កម្រងរូបភាព៖ «ការចូលរួមរបស់ស្រ្តីក្នុងសង្គមកម្ពុជា»
កញ្ញា សេង រាសី អ្នកសម្របសម្រួលកម្មវិធីសមភាពយ៉េនឌ័រក្នុងវិស័យនយោបាយនៃអង្គការសីលកា។ ក្នុងការសម្ភាសន៍មួយជាមួយ VOA ខ្មែរ កញ្ញា រាសី បានលើកឡើងថាស្រ្តីក្នុងវិស័យនយោបាយ ឬស្រ្តីសហគ្រិន នៅតែជួបបញ្ហាប្រឈមទោះបីជារដ្ឋាភិបាលឬភាគីពាក់ព័ន្ធបានប្រឹងប្រែងលើកស្ទួយការចូលរួមរបស់ស្រ្តីក៏ដោយ។ នៅក្នុងទិវានារីអន្តរជាតិ០៨ មីនា នេះសាររបស់កញ្ញានោះគឺចង់ប្រាប់ពួកគាត់ថា «សុបិនចុងក្រោយរបស់ស្ត្រីមិនមែនគ្រាន់តែជាការរៀបការនោះទេ តែសុបិនចុងក្រោយរបស់ស្ត្រី គឺទៅធ្វើអ្វីដែលខ្លួនចង់បានក្នុងគោលដៅរបស់ខ្លួនឯង ព្យាយាមធ្វើអ្វីទៅតាមសមត្ថភាព ទេពកោសល្យ បញ្ចេញវាឱ្យអស់ ដើម្បីឱ្យវាចេញជាសារៈប្រយោជន៍ដល់គ្រួសារ សង្គម និងជាពិសេសដឹកនាំជីវិតខ្លួនឯង»។ (ទែន សុខស្រីនិត/VOA)
កញ្ញា Catherine Harry អ្នកបង្កើតទំព័រវីដេអូប្លក់ (Vlog) ឈ្មោះ A Dose of Cath ទាក់ទងនឹងបញ្ហាស្ត្រីនិងសង្គម បានប្រាប់ VOA កាលពីថ្ងៃអង្គារ ទី០៦ ខែ មីនា ២០១៨ ថាកញ្ញាទំព័រ ហ្វេកប៊ុករបស់នាងគឺបង្កើតឡើងក្នុងគោលបំណងបើកចំហរពីប្រធានបទដែលសង្គមមិនហ៊ានផ្តោតលើ ហើយកញ្ញាបន្តថា «ខ្ញុំគិតថា វាដល់ពេលដែលយើងត្រូវលើកកម្ពស់ដែលយើងហៅថា Empower Women ហ្នឹងណា ព្រោះយើងនៅខ្វះអាហ្នឹងច្រើន។» ជាងនេះទៅទៀត កញ្ញា Catherine Harry បន្តថា ទិវាសិទ្ធនារីនេះមិនមានន័យថា នារីមានសិទ្ធលើមនុស្សប្រុសនោះទេ «វាគឺជាថ្ងៃរំឭក ហើយក៏ជាថ្ងៃលើកកម្ពស់ថាមនុស្សស្រីក៏ មានសិទ្ធស្មើមនុស្សប្រុសដែរព្រោះក្រៅពីថ្ងៃទាំងហ្នឹង មនុស្សប្រុសមានសិទ្ធច្រើនជាងមនុស្សស្រីស្រាប់ហើយ»។ (លឹម សុធី/VOA)
កញ្ញា មាន សុនីតា ជាតារាសម្តែង ស្ថាបនិក ផ្ទះស្រឡាញ់ ដែលជាហាងផលិតក្រម៉ាខ្មែរមួយនិងជាឯកអគ្គរដ្ឋទូតសុឆន្ទៈនៃគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នៃUSAID។ ក្នុងនាមជាសហគ្រិនស្រ្តីវ័យក្មេង និង ឯកអគ្គរដ្ឋទូតសុឆន្ទៈ កញ្ញា សុនីតា បានប្រាប់ VOA កាលពីថ្ងៃទី០៦ មីនា ២០១៨ថា ការងារទាំងនោះមិនមានភាពងាយស្រួលទេសម្រាប់ស្រ្តីវ័យក្មេងដូចកញ្ញាប៉ុន្តែទោះយ៉ាងណាក៏ដោយ កញ្ញាបន្តថា «បើសិនជាយើងអត់មានការលំបាកទេក៏យើង អត់មានជោគជ័យដូចថ្ងៃហ្នឹងដែរ»។ នៅក្នុងទិវានារីអន្តរជាតិ០៨ មីនា នេះកញ្ញាចង់ឲ្យស្រ្តីទាំងអស់គ្នាក្រោកឈរឡើង ធ្វើអ្វីដែលខ្លួនស្រឡាញ់។ «ស្រ្តីទាំងអស់គ្នា យើងគួរតែក្រោកឈរដើម្បីយើងធ្វើអ្វីដែលខ្លួនឯងស្រឡាញ់។ មិនថាបុរសមិនថាស្រី្តគឺមានសិទ្ធិស្មើគ្នាដើម្បីយើងក្រោកឈរទៅដល់ចំណុចគោលដៅដូចគ្នា មិនថាប្រុសគាត់អាចធ្វើបាន យើងក៏អាចធ្វើបានដែរ»។(រូបភាពផ្តល់ឲ្យ)
សាំង សុចិន្តា អាយុ៥៤ឆ្នាំ ប្រធានការិយាល័យស្រាវជ្រាវនៃវិទ្យាស្ថានអប់រំជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។ អ្នកគ្រូបង្រៀនគរុកោសល្យ ដែលមានបទពិសោធន៍ជាង២០ឆ្នាំនេះ បានប្រាប់VOA កាលពីរសៀលថ្ងៃចន្ទនេះថា ស្រ្តីជាអ្នកអប់រំសំខាន់ណាស់ ហើយស្រ្តីជាអ្នកចូលរួមកសាងសេដ្ឋកិច្ចផងដែរ។ អ្នកគ្រូ សុចិន្តា មានទឹកចិត្តសោមនស្សក្នុងការបង្រៀន ដោយសារអ្នកគ្រូអាច ចែករំលែកចំណេះដឹងដល់ក្មេងជំនាន់ក្រោយដើម្បីអភិវឌ្ឍប្រទេស ទោះបីជាការងារជាគ្រូបង្រៀនមិនទទួលបានប្រាក់បៀវត្សច្រើនក្តី។ អ្នកគ្រូបានផ្ញើសារទៅកាន់ស្រ្តីទាំងឡាយ កុំឲ្យពួកគេអស់សង្ឃឹម។ «នារីទាំងអស់ត្រូវចេះចូលរួមក្នុងសង្គម ដើម្បីអភិវឌ្ឍហើយកុំបាក់ទឹកចិត្តកុំអស់សង្ឃឹម។ ត្រូវមានសង្ឃឹមជានិច្ចដើម្បីចូលរួមអភិវឌ្ឍប្រទេសយើង»។ (ទុំ ម្លិះ/VOA)
ចាន់ ផល្លាប អាយុ៣៦ឆ្នាំ ជាកម្មករសំណង់អគារ Diamond Twin Tower នៅកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។ ផល្លាបមានស្រុកកំណើតនៅខេត្តកំពង់ចាម អ្នកស្រីទើបតែត្រឡប់មកពីប្រទេសថៃវិញអស់រយៈពេលពីរឆ្នាំ។ ទោះបីជាការងារសំណង់នេះជាការងារមួយដែលគេគិតថាមិនសាកសមនឹងស្រ្តី អ្នកស្រីបាននិយាយប្រាប់ VOA ថាបុរសក៏មិនអាចធ្វើការងារនេះដោយគ្មានស្រ្តីបានដែរ។ អ្នកស្រីបានបន្តថា ដើម្បីចិញ្ចឹមគ្រួសារនិងកូន អ្នកស្រីនិងស្វាមីត្រូវតែចេញមកធ្វើការទាំងពីរនាក់។ «បើរកតែឯងវាអត់សល់ ណាកូនផងអីផង បើរកទាំងអស់គ្នាទៅវាទប់គ្នា»។ (ទុំ ម្លិះ/VOA)
កម្មករសំណងនារីបីនាក់ឈរថតរូបនៅអគារកំពុងសាងសង់មួយនៅកោះពេជ្ររាជធានីភ្នំពេញប្រទេសកម្ពុជាកាលពីថ្ងៃទី០៥ មីនា ២០១៨។(ទុំ មិ្លះ/VOA)
ងន សុខនៅ អាយុ៣៣ឆ្នាំ គឺជាកម្មករសម្អាតទីធ្លាសាធារណៈនៃក្រុមហ៊ុនស៊ីនទ្រី។ អ្នកស្រី បានប្រាប់ VOA ថា ការចូលរួមរបស់អ្នកស្រីក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ដើរតួនាទីសំខាន់ណាស់ ដើម្បីអនាគតកូន និងក្រុមគ្រួសាររបស់អ្នកស្រី។ មានកូនប្រុសម្នាក់អាយុ១១ឆ្នាំ នៅក្រោមបន្ទុក អ្នកស្រី សុខនៅ យល់ថា ការដែលបុរសនិងស្ត្រី ជាប្តីប្រពន្ធមានតួនាទីស្មើគ្នាក្នុងការរកប្រាក់ចំណូល គឺជាកត្តាមួយដែលជួយឲ្យគ្រួសារនោះមានភាពសាមគ្គីគ្នា។ «[ពេល]ឃើញស្ត្រីធ្វើការ [ហើយ]ពេលរកបានលុយកាក់ គ្រួសារចេះស្រឡាញ់គ្នា មិនចេះឈ្លោះគ្នា ចេះសាមគ្គីគ្នា។ [តស៊ូ] ដើម្បីកូន ដើម្បីប្តី ដើម្បីខ្លួនឯងតទៅមុខ»។ (ទុំ ម្លិះ/VOA)
មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយកាលពីខែវិច្ឆិកា បានប្រាប់ VOA ថា ស្រ្តីគួរតែចូលរួមក្នុងវិស័យនយោបាយ ដោយសារតែនយោបាយនិយាយអំពីជីវិត សិទ្ធ ស្ថានការក្នុងប្រទេសនិងគ្រួសារ ហើយកម្ពុជាក៏មានស្រ្តីចូលរួមជាង៣០ឆ្នាំមកហើយតាំងពីថ្នាក់មូលដ្ឋាន។ ក្នុងនាមជាស្រ្តីក្នុងឆាកនយោបាយមួយរូប អ្នកស្រីនិយាយថា «ស្រ្តីត្រូវតែចូលរួមរិតតែស្វះស្វែងទៅទៀត ដើម្បីឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់ស្រ្តី។ ហើយទិវានារីអន្តរជាតិ ការតស៊ូនេះជាការតស៊ូប្រចាំថ្ងៃ មិនមែនតែសម្រាប់តែទិវានារីអន្តរជាតិទេ»។
អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិបង្ក្រាបការជួញដូរមនុស្ស និងផ្លូវភេទលើស្ត្រី និងកុមារ ថ្លែងប្រាប់ VOA ថា ស្រ្តីនិងបុរសគឺមានសិទ្ធស្មើគ្នា ប៉ុន្តែអ្នកស្រីចង់ឲ្យពួកគេប្រឹងប្រែងចូលរួមឲ្យខ្លាំងទ្វេដង ដើម្បីទទួលបានវិសមភាព។ «ស្រ្តីគឺកម្លាំងពាក់កណ្តាលនៃ បុរស អ៊ីចឹងវាចាំបាច់ណាស់ដែលត្រូវតែមានស្រ្តីចូលរួមនៅតាមបណ្តាវិស៏យទាំងឡាយ»។
ស្រ្តីឆ្នើមទាំងបីរួបបានទទួលពានរង្វាន់ក្នុងក្នុង«កម្មវិធីស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា២០១៨» ថតរូបជាមួយកញ្ញាកែវ គូនីឡានាយកគ្រប់គ្រងនៃក្រុមហ៊ុន REDHILL Asia។ ពីឆ្វេង កញ្ញា ចន្ទ ពេញល័ក្ខ ទទួលពានរង្វាន់ស្រ្តីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម ឬសហគមន៍ អ្នកស្រី ហ្វាត ស៊ីអែម វិស្វករនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ ពានរង្វាន់វិស្វករស្រ្តីជោគជ័យក្នុងជំនាញបច្ចេកវិទ្យា និង កញ្ញា ឡុង លក្ខិណា ស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូន «ជូនអ្នក» ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា។ (ទុំ ម្លិះ/VOA)