គណបក្ស​ប្រឆាំង​​កំណត់​យក​លោក​កឹម ​សុខា​ជា​បេក្ខភាព​ប្រធាន​បក្ស

លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិដើរចេញពីការិយាល័យចុះឈ្មោះបោះឆ្នោតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ ២០១៦។(កាន់ វិច្ឆិកា/VOA)

គណបក្ស​សង្រ្គោះជាតិសម្រេច​ដាក់​លោក កឹម​ សុខា ​ជា​បេក្ខភាព​ប្រធាន​ និង​មន្រ្តី​ជាន់​ខ្ពស់​៣​រូប​ផ្សេង​ទៀត​ជា​បេក្ខភាព​អនុប្រធាន។ ​បេក្ខភាព​អនុប្រធានដែល​នឹងត្រូវ​ជ្រើស​រើស​ជា​អនុប្រធាន​គណបក្ស​ទាំង​៣​រូប​ នោះ​មាន​មួយ​រូប​ជា​ស្រ្តី។​

គណបក្ស​ប្រឆាំង​បាន​កំណត់​យកលោក​ កឹម​ សុខា​ ដែល​ជា​អនុប្រធាន​គណបក្សក្នុង​ពេល​បច្ចុប្បន្ន ​ជា​បេក្ខភាព​ប្រធាន​ និង​មន្រ្តី​ជាន់​ខ្ពស់​ចំនួន​៣​រូប​ផ្សេង​ទៀត​ ជា​បេក្ខភាព​អនុប្រធាន​ ដើម្បី​ដឹកនាំ​គណបក្ស។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សុន​ ឆ័យ​ តំណាងរាស្រ្ត​គណបក្សសង្គ្រោះ​ជាតិ។​

លោក​ សម ​រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ បាន​លាលែង​ចេញ​ពី​តំណែង​កាលពី​ថ្ងៃ​ទី​១១ ​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ។លោក​បាន​អះអាង​ថា​ ការ​សម្រេច​លាលែង​ពី​តំណែង​របស់​លោក​ គឺ​ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង។

ការ​លាលែង​របស់​អតីត​មេ​បក្ស​ប្រឆាំង​ដែល​រុំព័ទ្ធ​ដោយ​បណ្ដឹង​ដែលបាន​ប្ដឹង​ដោយ​មេដឹកនាំ​ធំៗ​ របស់​គណបក្សកាន់​អំណាច​នេះ ​កើត​ឡើង​តែ​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បានបញ្ជា​ឲ្យ​ក្រុម​ការងារ​របស់​លោក​ កែប្រែ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ ដោយ​កំណត់​ថា ​ប្រធាន​ ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍។

លោក​ សុន​ ឆ័យ ​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ VOA​ ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​អចិន្ត្រៃយ៍ផ្ទៃ​ក្នុង​គណបក្ស​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា​ គណបក្ស​សម្រេច​ដាក់​លោក កឹម​ សុខា ​ជា​បេក្ខភាព​ប្រធាន​ និង​មន្រ្តី​ជាន់​ខ្ពស់​៣​រូប​ផ្សេង​ទៀត​ជា​បេក្ខភាព​អនុប្រធាន។ ទោះជាយ៉ាងណា ​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​របស់​អនុ​ប្រធានទាំង​៣​រូប​នោះ​ទេ​ ដោយ​លោក​គ្រាន់​តែ​ថា ​បេក្ខភាព​អនុប្រធានដែល​នឹងត្រូវ​ជ្រើស​រើស​ជា​អនុប្រធាន​គណបក្ស​ទាំង​៣​រូប​ នោះ​មាន​មួយ​រូប​ជា​ស្រ្តី។​

លោក ​សុន​ ឆ័យ​ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ជ្រើសរើស​បេក្ខភាព​អនុប្រធានចំនួន​៣​នាក់​នោះ​ទេ។ លោកថា​ ការ​សម្រេច​ជ្រើសរើស​ប្រធាន​ និង​អនុប្រធាន​គណបក្សមុន​កាល​កំណត់​នេះ​ ដោយសារ​គណបក្ស​ត្រូវ​ការ​មេដឹកនាំដើម្បី​បំពេញ​លក្ខខណ្ឌ​ផ្សេងៗ​ក្នុង​ពេល​បោះឆ្នោត​ខាង​មុខ​ និង​ដើម្បីឲ្យ​គណបក្ស​មាន​ភាព​ស្រប​ច្បាប់​ មុន​នឹង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ថ្មី​ចូល​ជា​ធរមាន។ លោក​បន្ថែម​ថា មេដឹកនាំ​ថ្មី​ដែល​នឹង​ត្រូវ​ជ្រើស​រើស​ក្នុង​សមាជ​គណបក្ស​នា​ថ្ងៃ​ទី​២​ ខែ​មីនា​ខាង​មុខ​នេះ​ នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ដឹក​នាំ​គណបក្ស​បានល្អ​ដូច​ធម្មតា។​

លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទស្តីពីការមិនចូលរួមប្រជុំវិសាមញ្ញជាមួយក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

លោក​មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា៖

«យើង​ជា​គណបក្ស​មួយ​ដែល​តែងតែ​មាន​ទម្លាប់​ទទួល​ខុស​ត្រូវ​លើ​ការងារ​របស់​គណបក្ស​ ក៏​ដូច​ជា​ការ​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។ ដូច្នេះ​ខ្ញុំថា​នឹង​មិន មាន​អី​ប្រែប្រួល​ទេ​ ហើយ​ការ​រៀបចំ​នេះ​គឺ​ក៏​អាច​ធានា​ការ​ពី​ឯកភាព​ផ្ទៃ​ក្នុង​របស់​គណបក្ស​ហ្នឹង​បាន​ល្អ​ផង​ដែរ»។

ក្រោយ​ពី​លោក​ សម ​រង្ស៊ី ​បាន​លាលែង​ មន្រ្តី​ជាន់​ខ្ពស់​ផ្សេង​ទៀត​របស់​គណបក្ស​ប្រឆាំង​ រួម​មាន​លោក​ អ៊ុំ ​សំអាន​ តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ​មាជ សុវណ្ណារ៉ា ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ ព្រម​ទាំងលោក​ ហុង ​សុខហួរ​ និង​លោក​ស្រី​ ថាក់​ ឡានី​ ជា​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម​ រង្ស៊ី​ ក៏​បាន​លាលែង​ជា​បន្ត​បន្ទាប់។​ ពួកគេ​សុទ្ធ​តែ​កំពុង​រង​ការ​ចោទ​ប្រកាន់ ឃុំ​ខ្លួន​ និង​ខ្លះ​ទៀត​ត្រូវ​បាន​កាត់​ទោស​ និង​ខ្លះ​ទៀត​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។​

លោក​ មាស ​នី ​អ្នក​វិភាគ​ពី​ការ​អភិវឌ្ឍ​សង្គម​យល់​ថា​ ការ​រៀបចំ​ជ្រើសរើស​មេដឹកនាំ​ថ្មី​របស់​គណ​បក្សប្រឆាំង​ គឺ​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ និង​ការ​បោះឆ្នោត​ជាតិ​ក្នុង​ពេល​ខាង​មុខ។

លោក​បញ្ជាក់​ថា៖

«បើ​យើង​មើល​ទៅ​វា​ជា​ការ​វិវត្ត​មួយ​ទៀត​ដើម្បី​ឆ្លើយ​តប​ទៅ​ស្ថានភាព​ថ្មី​ ហើយ​ខ្ញុំ​គិត​ថា​នេះ​ក៏​ជា​វិធីសាស្រ្ត​មួយ​ដែល​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​តែ​រៀប​ចំខ្លួន​ ព្រោះ​អី​សង្គ្រោះ​ជាតិ​នៅ​តែ​មាន​ការ​គិត​ថា ​ពី​ពេល​នេះ​ទៅ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ វា​នឹង​អាចមាន​ព្យុះ​ធំៗ​ទៀត​ដែល​នឹងបោក​បក់​លើសង្គ្រោះ​ជាតិ។​ អញ្ចឹង​ការ​ដែល​រៀប​ចំ​នេះក៏​ជា​ផ្នែក​មួយ​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សង្គ្រោះ​ជាតិ ​ដើម្បីរក្សា​ក្បាល​ម៉ា​ស៊ីន​របស់​គណបក្ស​ឲ្យ​នៅ​តែ​មានដំណើរការ​ជា​ប្រក្រតី​ ទោះ​បី​ជា​មាន​ព្យុះ​ភ្លៀងផ្គរ​យ៉ាង​ណា​ក៏​ដោយ»។

លោក​ មាស ​នី ​បន្ថែម​ថា ​ការ​រៀប​ចំ​មេ​ដឹកនាំ​ថ្មី​របស់គណបក្ស​សង្គ្រោះជាតិ​ នឹង​អាច​មាន​ភាព​ប្រសើរ​ឡើង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នយោបាយ​ដែល​កំពុង​កើត​មាន ​ឬ​យ៉ាង​ណា​នោះ ​គឺ​សម្រេច​លើ​ការអនុវត្ត​ និង​ការ​ដឹកនាំ​របស់​មេ​ដឹកនាំ​ថ្មីៗ​ទាំង​នោះ។​

គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថា​ នឹងបើក​សមាជ​មួយនៅ​ព្រឹកថ្ងៃ​ទី​០២​ ខែ​មីនា ខាង​មុខ​នេះ​ ដើម្បី​ជ្រើស​រើសប្រធាន​ និង​អនុប្រធាន​ថ្មី​របស់​គណបក្ស៕​