នាព្រឹកថ្ងៃសុក្រនេះ នាង ខុម ចាន់ដារាទី ឬ ស្រី មុំ ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ បានបញ្ចប់ការបំភ្លឺរបស់ខ្លួន នៅនាយកដ្ឋានប្រឆាំងភេវកម្មនាទីស្តីការក្រសួងមហាផ្ទៃ អំពីខ្សែអាត់សំឡេងដែលគេបង្ហោះក្នុងទំព័រហ្វេសប៊ុក។ មន្ត្រីសង្គមស៊ីវិលនិងអ្នកឃ្លាំមើលការវិវឌ្ឍនយោបាយកម្ពុជា យល់ថា នីតិវិធីនេះហាក់ដូចជាចំឡែក និងមិនមានភាពប្រក្រតី។
ការចូលបំភ្លឺនាព្រឹកថ្ងៃសុក្រនេះ គឺយោងតាមពាក្យបណ្តឹង«បរិហាកេរ្តិ៍» របស់សកម្មជនផ្នែកសង្គមម្នាក់គឺនាង ធី សុវណ្ណថា នាសាលាដំបូងក្រុងភ្នំពេញ។
លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្ស Adhoc ដែលផ្តល់មេធាវីការពារដល់នាង ខុម ចាន់ដារាទី ឬ ស្រីមុំ បានប្រាប់VOA ថា៖«ខ្ញុំមិនហ៊ានសន្និដ្ឋានថា ម៉េចទេរឿងនេះ គ្រាន់តែថាជារឿងចំឡែកដែរ។ ចំឡែកត្រង់ថា រឿងទាក់ទងនឹងបទបរិហាកេរ្តិ៍កន្លងទៅនេះ។ ភាគច្រើន គឺតុលាការគាត់អ្នករៀបចំ ធ្វើការសាកសួរទៅអ្នកពាក់ព័ន្ធនឹងសាក្សីអីចឹងណា។ ក៏ប៉ុន្តែ ចំឡែកត្រង់ថា រឿងនេះតុលាការបានផ្ទេរសមត្ថកិច្ចមកឲ្យខាងនាយកដ្ឋានភេរវកម្ម ដែលជានាយកដ្ឋានមួយយើងដឹងស្រាប់ហើយថា នាយកដ្ឋានប្រឆំាងភេវកម្មគឺជានាយកដ្ឋានមួយដែលធ្វើរឿងធំៗ»។
យ៉ាងណាក៏ដោយ លោក នី សុខា ថាសមាគមរបស់លោកនឹងធ្វើការអង្កេតករណីនេះ ឲ្យបានដិតដល់បន្ថែមទៀត។
ស្រដៀងគ្នានេះ ដែរលោក អ៊ូ វីរៈ នាយកវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកមួយ ក៏យល់ថា នីតិវិធីថ្មីលើករណីនាង ខុម ចាន់ដារាទី ហៅ ស្រីមុំគឺ«ខុសពីប្រក្រតី»ដោយសារ វាជាករណីបរិហារកេរ្តិ៍ដែលតុលាការគួរតែស្វែងរកអ្នក ដែលបង្ហោះខ្សែអាត់សំឡេងនោះ ជាជាងការបញ្ជូនសំណុំរឿងទៅនាយកដ្ឋានភេរវកម្ម។
លោកបានប្រាប់VOAថា៖ «ប៉ុន្តែអ្វីមួយដែរខ្ញុំសោកស្តាយ គឺអត់មានការបើកការស៊ើបអង្កេតមួយអាចពីការលួចថត ឬក៏ទាក់ទងរឿងការបំភ្លៃការពិត។ មានន័យថា បើមិនមែន សំឡេងពិត ឬបានមកពីការថតទេ តើសំឡេងហ្នឹងបានមកពីណា? ឬមួយគេបង្កើតបំភ្លៃការពិត។ អាហ្នឹងគឺវាអាចខុសច្បាប់ដែរ។ អីចឹងគួរតែស៊ើបអង្កេតទៅលើរឿងហ្នឹង ហើយវាអត់មានទាក់ទងនឹងភេរវកម្មអីនោះទេ។ ដោយសារអញ្ចឹង ខ្ញុំមើលទៅរឿងហ្នឹង វាហាក់ដូចជារញ៉េរញ៉ៃពាក់ព័ន្ធច្រើនមែនទែន»។
កាលពីសប្តាហ៍កន្លងទៅ ខ្សែអាត់សំឡេង ដែលគេចោទថាជាសំឡេងពិតរបស់លោក កឹម សុខា និងស្ត្រីវ័យក្មេងម្នាក់ឈ្មោះ«អាមុំ» ត្រូវបានគេបង្ហោះក្នុងគណនីហ្វេសប៊ុកទើបបង្កើតថ្មី មានឈ្មោះថា «Mon Srey»។ គណនីហ្វេសប៊ុកដែលអះអាងថា ខ្លួនមានឈ្មោះ«Mon Srey» និងមានទំនាក់់ទំនងផ្លូវភេទនឹងលោក កឹម សុខា បានបង្ហោះខ្សែអាត់សំឡេងជាបន្តបន្ទាប់។
ខ្សែអាត់សំឡេងច្រើនផ្សេងទៀត រួមទាំងអត្ថបទសន្ទនា ក៏ត្រូវបានគេផ្សព្វផ្សាយតាមគណនីហ្វេសប៊ុកផ្សេងទៀត ដែលមានឈ្មោះថា«រឿងពិត CNRP» និងត្រូវបានដកស្រង់ដោយសារព័ត៌មានក្នុងស្រុកផងដែរ។
ដោយមានការប្តឹងផ្តល់របស់នាង ធី សុវណ្ណថា តុលាការក្នុងភ្នំពេញបានបញ្ជូនឲ្យនាយកដ្ឋានភេរវកម្មនៃក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេត។
បន្ទាប់ពីការសាកសួរជាង៣ម៉ោង នៅទីស្តីការក្រសួងមហាផ្ទៃ មេធាវីការពារក្តីមកពីអង្គការសិទ្ធិមនុស្ស Adhoc អ្នកស្រី ទ្រី ឈួន ដែលបានចូលរួមការសាកសួរនេះ បានប្រាប់អ្នកព័ត៌មានថាការសាកសួរដែលមានរយៈពេលយូរនេះ គឺផ្តោតលើចំណុចមួយចំនួន រួមមានសួរពីប្រវត្តិរបស់់នាង មុំ ប្រវត្តិការងារនឹងអំពីវីដេអូឃ្លីប។ យ៉ាងណាក៏ដោយ អ្នកស្រី ទ្រី ឈួន ថាកូនក្តីរបស់លោកស្រី«បានបដិសេធ» ការចោទរបស់នាង ធី សុវណ្ណថា រួមទាំងការចោទពីទំនាក់ទំនងរវាងនាង និងលោក កឹម សុខា ផងដែរ។
«និយាយទៅការសាកសួរពេញមួយព្រឹកនេះ យើងឃើញថា៣ម៉ោងជាងនេះ រហូតដល់ពេលនេះគឺម៉ោងជាងមួយនេះ។ ហើយយើងចាប់តាំងពីព្រឹកមុនម៉ោង៩:០៥នាទីទៀត។ អញ្ចឹង យើងឃើញថាមានរយៈពេលវែងណាស់ការសាកសួរនេះ។ អីចឹងបានន័យថា សួរគ្រប់ជ្រុងជ្រោយទាំងអស់អំពីបញ្ហាដែលពាក់ព័ន្ធដែលកើតឡើង។ កូនក្តីរបស់ខ្ញុំបដិសេធចំពោះបញ្ហាដែលចោទប្រកាន់នេះ»។
លោកស្រីមេធាវីរូបនេះ ក៏បានបញ្ជាក់ផងដែរថា នឹងការពារក្តីឲ្យកូនក្តីលោកស្រីបន្តទៀត តាមចំណាត់ការ និងនីតិវិធីរបស់តុលាការ។
នាយឧត្តមសេនីយ៍ អ៊ី សុខឃី ប្រធាននាយកដ្ឋានភេរវកម្មនៃក្រសួងមហាផ្ទៃ បានប្រាប់អ្នកយកព័ត៌មានក្រោយពេលសាកសួរនារសៀលថ្ងៃសុក្រនេះថា នាង ខុម ចាន់ដារាទី ឬ ស្រីមុំ បានធ្វើ«កិច្ចសហការល្អជាមួយសមត្ថកិច្ច» ហើយនាយកដ្ឋានរបស់លោក អាចនឹងទាមទារ«ឲ្យលោក កឹម សុខា ធ្វើកិច្ចបំភ្លឺ»ផងដែរ។
ទាក់ទិនសំណួរថា ហេតុអ្វីនាយកដ្ឋានភេរវកម្មនៃក្រសួងមហាផ្ទៃ ធ្វើការស៊ើបអង្កេតរឿងនាង ស្រីមុំ នាយឧត្តមសេនីយ៍ អ៊ី សុខឃី បានឆ្លើយថា៖«នេះគឺជានាយកដ្ឋានប្រឆំាងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ហើយមានតួនាទីជាមន្ត្រីនគបាលយុត្តធម៌ទី១។ ទី២យើងបានទទួលគេហៅថា បញ្ជារបស់អយ្យការអមសាលាដំបូង។ ហើយនាយកដ្ឋានយើងខ្ញុំត្រូវបានទទួលការប្រគល់ភារកិច្ចពីអគ្គស្នងការដ្ឋាននគបាលជាតិ»។
លោកបន្តថា សមត្ថកិច្ចនឹងអាចស្វែងរកមុខជនដៃដល់ ដែលបង្ហោះខ្សែអាត់ និងបញ្ហាពាក់ព័ន្ធផ្សេងទៀតផងដែរ បន្ទាប់ពីការសាកសួរនាព្រឹកថ្ងៃសុក្រនេះ។
«មែនទែន ទៅលទ្ធផលចុងក្រោយនឹងប្រមូលផ្តុំនៅតុលាការ ព្រោះមែនទែនទៅ ខ្ញុំធ្វើតាមបញ្ជារបស់តុលាការដែរទេ។ បាទ! យើងនឹងស្វែងរកបញ្ហាពាក់ទាំងអស់ ដែលទាក់ទិននឹងការប្តឹងនោះ»។
កាលពីសប្តាហ៍មុនលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សជំទាស់ ឬគណបក្សសង្គ្រោះជាតិ បានប្រកាសយកជំហរ«មិនឈ្លោះ មិនឆ្លើយ និងមិនឆ្លង»។
ក្នុងកិច្ចសម្ភាសពិសេសរវាងនាង ខុម ចាន់ដារាទី ឬ ស្រីមុំ នឹងVOA នាថ្ងៃពុធកន្លងទៅ នាង ចាន់ដារាទី បានទទួលស្គាល់ថា គណនីយហ្វេសប៊ុក ដែលមានឈ្មោះ «Mon Srey» គឺធ្លាប់ជារបស់នាង ក៏ប៉ុន្តែត្រូវបានគេ hack ឬលួចចូលយូរមកហើយ។ នាងក៏បានបដិសេធចំពោះការចោទថា នាងមានទំនាក់ទំនងរវាងនាង នឹងលោក កឹម សុខា ហើយនាងក៏មិនបានទាក់ទិននឹងខ្សែអាត់សំឡេងអ្វីនោះផងដែរ។
VOAមិនអាចទាក់ទងមន្ត្រីតុលាការ ដើម្បីសុំសេចក្តីបំភ្លឺបានទេនាថ្ងៃសុក្រនេះ។
ស្រដៀងគ្នានោះដែរ កាលពីពាក់កណ្តាលឆ្នាំ២០១៣ មិនបានប៉ុន្មានខែ មុនពេលបោះឆ្នោតក្នុងប្រទេសកម្ពុជា ស្ត្រីវ័យកណ្តាលម្នាក់បានចេញមុខអះអាងថា ខ្លួនជាស្រីកំណាន់របស់លោក កឹម សុខា។ ស្ត្រីរូបនោះ និងម្តាយបានចេញមុខធ្វើការតវ៉ា នៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងដាក់ពាក្យបណ្តឹង ដើម្បីឲ្យលោក កឹម សុខា ទទួលខុសត្រូវ និងជួយផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគាត់ និងកូន។ យ៉ាងណាក៏ដោយ ការទាមទារនេះបានស្ងប់ស្ងាត់ទៅវិញ ក្រោយការបោះឆ្នោត៕