ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​​ពិភពលោក​ផ្អាក​ការ​ផ្តល់​ប្រាក់កម្ចី​ដល់​កម្ពុជា


ស្ត្រី​​ម្នាក់​ឈរ​នៅ​ក្បែរ​បង្អួច​ផ្ទះ​របស់​គាត់​នៅ​ជាប់​បឹងកក់​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មិនា​ឆ្នាំ​២០១១។
ស្ត្រី​​ម្នាក់​ឈរ​នៅ​ក្បែរ​បង្អួច​ផ្ទះ​របស់​គាត់​នៅ​ជាប់​បឹងកក់​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មិនា​ឆ្នាំ​២០១១។

កាលពី​ថ្ងៃ​អង្គារ​ ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​ឈប់​ផ្តល់​ប្រាក់កម្ចី​ដល់​កម្ពុជា​ រហូត​ដល់​រដ្ឋាភិបាល​មាន​ដំណោះស្រាយ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ដែល​រង​ការ​ប៉ះពាល់​ពី​ការ​បណ្តេញ​ចេញ​ដោយសារ​គម្រោង​អភិវឌ្ឈន៍​ដ៏​ធំ​មួយ។

នាយក​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​លោកស្រី អាណ្ណែត្តិ៍ ឌិកសុន (Annette Dixon) និយាយ​ថា​តាំងពី​ខែ​ធ្នូ​មក ធនាគារ​ពិភពលោក​មិនបាន​ផ្តល់​ប្រាក់​កម្ចី ហើយ​នឹង​មិន​យល់​ព្រម​ផ្តល់​ប្រាក់កម្ចី​បន្ថែម​ទៀត​ទេ រហូតដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​យល់ព្រម​ផ្តល់​សំណង​ដល់​អ្នក​រស់នៅ​តាម​តំបន់​បឹងកក់។

លោកស្រី អាណ្ណែត្តិ៍ ឌិកសុន និយាយ​ថា ធនាគារ​ពិភពលោក​បន្ត​លើកទឹកចិត្ត​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ឈាន​ដល់​ការ​ព្រមព្រៀង​ក្នុង​ការ​ផ្តល់​លំនៅដ្ឋាន​នៅ​នឹង​កន្លែង​សម្រាប់​អ្នក​តំបន់​បឹងកក់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន។

កាលពី​ពីរ​ឆ្នាំ​មុន តំបន់​បឹងកក់​ក្នុង​កណ្តាល​ទីក្រុង​ភ្នំពេញ​ជា​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ៤.០០០ គ្រួសារ។ បច្ចុប្បន្ន​នេះ ប្រជា​ពលរដ្ឋ១.០០០ គ្រួសារ​បាន​ចាកចេញ​ពី​តំបន់​នេះ ហើយ​ការ​ចាក់​ខ្សាច់​បំពេញ​ក៏​ជិត​ចប់​ផង​ដែរ។

ក្រុម​សិទ្ធិមនុស្ស​និយាយ​ថា ការអភិវឌ្ឍ​បាន​បន្ត​ដំណើរការ​ដោយ​មិនស្រប​ច្បាប់​តាំងពី​ការ​ចាប់ផ្តើម​ដំបូង​ម្ល៉េះ។ ពួកគេ​និយាយ​ថា​ ប្រជាពលរដ្ឋ​ត្រូវបាន​ជម្លាស​ចេញ​ដោយ​មិនមាន​សំណង​សមរម្យ ហើយ​ការ​គំរាមកំហែង​បែបហិង្សា​ដោយ​អាជ្ញាធរ​នៅតែ​មាន។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ អ្នក​រស់នៅ​តំបន់​បឹងកក់​បាន​ស្វះស្វែង​រក​ឯកសារ​បញ្ជាក់​ប្លង់ដី​ពី​អាជ្ញាធរ​តាមរយៈ​គម្រោង​មួយ​ដែល​ឧបត្ថម្ភ​ដោយ​ធនាគារ​ពិភពលោក។ ទោះបី​ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែន​នាក់​បាន​ទទួល​ប្លង់ដី​ក៏​ដោយ ក៏​អ្នក​ដែល​រស់​នៅ​តំបន់​បឹងកក់​នៅតែ​មិនទាន់​បាទ​ទទួល។

កាលពី​ដើម​ឆ្នាំ​នេះ ធនាគារ​ពិភពលោក​បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​ធ្វើ​ឲ្យ​អ្នក​រស់នៅ​តំបន់​បឹងកក់​ខកចិត្ត​ ហើយ​បាន​ជូន​ដំណឹង​ស្ងាត់ៗ​ដល់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ។ ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹង​ថា បើ​មិន​ដូច្នេះ​ទេ ខ្លួន​នឹង​ពិចារណា​ឡើងវិញ​នូវ​កម្មវិធី​របស់ខ្លួន​នៅ​កម្ពុជា។

របាយការណ៍​ថ្ងៃនេះ​បង្ហាញ​ថា ធនាគារ​ពិភពលោក​បាន​បន្ត​គាំទ្រ​អ្នកនៅ​តំបន់​បឹងកក់​ទៅតាម​ការ​សន្យា​របស់​ខ្លួន។

លោក​ សៀ​ ភារម្យ​ ជា​នាយក​អង្គការ​ក្រុម​ការងារ​ពិសេស​ការពារ​សិទ្ធិ​លំនៅដ្ឋាន ដែល​ជា​អង្គការ​ក្នុង​ស្រុក​ធ្វើការ​ផ្តល់​ដំបូន្មាន​ដល់​អ្នក​រស់​នៅ​តំបន់​បឹងកក់​អំពី​សិទ្ធិ​របស់​ពួកគេ។ លោក​និយាយ​ថា កាល​ពី​ដើម​ឆ្នាំ​នេះ​ក្រុម​មន្រ្តី​ក្នុង​ស្រុក​បាន​ចាប់ផ្តើម​ប្រជុំ​ជាមួយ​អ្នករស់នៅ​តំបន់​បឹងកក់ ហើយ​ភាគី​ទាំង​សង​ខាង​បាន​សម្រេច​លើ​កិច្ចការ​មួយចំនួន​រួចហើយ។ លោក​ថ្លែង​ថា៖

«យើង​ឃើញ​ថា ផ្នែក​ខ្លះ ចំណុច​ខ្លះ មាន​ដំណើរការ​ទៅមុខ ហើយ​ផ្នែក​ខ្លះ​មិន​មាន​ដំណើរការ​ទៅមុខ​ទេ។ វា​ហាក់​ដូចជា​មាន​ដំណើរ​ការ​យឺត ហើយ​ប្រជាពលរដ្ឋ​នៅ​តែ​មាន​ការ​ភ័យខ្លាច​ចំពោះ​ការ​បណ្តេញ​ចេញ​ ដោយហេតុ​ថា​ក្នុង​អំឡុង​ពេល​ធ្វើការ​វាស់វែង​ដីធ្លី សន្តិសុខ​ក្រុមហ៊ុន​ព្យាយាម​បញ្ចុះ​បញ្ចូល​ ឬគំរាម​កំហែង​ប្រជាពលរដ្ឋ​ឲ្យ​រើ​លំនៅដ្ឋាន​ដោយ​ទទួល​បាន​តែ​សំណង​បន្តិចបន្តួច​ប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​យើង​ឃើញ​ថា ផ្នែក​ខ្លះ​មាន​លទ្ធផល​ល្អ ឯ​ផ្នែក​ខ្លះ​មិនមាន​លទ្ធផល​ល្អ​នោះ​ទេ។ ទោះជាយ៉ាងណា​ក៏ដោយ ក៏​សហគមន៍​មាន​សាមគ្គីភាព​ជាមួយគ្នា​ដែរ»។

ក្នុង​អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ កម្ពុជា​កំពុង​អភិវឌ្ឈ​យ៉ាង​លឿន ហើយ​តម្លៃ​ដីធ្លី​មាន​ការ​កើន​ឡើង​យ៉ាង​រហ័ស​ផង​ដែរ។ អ្នករិៈគន់​និយាយ​ថា ករណី​នេះ​បាន​បង្ក​ឲ្យ​មាន​ការដណ្តើម​យក​ដីធ្លី​ជា​បន្ត​បន្ទាប់ និងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​បាត់បង់​ផ្ទះសម្បែង។

រាជធានីភ្នំពេញ​បាន​ផ្លាស់ប្តូរ​យ៉ាងរហ័ស។ កាលពី​ទសវត្សរ៍​មុន សំណង់​អនាធិបតេយ្យ​ត្រូវបាន​កម្ទេច​ចោល ហើយ​អ្នក​រស់នៅ​តំបន់​នោះ​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង។ បច្ចុប្បន្ន​នេះ យើង​ឃើញ​មាន​អគារ​ខ្ពស់ៗ និង​អគារ​ផ្ទះ​ល្វែង។

ក្រុមហ៊ុន​ទាំងឡាយ​នៅពី​ក្រោយ​ការអភិវឌ្ឍ​តំបន់​បឹងកក់​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្នា។ ក្រុមហ៊ុន​មួយ​កាន់​កាប់​ដោយ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​កាន់​អំណាច។ មួយ​ទៀត​គឺជា​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន ដែលជា​ប្រទេស​ផ្តល់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​និយាយ​ថា​ពួកគេ​មិន​ខ្វល់​ពី​តួនាទី​របស់​ធនាគារ​ពិភពលោក​ទេ។ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី និយាយ​ថា​ ធនាគារ​ពិភពលោក​បាន​ធ្វើ​ហួស​អជ្ញាធរ​របស់​ខ្លួន​ក្នុង​ការទទូច​ឲ្យ​រាជរដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ធ្វើតាម​លក្ខ័ណ្ឌ​ទាំងអស់​នោះ។ លោក​និយាយ​ថា​តួនាទី​តែ​មួយគត់​របស់​រាជរដ្ឋាភិបាល​ចំពោះ​ធនាគារ​ពិភពលោក​គឺ​ការ​សង​បំណុល​ដែល​ខ្លួន​បាន​ខ្ចី​ពី​ធនាគារ​ ហើយ​លក្ខខណ្ឌ​លើ​កម្ចី​មួយ​មិន​គួរ​ប៉ះពាល់​ដល់​កម្ចី​ផ្សេងៗ​ទៀត​ឡើយ។

លោក សៀ ភារម្យ នៃ​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន បញ្ជាក់​ថា អ្នក​រស់​នៅ​តំបន់​បឹងកក់​ចង់​ឲ្យ​ធនាគារ​ពិភពលោក​ធ្វើការ​ផ្តល់​ប្រាក់​កម្ចី​ឡើង​វិញ នៅ​ពេល​ដែល​ដំណោះស្រាយ​ត្រូវ​បាន​រក​ឃើញ។ លោក​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​គិត​ថា ប្រសិន​បើ​នរណា​ម្នាក់​និយាយ​អំពី​បញ្ហា​បឹងកក់ យ៉ាង​ហោច​ណាស់​រដ្ឋាភិបាល​នឹង​ពិចារណា​ឡើង​វិញ និង​ធ្វើការ​បន្ថែម​ទៀត​ដើម្បី​បង្កើន​នូវ​ការ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត​របស់​ខ្លួន»។

រយៈពេល​ប៉ុន្មាន​សប្តាហ៍​ និង​ប៉ុន្មាន​ខែ​ខាងមុខ​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​តើ​ឱសានវាទ​របស់​ធនាគារ​ពិភពលោក​នឹង​ជួយ​ស្វែងរក​ដំណោះស្រាយ​មួយ ឬ​ក៏​អត់៕

ប្រែ​សម្រួល​ដោយ​ លី​ ម៉ូរីវ៉ាន់

XS
SM
MD
LG