បទសម្ភាសន៍ផ្តាច់មុខ៖ ក្រោយការបញ្ចាំងភាពយន្ត លោកស្រី Jolie គ្រោងនឹងបន្តលើកស្ទួយជីវភាពប្រជាជនកម្ពុជា
Your browser doesn’t support HTML5
តារាហូលីវូដដ៏ល្បីរបស់អាមេរិកនិងជាអ្នកដឹកនាំភាពយន្តគឺលោកស្រី Angelina Jolie បានថ្លែងកាលពីយប់ថ្ងៃសៅរ៍ នៅឯពិធីសម្ពោធការបញ្ចាំងជាអន្តរជាតិជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានូវខ្សែភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» (First They Killed My Father) ថា ភាពយន្តហូលីវូដជាភាសាខ្មែរនេះ ជាអំណោយរបស់លោកស្រីចំពោះប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់លោក Maddox កូនចិញ្ចឹមរបស់លោកស្រី។ នៅចំពោះមុខវត្តមានពលរដ្ឋខ្មែរជាច្រើនដែលត្រូវបានគេអញ្ចើញឲ្យចូលរួមនៅក្នុងពិធីបញ្ចាំងភាពយន្តកណ្តាលវាលនៅព្រះលានជល់ដំរីក្នុងឧទ្យានអង្គរខេត្តសៀមរាប លោកស្រី Jolie មានប្រសាសន៍ដោយអួលដើមកថា បើគ្មានប្រទេសកម្ពុជានោះទេ «ខ្ញុំក៏ប្រហែលមិនបានក្លាយជាម្តាយមួយរូបដែរ»។ នៅប៉ុន្មានម៉ោងមុនការបញ្ចាំងភាពយន្តនេះនៅលើទឹកដីអង្គរ លោកស្រី Jolie និងលោកស្រី Loung Ung សកម្មជនសិទ្ធិមនុស្សជាតិអាមេរិកាំងដើមកំណើតខ្មែរ និងជាអ្នកនិពន្ធសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួន ដែលត្រូវក្រុមហ៊ុន Netflix យកទៅថតជាខ្សែភាពយន្តមួយនេះ បានពិភាក្សាជាមួយលោក សឹង សុផាត នៃ VOA អំពីគម្រោងផ្សេងទៀតដែលមានបន្ទាប់ពីភាពយន្តនេះ។