ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មករ​រោងចក្រ​ជាង​៤០នាក់​បាន​ដួល​សន្លប់


កម្មករ​រោងចក្រ​ប្រហែល​១០០​នាក់​បាន​សន្លប់​នៅ​រោងចក្រ​ហុងវ៉ា​កម្ពុជា​ហ្កាមិន (Hung Wah Garment) នៅ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​កក្កដា​ឆ្នាំ​២០១១។
កម្មករ​រោងចក្រ​ប្រហែល​១០០​នាក់​បាន​សន្លប់​នៅ​រោងចក្រ​ហុងវ៉ា​កម្ពុជា​ហ្កាមិន (Hung Wah Garment) នៅ​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥​ខែ​កក្កដា​ឆ្នាំ​២០១១។

យ៉ាងហោចណាស់​មាន​កម្មករ​រោងចក្រ​ចំនួន​៤៤​នាក់​បាន​ដួល​សន្លប់​ជា​ថ្មី​ទៀត ​ស្របពេល​ដែល​មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​ និង​សមាគម​កាត់ដេរ​កម្ពុជា​បាន​អះអាង​ថា​ លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ​មួយ​ចំនួន​កំពុង​តែ​ត្រូវបាន​ធ្វើ​ការ​កែ​លម្អ​ដើម្បី​ជៀសវាង​ឧបទេវហេតុ​ដូច​គ្នា​នេះ។

ចាប់តាំង​ពី​ចុង​ខែ​កក្កដា​រហូត​ដល់​ខែ​តុលា​នេះ​ កម្មករ​រោង​ចក្រ​សរុប​ចំនួន​ជាង​៥០០​នាក់​ក្នុង​រោងចក្រ​ចំនួន​៩​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ ដែល​ធ្វើ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​និង​អ្នក​បញ្ជា​ទិញ​ក្រៅ​ប្រទេស​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ករណី​នេះ​ដោយ​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​លាស់​លើ​ករណី​ដួល​សន្លប់​នេះ។

បន្ទាប់​មក​អង្គការ​ពលកម្ម​អន្តរជាតិ​ ILO​ បាន​រក​ឃើញ​ថា​ ការ​ដួល​សន្លប់​នេះ​បណ្តាល​មក​ពី​កំរិត​កំដៅ​លើស​ពីការ​ណែនាំ​ ដែល​បណ្តាល​ឲ្យ​កម្មករ​បាត់បង់​ជាតិ​ទឹក ​ហេវហត់​អស់​កម្លាំង។ ​កត្តាមួយ​ទៀត ​គឺ​ដោយសារ​ តែ​កម្មករ​បាន​ប៉ះពាល់​នឹង​សារធាតុ​រំលាយ​សម្រាប់​បោក​សម្អាតដែល​ធ្វើ​ឲ្យ​ពួក​គេ​អាច​មាន​អាការៈ​វិលមុខ​និង​ធីងធោង។​ការ​ធ្វើ​ការ​ថែម​ម៉ោង​ច្រើន​ពេក​រួម​ទាំង​កង្វះ​អាហារ​រូបត្ថម្ភ​ក៏​ធ្វើ​ឲ្យ​កម្មករ​ងាយ​នឹង​ដួល​សន្លប់​ផង​ដែរ។

នៅ​ក្នុង​នោះ​អង្គការ​ ILO​ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ កម្រិត​សម្លេង​ខ្លាំង​អាច​ចូល​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​និង​អស់​កម្លាំង​ខ្លាំង​ កន្លែង​ធ្វើការ​ដែល​មិន​ទាន់​មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​ ដូច​ជា​កៅ​អី​ពុំ​មាន​ខ្នង​បង្អែក ​ភ្លើង​បំភ្លឺ​មិន​គ្រប់គ្រាន់​ អនាម័យ​មិន​ស្អាត ​កង្វះ​ប្រព័ន្ធ​គ្រប់គ្រង​សុខភាព​ និង​សុវត្ថិភាព​ការងារ​ក៏​ជា​មូល​ដ្ឋាន​បន្ថែម​ទៀត​នៃ​ការដួល​សន្លប់​នៃ​ក្រុម​កម្មករ​ផង​ដែរ។

លោក​សេង​ សក្កដា​ អគ្គនាយក​នៃ​នាយកដ្ឋាន​ការងារ​បាន​ឲ្យ​ដឹង​ថា ​រោងចក្រ​មួយចំនួន​បាន​ចាប់​ផ្ដើម​កែប្រែ​នូវ​ចំណុច​ខ្វះ​របស់​ខ្លួន​ហើយ។

លោក​សេង ​សក្កដា​បាន​បញ្ជាក់​ថា ​បើ​សិន​ជា​រោងចក្រ​ណាមួយ​ត្រូវគេ​រក​ឃើញ​ ថា​មាន​កំហុស​ ហើយ​មិន​មាន​ការ​កែប្រែ​ទេ​ រោងចក្រ​នោះ​ត្រូវ​ប្រឈម​នឹង​ការ​ផ្អាក​ ឬ​ផាក​ពិន័យ​ជា​ដើម។

«យើង​បង្កើត​ក្រុម​ការងារ​គណៈកម្មការ​ចំរុះ​មួយ​ដើម្បី​ចុះ​ទៅ​ពិនិត្យ​មើល​ករណី​នេះ​ ក្នុង​នោះ​មាន​តាំង​ពី​លក្ខខណ្ឌ​ការងារ​តាំង​ពី​លក្ខខណ្ឌ​អនាម័យ​ និង​សន្តិសុខ​ការងារ ​នៅ​ក្នុង​នោះ​វា​មាន​ធាតុ​អាកាស ​មាន​ការ​ដាក់​ទុក​ឥវ៉ាន់​ ធូលី​និង​ពេល​ម៉ោង​ធ្វើការ​ជា​ដើម។​ ហើយ​យើង​ចុះ​ទៅស្រាវជ្រាវ​ មិន​មែន​តែ​រោងចក្រ​ដែល​មាន​កម្មករ​ដួល​សន្លប់​នោះ​ទេ។​ យើង​ពិនិត្យ​មើល​រោងចក្រ​ណា​ដែល​អាច​ងាយ​រង​នូវ​ហានិភ័យ​ យើង​នឹង​ចុះ​ទៅ​ជា​បន្ត​បន្ទាប់​ទៀត​ដើម្បី​ជំរុញ​ឲ្យ​រោងចក្រ​ទាំង​អស់​មាន​ការ​គោរព​នូវ​លក្ខខណ្ឌ​អ្វី​ ដែល​ក្រុម​អធិការ​កិច្ច​បាន​ពិនិត្យ​ឃើញ»។

លោក​ជាតិ ​ខេមរា​ មន្រ្តី​ជាន់​ខ្ពស់​នៃ​សមាគម​កាត់ដេរ​កម្ពុជា​ក៏​បាន​អះអាង​ដូច​គ្នា​នោះ​ដែរ។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ កក្តា​សំខាន់​មួយទៀត​ក្នុង​ការ​ទប់ស្កាត់​ការ​ដួល​សន្លប់​របស់​កម្មករ​គឺ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ដែល​មាន​ស្រាប់​ ពីព្រោះ​ការ​អនុវត្ត​ច្បាប់​នេះ​នៅ​មាន​ចន្លោះ​ប្រហោង​នៅ​ឡើយ។

«គាត់​កែប្រែ​រួច​អស់​ហើយ។ ​កម្មករ​ចូល​ធ្វើ​ការ​វិញ​អស់​ហើយ​ មិន​មាន​ហេតុការ​នេះ​កើត​ឡើង​ទៀត​ទេ​ ចំពោះ​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​រោងចក្រ​ ដែល​មាន​ហេតុការណ៍​កើត​ឡើង​នោះ។​ យើង​មាន​ការ​សោកស្តាយ​នូវ​ហេតុការណ៍​កើត​ឡើង​ក្នុងនាម​និយោជក​ និង​នាម​សមាគម​កាត់ដេរ​ ប៉ុន្តែ​យើង​នឹង​ព្យាយាម​ យើង​នឹង​ដោះស្រាយ​រាល់​បញ្ហា​ទាំង​អស់​ដើម្បី​ឲ្យ​បាន​ប្រសើរ។ ​យើង​ព្យាយាម​កាត់​បន្ថយ​នូវ​កំហុស​ឆ្គង​ និង​កែលម្អ​ឲ្យ​មាន​ភាព​ប្រសើរ»។

ទោះ​បី​ជា​មាន​ការ​អះអាង​ថា​ ក្រុម​ការងារ​អន្តរ​ក្រសួង​បាន​ធ្វើ​ការ​ពិនិត្យ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ និង​សុខភាព​នៅ​តាម​បណ្តាល​រោងចក្រ​ក៏​ដោយ ​ក៏​កម្មករ​នៅ​តែដួល​សន្លប់​ដដែល។ ​ជាក់ស្តែង​កម្មករ​កាត់ដេរ​៤០​នាក់​នៅ​រោងចក្រ​សាំងវ៉ូ​ ក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​ដួលសន្លប់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ។​ ​មន្រ្តី​សុខាភិបាល​ខេត្ត​នេះ​អះអាង​ថា​ ការ​ដួល​សន្លប់​នេះ​បណ្តាល​មក​ពី​កម្មករ​ទាំង​នោះ​មាន​អាការៈ​ហេវហត់​អស់​កម្លាំង​ និង​បន្ទប់​ធ្វើ​ការ​មិន​មាន​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់។

លោក​ជា​ មុន្នី ​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​ដួល​សន្លប់​នឹង​នៅ​តែ​មាន​ជា​បន្ត ​ពីព្រោះ​ការ​កែប្រែ​របស់​រោងចក្រ​មាន​ចំណុច​តិច​តួច​បំផុត។

«ជាទូ​ទៅ​គាត់​យក​ចិត្តទុក​ដាក់​ទុក​ដាក់​អញ្ជឹង​ ប៉ុន្តែ​អត់​បាន​អនុវត្ត។​ មាន​អីក្រៅ​ពី​លុយ?​ តែ​ឲ្យ​លុយ​ទៅ​ ផឹក​ស៊ី​ល្ងាច​ហ្នឹង​ស្រវឹង​អស់​ទៅ​ ដេក​ទៅ​ លែង​បាន​អនុវត្តហើយ»។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ អាត់ ​ធន​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ឲ្យ​ដឹងថា​ការ​ កែប្រែ​របស់​រោងចក្រ​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​តាម​ស្តង់ដារនៅ​ឡើយ​ ហើយ​ការកែ​ប្រែ​នេះ​ក៏​មិន​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ដួល​សន្លប់​បាន​ដែរ​ បើ​សិន​ជា​ប្រាក់​ខែ​របស់​កម្មករ​នៅ​តែ​មាន​ចំនួន​តិច​តួច​បែប​នេះ។

«មាន​ការ​កែប្រែ​នៅ​ក្នុង​ចំណុច​មួយ​ចំនួន​ ប៉ុន្តែ​ការ​កែប្រែ​នោះ​ គឺ​វា​អត់​ទាន់​ស្រប​ទៅ​តាម​ស្តង់ដារទេ។​ ខ្ញុំ​គិត​ទៅ ​វិធានការ​ទៅ​កែរោងចក្រ​បន្តិច​បន្តួច​នេះ​ គឺ​វា​មិនមែន​ជា​វិធានការមាន​និរន្តភាព​ទេ។ ​វា​គ្រាន់​តែ​ជួយ​បាន​តែ​មួយ​អន្លើៗ​ តែ​ប៉ុណ្ណោះ។ អ្វី​ដែល​និរន្តភាព​ គឺ​មានន័យ​ថា​ ផ្តល់​ប្រាក់​ឲ្យ​បាន​គ្រប់គ្រាន់​គឺ​យើង​ត្រូវ​ឲ្យ​កម្មករ​ធ្វើ​ការ​ត្រឹម​៨​ម៉ោង ​ ហើយ​នឹង​កែ​លក្ខខណ្ឌ​នៅ​ក្នុង​រោងចក្រ​នោះ​កុំ​ឲ្យ​ហប់​ កុំ​ឲ្យ​ក្តៅ​ និង​កុំ​ឲ្យ​មាន​ជាតិ​គីមី»។

លោក​សេង​ វណ្ណៈ ​ជា​កម្មករ​នៅ​រោងចក្រ​កាត់ដេរ​ជីមលី​ ស្ថិត​នៅ​តាម​បណ្តាយ​ផ្លួវ​ជាតិ​លេខ​៤​ ក្រុង​ភ្នំពេញ​ ដែល​មាន​កម្មករ​ប្រមាណ​ជាង​១០០​នាក់​ បាន​ដួល​សន្លប់​កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ។ លោកបាន​បញ្ជាក់​ស្រប​គ្នា​ជាមួយ​លោក​អាត់ ​ធន់​ដែរ។

«គាត់​គិត​ហើយ​ថា​ ខុស ​System​ អីហ្នឹង​ ហើយ​ថែម​កង្ហាល់​អីហ្នឹង​ ហើយនឹង​មិន​ដាក់​អីវ៉ាន់​ខ្ពស់​ជាង​កម្មករ​អង្គុយ​ដេរ​បង​!​ ហើយ​ប្រាក់​ខែ​កម្មករ​ទូទាំង​ប្រទេស​ត្រូវ​កែប្រែ​ឲ្យ​បាន​ច្រើន។​ ខ្ញុំ​មាន​កម្លាំង​ធ្វើ​ការ​ហ្នឹង ​និង​មាន​លុយ​ផ្ញើ​ទៅ​ស្រុក»។

លោក​ស្រី​ពេជ្រ​ ម៉ាលីកា ​ជា​មន្រ្តី​គ្រប់គ្រង​ផ្នែក​ត្រួត​ពិនិត្យ​នៅ​តាម​រោងចក្រ​កាត់​ដេរ​នៃ​អង្គការ​ពលកម្ម​អន្ដរ​ជាតិ ​ILO ​បាន​ឲ្យ​ដឹង​ថា ​អង្គការ​របស់​លោក​ស្រី​មិន​ទាន់​ចាប់​ផ្ដើម​ធ្វើការ​ត្រួត​ពិនិត្យ​លើ​ស្ថានភាព​ទីកន្លែង​ការងារ​នៅ​តាម​បណ្ដា​រោងចក្រ​ជា​បន្ត​ទៀត​នៅ​ឡើយ​ទេ។

«អារឿង​ថា​ មាន​ការ​កែលម្អ​នៅ​មន្ទីរ ​កន្លែង​ជាក់ស្តែង ​ឬ​អត់​ គឺ​យើង​អត់​ហ៊ាន​ធានា ​ថា​ មាន​ការ​កែ​លម្អ​មែន​ទេ។​ ដោយសារ​យើង​ឥត​បាន​ទៅ​ទាក់ទង​ថា​កែ​លម្អ​ ​ឬ​ក៏​មិន​កែ​លម្អ។​ ខ្ញុំ​ឥត​បាន​និយាយ​ថា ​គាត់​នឹង​កែលម្អ​ចំណុច​ហ្នឹង»។

រោង​ចក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​៥៣៩​រោងចក្រ​ និង​មាន​កម្មករ​សរុប​ចំនួន​៣៩៩៥៨០​នាក់​ ក្នុង​នោះ​កម្មករ​ចំនួន​៣៦៤៣៥៣​នាក់​ជា​កម្មករ​កាត់ដេរ​សម្លៀក​បំពាក់​ដែល​មាន​រោងចក្រ​ចំនួន​៥០២៕

XS
SM
MD
LG