កម្ពុជា​ត្រូវ​កែ​ទម្រង់​តុលាការ​ដើម្បី​បញ្ចៀស​ការ​សម្លាប់​រង្គាល​ជា​ថ្មី

អ្នក​ជំនាញ​ធ្វើការ​លើ​គម្រោង​ទប់ស្កាត់​ការ​សម្លាប់​រង្គាល និង​អំពើ​ប្រល័យ​ពូជសាសន៍ បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេសថៃ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ការងារ​របស់​ពួកគេ ដែល​បាន​ធ្វើ​កន្លង​មក និង​ផែនការ​សម្រាប់​អនាគត​កាល​ពី​ថ្ងៃ​ពុធ ទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ (ហ៊ុល រស្មី/VOA Khmer)

បើទោះ​ជា​ប្រទេស​កម្ពុជា​ទទួល​បាន​សន្តិភាព​បរិបូរណ៍​ពី​ឆ្នាំ​១៩៩៨ ប៉ុន្តែ​ប្រទេស​ដ៏​ក្រីក្រ​នេះ​នៅ​តែ​ប្រឈម​នឹង​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា ដែល​អាច​ឈាន​ដល់​ការ​កាប់​សម្លាប់ ដោយ​ហេតុ​តែ​ប្រទេស​នេះ​ពុំ​ទាន់​ធានា​​បាន​នីតិរដ្ឋពេញ​លេញ។

បើទោះ​ជា​ប្រទេស​កម្ពុជា​ទទួល​បាន​សន្តិភាព​បរិបូរណ៍​ពី​ឆ្នាំ​១៩៩៨ ប៉ុន្តែ​ប្រទេស​ដ៏​ក្រីក្រ​នេះ​នៅ​តែ​ប្រឈម​នឹង​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា ដែល​អាច​ឈាន​ដល់​ការ​កាប់​សម្លាប់ ដោយ​ហេតុ​តែ​ប្រទេស​នេះ​ពុំ​ទាន់​ធានាបាន​នីតិរដ្ឋពេញ​លេញ។​ ​ប្រទេស​កម្ពុជា​ត្រូវ​តែ​ធានា​ឲ្យ​បាន​ថា ​មិន​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ហើយ​ត្រូវ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ដែល​មិន​ទាន់​ឯករាជ្យ ទើប​ប្រទេស​នេះ​ជៀស​ផុត​ពី​លទ្ធភាព​នៃ​ការ​កើត​ឡើង​សកម្ម​ភាព​កាប់​សម្លាប់​ដូច​ដែល​ធ្លាប់​បាន​កើត​ឡើង​នៅ​ក្នុង​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ ឬ​របប​វាល​ពិឃាត​ខ្មែរ​ក្រហម។​

ប្រទេស​កម្ពុជា​នៅ​តែ​ប្រឈម​មុខ​នឹង​សញ្ញា​ ដែល​អាច​ក្លាយ​ជា​កត្តា​ហានិភ័យ​នាំ​ទៅ​រក​ការ​កើត​មាន​អំពើ​ហិង្សា​សារ​ជាថ្មី​ ខណៈ​ដែល​ប្រជាជន​រស់​នៅ​ក្នុង​ប្រទេស​ ដែល​នៅ​ពឹង​ផ្អែក​លើ​ជំនួយបរទេស​នេះ កំពុង​ប្រឈម​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ការ​វាយ​ប្រហារ​នានា​ទៅ​លើ​ក្រុម​ជំទាស់​ និង​អំពើ​អយុត្តិធម៌​សង្គម​ផ្សេងៗ​ទៀត។

នេះ​បើ​យោង​ទៅ​តាម​ឯកសារ​បង្ហាញ​ពី​កត្តា​ហានិភ័យ​ដែល​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ឈាន​ដល់​ការ​កាប់​សម្លាប់​យ៉ាង​រង្គាល​ ហើយ​ក្រុម​អ្នក​ជំនាញ​ក្នុង​កម្មវិធី​ជំរុញ​«ការ​អនុវត្ត​កាតព្វ​កិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ​លើ​មនុស្ស​ជាតិ» ជា​ភាសា​អង់​គ្លេស​ហៅ​ថា The Responsibility to Protect»។

រូប​ឯកសារ៖ មន្ទីរ​ស-២៦ អតីត​ការិយាល័យ​សន្តិសុខ​មជ្ឈឹម​របស់​ខ្មែរ​ក្រហមនៅ​ទី​តាំង​អតីត​អនុវិទ្យាល័យ​ទួល​ស្លែង ថត​នៅ​ភ្លាមៗ​ក្រោយ​ការ​ដួល​រលំនៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​១៩៧៩។ (ប្រភព៖ ប័ណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

ការ​អនុវត្ត​កាតព្វ​កិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ​លើ​មនុស្ស​ជាតិ​ គឺ​ជា​បទដ្ឋាន​ថ្មី​មួយ​ ទទួល​ស្គាល់​ដោយ​ប្រមុខ​រដ្ឋ ​និង​រដ្ឋាភិបាល​ ដែល​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ កាល​ពី​ឆ្នាំ​២០០៥​ ដើម្បី​រារាំង​ និង​ទប់​ស្កាត់​អំពើ​ប្រល័យ​ពូជ​សាសន៍​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ការ​បោស​សម្អាត​ជន​ជាតិ​ភាគ​តិច​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។​ បទដ្ឋាន​នេះ​មិន​មែន​ជា​ច្បាប់​នោះ​ទេ​ ប៉ុន្តែ​វា​គឺ​ជាការ​ប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​ដើម្បី​បង្ហាញ​ផ្លូវ​ដល់​រដ្ឋ​ និង​ការ​គ្រប់​គ្រង​ថ្នាក់​តំបន់​ និង​អនុ​តំបន់​នានា​ នៅ​ក្នុង​ការ​បង្ការ​ប្រជាជន​ឲ្យ​គេច​ផុត​ពី​ឧក្រិដ្ឋ​កម្ម​ និង​អំពើ​ហិង្សា​ទាំង​អស់​នេះ។

ឯកសារ​ស្តីពី​ការ​វិភាគ​ចំពោះ​អំពើ​ឧក្រិដ្ឋ​កម្មឃោរ​ឃៅ​ ដែល​ជា​ឧបករណ៍​សម្រាប់​ការ​រារាំង​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ​បាន​បង្ហាញ​ពី​កត្តា​ហានិភ័យ​ចំនួន​១៤​ រួម​មាន​ កង្វះ​ខាត​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ មាន​កម្រិត​ខ្ពស់​ ​អភិបាល​កិច្ច​ទន់​ខ្សោយ ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ភាព​គ្មាន​ទោសពៃរ៍​ គឺ​ជា​ដើម​ចម​នៃ​លទ្ធ​ភាព​ ដែល​អាច​នាំ​ទៅ​រក​ការ​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម​ដ៏​ឃោរ​ឃៅ។ ឯកសារ​នេះ​ចង​ក្រង​ឡើង​ដោយ​អង្គការ​សហ​ប្រជាជាតិ ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ។​

អ្នក​ជំនាញក្នុង​កម្មវិធី​ជំរុញ​«ការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋ​កម្ម​ឃោរ​ឃៅ​លើ​មនុស្ស​ជាតិ»​បាន​ទទួល​ស្គាល់​ថា កម្ពុជា​ពិត​ជា​មាន​សន្តិភាព ក៏​ប៉ុន្តែ​ប្រជាជន​នៅ​ប្រឈម​នឹង​អំពើ​អយុត្តិធម៌​សង្គម​ជា​ច្រើន​ ដូចជា​ការ​រំលោភ​សិទ្ធិ​កាន់​កាប់​ដី​ធ្លី និង​ការ​រំលោភ​បំពាន​សិទិ្ធ​មនុស្ស​ជាដើម។​

ក្រុម​អ្នក​តវ៉ា​មក​ពី​សហគមន៍​ ដែល​មាន​ជម្លោះ​ដី​ធ្លី​ប្រមាណ​១០០០​នាក់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ហែ​ញតិ្ត​ទៅ​ដាក់​រដ្ឋ​សភាជាតិ​ ក្នុង​ឱកាស​ទិវា​លំនៅដ្ឋាន​ពិភពលោក​ខួប​លើក​ទី​៣០ កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។​ (ឡេង ឡែន/VOA)

នៅ​ខាង​ក្រៅសិក្ខា​សាលា​ស្តី​ពី​«ការ​អនុវត្ត​កាតព្វកិច្ច​ក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋ​កម្ម​ឃោរ​ឃៅ​លើ​មនុស្ស​ជាតិ»នេះ​ លោក​ ពូ សុធីរៈ​ នាយក​ប្រតិបតិ្ត​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបតិ្ត​ការ​ និង​សន្តិភាព​ បាន​ថ្លែង​ប្រាប់​ VOA ​ថា​ មិនទាន់​មាន​ការ​កំណត់​ច្បាស់​លាស់​ទៅលើ​ចំណុច​អវិជ្ជមាន​ ដែល​បញ្ជាក់​ថា​ កម្ពុជា​អាច​ស្ថិត​នៅ​ក្នុង​កត្តា​ហានិភ័យ​ ដូច​ដែល​បាន​បង្ហាញ​តាម​រយៈ​ឯកសារ​នោះ​ទេ ​ប៉ុន្តែ​ថា​ ជម្លោះដីធ្លី​ដែល​កំពុង​កើតមាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ អាច​បង្ក​ជា​កត្តា​ហានិភ័យ​ ដែល​នាំ​ទៅ​រក​អំពើ​ហិង្សា។​

«ថ្វី​ត្បិត​ខ្មែរក្រហម​ របប​ខ្មែរក្រហម​បាន​ត្រូវ​ផ្តួល​រំលំ​ ហើយ​ឥឡូវ​ហ្នឹង​កំពុង​កាត់​ទោស​មេដឹកនាំ​ខ្មែរក្រហម​ក៏ដោយ​ ក៏​ប៉ុន្តែ​វា​អាច​មាន​សញ្ញា​ផ្សេង​ទៀត​ដែរ បើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ទេ​ វា​នឹង​ក្លាយ​ទៅ​ជា​ risk factor ​[កត្តាហានិភ័យ] ​ឧទាហរណ៍​ដូច​ជា​រឿង​ បើ​ខ្វះ​ការគិត​គូរ​ទូលំ​ទូលាយ​ទៅ​លើ​បញ្ហា​ដី​ធ្លី​ ដែល​សព្វ​ថ្ងៃ​នេះ​ នៅ​ក្នុង​សង្គម​ខ្មែរ​ យើង​វា​អាច​មាន​ប្រជា​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​ច្រើន​ ដែល​វា​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ អសន្តិសុខ​សង្គម​ ហើយ​អាច​ឈាន​ទៅរក​ដល់​មាន​ធ្វើ​អំពើ​បាតុកម្ម​ ឬ​ស្អី​ទៅ​ វា​អាច​មាន​ បង្ក​អំពើ​ហិង្សា​អី​ទៅ។​ អាហ្នឹង​វា​ជា​ផ្នែក​មួយ​ ដែល​អាច​ជំរុញ​ឲ្យ​ទង្វើ​មិន​ល្អ​កើត​ឡើង​នៅ​ក្នុង​សង្គម​ទៀត»។​

លោក​ថ្លែង​ថា​ កង្វះ​អភិបាល​កិច្ចល្អ​ និង​ការ​ទាញ​យក​ប្រយោជន៍​ធនធាន​ធម្មជាតិ​ ដែល​មិន​មាន​តម្លា​ភាព​ ហើយ​និង​គម្លាត​ទ្រព្យ​សម្បតិ្ត​រវាង​អ្នក​មាននិង​អ្នក​ក្រ​ អាច​បង្ក​ឲ្យ​ក្លាយ​ជា​កត្តា​ហានិភ័យ​ដល់​ប្រទេស​កម្ពុជា។​

«ជា​ការណ៍​ពិត​ រដ្ឋាភិ​បាល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ ហើយ​នឹង​បង្ក​លក្ខណៈ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​ ឲ្យ​មាន​សន្តិសុខ​សង្គម​ ហើយ​និង​កំណើន​សេដ្ឋកិច្ច​ នៅតែ​មាន​កម្រិត​ខ្ពស់​ ក៏ប៉ុន្តែ​ភាពក្រី​ក្រ​ ហើយ​និង​គម្លាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​ហ្នឹង​នៅ​មាន​នៅ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ ដែល​យើង​គួរ​បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ ខិតខំ​ធ្វើ​ម៉េច​ឲ្យ​រឹង​រឹត​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ដើម្បី​ជៀស​កុំ​ឲ្យ​មាន​វិបត្តិ​សង្គម។​ បើ​សង្គមមាន​អ្នក​ក្រ​ច្រើន​ សង្គម​នឹង​មាន​បញ្ហា​ ហើយ​នេះ​ក៏​ជា​ risk factor ​ដែល​គេហៅ​ថា​ ភាព​ក្រី​ក្រ​នោះ»។​

ប្រជាជន​កម្ពុជា​ ប្រមាណ​១,៧​លាន​នាក់​បាន​បាត់​បង់​ជីវិត​ ដោយ​សារ​ការ​សម្លាប់​រង្គាល​ ប្រល័យ​ពូជ​សាសន៍​ និង​ការ​ធ្វើ​ការ​បាក់​កម្លាំង​ ហូប​មិន​គ្រប់​គ្រាន់​នៅ​ក្នុង​សម័យ​កុម្មុយនីស្ត​ជ្រុល​និយម​ខ្មែរក្រហម​ ដែល​បាន​ឡើង​ក្តោប​ក្តាប់​ប្រទេស​កម្ពុជា​តាមរយៈ​ការ​ចង​កំហឹង​វណ្ណៈ។ របប​ខ្មែរក្រហម​បាន​អូស​បន្លាយ​រយៈ​ពេល​បី​ឆ្នាំ​ គិត​ចាប់​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ មុន​ពេល​ត្រូវ​ផ្តួល​រំលំ​ដោយ​ការ​ចូល​ឈ្លាន​ពាន​ពី​កងទ័ព​វៀតណាម​ ដើម្បី​បណ្តេញ​កង​ទ័ព​ខ្មែរ​ក្រហម។​

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ ដែល​មាន​ការ​ចូលរួម​ពី​ភាគី​អ្នក​ច្បាប់​អន្តរជាតិ កំពុង​កាត់ទោស​សំណុំ​រឿង​០០២​ពាក់ព័ន្ធ​នឹង​មេ​ដឹកនាំ​កំពូល​របស់​ខ្មែរក្រហម​ពីរ​នាក់​គឺ​ នួន​ ជា ​និង ​ខៀវ សំផន ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ និង​ការ​សម្លាប់​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា។​ គោល​បំណង​នៃ​សាលាក្តី​នេះ​គឺ​ស្វែងរក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​ ដែល​ធ្លាប់​ឆ្លង​កាត់​សម័យ​ខ្មែរក្រហម​ និង​ទប់​ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នូវ​របប​ប្រល័យ​ពូជសាសន៍។​

​របប​វាល​ពិឃាត​ខ្មែរ​ក្រហម​នេះ​ពិត​ជា​បាន​រលត់​រលាយ​ទៅ​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មក​ហើយ ហើយ​ប្រទេស​កម្ពុជា​ក៏​កំពុង​បន្ត​អភិវឌ្ឍន៍​ក្រោម​ដំបូល​សន្តិភាព​ពិតមែន​ ក៏​ប៉ុន្តែ​ប្រជាជន​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ នៅ​ប្រឈម​នឹង​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ និង​ការ​បំភិត​បំភ័យ​ តាមរយៈ​សារ​គំរាមផ្នែក​នយោបាយ​ទាក់ទិន​ការ​ផ្ទុះ​សង្គ្រាម​ឡើង​វិញ​នៃ​សង្គ្រាម​ក្នុង​ស្រុក។​

លោក​ គីមសួរ ភិរិទ្ធ​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​មក​ពី​មណ្ឌល​កំពង់ចាម​ ក៏​ជា​អ្នក​ចូលរួម​ក្នុង​សិក្ខា​សាលា​ ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​បាកក​នេះ​ដែរ។​ លោក​និយាយ​ថា​ ប្រទេស​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ហានិភ័យ​ដែល​អាច​នាំ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​ហិង្សា​ ដោយសារ​តែ​មេ​ដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នៅ​និយម​ប្រើ​សារ​គំរាម​ផ្នែក​នយោបាយ​បែប​ហិង្សា​ ហើយ​អំពើ​ហិង្សា​នេះ​បាន​កើត​មាន​ឡើង​ផង​ដែរ​ទៅលើ​សមាជិក​នៃ​រដ្ឋ​សភា​មក​ពី​គណបក្ស​ជំទាស់។

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន និយាយ​ទៅ​កាន់​ក្រុម​សារព័ត៌មាន​ ដោយ​មាន​លោកសម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ឈរ​អម​នៅ​មុខរដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​នៅវិមាន​រដ្ឋសភា​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

«នេះ​ជា​ការណ៍​ពិត​ អ្វី​ដែល​យើង​បាន​ឃើញ​ក្នុង​បទ​បង្ហាញ​ពី​អ្នក​ជំនាញ​ផ្នែក​ទប់​ស្កាត់​អំពើ​ឃោរ​ឃៅ​ និង​បទ​ឧក្រិដ្ឋ​អំពើ​ឃោរឃៅ​ហ្នឹង​ យើង​ឃើញ​ថា​ ប្រទេស​កម្ពុជា​យើង​មាន​លក្ខខណ្ឌ​ មាន​កត្តា​ជំរុញ​ (indicator) ​មួយ​ចំនួន​គឺ​ថា​ ដូចគ្នា​នឹង​អ្វី​គេបាន​រៀប​រាប់​នៅ​ក្នុង​សិក្ខា​សាលា​នេះ។ អញ្ចឹង​ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា​ត្រូវ​គិត​ថា​ បើ​សហគមន៍​អន្តរជាតិ​នៅ​តែ​មិន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​វិល​ត្រឡប់​មក​តាម​ផ្លូវ​ ដែល​គេ​ហៅ​ថា​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​គោល​ការណ៍​គ្រិះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ទេ​ យើង​អាច​រអិល​ធ្លាក់​ចេញ​ពី​ផ្លូវ​ហ្នឹង​ ឆ្ពោះ​ទៅ​រក​អំពើ​ឃោរឃៅ​នៅ​ពេល​ខាងមុខ​ឆាប់ៗ​ហ្នឹង។​ ​ ជាពិសេស​យើង​ឃើញ​ហើយ​ថ្មីៗ​នេះ​ គឺ​ថា​ សម្តេច​នាយក​រដ្ឋ​មន្ត្រី​តែង​តែ​ប្រើ​ប្រាស់​វោហា​ស័ព្ទ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​គាត់ថា​ បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ឆ្នោត​នឹង​មាន​សង្គ្រាម​ នោះ​ហើយជា​ភាសា​ដែល​អាច​ឲ្យ​យើង​ព្រួយ​បារម្ភ​ថា​ មាន​ការ​រុញ​ច្រាន​ មាន​ការ​លើក​ទឹក​ចិត្ត​ អាច​ធ្វើ​ឲ្យ​មាន​អំពើ​ឃោរ​ឃៅ​កើត​មាន​ជាថ្មី​ម្តង​ទៀត​ នៅ​ក្នុង​សង្គម​កម្ពុជា​យើង»។​

នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ជា​រឿយៗ​ លោក​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​ប្រទេស​កម្ពុជា​ បាន​ប្រកាស​ថា​ ​កម្ពុជា​នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ជាថ្មី​ទៀត​ ​បើ​គណបក្ស​លោក​ឈប់​គ្រប់​គ្រង​ប្រទេស។ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ លោក​បាន​ថ្លែង​ពីការ​កើត​មាន​សង្គ្រាម​ នៅ​ពេល​ដែល​លោក​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី​ ដែល​បាន​ប្រើ​សម្រាប់​កំណត់​ខណ្ឌ​សីមា​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម។​ លោក​ថ្លែង​ចំៗ​ថា​ បើសិន​ជា​គណបក្ស​ប្រឆាំង​ឡើង​កាន់​អំណាច​ សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ ដោយ​លោក​រំឭក​ដល់​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​កាល​ពី​ឆ្នាំ​២០០៨។​

«យើង​ធ្លាប់​បាន​ឃើញ​ប្រជាជន​ភៀស​សឹក នៅ​តំបន់​ព្រះវិហារ​ ​ធ្លាប់​បាន​ឃើញ​ប្រជាជន​ភៀស​សឹក​នៅ​ឧត្តរមានជ័យ​ទេ​ នេះ​ហើយជា​លទ្ធផល​នៃ​សង្គ្រាម​ ហើយ​នេះ​ហើយ​ជាលទ្ធ​ផល​ដែល​វានឹង​មក​ដល់​នៅ​ពេល​ គណបក្ស​ប្រឆាំង​កាន់​អំណាច។​ វា​នឹង​មក​ដល់​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​កាន់​អំណាច​ត​ទៅ​ទៀត​។ វា​ច្បាស់​ជាមក​ដល់។ ​ បក្ស​ដទៃ​កាន់​អំណាច​ ច្បាស់​ណាស់​ថា ​សង្គ្រាម​វា​កើត»។​

លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន បាន​បន្ត​ព្រមាន​ម្តង​ទៀត​ថា​ ប្រទេស​កម្ពុជា​អាច​នឹង​ជួប​សង្រ្គាម​ ដោយ​លោក​លើក​ហេតុផល​ពីរ​យ៉ាង ​គឺទី​មួយ​ក្រុម​បក្ស​ជំទាស់​យក​អ្នក​មាន​ទ្រព្យ​ស្តុក​ស្តម្ភ​ជា​សត្រូវ ​ហើយ​ទីពីរ​គឺ​ក្រុម​បក្ស​ជំទាស់​យក​ប្រទេស​ក្បែរ​ខាង​ជា​សត្រូវ។ ក៏​ប៉ុន្តែ ​ការ​វាយ​ប្រហារ​នេះ​ត្រូវ​គណបក្ស​ជំទាស់​ចាត់​ទុក​ថា​ ជា​ការ​គំរាម​កំហែង​ និង​បង្ហាញ​ពី​ការ​ភ័យ​ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត។​

ឯកសារ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ការ​វិភាគ​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​ឃោរ​ឃៅ សម្រាប់​ជា​ឧបករណ៍​បង្ការ​ការ​កើត​មាន​អំពើ​ហិង្សា​ និង​បទ​ឧក្រិដ្ឋ​កម្ម​ឃោរ​ឃៅ ​បាន​បញ្ជាក់​ថា​ ការ​វាយ​ប្រហារ​មិន​ឈប់​ឈរ​ទៅ​លើ​សមាជិក​ ឬ​មេ​ដឹកនាំ​ក្រុមជំទាស់ ​គឺ​ស្ថិត​នៅ​ក្នុង​កត្តា​ហានិភ័យ​មួយ​ ដែលនាំ​ឲ្យ​កើត​មាន​អំពើ​ហិង្សា​ និង​អំពើ​ឧក្រិដ្ឋ​កម្ម​ឃោរឃៅ។​ ឯកសារ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញការ​អនុវត្ត​កាតព្វ​កិច្ចក្នុង​ការ​ទប់​ស្កាត់​អំពើ​ឧក្រិដ្ឋ​កម្មឃោរ​ឃៅ​លើ​មនុស្ស​ជាតិ៕