នៅពេលដែលលោក ទុយ សេរីវឌ្ឍនា ចាប់ផ្តើមធ្វើការងារនៅអង្គការអភិរក្សសត្វព្រៃនិងរុក្ខជាតិអន្តរជាតិហៅកាត់ថា FFI នៅឆ្នាំ២០០៣ បញ្ហាដែលលោកមើលឃើញដំបូងគេនោះគឺសត្វដំរីព្រៃដែលភាគច្រើនរស់នៅតាមតំបន់ជួរភ្នំក្រវ៉ាញភាគនិរតីនៃប្រទេសកម្ពុជានិងមួយចំនួនទៀតនៅខេត្តភាគឦសាន្ត កំពុងរងការគម្រាមកំហែង។
រងការគម្រាមកំហែងគឺដោយសារដំរីព្រៃទាំងនោះចេះតែចុះមកបំផ្លិចបំផ្លាញផលដំណាំរបស់អ្នកភូមិនៅតាមតំបន់ជើងភ្នំ ហើយក្រុមអ្នកភូមិដែលខឹងសម្បារនឹងសត្វដំរីទាំងនោះបានរកមធ្យោបាយធ្វើបាបឬសម្លាប់ពួកវាតាមរយៈការដាក់អន្ទាក់ឬបាញ់ប្រហារជាដើម ដើម្បីការពារផលដំណាំនិងទ្រព្យសម្បត្តិរបស់ពួកគេ។
ជួនកាល ដំរីព្រៃខ្លះក៏បានតបតនឹងមនុស្សវិញដោយធ្វើឱ្យអ្នកភូមិខ្លះរងរបួសឬស្លាប់បាត់បង់ជីវិតផង ប្រៀបដូចជាមនុស្សនិងសត្វឈ្លោះគ្នាដូច្នោះដែរ។
ដើម្បីជួយកាត់បន្ថយជម្លោះរវាងមនុស្សនិងសត្វដំរីព្រៃនេះ លោកទុយ សេរីវឌ្ឍនា ដែលបច្ចុប្បន្នជា ប្រធានកម្មវិធីអភិរក្សដំរីកម្ពុជានៃអង្គការFFIបានបង្កើតវិធីសាស្រ្តសាមញ្ញៗមួយចំនួនសម្រាប់ការពារផលដំណាំរបស់ប្រជាកសិករផងនិងដើម្បីការពារសត្វដំរីព្រៃអាស៊ីដែលកំពុងរងការគម្រាមកំហែងទាំងនេះផង។
«យើងមានពិសោធន៍ទៅលើ យើងហៅថា Chilly robe (ខ្សែម្ទេស)ហ្នឹង គឺម្ទេសលាយជាមួយប្រេងម៉ាស៊ីនឬខ្លាញ់គោ។ យើងយកទៅលាបលើខ្សែឬរបងដែលដំរីឆ្លងកាត់ហ្នឹង ក្លិនដែលចេញពីម្ទេសហ្នឹងគឺធ្វើឱ្យដំរីគិតសញ្ជឹងថា មានបញ្ហាអីនៅកន្លែងហ្នឹងបានជាគេលាបអាហ្នឹង ហើយវិលត្រឡប់ចូលព្រៃវិញ។ ហើយ យើងមានវិធីសាស្រ្តជាច្រើនទៀតដូចជាយើងយកអង្រឹងទៅចងនៅជុំវិញចម្ការហើយយើងដាក់ទឹកអប់ដើម្បីបញ្ជោតដំរីថា មានមនុស្សដេកនៅក្នុងនេះ ហើយមានវិធីសាស្រ្តផ្សេងទៀតដូចជាយើងបង្កើតជាសំឡេងលាន់ឮខ្លាំងក្នុងការបង្អើលសត្វដំរី ដូចជាដុតថ្មស្អុយឬដុតកាំជ្រួចតូចៗហ្នឹង ពេលដែលដំរីចូលមកជិតហ្នឹង»។
តាមការស្រាវជ្រាវរបស់លោក វឌ្ឍនា ការកាប់ឆ្ការព្រៃរានយកដីធ្វើស្រែចម្ការពីសំណាក់អ្នកភូមិ និងការអភិវឌ្ឍទំបន់វារីអគ្គិសនីនិងតំបន់កសិឧស្សាហកម្មនៅតាមតំបន់ជួរភ្នំក្រវាញភាគនីរតីនៃប្រទេសកម្ពុជាបានធ្វើឱ្យដែនជម្រកសត្វដំរីព្រៃកាន់តែរួមតូចទៅៗ។ ដូច្នេះ សត្វដំរីព្រៃទាំងនេះតែងចេញមកស្វែងរកចំណីអាហាររបស់វាដូចជាចេក អំពៅ ពោតនិងស្រូវជាដើមដែលអ្នកភូមិបានដាំនៅតាមស្រែចម្ការរបស់ពួកគេ។
ចាប់ពីឆ្នាំ២០០៣មកសត្វដំរីព្រៃដែលគេប៉ាន់ប្រមាណថា នៅសេសសល់ពី៤០០ទៅ៥០០ក្បាលក្នុងប្រទេសកម្ពុជានេះ បានបំផ្លាញផលដំណាំអស់ជាច្រើននិងធ្វើឱ្យខូចខាតផ្ទះសម្បែងរបស់អ្នកភូមិរាប់រយខ្នង ហើយនិងបានធ្វើឱ្យស្លាប់និងរបួសអ្នកភូមិយ៉ាងតិច៧ករណីនៅក្នុងតំបន់ព្រៃនៃខេត្តកោះកុង ខេត្តព្រះសីហនុ កំពង់ស្ពឺ ពោធិសាត់និងខេត្តមណ្ឌលគីរីជាដើម។
ហើយគេជឿថា ដំរីព្រៃរាប់រយក្បាលក៏ត្រូវបានសម្លាប់នៅក្នុងរយៈពេលបីទសវត្សចុងក្រោយនេះដោយសារតែកំហឹងរបស់អ្នកភូមិចំពោះការបំផ្លិចបំផ្លាញផលដំណាំនិងទ្រព្យសម្បត្តិរបស់ពួកគេពីសំណាក់ដំរីព្រៃទាំងនោះ នេះបើយោងតាមលោកទុយ សេរីវឌ្ឍនា។
ដើម្បីជួយដោះស្រាយបញ្ហារវាងមនុស្សនិងសត្វដំរីនេះ លោកទុយ សេរីវឌ្ឍនាក៏បានណែនាំវិធីសាស្រ្តមួយចំនួនទៀតដល់ប្រជាកសិករបន្ថែមពីលើវិធីសាស្រ្តខាងលើ ដូចជារាយខ្សែអគ្គិសនីប្រើថាមពលពន្លឺព្រះអាទិត្យដែលមិនបង្កគ្រោះថ្នាក់ដល់សត្វដំរី ព័ទ្ធជុំវិញចម្ការដំណាំរបស់កសិករ ដើម្បីការពារកុំឱ្យដំរីចូល ហើយបង្កើតក្រុមយាមនៅពេលយប់ដើម្បីការពារចម្ការរបស់ពួកគេពីការចូលបំផ្លិចបំផ្លាញដោយសត្វដំរីព្រៃទាំងនោះ។
វិធីមួយផ្សេងទៀតដើម្បីបញ្ជៀសការប្រឈមមុខដាក់គ្នារវាងមនុស្សនិងសត្វដំរីព្រៃនេះគឺជាវិធីសំយោគនៃវិធីដែលមនុស្សជំនាន់មុនបានប្រើដូចជាការដុតអាចដ៏ដំរីលាយជាមួយម្ចេសនៅតាមព្រំប្រទល់ចម្ការឬនៅតាមផ្លូវដែលសត្វដំរីតែងចេញចូល ដើម្បីឱ្យមានផ្សែងឈ្លក់ពួកវាជាដើម។
ប៉ុន្តែ ជាយុទ្ធសាស្រ្ត លោកវឌ្ឍនាបានណែនាំថា គេមិនត្រូវប្រើវិធីទាំងនេះដដែលនោះទេ។
«យើងត្រូវតែមានវិធីសាស្រ្តច្រើនបូកបញ្ជូលគ្នា ហើយយើងត្រូវតែឆ្លាស់គ្នាក្នុងការប្រើប្រាស់វិធីសាស្ត្រហ្នឹង ដូចថា ក្នុងមួយអាទិត្យ យើងប្រើប្រាស់វិធីសាស្រ្តនេះ ហើយអាទិត្យក្រោយយើងប្រើប្រាស់វិធីសាស្រ្តនោះដើម្បីបង្វែងដានសត្វដំរីកុំឱ្យដំរីវាដឹងទាន់»។
ដោយមើលឃើញថា ជម្លោះរវាងដំរីព្រៃនិងប្រជាជនកើតឡើងជាពិសេសដោយសារដំណាំដែលប្រជាកសិករបានជ្រើសរើសនោះ លោក វឌ្ឍនាបានណែនាំវិធីសាស្រ្តមួយទៀតដែលជាជម្រើសគឺការប្តូរមុខដំណាំទៅរកប្រភេទដំណាំណាដែលសត្វដំរីមិនចូលចិត្តវិញ ដូចជាត្រសក់ ត្រាវ ឬម្ទេសជាដើម។
«ដំបូងមានការពិបាកដែរ ដូចថា មានការថ្លឹងថ្លែងពីប្រជាជន ព្រោះអីគាត់ថា គាត់ធ្លាប់ដាំចេក ដាំអំពៅ ដំណាំដែលគាត់ធ្លាប់ដាំពីមុនមកហ្នឹង គាត់ដឹងពីរបៀបដាំដុះហ្នឹង ហើយងាយស្រួលក្នុងការរកទីផ្សារទៀត ប៉ុន្តែចំពោះដំណាំថ្មីដែលយើងលើកទឹកចិត្តឱ្យគាត់ធ្វើហ្នឹង គាត់មានការស្ទាក់ស្ទើរចំពោះទីផ្សារ ហើយថា តើវាបានផលដែរ ឬអត់ ហើយថា តើដំរីវានឹងមកបំផ្លាញតទៅទៀតទេ បើគាត់ផ្លាស់ប្តូរមុខដំណាំហ្នឹង។ ជាលទ្ធផល គាត់មានការពេញចិត្តយ៉ាងខ្លាំងដោយសារតែគាត់ទទួលបានប្រាក់កម្រៃនិងផលដំណាំគួរជាទីពេញចិត្តដែរ»។
វិធីដ៏ងាយៗខាងលើត្រូវបានយកមកអនុវត្តចាប់តាំងពីឆ្នាំ២០០៥ មកម្ល៉េះ ហើយរាប់ចាប់ពីពេលនោះ ពុំមានរបាយការណ៍អំពីការសម្លាប់សត្វដំរីដោយសារការបំផ្លាញដំណាំតទៅទៀតឡើយ។
នៅឆ្នាំ២០០៨ លោកទុយ សេរីវឌ្ឍនាក៏បានផ្តួចផ្តើមឱ្យបង្កើតសាលារៀនបួនកន្លែងនៅតាមបណ្តាសហគមន៍ដាច់ស្រយាលដើម្បីបញ្ជ្រាបសារអំពីសារៈសំខាន់នៃការការពារនិងអភិរក្សសត្វដំរីព្រៃនៅក្នុងប្រទេសកម្ពុជាផងដែរ។ ពេលនោះលោកក៏ត្រូវបានអ្នកភូមិឱ្យងារថា ជាវីរបុរសដំរីឬ "ពូដំរី” ហើយ ឈ្មោះរបស់លោកក៏ត្រូវបានជ្រើសរើសជាបេក្ខជនសម្រាប់ការប្រកួតប្រជែងដណ្តើមជ័យលាភីរង្វាន់ការពារបរិស្ថានពិភពលោកមួយ។
ទីបំផុត ការចួលរួមរបស់លោកទុយ សេរីវឌ្ឍនានៅក្នុងការអភិរក្សសត្វដំរីអាស៊ីនេះ បានធ្វើឱ្យលោកក្លាយជាជ័យលាភីរង្វាន់ផ្នែកបរិស្ថានឆ្នាំ២០១០ ប្រចាំទ្វីបអាស៊ី ដែលមានទឹកប្រាក់ចំនួន១៥ម៉ឺនដុល្លារអាមេរិកពីអង្គការការពារបរិស្ថានអន្តរជាតិ Goldman Environmental Prizeនៅសហរដ្ឋអាមេរិក។ លោកវឌ្ឍនានឹងទទួលរង្វាន់នៅថ្ងៃទី១៩ ខែមេសានេះ នៅទីក្រុង San Francisco ហើយ លោកក៏នឹងត្រូវគេទទួលជាកិត្តិយសនៅក្នុងពិធីមួយផ្សេងទៀតនៅឯសារមន្ទីរជាតិនៃប្រវត្តិសាស្រ្តធម្មជាតិ (Smithsonian's National Museum of Natural History) នៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី២១ ខែមេសានេះផងដែរ។
រង្វាន់ជ័យលាភីដែលលោកទុយសេរីវឌ្ឍនាទទួលបាននេះគឺដោយសារលោកមិនមែនត្រឹមតែអភិរក្សដំរីខ្មែរប៉ុណ្ណោះទេ តែអភិរក្សដំរីដែលរងការគម្រាមកំហែងនៅអាស៊ីតែម្តង។
លោក ទុយ សេរីវឌ្ឍនា បច្ចុប្បន្នមានអាយុ៤០ឆ្នាំ។ មានដើមកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោកទុយ សេរីវឌ្ឍនាដែលជាឪពុកនៃកូន២នាក់នោះ ចូលចិត្តសត្វដំរី តាំងពីវ័យក្មេងមក។ លោកបានសិក្សាអំពីជីវសាស្រ្តរបស់សត្វដំរីនិងទទួលការបណ្តុះបណ្តាលអំពីវិធីសាស្រ្តកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរីនៅតាមបណ្តាប្រទេសមួយចំនួនដូចជាកិនយ៉ា វៀតណាម ឥណ្ឌូនេស៊ីនិងចិនជាដើម។
លោកវឌ្ឍនាបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែករុក្ខាប្រមាញ់ នៅប្រទេសរុស្ស៊ីនៅឆ្នាំ១៩៩៥។ ក្នុងឆ្នាំ១៩៩៦លោកបានចូលបម្រើការងារនៅក្នុងនាយកដ្ឋានរុក្ខាប្រមាញ់នៃក្រសួងកសិកម្មកម្ពុជា ហើយបានផ្លាស់មកធ្វើការនៅក្នុងក្រសួងបរិស្ថានវិញនៅឆ្នាំ២០០២ មុនពេលដែលចូលរួមនៅក្នុងក្រុមអភិរក្សដំរីកម្ពុជាជាមួយអង្គការFFI នៅឆ្នាំ២០០៣។
វិធីសាស្រ្តដ៏សាមញ្ញចំណាយប្រាក់តិច តែមានប្រសិទ្ធិភាពរបស់លោក សេរីវឌ្ឍនាក្នុងការកាត់បន្ថយជម្លោះរវាងមនុស្សនិងដំរីនេះកំពុងត្រូវបានប្រើប្រាស់នៅសហគមន៍ជិតខាងនិងត្រូវបានពិចារណានៅក្នុងបណ្តាប្រទេសផ្សេងទៀតដែលមានជម្លោះរវាងមនុស្សនិងសត្វដំរី ដូចជានៅប្រទេសវៀតណាមនិងឥណ្ឌូនេស៊ីជាដើម៕