បទសម្ភាសន៍ VOA៖ ចំណេះដឹងនិងបទពិសោធន៍ពីកម្មវិធី«ដំណើរទស្សនកិច្ចព័ត៌មាន»នៅអាមេរិក
Your browser doesn’t support HTML5
ជារៀងរាល់ឆ្នាំ ក្រសួងការបរទេសសហរដ្ឋអាមេរិកតែងតែរៀបចំកម្មវិធីផ្លាស់ប្តូរការសិក្សាជាច្រើនដែលមានការចូលរួមពីសំណាក់សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុននានា អ្នកដឹកនាំ អ្នកជំនាញនិងស្ត្រីអ្នកជំនួញជាដើម ពីជុំវិញពិភពលោក ដើម្បីសិក្សាពីចំណេះដឹងនិងជំនាញនានាពីសហរដ្ឋអាមេរិក។ ក្នុងចំណោមកម្មវិធីទាំងនោះ មជ្ឈមណ្ឌលសារពត៌មានបរទេសនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានរៀបចំកម្មវិធី «ដំណើរទស្សនកិច្ចព័ត៌មាន» ដែលផ្តោតទៅលើប្រធានបទ «ចក្ខុវិស័យរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ហើយដែលប្រព្រឹត្តទៅរយៈពេល១១ថ្ងៃ។ កម្មវិធីនេះជ្រើសរើសអ្នកចូលរួមជាអ្នកសារព័ត៌មានអាជីពមកពីប្រទេសចំនួន៦នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ លោក នៅ វណ្ណារិន ដែលជាអ្នកយកព័ត៌មានរបស់ VOA ផ្សាយជាខេមរភាសា គឺជាអ្នកចូលរួមពីប្រទេសកម្ពុជាតែមួយរូបគត់ ដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងដំណើរទស្សនកិច្ចព័ត៌មាននេះ។ ថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោនដើម្បីជួបពិភាក្សាជាមួយអ្នករៀបចំគោលនយោបាយ អ្នកស្រាវជ្រាវ បញ្ញាវ័ន្តនិងអង្គការពាណិជ្ជកម្មនានារបស់អាមេរិក លោក នៅ វណ្ណារិន ឈានចូលក្នុងបន្ទប់ផ្សាយរបស់VOA ហើយបានផ្តល់បទសម្ភាសន៍ដល់កញ្ញា លី វួចនានៃ VOA អំពីចំណេះដឹងនិងបទពិសោធន៍ដែលលោកទទួលបានពីកម្មវិធី «ដំណើរទស្សនកិច្ចព័ត៌មាន» នេះ៕