តំណាង​អាជីវករ​ ព្រួយបារម្ភ​ពីការ​រើផ្សារ​បន្លែ​នៅផ្សារ‍​«ដើមគ‍»

តូបលក់បន្លែនៅផ្សារព្រែកចាម ពេលព្រឹក នៅភូមិស្វាយឃ្លាំង ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧។ (សើ សាយ្យាណា/VOA)

ក្រុម​តំណាង​អាជីវករ​ផ្សារ​«ដើមគ‍»​ជាច្រើន​បាន​រៀបចំ​លិខិត​រួមគ្នា​មួយ​ទៅកាន់ ​លោក ឧបនាយក​រដ្ឋមន្ត្រី​ប៊ិន ឈិន ​រដ្ឋមន្ត្រី​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ដើម្បី​ជួប​បំភ្លឺអំពី​ការ​រើផ្សារ បន្លែ​ទៅ​ខាង​ក្រៅ​រាជធានី​ភ្នំពេញ។

ក្រុម​តំណាង​អាជីវករ​ជាច្រើន​មិនចង់​រើ​ទៅផ្សារ​បឹង​តាម៉ោក ​នៅប៉ែក​ខាង​សង្កាត់​ព្រែក ភ្នៅ​នោះទេ​ ដោយ​សារ​ថា​ ពួកគេ​ព្រួយ​បារម្ភ​ខ្លាច​បាត់​ចំណូល ​និង​ប៉ះពាល់​ជីវភាព ពួកគេ ​ហើយនឹង​បញ្ហា​ផ្សេងៗ​ទៀត។​ នេះបើ​តាម​សេចក្តី​ព្រាង​លិខិត​រួមគ្នា​មួយ​ដែល​មាន​ស្នាម​ផ្តិត​មេដាយ​របស់​ក្រុម​តំណាង​អាជីករ​ផ្សារ​ជាច្រើន​នាក់។

ការដាក់​លិខិត​នេះ​គឺ​ដោយសារ​មាន​សេចក្តី​រាយការណ៍​ថា​អាជ្ញាធរ​ចង់រើ​ផ្សារ​បន្លែ ហើយ​មាន​ការ​សម្រេច​ដោយ​«ស.ជ.ណ‍»​របស់​គណៈ​រដ្ឋមន្ត្រី​មួយផង​ដែរ។

ទោះជា​យ៉ាងណា​ក៏ដោយ​បើតាម​ការ​បញ្ជាក់​របស់​ក្រុម​អាជីវករ​លក់​បន្លែ​ និង​ត្រី​ ដែល​ជា​តំណាង​អាជីវករ​តវ៉ា​ បាន​ឲ្យ​ដឹងថា​ ប្រធាន​ផ្សារ​បាន​កោះប្រជុំ​ថ្ងៃនេះ​ ហើយ​ប្រាប់​ថា ការរើ​នោះ​គឺមាន​តែអ្នក​លក់​បន្លែ​បោះដុំ​តែប៉ុណ្ណោះ​ មិនមែន​អ្នកលក់​រាយ​ទេ។ ​គេ​មិន ទាន់​ដឹង​ច្បាស់​ថា​តើការ​លក់ដុំ​នោះនឹង​រើ​នៅ​ពេល​ណា ​ហើយ​ការរៀបចំ​កន្លែង​ថ្មី​នោះ មានការ​រៀបចំ​ហើយ​ឬនៅ ​ហើយ​កន្លែង​ចាស់​ដែល​អាជីវករ​បង់ថ្លៃតង់​ នោះ​នឹង​បាន ប្រាក់​មកវិញ​ឬយ៉ាង​ណា​ទេ​។​ ដោយ​ឡែក​អ្នកលក់​បន្លែ​រាយ​ អាចនឹង​បន្ត​លក់​កន្លែង ដដែល​បានឬទេ​ ប្រសិន​បើអ្នក​លក់ដុំ​ត្រូវ​រើ។

ផ្សារ​ដើមគរ​ត្រូវគេ​ស្គាល់ថា​ជាកន្លែង​លក់​បន្លែ​ធំ​ជាងគេ​បង្អស់​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​អ្នកខ្លះ​ហៅថា​កន្លែង​លក់​បន្លែ​២៤​ម៉ោង។