បទ​សម្ភាសន៍​ VOA៖ ការ​គាប​សង្កត់​សេរីភាព​លើ​បណ្ដាញ​អ៊ីនធឺណិត​ទំនង​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រោក​ឡើង​ប្រឆាំង

Your browser doesn’t support HTML5

អ្នក​ជំនាញការ​អាមេរិកាំង​ខាង​សេរីភាព​តាម​បណ្ដាញ​អ៊ីនធឺណិត បាន​លើកឡើង​ថា និន្នាការ​នៃ​ការ​គាបសង្កត់​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​អ្នក​សម្ដែង​មតិ​ប្រឆាំង​ឬ​រិះគន់​ នឹង​បន្ត​កើន​ឡើង​នៅ​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៨​ខាង​មុន​នេះ។ ប៉ុន្តែ អ្នក​ជំនាញ​រូប​នេះ ព្រមាន​ថា ការ​ប៉ុនប៉ង​របស់​រដ្ឋាភិបាល​ណាមួយ​ក្នុង​ការ​គាបសង្កត់​​លើ​សេរីភាព​តាម​បណ្ដាញ​អ៊ីនធឺណិត ទំនង​ជា​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ឲ្យ​ក្រោក​ឡើង​ប្រឆាំង​រដ្ឋាភិបាល​វិញ។ លោក សាយ មុន្នី​ នៃ​វីអូអេ បាន​សម្ភាសន៍ លោក Mike Godwin អ្នក​ជំនាញ​ខាង​សេរីភាព​និង​ច្បាប់​តាម​បណ្ដាញ​អ៊ីនធឺណិត ហើយ​រាយការណ៍​ថា​ការ​លើកឡើង​របស់​អ្នក​ជំនាញ​រូប​នេះ​ធ្វើ​ឡើង ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​បង្ក្រាប​ទៅលើ​ក្រុម​ប្រឆាំង​និង​អ្នក​​ទិតៀន​ជាបន្តបន្ទាប់​ដូច​ជា​ការ​បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​NDI និង​ការ​បិទ​សារព័ត៌មាន​ឯករាជ្យ​​មួយ​ចំនួន​រួម​មាន​The Cambodia Daily និង​វិទ្យុ​អាស៊ី​សេរី​ក្នុង​ប្រទេស​កម្ពុជា​ជាដើម។ សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​​រវាង​លោក សាយ មុន្នី និង​លោក Mike Godwin ដូចតទៅ៕