ក្រុមកម្មករច្រើនរាប់ពាន់នាក់នៅសួនកាណាឌីយ៉ានិងសួនវឌ្ឍនៈ ជាយក្រុងភ្នំពេញ បានបង្វែរពីការធ្វើកូដកម្មនៅនឹងកន្លែងទៅជាដើរជាក្បួនដង្ហែរនៅក្បែរកន្លែងរបស់ខ្លួនដើម្បីទាមទារដំឡើងបា្រក់ឈ្នួល។ សាក្សីឃើញផ្ទាល់ភ្នែកនិងក្រុមសហព័ន្ធសហជីព បាននិយាយថា យ៉ាងតិចមានកម្មករចំនួន៤នាក់បានរងរបួសដោយសាររថយន្តថៅកែរោងចក្របុក។ ក៏ប៉ុន្តែក្រុមកម្មករបាននិយាយថា ពួកគេនឹងបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ។
ក្រុមកម្មករកាត់ដេរសម្លៀកបំពាក់ជាច្រើនរាប់ពាន់នាក់ នៅថ្ងៃពុធនេះ បានផ្លាស់ប្តូរពីការធ្វើកូដកម្មមកជាការដើរក្បួនដង្ហែរនៅកន្លែងសួនឧស្សាហកម្មសំខាន់ចំនួនពីរ គឺសួនកាណាឌីយ៉ា និងសួនវឌ្ឍនៈ ជាយក្រុងភ្នំពេញ ខណៈពេលដែលក្រុមកម្មករនៅរោងចក្រផ្សេងទៀត បានបន្តធ្វើកូដកម្ម នៅមុខរោងចក្ររបស់ខ្លួន។
ក្រុមកម្មករបានកាន់បដា និងស្រែកតាមឧគ្ឃោសនសព្ទបំពងសំឡេង ដើម្បីអំពាវនាវឲ្យក្រុមកម្មករផ្សេងទៀតចេញមកចូលរួមធ្វើកូដកម្មជាមួយខ្លួន។
លោកស្រស់ វុទ្ធី ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរនៅរោងចក្រ New Orient បាននិយាយថា មូលហេតុដែលនាំឲ្យពួកគេដើរក្បួនដង្ហែរនៅថ្ងៃនេះ គឺដើម្បីដាក់សម្ពាធថ្មីបន្ថែមទៀតក្នុងការទាមទាររបស់ខ្លួន។
ចំណែកលោកម៉ៅ វណ្ណៈ អនុប្រធានសហជីព CCAWDU នៅរោងចក្រ GRB ប្រចាំសួនវឌ្ឍនៈបាន រៀបរាប់ថា៖
«សូមឲ្យបងប្អូនទាំងអស់ចូលរួម ថាឃើញយើងទាមទារប្រាក់ខែ ដែលយើងរស់នៅមិនសមរម្យ ដូចថាឲ្យ៦១ដុល្លារហ្នឹង។ ថ្លៃផ្ទះជួលក៏ឡើងថ្លៃ អ្វីក៏ឡើងថ្លៃ។ យើងត្រូវចូលរួមទាំងអស់គ្នា»។
ក្រុមកម្មករកាត់ដេរសម្លៀកបំពាក់ ដែលដឹកនាំដោយលោកអាត់ ធន ប្រធានសហភាពការងារកម្ពុជា បានបន្តធ្វើកូដកម្មឈានដល់ថ្ងៃទីបីហើយ។
មន្រ្តីសហព័ន្ធសហជីព និងសាក្សីឃើញផ្ទាល់ភ្នែកបាននិយាយថា នៅថ្ងៃពុធនេះ យ៉ាងតិចមានក្រុមកម្មករកាត់ដេរសម្លៀកបំពាក់នៅរោងចក្រ GHG និងរោងចក្រ Pine Great ចំនួនបួននាក់ បានទទួលរងរបួស ដោយសារតែរថយន្តដឹកសម្ភារៈរបស់រោងចក្របុក។
ចំណែកឯអ្នកស្រីម៉ម ញឹម ប្រធានសហព័ន្ធសហជីពការងារជាតិកម្ពុជា បាននិយាយថា អ្នកស្រីត្រូវបានមនុស្សមិនស្គាល់មុខមួយក្រុមតាមថតរូប និងថតរាល់សកម្មភាពរបស់អ្នកស្រី ដែលបានចួលរួមធ្វើកូដកម្មជាមួយក្រុមកម្មករ។
«និយាយទៅ មានមនុស្សប្លែកៗមុខតាមរហូត។ ខ្ញុំមិនដឹងថា គាត់តាមមានបំណងអីទេ។ ខ្ញុំអត់ដឹងដែរ។ អ្នកខ្លះជិះម៉ូតូ ហើយថតនៅក្នុងសួនវឌ្ឍនៈហ្នឹង។ គាត់ដើរថតគ្រប់សកម្មភាពយើង»។
មានការអះអាងខុសគ្នាអំពីចំនួនក្រុមកម្មករដែលបានចូលរួមធ្វើកូដកម្មនៅថ្ងៃពុធនេះ។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បាននិយាយថា កម្មករដែលបានចូលរួមមានចំនួន១៦ម៉ឺននាក់ គឺបានកើនឡើងជាង២ម៉ឺននាក់កាលពីថ្ងៃអង្គារ។
រីឯលោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងលោកជាតិ ខេមរា មន្រ្តីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា បាននិយាយស្រដៀងគ្នាថា ចំនួនកម្មករដែលបាន ចូលរួមនៅថ្ងៃនេះ ប្រហែលតែ២ម៉ឺននាក់ប៉ុណ្ណោះ។
«អ្វីដែលលើកឡើងថាមានកម្មករច្រើននាក់ចូលរួមនោះ គឺមិនប្រាកដដូចការលើកឡើងទេ។ ប៉ុន្តែ បើសិនជាកម្មករចូលរួមច្រើនមែន ខ្ញុំគិតថា លទ្ធផលគឺនឹងគេឲ្យអ្វីដែលជាការស្នើសុំរបស់បងប្អូន កម្មករ កម្មការិនី»។
ក្រុមកម្មករសរុប នៅទូទាំងប្រទេសកម្ពុជា មានចំនួនជាង៣០ម៉ឺននាក់ ដែលបានបម្រើការងារនៅជាង៣០០រោងចក្រ។
លោកជាតិ ខេមរា មន្រ្តីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា បាននិយាយថា ការធ្វើកូដកម្មរបស់ក្រុមកម្មករនឹងធ្វើឲ្យពួកគេខាតបង់គឺខាតបង់ទាំងក្រុមកម្មករ និងថៅកែរោងចក្រ។ ហើយលោកពុំទាន់បានវាយតម្លៃអំពីផលប៉ះពាល់នៃការធ្វើកូដកម្មនេះនៅឡើយទេ៕