កម្រងរូបភាព៖ ទីសក្ការៈគោរពបូជាដំបូងបង្អស់នៃសាសនា Baha'i ដំណើរការនៅកម្ពុជា
ទីសក្ការៈគោរពបូជាទីមួយនៃសាសនា Baha'i នាឯខេត្តបាត់ដំបង ត្រូវចំណាយថវិកាអស់ ១.៥ លានដុល្លារសហរដ្ឋអាមេរិក និងរយៈពេលពីរឆ្នាំដើម្បីសាងសង់។ សាសនានេះបង្រៀនឲ្យមនុស្ស និងសាសនិកទទួលយកនូវការបង្រៀនពីសាសនាដទៃទៀតមិនថា គ្រឹស្តសាសនា ពុទ្ធសាសនា ឬសាសនាអ៊ីស្លាមក្តី។ ទីសក្ការៈគោរពបូជានេះស្វាគមន៍សាសនិកពីគ្រប់សាសនាចូលទៅបន់ស្រន់។ រូបថត ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ (ហោ ស៊ិញហ៊ួរ/VOA)
ទីសក្ការៈគោរពបូជានេះត្រូវបានរចនាឡើងដោយស្ថាបត្យករ តាំង សុចិត្រវិទូ។ ការរចនានៃទីសក្ការៈគោរពបូជានេះផ្តោតចម្បងទៅលើការប្រើប្រាស់ជ្រុងប្រាំបួន សួនប្រាំបួន អាគាររាងរង្វង់ ដំបូលទាបៗ ដែលអាចប្រដូចបានទៅនឹងស្ថាបត្យកម្មបែបខ្មែរដទៃទៀតបាន។ (ហោ ស៊ិញហ៊ួរ/VOA)
លោកសាន់ សុភក្តិ អ្នកសម្របសម្រួលសាសនា Baha'i ប្រចាំខេត្តតាកែវ បានមកចូលរួមការប្រជុំប្រចាំខែនៅខេត្តបាត់ដំបង។ លោកសកម្មក្នុងការរៀបចំគម្រោងបង្ហាត់បង្រៀនអំពីការរស់នៅប្រកបដោយសាសនា និងវិទ្យាសាស្ត្រនេះទៅកាន់ប្រជាជនដែលរស់នៅក្នុងសហគមន៍លោក។ (ហោ ស៊ិញហ៊ួរ/VOA)
សាសនិក Baha'i កំពុងតែអង្គុយក្នុងពេលសម្រាកពីការប្រជុំប្រចាំខែនៅក្នុងបរិវេណទីសក្ការៈគោរពបូជា។ សាសនានេះមានសាសនិកប្រមាណ ១២០០០ នាក់នៅក្នុងខេត្តបាត់ដំបង។ (រិទ្ធី ឧត្តម/VOA)
ត្រពាំងដែលមានរាងដូចផ្លិតត្រដាងនៅចំពីមុខទីសក្ការៈគោរពបូជា Baha'i ដែលមានជ្រុងប្រាំបួន តំណាងឲ្យសាមគ្គីភាពនៃសាសនាធំៗទាំងប្រាំបួនលើលោក។ វិហារនេះត្រូវបានកសាងតាមចក្ខុវិស័យស្របទៅនឹងសហគមន៍ ការរស់នៅ និងបរិស្ថានធម្មជាតិរបស់ខេត្តបាត់ដំបង។ (រិទ្ធី ឧត្តម/VOA)
កញ្ញា អ៊ីង សុធារ័ត្ន អាយុ ២៥ ឆ្នាំ គឺជាអ្នកកាន់កាប់ផ្នែករដ្ឋបាលប្រចាំទីសក្ការៈគោរពបូជា Baha'i។ កញ្ញាបានក្លាយទៅជាសាសនិក បន្ទាប់ពីបានស្វែងយល់ និងយល់ស្របអំពីការបង្រៀនអំពីជីវិតវ័យជំទង់របស់មនុស្ស និងសារៈសំខាន់នៃបញ្ញាខាងផ្នែកស្មារតី ដែលជាផ្នែកដ៏សំខាន់មួយនៃសាសនានេះ ក្រៅពីការអប់រំលើផ្នែកសម្ភារៈ។ (រិទ្ធី ឧត្តម/VOA)
ទីសក្ការៈគោរពបូជា Baha'i ថតពីលើណូរី។ ទីធ្លាទីសក្ការៈគោរពបូជានេះ មានទំហំប្រមាណ ២ ហិកតាសម្រាប់អគារ និងលាតសន្ទឹងលើផ្ទៃដី ៧ ហិកតាទៀត ដែលផ្តល់ទេសភាពយ៉ាងធំទូលាយទៅលើវាលស្មើ និងវាលស្រែជុំវិញ។ (រិទ្ធី ឧត្តម/VOA)
រូបភាពទេសភាពទាំងមូលនៃទីសក្ការៈគោរពបូជា Baha'i ពេលល្ងាច។ (រិទ្ធី ឧត្តម/VOA)