ្ចេញជាតិពុលផ្ទះកញ្ចក់ក្នុងប្រទេសអូស្ត្រាលី បានកើនចំនួន ០.៨ភាគរយ។ វាជាកំណើនមួយ ដែលចាប់ផ្តើមកើនតាំងពីឆ្នាំ២០១៣មក។ ការកើនឡើងនៃការបញ្ចេញជាតិពុលនេះ បណ្តាលមកពីការកើនឡើងនៃវិស័យដឹកជញ្ជូន និងការរុករករ៉ែ បើទោះជាភាពក្តៅហួតហែងមួយរយៈ បានបង្អាក់ការបញ្ចេញជាតិពុលក្នុងវិស័យកសិកម្មក៏ដោយ។
អង្គការសហប្រជាជាតិបានប៉ាន់ស្មានថា ការបញ្ចេញជាតិកាបូនឌីអុកស៊ីតសរុបរបស់ប្រទេសអូស្ត្រាលីកាលពីឆ្នាំ ២០១៨ មានប្រមាណជា៥៣៧លានតោន។ នេះជាការកើនឡើង បើធៀបទៅនឹងឆ្នាំ ២០១៧។
ក្នុងឆ្នាំ២០១៧ កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស បានប្រមូលប្រទេសទាំងអស់ឲ្យមានការសម្រេចចិត្តជាឯកច្ឆន្ទ ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ។
ក្រុមអ្នកជំនាញជឿជាក់ថា ស្ថិតិថ្មីៗនេះ គឺបង្ហាញឲ្យឃើញថា ប្រទេសអូស្ត្រាលីនឹងមិនអាចគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្នុងសន្ធិសញ្ញាបរិស្ថាននេះទេ។
លោក Bill Hare ជាអ្នកវិទ្យាសាស្ត្រអាកាសធាតុ និងជានាយកវិទ្យាស្ថានស្រាវជ្រាវឯករាជ្យមួយ ដែលធ្វើការលើការវិភាគអាកាសធាតុ បានថ្លែងថា៖
«មកទល់ពេលនេះ ស្ទើរតែគ្មានគោលនយោបាយណាមួយ ដែលគេយកមកអនុវត្តនៅឡើយទេ ហើយបើតាមការប្រមើលមើលនោះ ឃើញថា ប្រទេសអូស្ត្រាលីនឹងមិនអាចគោរពតាមកិច្ចព្រមព្រៀងនេះឡើយ។ ជាក់ស្តែង រដ្ឋាភិបាលមិនបានត្រៀមវិធានការអ្វីនោះទេ។ បើមិនមានការផ្លាស់ប្តូរនោះទេ វាទំនងថា ការបញ្ចេញជាតិពុលរបស់យើងនឹងបន្តកើនឡើង ហើយយើងនឹងមិនអាចទៅដល់គោលដៅរបស់យើងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសបាននោះទេ»។
ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលជឿជាក់ថា ទិន្នន័យអាកាសធាតុចុងក្រោយនេះ គឺអាចបង្ហាញពីជោគជ័យនាពេលអនាគត។ ក្រុមមន្ត្រីរដ្ឋាភិបាលបាននិយាយថា ការកើនឡើងនៃការបញ្ចេញជាតិពុល ភាគច្រើនកើតចេញពីសកម្មភាពពាណិជ្ជកម្មលើឧស្ម័នធម្មជាតិ ដែលយកមកផលិតចេញជាឧស្ម័នហ្គាសនៅប្រទេសអូស្ត្រាលី។ ការផលិតឧស្ម័នហ្គាស បានបង្កើនការបញ្ចេញឧស្ម័នកាបូន។ ក្រុមមន្ត្រីបានបញ្ជាក់ថា នេះ គឺដោយសារតែឧស្ម័នហ្គាស ត្រូវបានគេយកទៅប្រើប្រាស់តាមបណ្តាប្រទេសផ្សេងៗ ដើម្បីជំនួសការប្រើប្រាស់ធ្យូងថ្មនោះ។ ហេតុនេះហើយ វាផ្តល់ផលប៉ះពាល់លើការកាត់បន្ថយការបញ្ចេញជាតិពុលក្នុងពិភពលោក។
ប្រទេសអូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនក្នុងពិភពលោកដែលមានការបញ្ចេញជាតិពុលឧស្ម័នផ្ទះកញ្ចក់ខ្លាំងជាងគេ៕
ប្រែសម្រួលដោយ កោះ សុគន្ធី