រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ​NDI ​និង​បណ្ដេញ​បុគ្គលិក​បរទេស​​ក្នុង​រយៈ​ពេល​​៧ថ្ងៃ

គេហទំព័រដើម​​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការពង្រឹង​លទ្ធិប្រជាធិប្បតេយ្យ​នៅ​កម្ពុជា។ (រូបភាព​ដកស្រង់​ចេញ​ពី​គេហទំព័រ)

អាជ្ញាធរ​កម្ពុជា​សម្រេច​បញ្ឈប់​សកម្មភាព​​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ​(NDI)​ ​ទាំង​ស្រុង​ក្នុង​ប្រទេស​ ​ដើម្បី​ធានា​ការ​អនុវត្ត​ត្រឹមត្រូវ​ ​និង​ប្រសិទ្ធភាព​​​ច្បាប់​ ​ពង្រឹង​នីតិរដ្ឋ​ ​និង​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា។​​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស។

​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ ​បាន​សម្រេច​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ​(NDI)​ ​ដែល​ជា​អង្គការ​មួយ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​ ​ដោយលើក​ឡើង​ថា​ ​ការ​បិទ​នេះ​ដោយសារ​ ​NDI​ ​មិន​បាន​គោរព​ច្បាប់​កម្ពុជា។​ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម​ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លើក​ឡើង​ថា​ ​ការ​បិទ​វិទ្យាស្ថាន​ NDI​ ​នេះ​ ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ ទី​២៣​ ​ខែ​សីហា​នេះ ​ឱ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា​សម្រេច​បញ្ឈប់​សកម្មភាពរបស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ​(NDI)​ ​ទាំង​ស្រុង​ក្នុង​ប្រទេស​ ​ដើម្បី​ធានា​ការ​អនុវត្ត​ត្រឹមត្រូវ​ ​និង​ប្រសិទ្ធភាព​ច្បាប់​ ​ពង្រឹង​នីតិរដ្ឋ​ ​និង​គោរព​អធិបតេយ្យភាព​របស់​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ដែល​ VOA ទទួល​បាន​នៅ​ថ្ងៃ​ពុធ​នេះសរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«បន្ទាប់​ពី​បាន​ពិចារណា​ និងពិភាក្សា​គ្នា​យ៉ាង​ហ្មត់ចត់​ក្នុង​កិច្ច​ប្រជុំ​ជា​បន្ត​បន្ទាប់​មក​ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា​ ​បាន​ឈាន​ដល់​ការ​សម្រេច​បញ្ឈប់​នូវ​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ​(NDI)​ ​និង​បណ្តេញ​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​នេះ​ចេញពី​ព្រះ​រាជាណាចក្រ​កម្ពុជា ក្នុង​រយៈ​ពេល​៧​ថ្ងៃ​ ​បន្ទាប់ពី​ការ​ជូន​ដំណឹង​ជា​ផ្លូវ​ការ​អំពី​សេចក្តី​សម្រេច​នេះ»។

ក្រសួង​ការបរទេស​ក៏​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​នោះ​ផង​ដែរ​ថា​ ​ការ​សម្រេច​បិទ​វិទ្យាស្ថាន​ ​NDI​ ​ដោយ​យោង​លើច្បាប់​ស្តី​ពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​ច្បាប់​ស្តី​ពី​សារពើពន្ធ។​ ​ក្នុង​នោះ​ក្រសួង​ក៏​បាន​ព្រមាន​ថា​ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេចក្នុង​ការ​ចាត់​វិធានការ​ស្រដៀង​គ្នា​នេះ​ផង​ដែរ​ ​ចំពោះ​សមាគម​ ​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្សេង​ទៀត​ ដែល​មិន​គោរព​ច្បាប់​ស្តី​ពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​ច្បាប់​ផ្សេងៗ​ទៀត​របស់​កម្ពុជា។​

VOA​ មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​លម្អិត​ពី​ ​លោក​ ជុំ សុន្ទរី​ អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

ចំណែកនាយក​កម្មវិធី​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ប្រចាំ​កម្ពុជា​ ​លោក​ ចន ខាវ៉ាណូហ៍​ (John Cavanaugh)​ ​ក៏​មិន​បាន​ឆ្លើយ​តប​សារ​អេឡិចត្រូនិក​ ​ឬ​អ៊ីមែល​របស់ VOA ដែរ​ រហូត​ដល់​ល្ងាច​ថ្ងៃ​ពុធ​នេះ​ ​ស្រប​ពេល​ដែល​ការិយាល័យ​របស់​ ​NDI​ ​ដែល​មាន​អាសយដ្ឋាន​ក្នុង​សង្កាត់​ចតុមុខ​ ​ខណ្ឌ​ដូន​ពេញ​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្តិត​យក​រូបភាព​ ​ឬ​សួរ​នាំ​ព័ត៌មាន​នោះ​ទេ។

វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ​(NDI)​ ​បង្ហាញ​ថា​ ​NDI​ ​ដែល​មាន​ស្នាក់ការ​កណ្តាល​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​សហរដ្ឋ​អាមេរិក បាន​ចាប់​ផ្តើម​ការងាររបស់​ខ្លួន​នៅ​កម្ពុជា​ ​តាំង​ពី​ឆ្នាំ​១៩៩២​ ​ដោយ​បាន​ធ្វើការ​ជាមួយ​គណបក្ស​នយោបាយ​កម្ពុជា​ ​សង្គម​ស៊ីវិល​ ​និង​ប្រជាពល​រដ្ឋ​កម្ពុជា​ ​ដើម្បី​ជំរុញ​ឲ្យ​មាន​អភិបាល​កិច្ច​ដែល​មាន​តម្លាភាព​ ​និង​ការ​ចូលរួម​នយោបាយ​ ​សម្រាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា។​ ​វិទ្យាស្ថាន​នេះ​បាន​គាំទ្រ​ដល់​ការ​អនុម័ត​ក្រមសីលធម៌​គណបក្ស​នយោបាយ​ក្នុង​សហគមន៍​ ​ការ​អភិវឌ្ឍ​តួនាទី​ស្រ្តី​ក្នុង​គណបក្ស​ ​និង​មន្រ្តី​ជាប់​ឆ្នោត​ ​និង​គំនិត​ផ្តួចផ្តើម​ដើម្បី​តាមដាន និង​កែទម្រង់​ដំណើរ​ការ​បោះឆ្នោត។​ ​បច្ចុប្បន្ន​ ​NDI​ ​កំពុង​តែ​អនុវត្ត​នូវ​កម្មវិធី​រយ:ពេល​៥​ឆ្នាំ​ ​ដើម្បី​ពង្រឹង​តួនាទី​របស់​ពលរដ្ឋ​ក្នុង​ដំណើរការ​នយោបាយ​ ​បង្កើត​លំហ​ ​សម្រាប់​ការចូលរួម​នយោបាយ​ដោយ​ស្ថាបនា​ ​និង​ពង្រឹង​លើកស្ទួយ​គណនេយ្យភាព​របស់​រដ្ឋាភិបាល​ឲ្យ​កាន់​តែ​ធំ​ទូលាយ។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ការបរទេស​ដែល​ចេញ​នា​ថ្ងៃ​ពុធ​ដដែល​នេះ​ ​អះអាង​ថា ចាប់​តាំង​ពីច្បាប់​ស្តីពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចូល​ជា​ធរមាន​ ​កាល​ពី​ខែ​សីហា​ ​ឆ្នាំ​២០១៥​ ​អង្គការ​ ​NDI​ ​បាន​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​មិន​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ការ​បរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​រហូត​ដល់​អង្គការ​នេះ​បាន​ដាក់​ពាក្យ​ស្នើ​ចុះ​បញ្ជី​នៅ​ថ្ងៃ​ទី២១​ ​ខែ​មិថុនា​ ​ឆ្នាំ​២០១៦។​ អំឡុង​ពេល​រង់ចាំ​ការសម្រេច​របស់​ក្រសួង​លើ​ពាក្យ​ស្នើ​សុំ​នេះ​ ​អង្គការ NDI​ ​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន​ដោយ​មិន​គិតគូរ​អំពី​ការ​គោរព​ច្បាប់។​

លោកស្រី​ ចក់ សុភាព​ ​នាយិកា​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ប្រាប់​ ​VOA​ ​ថា​ ​ការ​បិទ​វិទ្យាស្ថាន​ ​NDI​ ​ដែល​ជា​អង្គការ​ធ្វើ​ការ​ជាមួយ​គ្រប់​គណបក្ស​នយោបាយ​ ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ​ ​នឹង​ធ្វើ​ឲ្យ​ដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ​ ​ព្រម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បុគ្គលិក​ដែល​កំពុង​ធ្វើ​ការ​នៅ​ទីនោះ។​

រូបឯកសារ៖ លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រាប់ VOA ថា ក្រោយបញ្ចប់កិច្ចពិភាក្សាពាក់ព័ន្ធនឹងសំឡេងយុវជនក្នុងនយោបាយកម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។ (កាន់ វិច្ឆិកា/VOA)

លោកស្រី​ ​ចក់ សុភាព​ ​បញ្ជាក់​ថា៖ ​

«បើ​សិន​ជា​មក​ដល់​ដំណាក់កាល​នេះ​ ​ដែល​ប្រទេស​យើង​បាន​ឈាន​ច្រើន​ជំហាន​ហើយ​ ​ហើយ​យើង​បែរ​ជា​បិទ​អង្គការ​ ​ហើយ​បែរ​មាន​ការ​គំរាម​ច្រើន​ ​ហើយ​ដែល​ធ្វើ​ឲ្យ​លំហ​ប្រជាធិបតេយ្យ​កាន់តែ​រួម​តូច​ទៅ​ ​ខ្ញុំ​មើល​ទៅ​យើង​មិន​បាន​សម្រេច​នូវ​គោលដៅ​របស់​យើង​ក្នុង​ការ​ធានា​ឲ្យ​ប្រទេស​កម្ពុជា​ មាន​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នោះ​ទេ»។​

លោកស្រី ​ចក់ សុភាព​ បន្ថែម​ថា​ ​រដ្ឋាភិបាល​មិន​គួរ​សម្រេច​បិទ​វិទ្យាស្ថាន​ ​NDI​ ​យ៉ាង​លឿន​ដោយ​មិន​មាន​ការ​ពិភាក្សា​ ​ឬ​ផ្តល់​ពេល​វេលា​ដើម្បី​ឲ្យ​អង្គការនោះ​បកស្រាយ ឬ​ឆ្លើយ​តប​លើ​ការ​ចោទ​ប្រកាន់ណា​មួយ​បែប​នេះ​នោះ​ទេ។​ លោកស្រី​ ​បន្ថែម​ថា ​NDI​ បាន​ស្នើ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​ជា​អង្គការ​អន្តរជាតិ​ជាមួយ​ក្រសួង​ការ​បរទេស​ ​តាំងពី​ខែ​មិថុនា​ ​ឆ្នាំ​២០១៦​ ​ប៉ុន្តែ​លោកស្រី​ថា​ ក្រសួង​មាន​ភាព​យឺតយ៉ាវ​រហូត​ដល់​ពេល​នេះ។​

ការ​ប្រកាស​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ​(NDI)​ ​កើត​ឡើង​បន្ទាប់​ពី​បណ្ដាញ​សារ​ព័ត៌មាន​ហ្វ្រេសញូវស៍​ ​(Fresh News)​ ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ បាន​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់​តាំង​ពី​សប្ដាហ៍​មុន​ ​នូវ​អត្ថបទ​ព័ត៌មាន​ថា​ ​NDI​ ​បាន​រៀបចំ​យុទ្ធសាស្ត្រ​ជួយ​គណបក្ស​ប្រឆាំង​ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច។​

​សារព័ត៌មាន​ដែល​តែងតែ​សរសេរ​គាំទ្រ​រដ្ឋាភិបាល​ដដែល​នោះ​ ​បានផ្សព្វផ្សាយ​ក្នុង​អត្ថបទរបស់ខ្លួនថា ​ពួក​គេ​ទទួល​បាន​ឯកសារមួយ​ចំនួន​ដែល​បាន​បែក​ធ្លាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ពាក់ព័ន្ធ​នឹង​ការ​បណ្តុះបណ្តាល​របស់​ ​NDI​ ​រៀបចំ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ ​កាលពី​ខែ​មីនា​ ​ដើម្បី​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​ ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ។​

VOA​ ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ​ ​នា​រសៀល​ថ្ងៃពុធ​នេះ៕​