ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​អប់រំ​យុវជន​និង​កីឡា​កម្ពុជា​កំពុង​លើក​ទឹកចិត្ត​ឲ្យ​យុវតី​​ ចូលរួម​ក្នុង​វិស័យ​កីឡា​ឲ្យ​បាន​ច្រើន


ទី​លាន​លេង​​កីឡា​ប៉េតង (petanque)​ មួយ។
ទី​លាន​លេង​​កីឡា​ប៉េតង (petanque)​ មួយ។

ការ​កត់​សំគាល់​ទូទៅ​បង្ហាញ​ថា​ ស្រ្ដី​កម្ពុជា​មិនមាន​ចំណូល​ចិត្ត​ក្នុង​ការ​ចូលរួម​លេង​កីឡា​សម្រាប់ ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​នោះ​ទេ។​ នៅក្នុង​ចំណោម​កីឡាករ​ជម្រើស​ជាតិ​សរុប​ជាង ២០០​ នាក់​ នៅក្នុង​ប្រទេស​កម្ពុជា​ មាន​កីឡា​ការីនី​ត្រឹមតែ​ ៥០​នាក់​ប៉ុណ្ណោះ។

នៅ​លើ​ផ្ទៃដី​ដែល​រាយប៉ាយ​ដោយ​គ្រប់​គ្រោះ​តូចៗ​នៃ​បរិវេណ​ភាគ​ខាង​ត្បូង​របស់​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ក្រុង​ភ្នំពេញ ​ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ផ្ទះល្វែង ​និង​សំណង់​ផ្សារ​ទំនើប​ កញ្ញាឌុច សោភណ្ឌ័​ និយាយ​បណ្ដើរ​ សម្លឹង​មើល​កូន​ក្រុម​នៃ​កីឡា​ជម្រើស​ជាតិ​ផ្នែក​ប៉េតង់​បណ្ដើរ។

កីឡា​ប៉េតង់ត្រូវគេ​ស្គាល់​ម្យ៉ាងទៀត​ថា​ ជា​កីឡា​វាយ​ប៊ូល។

កូន​ក្រុម​របស់​កញ្ញា​ ឌុច សោភណ្ឌ័ ​ដែល​មាន​សមាជិក​ចំនួន​ ១១​ នាក់​សុទ្ធសឹង​ជា​ស្ដ្រី ​កំពុងតែ​បោះ​ គ្រាប់​ប៊ូល ​ធ្វើ​អំពី​ដែក​ប៉ុន​មួយ​ក្ដាប់​ដៃ​ ម្ដង​មួយៗ​សំដៅ​ទៅ​រក​គោលដៅ។​ កីឡា​ការីនី​ទាំងនេះ​កំពុង​ហាត់​សម​ត្រៀម​ទៅ​ប្រកួត​កីឡា​ប៉េតង់​ជា​លក្ខណៈ​មិត្តភាព​នៅ​ប្រទេស​វៀតណាម​ នៅ​ខែ​កញ្ញា​នេះ​ ព្រម​ទាំង​ហាត់​សម​ ដើម្បី​បង្កើន​សមត្ថភាព​សម្រាប់​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​កីឡា​ប៉េតង់​ប្រចាំ​ទ្វីប​អាស៊ី​ នៅ​ប្រទេស​ឡាវ ​នៅ​ខែ​ធ្នូខាង​មុខ​នេះ។

កញ្ញា​ ឌុច សោភណ្ឌ័​ និយាយ​ថា​ ពួកនាង​កំពុងតែ​ប្រឹងប្រែង​សម្រាប់​ដណ្ដើម​ជ័យជំនះ​ពី​ការ​ប្រកួត​ទាំងនេះ​ ជាពិសេស​ការប្រកួត​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការ​ដណ្ដើម​ពាន​រង្វាន់​ប្រចាំ​ទ្វីប​អាស៊ី។

«ទាំងអស់​គ្នា​ គឺ​ខំ​ប្រឹងប្រែង​ទាំងអស់​គ្នា​ពីព្រោះ​ថា​ ក្នុង​ខែ ​១២ ​ហ្នឹង​មាន​កាប្រកួត​ដណ្ដើម​ពានរង្វាន់​ អាស៊ី​មួយ​ទៀត ​គឺ​ការ​ប្រកួត​ប្រចាំ​ឆ្នាំ»។

ជា​រៀង​រាល់​ការ​ប្រកួត​នៅ​លើ​ឆាក​អន្ដរជាតិ​ កីឡា​ប៉េតង់​កម្ពុជា​តែងតែ​ដណ្ដើម​យក​ជ័យជំនះ​គឺ​ដណ្ដើម​ បាន​មេ​ដៃ​មាស​ស្ទើរ​គ្រប់​ការ​ប្រកួត។​ កីឡា​ការីនី​កម្ពុជា ​ត្រូវ​បាន​កត់​សំគាល់​ថា​ជា​អ្នក​បាន​ចូល​រួម​វិភាគ ទាន​ជា​ចាំបាច់​ក្នុង​ការ​ដណ្ដើម​ជ័យជំនះ​នេះ។​ ក៏ប៉ុន្ដែ​គួរ​ឲ្យ​ស្ដាយ​ ស្ដ្រី​កម្ពុជាដែល​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡា​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។

របាយការណ៍​របស់​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ជម្រើស​ជាតិ​សរុប​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ មាន​ចំនួន ​២៥៩​នាក់ ​នៅ​ក្នុង​ចំណោម​វិញ្ញាសា​កីឡា​សរុប​ចំនួន​ ២០​ប្រភេទ។​ នៅ​ក្នុង​នោះ​កីឡា​ការីនី​មាន​ចំនួន​ត្រឹមតែ ​៥៤​ នាក់​តែ​ប៉ុណ្ណោះ។​ កីឡា​ការីនី​ក្នុង​វិញ្ញាសា ​សី​ប៉ាក់​តាក្រ​ មាន​ចំនួន​ច្រើន​ជាង​គេ ​គឺ​មាន​ចំនួន​ ៩​ នាក់​ក្នុង​ចំណោម​កីឡាករ​សរុប​ចំនួន ​១៤​ នាក់ ​និង​កីឡា​ប៉េតង់​ ដែល​បាន​ស្រូប​យក​ស្រ្ដី​ចំនួន​ ១១​ នាក់​ ក្នុង​ចំណោម​កីឡាករ​សរុប​ចំនួន​២២​ នាក់។​ ដោយឡែក​នៅ​ក្នុង​វិញ្ញាសា​កីឡា​មួយ​ចំនួន​ទៀត​ដូចជា ​ក្នុង​កីឡា​ប្រដាល់​ បាល់ទះ​ បាល់ទាត់​ វាយសី​ ប្រណាំង​ទោចក្រយាន​យន្ត​ បាញ់ធ្នូ ​មិន​មាន​ការ​ចូលរួម​ពី​ស្ដ្រី​ទាល់​តែសោះ។

លោក​ វ៉ាត់ ចំរើន​ អគ្គលេខាធិការ​គណកម្មាការ​ជាតិ​អូឡាំពិក​ មាន​ប្រសាសន៍​ថា​ ស្ដ្រី​ខ្មែរ​មាន​ការ​ខ្មាស់​អៀន​ច្រើន​ ដែល​ជម្រុញ​ឲ្យ​ពួកនាងមាន​ទស្សនៈ​អវិជ្ជមាន​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​កីឡា។

«យល់ថា ​ចូល​កីឡា​ទៅ​អត់​ប្រយោជន៍ ​ហើយ​ហាត់​យូរ​ទៅ​មាន​សាច់ដុំ​ធំ ​មាន​ការ​ខ្មាស់អៀន ​និង​មិន​ចង់​ហាត់​ទៀត»។

កីឡា​ការីនី ​ដែល​ទទួល​បាន​មេដាយ​មាស​ដំបូងគេ​លើ​វិញ្ញាសា​ចំបាប់​សម្រាប់​ប្រទេស​កម្ពុជា​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំទៅ​ គឺ​កញ្ញា​ ចូវ សុធារ៉ា ​ខណៈ​ដែល​កីឡាករ​ចំណានៗ​របស់​កម្ពុជា ​ផ្នែកបោក​ចំបាប់​នេះ​មិនទាន់​សម្រេច​ជោគជ័យ​នេះ​បាន​នៅឡើយ។

នាង​បាន​ទទួល​ជ័យជំនះ​លើ​គូ​ប្រកួត​មក​ពី​ប្រទេស​ឡាវ​ លើ​វិញ្ញាសា​ចំបាប់​នៅ​ឆ្នាំ​២០០៩​ ក្នុង​ឱកាស​នៃ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា ​SEA Game។​ សុធារ៉ា​ មាន​មាឌ​មាំ ​ទាប ​និង​មាន​សាច់ដុំ​ណែន។​ ដំបូង​ឡើយ​ នាង​បាន​ចាប់​ផ្តើម​ហាត់​កីឡា​យូដូ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧​នៅ​អាយុ​ ១៤​ឆ្នាំ ​ដោយ សារ​ទឹកចិត្ត​ស្នេហា​វិស័យ​កីឡា​របស់​នាង។​ ប្រាំ​មួយ​ឆ្នាំ​ក្រោយ​ នាង​ងាក​ទៅ​ហ្វឹកហាត់​កីឡា​បោក​ចំបាប់​វិញ​ម្ដង។​ កីឡា​បោក​ចំបាប់​ គឺ​ជា​កីឡា​ដែល​បាន​នាំ​ជ័យលាភី​សម្រាប់​រូប​នាង។​ រហូត​មក​ទល់​ពេលនេះ​ កញ្ញា​ ចូវ សុធារ៉ា ​ទទួល​បាន​មេដាយ​សរុប​ចំនួន​៣ ​គឺ​មេដាយ​សំរិទ្ធ​ចំនួន​ពីរ​ពី​ការ​ប្រកួត​កីឡាអាស៊ី​អាគ្នេយ៍​ ឆ្នាំ​ ២០០៣​ និង​ឆ្នាំ​ ២០០៥​ និង​មេដាយ​មាស​នៅ​កីឡា​អាស៊ី​អាគ្នេយ៍​២០០៩។

សុធារ៉ា ​ក៏​យល់​ដូច​លោក​ វ៉ាត់ ចំរើន​ដែរ​ ថា​ភាព​ខ្មាស់អៀន​បាន​ធ្វើ​ឲ្យ​ស្ដ្រី​ខ្មែរ​រួញរា​ក្នុង​ការ​ចូលរួម​ក្នុង​សកម្មភាព​កីឡា​សម្រាប់​ការ​ប្រកួត​យក​ពាន​រង្វាន់​ គឺ​មិន​ដូច​ជា​ស្រ្តី​បរទេស​នោះ​ទេ។

«ស្រី​ស្រុក​គេ​លេង​កីឡា​ច្រើន​ណាស់​ ខុស​ពី​ស្រុក​ខ្មែរ​យើង​ មាន​ស្រ្តី​ចូល​រួម​លេង​ក្នុង​សកម្មភាព​កីឡា​តិច​ទាល់​តែ​មែន​ទែន ​ដោយសារ​ស្រ្តី​នៅ​ស្រុក​ខ្មែរ​យើង​មាន​ការ​ខ្មាស់​អៀន​ច្រើន»។

ការ​យល់ឃើញ​ខាង​លើនេះ​ពិតជា​មាន​នៅ​ក្នុង​ផ្នត់​គំនិត​របស់​ស្រ្ដី​ខ្មែរ​មួយ​ចំនួន​មែន។​ យ៉ាង​ណា​មិញ​ អ្នកស្រី​ លី គឹមណៃ​ អ្នក​លក់​ទឹក​អំពៅ​នៅ​ក្នុង​បិរវេណ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ បាន​រៀបរាប់​បណ្តើរ ​ហើយ​កៀប​អំពៅ​យក​ទឹក​ជូន​ភ្ញៀវបណ្តើរ។ ​អ្នកស្រី ​គឹមណៃ ​មាន​ប្រសាសន៍​ថា​ កីឡា​មួយ​ចំនួន​មិន​សមរម្យ​សម្រាប់​ស្រ្ដី​លេង​នោះ​ទេ ​ដោយសារ​តែ​កីឡា​ទាំងនោះ​ត្រូវ​ប្រើ​កម្លាំង​កាយ​ខ្លាំង​ពេក​ និងប្រើ​នូវ​កាយ​វិការ ​ហើយ​អាច​ជា​កាយវិការ​ខុសឆ្គង​សម្រាប់​ស្រ្ដី​ផង​ដែរ។

«យើង​ជា​ស្រី​មិន​ត្រូវ​ហក់​លោត​ខ្លាំង​ពេក​ទេ​ កុំ​ឲ្យ​យើង​ហក់​លោត​ដូច​តៃក្វាន់ដូរ​ កាយ​វិការ​ឆ្គាំឆ្គង​ខ្លាំងណាស់​ ជាពិសេស​បាល់​បោះ​ បាល់​ទះ​ខ្លាំង​ណាស់ ​តែ​កីឡា​ប៉េតង់​មិន​អឺ​ទេ»។

ប្រទេស​កម្ពុជា​មាន​លទ្ធភាព​បញ្ជូន​កីឡាករ​របស់​ខ្លួន​ទៅ​ប្រកួត​ត្រឹមតែ​ក្នុង​ក្របខណ្ឌ័​តំបន់​ទេ​ នា​ពេល​បច្ចុប្បន្ន​នេះ​ ដោយសារ​តែ​កង្វះ​ថវិកា​ ព្រមទាំង​កង្វះ​សមត្ថភាព​ពេញលេញ​របស់​កីឡាករ​ផង​ដែរ។

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​ឲ្យដឹង​ថា កីឡា​ការិនី​ដែល​ត្រូវ​ជ្រើសរើស​យក​ទៅ​ចូល​រួម​ប្រកួតនៅ​ក្នុង​ការ​ប្រកួត​ជា​លក្ខណះ​អន្តរជាតិ​ធំៗ មាន​ត្រឹមតែ​មួយ​ភាគបី​ នៃ​កីឡាករ​សរុប​ តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​លោក​ វ៉ាត ចំរើន​ អគ្គលេខាធិការ​គណៈកម្មាការ​ជាតិ​អូឡាំពិច​ បានឲ្យដឹងថា​ ​ស្រ្តី​តែងតែ​នាំ​មុខ​កីឡាករ​ក្នុង​ការ​ប្រមូល​នូវ​ជោគជ័យ​ បើ​ធៀប​ទៅ​នឹង​ចំនួន​ស្រ្ដី​និង​បុរស​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត។

«តែ​អ្វី​ដែល​សំខាន់​នៅ​ក្នុង​ការ​ប្រកួត​ SEA Game ​លើក​ទី​២៥​ នៅ​ប្រទេស​ឡាវ​ឆ្នាំ​២០០៩​នោះ​ ឃើញ​ថា​ស្រ្តី​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ជាង​បុរស​ ការ​ចូល​រួម​របស់​ស្រ្តី​មាន​ការ​តិច​ជាង​បុរស​មែន​ ប៉ុន្តែ​ដល់​លទ្ធ​ផល​ចេញ​មក​ គឺ​ស្រ្តី​ល្អ​ជាង​ គឺ​ស្រ្តី​ទទួល​បាន​រហូត​ដល់​មេដាយ​មាស»។

ដោយ​មើល​ឃើញ​ផល​ប្រយោជន៍​នេះ​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ជម្រុញ​ឲ្យ​មាន​ការ​ចូលរួម​លេង​កីឡា​ក្នុង​ស្រទាប់​យុវតី​នៅ​តាម​គ្រឹះស្ថាន​អប់រំ ​កាន់តែ​ច្រើន​ថែម​ទៀត​ ដើម្បី​បំផុស​ស្មារតី​ស្នេហា​វិស័យកីឡា។

លោក​ ឡាក់ សំអាត​ អគ្គ​នាយក​នៃ​នាយក​ដ្ឋាន​យុវជន​និង​កីឡា​ មាន​ប្រសាសន៍​ថា​ សិស្ស​នារី​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​លេង​កីឡា​ច្រើន​ ដោយ​បង្កើត​ឲ្យ​មានការ​ប្រកួត​នានា​ នៅ​ក្នុង​សាលា។

«ចំពោះ​វិស័យ​កីឡា​ យើង​ខំ​ធ្វើ​យ៉ាង​ឲ្យ​មាន​សមធម៌​យេនឌ័រនេះ​ ជា​ពិសេស​យើង​បាន​បង្កើត​ឲ្យ​មាន​ក្រុម​បាល់​ទាត់​ បាល់​ទះ​ សម្រា​ប់​នារី​ ឲ្យ​នារីបាន​ចូល​រួម​លេង​បាន​ ហើយ​នៅ​តាម​សាលា​មធ្យម​សិក្សា​បឋម​សិក្សា​ កុមារា​កុមារី​រហូត​ដល់​យុវជន​យុវនារី​ក៏​ត្រូវ​លេង​កីឡា​នៅ​ដូច​គ្នា»។

កញ្ញា ​រដ្ឋ ចិន្តា ​អាយុ​១៩​ឆ្នាំ​ ជា​សិស្ស​រៀន​ភាសា​អង់គ្លេស​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្ត​កម្ពុជា​យល់​ថា​ ការ​ចូលរួមកាន់តែ​ច្រើន​របស់​នារី​ នឹង​ជួយ​ជម្រុញ​វិស័យ​នេះ​ ឲ្យ​បាន​រីក​លូតលាស់​ជា​បន្ថែម​ទៀត។

«វា​កម្រ​ឃើញ​ស្រ្តី​លេង​កីឡា​ តែ​បើ​ស្រ្តី​មួយ​ចំនួន​តូច​លេង​កីឡា ​វា​បង្ក​ឲ្យ​ស្រ្តី​ផ្សេង​ទៀត​ចាប់​អារម្មណ៍​ហើយ​អាច​ធ្វើ​ឲ្យ​គេ​ទទួល​ស្គាល់​ស្រ្តី​មាន​សមត្ថភាព​លេង​កីឡា​ដូច​បុរស ​ហើយ​ពេលនោះ​វិស័យ​កីឡា​ ក៏​មាន​ភាព​រីកចំរើន​ ធ្វើ​ឲ្យ​ស្រ្តី​ មិន​ចូលចិត្ត​កីឡា​បែរ​មក​មាន​ចំណាប់​អារម្មណ៍​លើ​កីឡា​ដោយ​មិន​មាន​ ភាព​អឿន​ខ្មាស់​ដូច​មុន»។

កញ្ញា ​សុខ ភារី ​អាយុ​១៨​ឆ្នាំ​បាន​និយាយ​ថា​ នារី​គួរតែ​ធ្វើ​សម្មកភាព​កីឡា​ ដើម្បី​ឲ្យ​ស្រ្តី​ខ្មែរ​ក៏​មាន​សមត្ថភាព​ដូច​នារី​នៅ​ប្រទេស​ដទៃ។

«យើង​ឃើញ​ថា​នារី​ទន់ភ្លន់​សុភាព​រាបសារ ​តែ​នារី​ក៏​អាច​មាន​សមត្ថភាព​ដូច​បុរស​ដែរ​ ហើយ​បើសិន​ស្រ្តី​គិត​ថា​ខ្លួន​ឯង​អាច​លេង​កីឡា​ ដើម្បី​ប្រទេស​ជាតិ​ និយាយ​ទៅ​គួរតែ​លេង​កីឡា​ទៅ​វា​ល្អ​ប្រសើរ​ ហើយ​លេង​ឲ្យ​ពូកែ​ យើង​អាច​មាន​កេរ្កិ៍​ដណ្តើម​ពាន​រង្វាន់​ជូន​ប្រទេស​ជាតិ​នោះ​រឹតតែ​អស្ចារ្យ​ហើយ​អាច​បញ្ជាក់​ថា​ ស្រ្តី​ខ្មែរ​យើង​ក៏​មាន​សមត្ថភាព​ដូច​ស្រ្តី​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​ដែល​គេ​មាន​សមត្ថភាពអាច​ចូលរួម​លេង​កីឡា​ដូច​បុរសដែរ»។

ទោះ​ជា​យ៉ាង​ណា​ ដោយសារ​តែ​នៅ​ក្នុង​ផ្នត់​គំនិត​របស់​គ្រួសារ​ខ្មែរ​ភាគច្រើន​ដែល​មិនសូវ​បណ្ដោយ​ឱកាស​ដល់​កូនស្រី​ អាច​នៅ​តែ​ជា​ឧបសគ្គ​មួយ​ចំណែក​ដែរ​ក្នុងការ​ចូលរួម​របស់​ស្ដ្រី​កម្ពុជា​ក្នុង​វិស័យ​កីឡា​សម្រាប់​ការប្រកួត​យក​ពានរង្វាន់​នោះ​ ក្នុង​ពេលនេះ​ ស្ដ្រី​កម្ពុជា​មាន​ភាព​ផុលផុស​ក្នុង​វិស័យ​កីឡាត្រឹមតែ​ក្នុង​មជ្ឈដ្ឋាន​សាលារៀន​តែប៉ុណ្ណោះ។​ ក៏ប៉ុន្ដែ​នៅពេល​ដែល​ពួកគេ​ឈាន​ដល់​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​ ឬ​ពួកគេ​ឈប់​ពី​ការ​សិក្សា ​ពួកគេ​កាន់តែ​ឃ្លាត​ឆ្ងាយ​ពី​កីឡា​ ឬ​ក៏​បោះបង់​ការ​និយម​កីឡា​ចោល​តែម្ដង៕

XS
SM
MD
LG