ភាគីក្រុមហ៊ុនរោងចក្រកាត់ដេរនិងភាគីសហជីពកម្មករ បានតែងតាំងតំណាង៥នាក់រៀងៗខ្លួន ដើម្បីធ្វើការចរចាអំពីការដំឡើងប្រាក់ឈ្នួលនិងប្រាក់រង្វាន់ផ្សេងៗដល់កម្មករ។ ចំពោះជម្លោះការងារ នេះ ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ភាគច្រើនពីប្រទេសកម្ពុជា បានជំរុញឱ្យដៃគូពាក់ព័ន្ធទាំង អស់គោរពនូវដំណើរការ និងចាប់ផ្តើមកិច្ចសន្ទនា ដែលមានសេចក្តីទុកចិត្តដ៏ល្អ ដើម្បីស្វែងរក ដំណោះស្រាយមួយសមរម្យ។
ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ និងសហជីពកម្មករបានយល់ព្រមគ្នាបង្កើតគណៈកម្មការមួយតាមយុទ្ធសាស្ត្រដែលបានសម្របសម្រួលដោយរដ្ឋាភិបាល ដើម្បីធ្វើការចរចាលំអិតអំពីការបង្កើនប្រាក់ ឈ្នួល និងលាភសក្ការៈផ្សេងៗសម្រាប់កម្មករ។
កិច្ចប្រជុំរវាងតំណាងក្រុមហ៊ុន និងតំណាងសហជីពកម្មករក្រោមអធិបតីភាពរបស់លោករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អ៊ិត សំហេង បានស្រុះស្រួលគ្នាបង្កើតគណៈកម្មការ ដែលមានសមាជិកប្រាំនាក់ ពីភាគីក្រុមហ៊ុន និងប្រាំនាក់ពីភាគី សហជីពកម្មករសម្រាប់ចរចាប្រាក់រង្វាន់ផ្សេងៗដល់កម្មករ។ ប៉ុន្តែភាគីក្រុមហ៊ុន មិនទាន់បានយល់ព្រមគ្នាតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដែលស្នើសុំឱ្យដក ពាក្យបណ្តឹងប្រឆាំងនឹងតំណាងកម្មករ ចំពោះការធ្វើកូដកម្មពីតុលាការតែភាគីសហជីព បានទទួល យកសំណើរបស់លោកអ៊ិត សំហេង ដោយសន្យាចូលតុចរចា និងបញ្ឈប់ធ្វើកូដកម្ម។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងថា សហជីពកម្មករបានបញ្ចូនលិខិតស្នើ ឈ្មោះ តំណាងសហជីពកម្មករប្រាំនាក់ទៅកាន់ក្រសួងការងារ រួមមានប្រធានសហជីពលោក អាត់ ធន់ លោករ៉ុង ឈុន លោក វង្ស សុវណ្ណ លោកសម អូន និងលោកស្រី ម៉ម ញឹម។
លោកខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរ GMAC បានថ្លែងថា លោកនឹង បញ្ចូន បញ្ចីឈ្មោះតំណាងប្រាំនាក់ជាផ្លូវការទៅក្រសួងការងារ នៅថ្ងៃស្អែកសម្រាប់ការរៀបចំ កាលបរិច្ឆេទ នៃកិច្ចប្រជុំ។
ក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ភាគច្រើនពីប្រទេសកម្ពុជា ដែលបានតាមដានការវិវត្តនៃការ ចរចាប្រាក់ឈ្នួល កិច្ចព្រមព្រៀង និងកូដកម្មយ៉ាងយកចិត្តទុកដាក់កំឡុងរយៈពេលពីរបីសប្តាហ៍ថ្មីៗនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា យើងសូមជំរុញឱ្យដៃគូពាក់ព័ន្ធទាំងអស់គោរពនូវដំណើរការ និងចាប់ផ្តើមកិច្ចសន្ទនា ដែលមានសេចក្តីទុកចិត្តដ៏ល្អ ដើម្បីស្វែងរកដំណោះស្រាយ មួយសមរម្យ។
សេចក្តីថ្លែងការណ៍នេះ បានបន្ថែមថា ភាគីទាំងពីរធ្វើការបង្ហាញពីការប្តេជ្ញាចិត្ត ដើម្បីសកម្មភាព ស្ថាបនា ឡើងវិញសម្រាប់ដំណោះស្រាយរយៈពេលវែង និងទប់ស្កាត់ពីសកម្មភាព ដែលអុជអាលនានាឬ ពាក្យសម្តីដែលធ្វើឱ្យខូចប្រយោជន៍រួម និងស្វែងរកដំណោះស្រាយមួយដោយបញ្ចូលអារម្មណ៍របស់ភាគីទាំងអស់ និងផ្តល់នូវស្ថេរភាពយូរអង្វែងសម្រាប់វិស័យឧស្សាហកម្ម។
លោកខេន លូ បានបញ្ជាក់ថា សមាគមរោងចក្រកាត់ដេរ GMAC នឹងមិនដកពាក្យបណ្តឹងប្រឆាំង នឹងតំណាងកម្មករដែលបាន ធ្វើកូដកម្មកាលពីសប្តាហ៍មុនពីតុលាការនោះទេ ហើយករណីតុលាការ ជារឿងឯករាជ្យ។
លោកអាត់ ធន បានបញ្ជាក់យ៉ាងដូច្នេះថា៖
«បើសិនជានិយោជកចង់ចរចា ដោយសន្តិភាពបញ្ឈប់ ការប្តឹងផ្តល់ដកពាក្យបណ្តឹងទៅ យើងឈប់ធ្វើកូដកម្មយើងចរចាគ្នាដោយសន្តិភាព។ អញ្ចឹង យើងទទួលបាននូវលទ្ធផលមួយសមរម្យ សម្រាប់កម្មករ និយោជិត និយោជកមួយ»។
កម្មករច្រើនរាប់ម៉ឺននាក់ បានធ្វើកូដកម្មរយៈពេលបួនថ្ងៃ ដើម្បីទាមទារឱ្យថៅកែរោងចក្រដំឡើង ប្រាក់ឈ្នួលពី៦១ដុល្លាអាមេរិកដល់៩៣ដុល្លាអាមេរិក។ ដោយមានការជួយសម្របសម្រួលពីរដ្ឋាភិបាលកម្មករបានបញ្ឈប់ការធ្វើកូដកម្មនិងបានវិលត្រឡប់ចូលធ្វើការវិញ លើកលែងតែតំណាង កម្មករ ដែលនាំធ្វើកូដកម្ម មិនអនុញ្ញាតឱ្យចូលធ្វើការវិញទេ រហូតដល់មានសេចក្តីសម្រេចរបស់ តុលាការ។
សមាគមរោងចក្រកាត់ដេរ GMAC បានប្រកាសថា ការធ្វើកូដកម្មនេះ បានធ្វើឱ្យក្រុមហ៊ុនខាតបង់ ប្រាក់ អស់ជាង១៥លានដុល្លាអាមេរិក និងបានស្វែងរកសំណងការខូចខាតនេះ៕