កម្រងរូបភាព៖ គម្រោងពិព័រណ៍សន្តិភាពនៅខេត្តបាត់ដំបងផ្តោតលើការសិក្សាពីប្រវត្តិសាស្ត្រកម្ពុជា
រូបភាពទេសភាពនៃបរិវេណខាងក្នុងនៃសាលតាំងពិព័រណ៍ធំមួយដែលមានដាក់តាំងនូវរូបភាពដំណើរការនៃការកសាងសន្តិភាពក្នុងអំឡុងពេលក្រោយសង្គ្រាមនៅកម្ពុជា។ (រិទ្ធី ឧត្តម/VOA)
អ្នកចូលរួមទស្សនាកំពុងតែអងេ្កតមើលរូបថត និងរឿងរ៉ាវពិតរបស់អ្នកតស៊ូមតិដើម្បីសន្តិភាពនៅកម្ពុជាថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។ (ហោ ស៊ិញហ៊ួរ/VOA)
ភាវ ភី អាយុ ២០ឆ្នាំ (ឆ្វេង) និងចាន់ គឹមហ្ស៊ាង អាយុ ២២ឆ្នាំ (កណ្តាល) ជានិស្សិតអក្សរសាស្ត្រខ្មែរ និងជ័យ សុផាន់ អាយុ ២១ឆ្នាំ (ស្តាំ) ជានិស្សិតផ្នែកគ្រប់គ្រងទូទៅនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ យល់ថា ប្រជាជនកម្ពុជាវ័យក្មេងគប្បីសិក្សាឲ្យបានច្បាស់អំពីប្រវត្តិសាស្ត្រកម្ពុជាដើម្បីចៀសវាងការកើតឡើងច្រំដែលនៃប្រវត្តិសាស្ត្រ។ (រិទ្ធី ឧត្តម/VOA)
លោកស្រី Nikki Singer នាយកសារមន្ទីរសន្តិភាពកម្ពុជាឈរពីមុខគំនូរលើជញ្ជាំងដែលបង្ហាញអំពីប្រវត្តិសាស្ត្រសង្ខេបរបស់កម្ពុជា។ (រិទ្ធី ឧត្តម/VOA)
លោកស្រី Emma Leslie នាយកប្រតិបតិ្តមជ្ឈមណ្ឌលសិក្សាបណ្តុះបណ្តាលកសាងសនិ្តភាពនិងដោះស្រាយទំនាស់ កាត់ខ្សែបូមុនពេលនាំអ្នកចូលរួម ទស្សនាសាលតាំងពិព័រណ៍មួយ កាលពីថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។ (រិទ្ធី ឧត្តម/VOA)
លោកបណ្ឌិត សុត ផ្លាយង៉ាម ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង គឺជាសកម្មជនសន្តិភាព និងជាស្ថាបនិកនៃសារមន្ទីរសន្តិភាពកម្ពុជាមួយរូប។ លោកបាននិយាយថា សារមន្ទីរនេះនឹងបង្ហាញនូវប្រភេទសិល្បៈមួយបែប ដែលមានគោលបំណងបង្ហាញទាំងប្រវត្តិសាស្ត្រជូរចត់ និងវិជ្ជមាន។ (ហោ ស៊ិញហ៊ួរ/VOA)
លោកស្រី Emma Leslie (អាវពណ៌ខៀវ) និយាយជាមួយនឹងលោកស្រី Sharon May (រ៉ូបពណ៌ប៉ៃតង) ដែលជាអ្នកសារព័ត៌មាននិងអ្នកថតរូបប្រចាំនៅជំរំជនភៀសខ្លួនតំបន់ទីពីរ ដែលបានបើកដំណើរការចាប់ពីឆ្នាំ ១៩៨៥ រហូតដល់ឆ្នាំ ១៩៩៣។ អ្នកស្រី Sharon May បានចំណាយពេលពីរឆ្នាំរស់នៅតាមព្រំដែនខ្មែរនិងថៃ ដែលជាតំបន់ទីជម្រករបស់ប្រជាជនកម្ពុជាជាច្រើនដែលបានរត់គេចពីសង្គ្រាម ដើម្បីចងក្រងរូបភាពជីវិតរបស់ពួកគេនៅពេលនោះ។ (រិទ្ធី ឧត្តម/VOA)
អ្នកសារព័ត៌មាន សង្គមស៊ីវិល ព្រះសង្ឃ និស្សិត និងគណៈប្រតិភូរបស់ស្ថានទូតបានចូលរួមក្នុងពិធីបើកសម្ពោធ «ពិព័រណ៍សនិ្តភាពកម្ពុជា» នៅឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង កាលពេលព្រឹកថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។ (ហោ ស៊ិញហ៊ួរ/VOA)
អ្នកចូលរួមទស្សនាបានដើរតាមក្បួនដង្ហែរសូត្រមន្តរបស់ព្រះសង្ឃកាត់ទីធ្លាពិព័រណ៍សន្តិភាព ទៅកាន់សាលមួយដែលមានតាំងរូបសិល្បៈឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការព្យាបាលដំបៅសង្គ្រាមនៅកម្ពុជា ដូចជាការដោះមីន និងការគាំពារជនរងគ្រោះដោយសារសង្គ្រាមជាដើម។ (រិទ្ធី ឧត្តម/VOA)