បទ​សម្ភាសន៍ VOA៖ និស្សិត​ស្រី​មក​ពី​ជនបទ​ម្នាក់​ជម្នះ​ផ្នត់​គំនិត​ចាស់​បុរាណ​លើ​ស្ត្រី និង​ការ​អប់រំ

Your browser doesn’t support HTML5

គំនាប​នៃ​ផ្នត់​គំនិត​ចាស់​បុរាណ​លើ​ស្ត្រី និង​ការ​អប់រំ នៅ​តែជា​ឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ផ្សេងៗ​ទៀត ដែល​សិស្ស​និង​និស្សិត​ស្រី​ជា​ច្រើន​នាក់​នៅ​តាម​តំបន់​ជន​បទ​បន្ត​ជួប​ប្រទះ។ ហើយ​នេះ​គឺជា​បញ្ហា​មួយ​ដែល ​កញ្ញា លេន សៀវឡាន និស្សិត​ឆ្នាំ​ទី៣​ខាង​ផ្នែក​កិច្ចការ​អន្តរជាតិ នៃ​សាកល​វិទ្យាល័យ​ American University of Phnom Penh បាន​ជួប​ប្រទះ នៅ​ពេល​ដែល​នាង​បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​សិក្សា​នៅ​វិទ្យាល័យ​១០មករា ១៩៧៩ នៅ​ទីរួម​ខេត្ត​សៀមរាប ពី​ស្រុក​ពួកនៅជាយ​ខេត្តសៀមរាប។ កញ្ញា សៀវឡាន បាន​ជម្នះ​គំនាប​នេះ រហូត​ដល់​ទទួល​បាន​ឱកាស​មក​រៀន​ថ្នាក់​មហាវិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ American University of Phnom Penh និង​អាហារូបករណ៍​ពី​មូលនិធិ Harpswell Foundation។ ថ្មីៗ​នេះ កញ្ញា លេន សៀវឡាន ​ទើប​តែ​បញ្ចប់​កម្មវិធី​សិក្សា​មួយ​ឆមាស​នៅ​សាកល​វិទ្យាល័យ American University នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្រោយ​ពី​នាង​បាន​ជាប់​ជា​បេក្ខជន​ម្នាក់​ក្នុង​កម្មវិធី Global Undergraduate Exchange Program របស់​ក្រសួង​ការបរទេស​អាមេរិក។ នាង​ ទែន សុខស្រីនិត នៃ VOA បាន​សម្ភាស​កញ្ញា លេន សៀវឡាន អំពី​ការ​សិក្សា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​ការ​ជម្នះ​លើ​គំនាប​នៃ​ផ្នត់​គំនិត​ចាស់​បុរាណ​លើ​ស្ត្រី និង​ការ​អប់រំ។ សូម​លោក​អ្នក​នាង​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូចតទៅ៕