Hello VOA៖ អ្នកជំនាញថា កម្ពុជាគួរកែប្រែគោលនយោបាយ និងកែលម្អស្ថានការណ៍
Your browser doesn’t support HTML5
ការបាត់បង់ឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ»(EBA)របស់សហភាពអឺរ៉ុបចំនួន២០ភាគរយចាប់តាំងពីថ្ងៃទី១២ ខែសីហាមក តម្រូវឲ្យរដ្ឋាភិបាលកម្ពុជាត្រូវតែកែប្រែគោលនយោបាយដើម្បីរក្សាភាពប្រកួតប្រជែងសម្រាប់ការនាំចេញ។ នេះបើតាមការបញ្ជាក់របស់អ្នកវិភាគ។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធីHello VOA ថា កម្ពុជាត្រូវផ្តោតលើការកែប្រែការចំណាយណា ដែលមិនចាំបាច់ក៏ដូចជា សើរើគោលនយោបាយមួយចំនួនលើប្រព័ន្ធគយ អគ្គិសនី អំពើពុករលួយ និងពន្ធនាំចេញជាដើម។
ទន្ទឹមនឹងនោះរដ្ឋាភិបាលកម្ពុជាក៏ត្រូវស្តារសិទ្ធិមនុស្សមិនត្រូវបន្តឲ្យនៅដូចពេលបច្ចុប្បន្នបានទេ។ លោក សោភក្តិ៍ បានបន្ថែមថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងសាកលក្នុងឆ្នាំ២០២២ និង២០២៣ នឹងធ្វើឲ្យបញ្ហាកម្ពុជាកាន់តែរំលេចឡើងលើឆាកអន្តរជាតិ។ យ៉ាងណាក៏ដោយលោកថា កិច្ចសហប្រតិបត្តិការរបស់អ្នកការពារសិទ្ធិមនុស្សជាមួយអាជ្ញាធរមូលដ្ឋានមានលក្ខណៈល្អប្រសើរ៕