Hello VOA៖ អ្នកវិភាគ​មើល​ឃើញ​ប្រសិទ្ធភាព​តិចតួច​ពី​ការ​រុះរើ​គណៈរដ្ឋ​មន្ត្រី

រូបឯកសារ៖ លោក ឱក សេរី សោភក្តិ៍ អ្នក​ឯកទេស​អភិបាលកិច្ច​ល្អ​ម្នាក់​ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​និង​ផល​ប៉ះពាល់​លើ​សង្គម​ស៊ីវិល» នៅ​ក្នុង​កម្មវិធី​វិទ្យុ​ Hello VOA ប្រចាំ​ខែ​អំពី​អភិបាលកិច្ច​ល្អ​ជាមួយ​លោក ម៉ែន គឹមសេង នៃ VOA កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មេសា ឆ្នាំ២០១៥។ (លឹម សុធី/VOA)

ការរុះរើ​គណៈរដ្ឋ​មន្ត្រី ​ដែល​សភា​​ជាតិ​គ្រោង​នឹង​​យក​មក​ពិភាក្សា​​អនុម័ត​នៅ​ដើម​ខែ​មេសា​គឺ​មិន​​ទាន់​ដល់​ចំណុច​ដែល​ពលរដ្ឋ​ចង់​បាន​ពិត​ប្រាកដ​ទេ។

ការរុះរើ​គណៈរដ្ឋ​មន្ត្រី ​ដែល​សភាជាតិ​គ្រោង​នឹងយក​មក​ពិភាក្សាអនុម័ត​នៅ​ដើម​ខែ​មេសា​គឺ​មិនទាន់​ដល់​ចំណុច​ដែល​ពលរដ្ឋ​ចង់​បាន​ពិត​ប្រាកដ​ទេ​ ដោយ​សារ​តែ​ក្រសួង​មួយ​ចំនួន​ដែល​រង​ការរិះគន់​ខ្លាំង​បែរ​ជា​មិន​មាន​ការដោះដូរ​ថ្នាក់​ដឹកនាំ​ឡើយ។ នេះ​បើ​តាមការ​លើកឡើង​របស់​អ្នកជំនាញ។​

លោកឱក សេរីសោភក្តិ៍ ​អ្នក​ឯកទេស​ខាងផ្នែក​អភិបាលកិច្ច​ល្អ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ VOA ​ថា​មាន​កិច្ចការ​មួយ​ចំនួន​ដែល​ការរុះរើ​នោះ​មាន​ឆន្ទៈ​នយោបាយ​ ដើម្បី​បំពេញ​ទឹក​ចិត្ត​ប្រជាពលរដ្ឋ ​ប៉ុន្តែ​នៅ​មាន​កន្លែង​ដែល​ខ្វះ​ចន្លោះ‍។

លោក​បាន​លើក​ឧទាហរណ៍​ ដូចជា​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ គឺ​លោក​ ស៊ុន ចាន់ថុល​ដែល​ត្រូវ​មក​កាន់​ក្រសួង​នេះ​គឺ​ជា​រដ្ឋមន្ត្រី​ដែលបាន​សាង​កេរ្តិ៍ឈ្មោះ​បង្ហាញ​ស្នាដៃ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម​ ហើយ​លោក​ក៏​ធ្លាប់​កាន់​ការ​នៅ​ក្រសួង​សាធារណការ​នេះ​ពីពេល​មុន​ដែរ។ ដូចគ្នា​នេះ​ដែរ​គឺ​ក្រសួង​កសិកម្ម​ដែល​នឹង​មាន​រដ្ឋមន្ត្រី​ថ្មី​ជាមន្ត្រី​ដែល​កំពុង​ធ្វើ​កិច្ចការ​នេះ​ជា​យូរ​មក​ ហើយ​ក៏ជា​ការ​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កសិកម្ម។

ស្តាប់​កម្មវិធី Hello VOA ទាំង​ស្រុង​នៅ​ទី​នេះ៖

Your browser doesn’t support HTML5

Hello VOA៖ អ្នកវិភាគ​មើល​ឃើញ​ប្រសិទ្ធភាព​តិចតួច​ពី​ការ​រុះរើ​គណៈរដ្ឋ​មន្ត្រី

ប៉ុន្តែ​ចំណុច​ទន់​ខ្សោយ​ក៏នៅ​តែ​មាន​ដែរ។​ លោក​ឱក សេរីសុភក្តិ៍​បាន​បញ្ជាក់​ថា៖

«ក៏ប៉ុន្តែ​យើង​ឃើញ​បញ្ហា​មួយ​ចំនួន​ទៀត​ ដែល​ប្រជាពលរដ្ឋ​រអ៊ូ​រទាំ​ខ្លាំង​ដែរ​ ដូចជា​វិស័យ​សុខាភិបាល​ឬ​មួយ​ខាង​វិស័យ​យុត្តិធម៌​ ក្រសួង​យុត្តិធម៌​ជាដើម​ ដែល​មាន​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​គឺ​ថា​អត់​មាន​ការ​ផ្លាស់​ប្តូរទេ។

លោក​បាន​បន្ថែម​ថា៖​«ដូច្នេះ​ហើយ​បាន​ជាខ្ញុំ​យល់​ថា​ ការ​រុះរើ​គណៈរដ្ឋ​មន្ត្រី​នេះ​ហាក់​ដូច​ជា​មិន​ដល់​ចំណុច​ដែល​ប្រជាពលរដ្ឋ​ចង់​បាន​ឱ្យ​បាន​ពិតប្រាកដ​ទេ‍»។

​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋាន​នៅ​កម្រិត​ឃុំ​សង្កាត់ ដែល​នឹង​ត្រូវ​មក​ដល់​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​ទៀត ​ដែល​នេះ​អាច​ជា​ការ​ពិបាក​សម្រាប់​ក្រុម​រដ្ឋ​មន្ត្រី​ថ្មី​ក្នុង​ការ​បង្ហាញ​ពី​លទ្ធផល​ឱ្យ​ដល់​ប្រជាពលរដ្ឋ​បាន​ឃើញ។ នេះបើ​តាម​ការអះអាង​របស់​លោក​ សោភក្តិ៍។

លោក​ ឱក សេរីសោភក្តិ៍ បាន​បញ្ជាក់​ថា ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​នេះ​នឹង​ផ្តល់ប្រសិទ្ធភាព​នៅ​មាន​កម្រិត‍៖

«ដោយសារ​ការ​ដោះដូរ​បែប​នេះ​នៅក្នុង​ប្រព័ន្ធ​មួយ​ ដែល​មាន​លក្ខណៈ​ផុយស្រួយ​ហើយ​ប្រជាពលរដ្ឋ​តែងតែ​ទិតៀន​មក​លើ​ប្រព័ន្ធ​ហ្នឹង ​ហើយ​ពិបាក​ឱ្យ​មាន​ប្រសិទ្ធភាព​តែមួយ​ឆ្នាំ។ ក្នុង​រយៈពេល​ហ្នឹង​ខ្ញុំ​ពិបាក​ថា​ នឹង​មើលឃើញ​ពី​ប្រសិទ្ធភាព​មែន​ទែន‍»។

ក្រសួង​កសិកម្ម​ក្រោម​ការដឹកនាំ​របស់​លោក ​អ៊ុក រ៉ាប៊ុន ​និងក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ក្រោម​ការដឹកនាំ​របស់​លោក​ ត្រាំ អ៊ីវតឹក ​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ផ្តល់​ចំណាត់​ថ្នាក់​ឱ្យ​«F‍» ដែល​ជា​ចំណាត់​ថ្នាក់​អន់​បំផុត។ ប៉ុន្តែ ​លោក​ទាំងពីរ​នឹង​នៅ​តែ​មាន​តំណែង​រដ្ឋមន្ត្រី​គ្រប់​គ្រង​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​រៀងៗ​ខ្លួន។ នេះ​បើតាម​បញ្ជី​ឈ្មោះ​គណរដ្ឋ​មន្ត្រី​ថ្មី​ដែល​បាន​ដាក់​ស្នើ​ទៅ​សភាជាតិ។

នេះ​ជា​អ្វី​ដែល​ពិបាក​ស្តារ​ទំនុក​ចិត្ត។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ សោភក្តិ៍៖​

«រដ្ឋមន្ត្រី​ មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​គាត់​មាន​អារម្មណ៍​មាន​ចំណាប់​អារម្មណ៍​ថា​អត់​មាន​ប្រសិទ្ធភាព​អត់​មាន​ធ្វើ​អ្វី​ដែល​ចម្រើន​ដល់​ពួកគាត់​ហ្នឹង ​ទោះបី​ជា​ដាក់​ទៅ​ដល់​កន្លែង​ណា​ក៏ដោយ​ក៏ខ្ញុំ​នៅ​ថា​ ចំណាប់​អារម្មណ៍​របស់​ប្រជាពលរដ្ឋ​ហ្នុង​ពិបាក​នឹង​ផ្លាស់​ប្តូរណាស់‍»។​

លោក​សោភក្តិ៍​បន្ថែម​ថា ពលរដ្ឋ​ពិបាក​មើល​ឃើញ​រឿង​ធំៗ​គឺពួក​គាត់​មើល​ឃើញ​តែ​អ្វី​ ដែល​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គាត់។​ ប៉ុន្តែអ្នក​នយោបាយ​បែរ​ជាធ្វើ​ឱ្យ​ពលរដ្ឋ​ខកចិត្ត​ជាច្រើន​ ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ​ពួកគេ​មិន​បាន​ដោះស្រាយ​កង្វល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ច្រើន​បែរ​ជា​ខ្វាយខ្វល់​រឿង​ស្រី​ញី​ស្នេហា​លួចលាក់​របស់​ថ្នាក់ដឹកនាំ​បក្ស​នយោបាយ​ទៅវិញ។

លោក​ក៏ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​បញ្ចប់​ការ​យក​រឿង​អាស្រូវ​របស់​លោក​ កឹម សុខា ​មក​បន្ត៖«ក្នុង​ម៉ោង​ពេល​ឥឡូវ រាជរដ្ឋាភិបាល​និង​គណបក្ស​កាន់​អំណាច​អត់​ចំណេញ​អ្វី​ទាំងអស់​ក្នុង​រឿង​ដែល​កំពុង​តែ​កើត​ឡើង​សព្វថ្ងៃ​ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខកចិត្ត‍»។​

លោក​លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​បន្ត​ការ​កែទម្រង់​ ជាជាង​ធ្វើ​ឱ្យ​បញ្ហា​នោះ​គ្របដណ្តប់​លើ​ឆាក​នយោបាយ​កម្ពុជា៕