បទសម្ភាសន៍ VOA៖ លោកសាស្ត្រាចារ្យបណ្ឌិត David Chandler និយាយអំពីទំនាក់ទំនងរវាងកម្ពុជានិងចិន និងអនាគតកម្ពុជា
Your browser doesn’t support HTML5
លោកសាស្ត្រាចារ្យបណ្ឌិត David Chandler បានសរសេរសៀវភៅប្រាំមួយក្បាល ស្ដីពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា រួមជាមួយនឹងអត្ថបទសិក្សាជាច្រើនទៀត។ សៀវភៅទីមួយរបស់លោកដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា» ត្រូវបានបកប្រែជាច្រើនភាសាដូចជា ភាសាខ្មែរ បារាំង ចិន និងថៃ។ ប្រវត្តិវិទូជនជាតិអាមេរិកាំងវ័យ៨៥ឆ្នាំ ដែលឥឡូវនេះជាសាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យ Monash ក្នុងប្រទេសអូស្ត្រាលី បានទទួលពានរង្វាន់ ឈ្មោះ «វិភាគទានល្អដាច់មុខសម្រាប់ការសិក្សាអាស៊ី» សម្រាប់ស្នាដៃយ៉ាងទូលំទូលាយរបស់លោក ដែលរួមមានប្រវត្តិសាស្ត្រ នយោបាយ និងវប្បធម៌ប្រទេសកម្ពុជាផងដែរ។ សមាគមសម្រាប់ការសិក្សាតំបន់អាស៊ី ឬ Association for Asian Studies បានប្រគល់ពានរង្វាន់នេះដល់លោកសាស្ត្រាចារ្យបណ្ឌិត David Chandler នៅឯសន្និសីទប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមីនា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក ចាប ចិត្រា នៃ VOA បានធ្វើបទសម្ភាសន៍ជាមួយលោកសាស្ត្រាចារ្យបណ្ឌិត David Chandler នៅខាងក្រៅសន្និសីទនេះ ដោយផ្ដោតលើទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយប្រទេសចិន អនាគតប្រទេសកម្ពុជា របបផ្ដាច់ការនៅអាស៊ីអាគ្នេយ៍ និងអាជីពរបស់លោកជាប្រវត្តិវិទូ៕