ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរ​អាមេរិក​រៀបចំ​ពិធី​បុណ្យ​ប្រណាំង​ទូក​លើក​ទី​១៥​នៅ​ឡូវែល


នៅ​ក្រោយ​ពិធី​សូត្រ​មន្ត​បួងសួង អ្នក​ចូល​រួម​ពិធី​​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រែក​មួយ​នៅ​ក្បែរ​នោះ ដើម្បី​ប្រារព្ធ​ពិធី​បណ្តែត​កន្ទោង ឬ​ ប្រទីប។
នៅ​ក្រោយ​ពិធី​សូត្រ​មន្ត​បួងសួង អ្នក​ចូល​រួម​ពិធី​​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រែក​មួយ​នៅ​ក្បែរ​នោះ ដើម្បី​ប្រារព្ធ​ពិធី​បណ្តែត​កន្ទោង ឬ​ ប្រទីប។

កាលពី​ថ្ងៃសុក្រ​ទី១៩ ​និង​ថ្ងៃសៅរ៍​ ទី២០​ ខែសីហា ឆ្នាំ ២០១១ នៅ​ទី​ក្រុង​ឡូវែល (Lowell) ​រដ្ឋ ម៉ាស្សាឈូស៊ែត (Massachusetts) ​មាន​ការ​រៀបចំ​ពិធី​បុណ្យ​អុំទូក​បណ្តែត​ប្រទីប​លើក​ទី​១៥ ​តាម​ប្រពៃណី​របស់​ជនជាតិ​អាស៊ី​អាគ្នេយ៍។

ដូច​រាល់ឆ្នាំ​ដែរ បុណ្យ​អុំ​ទូក​បណ្តែត​ប្រទីប​លើក​ទី​១៥​នៅឆ្នាំនេះ​មាន​ការ​សម្តែង​សិល្បៈ​ប្រពៃណី ចម្រៀង​បុរាណ​ ពិធី​សូត្រមន្ត និង​ការ​បណ្តែត​កន្ទោង ឬ​ប្រទីប។ មុន​នឹង​ចាប់​ផ្តើម​ពិធី​សូត្រមន្ត បួងសួង ព្រះតេជគុណ​អាចាន ម៉ាង កូន (Ajahn Mang Kone) មកពី​វត្តពុទ្ធាបាវ៉ាណា (Buddhabhavana) ដែល​ដឹកនាំ​ពិធី​នៅ​ល្ងាច​ថ្ងៃ​សុក្រ ​បាន​មាន​សង្ឃដីកា​ថា៖

«ជីវិត​គឺ​មិន​ទៀង ជា​អនិច្ចំ​ អនតា។ ដូច្នេះ​នៅពេល​ដែល​យើង​នៅមាន​ជីវិត​នៅ​ឡើយ​យើង​ត្រូវ​ខំ​ធ្វើ​អំពើ​ល្អ។ ឥឡូវនេះ​ អត្តា​សូម​អញ្ជើញ​ញាតិ​ញោម​ទាំងអស់​រួមគ្នា​បួងសួង​សុំ​សេចក្តី​សុខ​សន្តិភាព ​និង​សុខភមង្គល»។

ដោយសារ​មានភ្លៀង ​និង​ដី​រអិល អ្នក​ចូលរួម​ត្រូវ​បួងសួង ​ហើយ​ប្រគេន​ ឬ​ប្រគល់​ប្រទីប​ទៅ​ព្រះ​សង្ឃ ឬ​អ្នកថែ​សួន​ដែលជាអ្នក​យក​ទៅ​បណ្តែត​ទឹក​ជំនួស។

អ្នកស្រី​អមរុង ជ័យ និង​គ្រួសារ​ដែល​រស់នៅ​រដ្ឋ វីជីញ៉ា (Virginia) បាន​នាំ​ម្តាយធំ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​មក​ចូល​រួម​បួងសួង​ក្នុង​ពីធី​បុណ្យ​ឆ្នាំ​នេះ​ជាលើក​ទី១។

«ជាពិសេស​ពួក​ខ្ញុំ​បន់ស្រន់​សូមឲ្យ​បាន​សុខសប្បាយ​ ហើយនឹង​បន់ស្រន់​សូម​ឲ្យ​បង​ប្អួន​ទាំងអស់​ជិត​ក្តី​ឆ្ងាយ​ក្តី​ជួប​ប្រទះតែ​សេចក្តីសុខ។ ហើយ​ណា​មួយ​ទាហាន​ខ្មែរ​នៅ​ប្រាសាទ​ព្រះវិហារ និង​ទាហាន​ខ្មែរ​យើង​ទៅ​សមរភូមិ​នៅ​ប្រទេស​អ៊ីរ៉ាក់​ សូម​ឲ្យ​គេ​បាន​សេចក្តីសុខ​បាន​វិលមក​ជួបជុំ​គ្រួសារ​វិញ​ដែរ»។

ក្រោយពី​បាន​ដាក់​បាត និង​បួងសួង​ក្នុង​ចិត្ត​មក​កីឡាករ​ប្រណាំង​ទូក​ម្នាក់​នៃ​ក្រុម Mekong Rower ​និយាយ​ថា៖

«ខ្ញុំ​បួងសួង​សុំឲ្យ​មាន​សុខភាព​ល្អ​ហើយនឹង​ជ័យជម្នះ។ ខ្ញុំសង្ឃឹម​ថា ឈ្នះ​ប៉ុន្តែ​ការ​ប្រកួត​នេះមាន​ក្រុមខ្លាំងៗ​ច្រើន​មក​ចូល​រួម​ ដូច្នេះ​ច្បាស់​ជាល្អ​មើល​ហើយ»។

លោករ៉ាឌី មុំ ​អ្នក​រៀបចំ​កម្មវិធី​បុណ្យ​អុំទូក​នេះ​ និយាយ​ថា​ ពិធីនេះ​មាន​ការ​វិវឌ្ឍ​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ។​ លោក​រំឭក​ថា ដំបូង​ឡើយ​បុណ្យ​នេះ​គឺ​ជា​កម្មវិធី​របស់​សហគមន៍​ខ្មែរ​ប៉ុណ្ណោះ​ដែល​ជា​អ្នក​ផ្តួចផ្តើម ​តែ​បច្ចុប្បន្ន​ពិធី​បុណ្យ​នេះ​បាន​ក្លាយ​ជា​ពិធី​របស់​ជន​ជាតិ​អាស៊ី​អាគ្នេយ៍​ទាំងមូល។

«ខ្ញុំ​បាន​ចូលរួម​កម្មវិធី​បុណ្យ​អុំទូក​នេះ​១៥​ឆ្នាំ​ហើយ។ ហើយ​កម្មវិធី​បុណ្យ​របស់​យើង​នេះ​ឃើញ​ថា​ មាន​ការ​រីក​ចម្រើន»។

ក្រុម​ខ្មែរ​ក្រោម​គឺ​ជាអ្នក​ទទួល​បាន​ជ័យជម្នះ​ក្នុង​ចំណោម​កីឡាករ​ប្រាំបី​ក្រុម​ដែល​មាន​ទូកត​ពីរ​គ្រៀង​ប៉ុណ្ណោះ​សម្រាប់​អុំ​ប្រណាំង​ឆ្លាស់​គ្នា​នៅ​ឆ្នាំ​នេះ៕

XS
SM
MD
LG