ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ថា ការ​លាលែង​ពី​តំណែង​របស់​លោក​សម រង្ស៊ី​ជា​គំរូ​ល្អ

  • ហ៊ាន សុជាតា

រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក កឹម សុខា (ស្តាំ) អនុ​ប្រធាន​គណបក្ស ក្នុង​ពេល​ថ្លែង​សុន្ទរកថា​មួយ​នៅ​ក្នុងការ​ជួបជុំ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ខាងមុខ​រដ្ឋសភា​​ជាតិ នៅ​ថ្ងៃ​ទី១០ ខែឆ្នូ ឆ្នាំ២០១៤។

លោក​ព្រំ សុធី ​វ័យ​៦៤​ឆ្នាំ​ ដែល​ជា​អ្នក​បើក​រ៉ឺម៉ក​កង់បី​ក្នុង​រាជធានី​ភ្នំពេញ​ គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​លោក​សម រង្ស៊ី។ ​លោក​ចាត់ទុក​ថា​ ការ​សម្រេច​ចិត្ត​នេះ​គឺ​ជា​រឿង​ត្រឹមត្រូវ។​

ការ​ប្រកាស​លាលែង​ពី​តំណែង​របស់​លោក​សម រង្ស៊ី ​ជាប្រធាន​គណបក្ស​ប្រឆាំងកាល​ពី​ថ្ងៃ​សៅរ៍​ គឺ​ជា​ការ​ភ្ញាក់ផ្អើល​ថ្មី​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ ​អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ​ អ្នក​គាំទ្រ​រូប​លោក ​និង​ជា​ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ។ ​

ពលរដ្ឋ​កម្ពុជា​ខ្លះ​យល់​ថា​ ការ​បោះបង់​តំណែង​ជា​ប្រធាន​គណបក្ស​នេះ​គឺ​ជា​គំរូ​ល្អ​មួយ​ ដែល​បញ្ជាក់​ថា​មេ​ដឹកនាំ​រូប​នេះ​មិន​ក្រាញ​អំណាច​នៅ​ក្នុង​ដៃ​ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្លះ​ទៀត​យល់​ថា​ លោក​សម រង្ស៊ី ​បាន​បោះបង់​អ្នក​គាំទ្រ​របស់​លោក​ ខណៈការ​បោះឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។​

លោកសម រង្ស៊ី​ថ្លែងតាមប្រព័ន្ធ skype ថា៖​

«ការ​លាលែង​របស់​ខ្ញុំ​នេះ​គឺ​ដើម្បី​ការពារ​គណបក្ស។​ បើ​ខ្ញុំ​នៅ​ធ្វើ​ជា​ប្រធាន​ហើយ​បើ​គណបក្ស​ត្រូវ​គេ​រំលាយ​ តើ​វា​មាន​ន័យ​អី? វា​ខូច​ខាត​ដល់​ផល​ប្រយោជន៍​យើង​ ផល​ប្រយោជន៍​គណបក្ស ​ផល​ប្រយោជន៍​ជាតិ។​ យើង​ចង់​បាន​អី?​ យើង​ចង់​បាន​ការ​បោះឆ្នោត​ ដោយសារ​យើង​ចង់​បាន​ការ​ផ្លាស់ប្តូរ។​ ការ​ផ្លាស់ប្តូរ​តាម​រយៈ​ការ​បោះឆ្នោត​…»។​

នេះ​គឺ​ជា​ការ​បកស្រាយ​របស់​លោក​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ ​ដែល​ឆ្លើយតប​ទៅ​នឹង​មន្ទិល​ និង​សំណួររបស់​សាធារណជន​ថា​ មូលហេតុ​អ្វី​បាន​ជា​លោក​សម រង្ស៊ី​ សម្រេច​ចិត្ត​ភ្លាមៗលាលែង​ពី​តំណែង​ជា​ប្រធាន​ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ។​

ការ​ប្រកាស​លាលែង​ពី​តំណែង​របស់​ប្រធាន​គណបក្ស​ប្រឆាំង​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​គឺ​ជា​ការ​ភ្ញាក់ផ្អើល​ថ្មី​មួយ​សម្រាប់​សហគមន៍​អន្តរជាតិ ​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ អ្នក​គាំទ្រ​រូប​លោក ​និង​ជា​ពិសេស​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូទៅ។​

លោក​ព្រំ សុធី ​វ័យ​៦៤​ឆ្នាំ​ ដែល​ជា​អ្នក​បើក​រ៉ឺម៉ក​កង់បី​ក្នុង​រាជធានី​ភ្នំពេញ​ គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​លោក​សម រង្ស៊ី។ ​លោក​ចាត់ទុក​ថា​ ការ​សម្រេច​ចិត្ត​នេះ​គឺ​ជា​រឿង​ត្រឹមត្រូវ។​

«ជា​គំរូ​ល្អ។​ មេដឹក​នាំ តែ​កាលណា​សុខ​ចិត្ត​លះបង់​ផ្ទាល់​ខ្លួន​ដើម្បី​ជាតិ​គឺ​ជា​ការ​ល្អ។​ អត់​មាន​អស់​សង្ឃឹម​ទេ ​ព្រោះ​គាត់​នៅតែ​ជា​តួអង្គ​អ្នក​នយោបាយ​មួយ​ដែល​ខ្ពស់​បំផុត​លើស​គេ។ ​គាត់​នៅ​តែ​មាន​ប្រជាប្រិយភាព​ជាង​គេ​ រឹតតែ​មាន​ប្រជា​ប្រិយភាព​រឹត​តែ​ខ្លាំង​ទៀត​ ដោយ​គាត់​ហ៊ាន​លះបង់​តំណែងដើម្បី​ជាតិ»។​

លោក​ម៉ៅ ផាត​ វ័យ​៦៩​ឆ្នាំ​ ដែល​ជា​អតីត​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ ហើយ​ដែល​ដឹង​អំពី​ការ​ស្នើ​ធ្វើវិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ បាន​ឲ្យ​ដឹង​ថា​ ដំបូង​ឡើយ​លោក​ក៏​មាន​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក​សម រង្ស៊ី​ដែរ។ ​ក៏​ប៉ុន្តែ​ ក្រោយ​មក​ លោក​មើល​ឃើញ​ថា​ ការ​សម្រេច​ចិត្ត​នេះ​អាច​ជួយ​ឲ្យ​គណបក្ស​ជំទាស់​នៅតែ​មាន​វត្តមាន​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​ នា​ពេល​ខាង​មុខ។​

«មតិ​ភាគ​ច្រើន​ ពីដំបូង​ហាក់​ដូចជា​មិន​ទាន់​យល់​ន័យ ​មាន​ការ​សោកស្តាយ​ដោយសារ​ប្រជាជន​ភាគ​ច្រើន​ស្រឡាញ់​ឯកឧត្តម​សម រង្ស៊ី។​ ប៉ុន្តែ​ក្រោយ​ពី​ការ​បង្ហាញ​ហេតុផល​មក​ ​វា​ស្រប​នឹង​កាលៈទេសៈ។​ គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​ច្បាប់​មក​ដើម្បី​រារាំង​មិន​ឲ្យ​មាន​គណបក្ស​នេះ​ក្នុង​ការ​បោះឆ្នោត។ គាត់​អបអរ​សាទរ​ទៅ​វិញ​ ដោយ​សង្ឃឹម​ថា​ នៅ​ពេល​អនាគត​នឹង​មាន​គណបក្ស​ប្រឆាំង​ប្រជែង​នឹង​គណបក្ស​ដែល​ប្រជាជន​មិន​ពេញ​ចិត្ត»។​

ការ​លាលែង​តំណែង​ភ្លាមៗ​របស់​លោក​សម រង្ស៊ី ​នេះ​កើត​មាន​ឡើង​ក្រោយ​ពេល​ក្រុម​អ្នក​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជាបាន​បញ្ចប់​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​កាល​ពី​សប្តាហ៍​មុន។ ​តាម​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ​សេចក្តី​ព្រាង​នេះ​កំណត់​ថា​ ទណ្ឌិត​មិន​អាច​ធ្វើ​ជា​ប្រធាន​គណបក្ស​នយោបាយ​បាន​ទេ​ ហើយ​គណបក្ស​នោះ​អាច​នឹង​ត្រូវ​បានរំលាយ​ ​ប្រសិន​បើ​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​នោះ​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងរ។​

លោក​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ កំពុង​រង​ការ​ចោទ​ប្រកាន់​ និង​ការ​ផ្តន្ទាទោស​ប្រមាណ​៧​ករណី។​ក្នុង​នោះ​ក៏​មាន​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ លោក​ហេង សំរិន ​ប្រធាន​រដ្ឋសភា​ និង​លោក​ហោ ណាំហុង ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស។​

កំពុង​ពិភាក្សា​គ្នា​ក្នុង​តូប​កាហ្វេ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មនុស្ស​មួយ​ចំនួន​កំពុង​អាន​ព័ត៌មាន​តាម​ទូរស័ព្ទ​ដៃ​ និង​មួយ​ចំនួន​ទៀត​កំពុង​អាន​កាសែត​ផង​នោះ​ លោក​ហ៊ុល សុវណ្ណរ័ត្ន​ វ័យ​៥៧​ឆ្នាំ​ ដែលជា​ម្ចាស់​ផ្ទះ​ជួល​ក្នុង​រាជធានី​ភ្នំពេញ​ ប្រាប់ ​VOA ​ថា​ ការ​សម្រេច​លាលែង​ពី​តំណែងរបស់​លោក​សម រង្ស៊ី​គឺ​សម​ស្រប​តាម​កាលៈទេសៈ​ដែល​ស្ថានភាព​នយោបាយ​មាន​ភាព​តានតឹង​ ហើយ​គណបក្ស​ជំទាស់​កំពុង​រង​ការ​គាប​សង្កត់។​

«មាន​ការ​សោកស្តាយ​ដែរ ​ដោយសារ​ឃើញ​ថា​ ចរិត ​ឥរិយាបទ​របស់​គាត់ ​ជា​ថ្នាក់​ដឹកនាំ​មួយ​ដែល​អាច​ទទួល​យក​បាន។​ ដល់​ពេល​ឮ​ដំណឹង​អកុសល​ថា​ គាត់​ត្រូវ​លាលែង​ពី​តំណែង​គឺ​ថា ​មាន​ការ​សោក​ស្តាយ។ ​ប៉ុន្តែ​ដល់​គិត​សព្វៗ​ វែង​ឆ្ងាយ​ទៅ​គឺ​ថា​ កាល​ណា​គាត់​មិន​ធ្វើ​អីចឹង​ទេ​ គេ​អាច​រំលាយ​គណបក្ស​ពេល​ណា​ក៏​បាន​ ព្រោះ​គាត់​មាន​ក្តីក្តាំ​ក្នុង​ប្រព័ន្ធ​តុលាការ​ដែល​គេ​ចោទ​ប្រកាន់»។​

លោក​សម រង្ស៊ី​ បាន​ចាប់​ផ្តើម​ជីវិត​នយោបាយ​របស់​លោក​ជាមួយ​គណបក្ស​ហ្វុនស៊ិនប៉ិច​របស់​សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ។ ​លោក​បាន​ក្លាយ​ជា​តំណាង​មួយ​រូប​របស់​កម្ពុជា​នៅ​សហ​ភាព​អឺរ៉ុប​កាល​ពី​ឆ្នាំ​១៩៨៩។ ​ក្នុង​ឆ្នាំ​១៩៩៣​ លោក​បាន​ត្រឡប់​មក​កម្ពុជា​វិញ ​ហើយ​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ ខណៈ​លោក​ត្រូវ​បាន​ជ្រើស​រើស​ជា​តំណាង​រាស្រ្ត​មណ្ឌល​សៀមរាប។

ក្នុង​ឆ្នាំ​១៩៩៤​ លោក​សម រង្ស៊ី ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​គណបក្ស​ហ្វុនស៊ិនប៉ិច។​ បន្ទាប់​មក​ នៅខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៥​ លោក​បាន​បង្កើត​«គណបក្ស​ជាតិ​ខ្មែរ»​ដែល​ក្រោយ​មក​លោក​បាន​បង្កើត​«គណបក្ស​សម រង្ស៊ី»​យកតាម​ឈ្មោះ​របស់​លោក​ក្រោយពី​លោក​បាត់បង់​គណបក្ស​ជាតិខ្មែរ​ដោយសារ​ការ​បំបែក​បំបាក់។

គណបក្ស​សង្រ្គោះ​ជាតិ​កើត​ចេញ​ពី​ការ​ច្របាច់​ចូលគ្នា​រវាង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​ និង​គណបក្ស​សម រង្ស៊ី​ ​របស់​លោក​សម រង្ស៊ី​ កាល​ពី​ឆ្នាំ​២០១២ ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។​ នោះជា​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ចំនួន​ដល់​ទៅ​៥៥​អាសនៈ​ គ្រាដែល​គណបក្ស​នេះ​តវ៉ា​ថា​ មាន​ការ​បន្លំ​សន្លឹកឆ្នោត។​

ការ​លាលែង​របស់​លោក​ធ្វើឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​រារែក​ចិត្ត​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ​និង​ការ​បោះឆ្នោត​ជាតិ​ក្នុង​ពេល​ខាង​មុខ។​

អ្នកស្រី​សំ ណាង ដែល​ជា​ស្ត្រី​មេផ្ទះ​មួយ​រូប​មក​ពី​ខេត្ត​កំពង់ស្ពឺ បាន​បង្ហាញ​ការ​អស់​សង្ឃឹម​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​លោក​សម រង្ស៊ី​ ដែល​មិន​ផ្តល់​ដំណឹង​ដល់​អ្នក​គាំទ្រ​ជាមុន។​ លោកស្រី​បង្ហាញ​ការ​ស្ទាក់ស្ទើរ​ថា​ តើ​លោកស្រី​ផ្ទាល់គួរ​តែ​បោះឆ្នោត​នាពេល​ខាង​មុខ ​ឬ​យ៉ាងណា។​

«ខ្ញុំ​សន្លឹក​ឆ្នោត ​ដល់​តែ​ពេល​គាត់​អីចឹង​ ដូច​អត់​មាន​ន័យ​ដែរ។​ លែង​ចង់​បោះ​ហើយ! ដល់​ពេល​គាត់​ចុះ​អីចឹង​ គេ​អស់​ទឹកចិត្ត​ហើយ។ ​អ្នក​ខ្លះ​អាច​សន្លឹក​ឆ្នោត​ហ្នឹង ​គេ​លែង​បោះ​ឲ្យ​អ្នក​ដទៃ។ ​អាច​មិន​បោះ​ អាច​ចោល»។​

អាជីវករ​លក់ដូរ​តាម​ផ្លូវ​មួយ​រូប​ មក​ពី​ខេត្ត​តាកែវ ដែល​ជា​អ្នក​គាំទ្រ​លោក​សម រង្ស៊ី​ បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ។ គាត់​បាន​បង្ហាញ​ការ​សោកស្តាយ​ដោយសារ​មេដឹកនាំ​ដែល​លោក​ស្រី​បាន​ផ្ញើរ​ក្តី​សង្ឃឹម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ​ភ្លាមៗ​បែរ​ជា​បោះបង់​ចោល​គណបក្ស​ និង​អ្នក​គាំទ្រ​ដូចជា​លោកស្រី។​

«បើ​គាត់​ថា​ រឿង​តិចតួច​ គាត់​បោះបង់​តំណែង​ហ្នឹង​ចោល​ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ​ព្រោះអី​ប្រជា​ពលរដ្ឋ​បាន​តស៊ូ​ជាមួយ​គាត់​ច្រើន​ណាស់។​ តាំង​ពី​ជ្រើសរើស​អ្នក​ដឹកនាំ​មក​គឺ​ជ្រើសរើស​យក​គាត់​រហូត។​ អស់​សង្ឃឹម​ មិនចង់​ឲ្យ​គាត់​បោះ[បង់]»។​

ក្រោយ​ការ​លាលែង​តំណែង​របស់​លោក​សម រង្ស៊ី លោក​កឹម សុខា​ នឹង​ដើរ​តួជា​ប្រធាន​ស្តីទី​របស់​គណបក្ស​រហូត​ដល់​មាន​ការ​ជ្រើស​រើស​ប្រធាន​គណបក្ស​ថ្មី៕

XS
SM
MD
LG