ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​រំលោភ​បំពាន​លើ​ពលការិនី​កម្ពុជា​កើន​ឡើង​គួរឲ្យ​ព្រួយ​បារម្ភ


នាង​ ហុក ពៅ ជា​ពលការនី​ខ្មែរ​បំរើ​តាម​ផ្ទះ​ម្នាក់​ អាយុ​៣១​ឆ្នាំ។​នាង​បាន​យំ​ខ្សឹកខ្សួល​នៅ​ពេល​ដែល​ផ្តល់​ការសម្ភាស​មួយនៅ​ក្រុង Petaling Jaya ដែល​នៅ​ក្បែរ​ទីក្រុង​កូឡា ឡាំពួរ​ (Kuala Lumpur) នៃ​ប្រទេស​ម៉ាឡេស៊ី។​ នាង​ ហុក ពៅ​ ជា​ជន​ក្រីក្រ​តែ​នាង​មិន​ដែល​ទទ

មន្រ្ដី​អង្គការក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ​មន្រ្តី​គណបក្ស​ប្រឆាំង ​និង​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​របាយ​ការណ៍​ផ្សេងៗ​គ្នា ​នៅ​ថ្ងៃ​សុក្រ​នេះ​ទាក់ទង​ទៅ​នឹង​ការ​រំលោភ​បំពាន​លើ​ពលការិនី​កម្ពុជា​នៅ​ប្រទេស​ម៉ាឡេស៊ី ​ស្របពេល​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ​សម្រាប់​ជន​រងគ្រោះ​រហូត​ដល់​ស្លាប់​ក្នុង​ពេល​កំពុង​បម្រើ​ការងារ​នៅ​ទីនោះ​នៅ​ឡើយ។

មន្ដ្រី​ក្រសួង​មហាផ្ទៃ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ និង​មន្ដ្រី​គណបក្ស​ជំទាស់​អះអាង​ដូចគ្នាៗ​ថា ​អំពើ​ហិង្សា​លើ​ពលការិនី​កម្ពុជា​ដែល​ជា​ស្ដី្រ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ការ​កើន​ឡើង​គួរឲ្យ​ព្រួយ​បារម្ភ។

លោក​មឿង​ តុលា​ ប្រធាន​កម្ម​វិធី​ផែ្នក​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សហគមន៍​ បាន​ឲ្យ​ដឹង​ថា​ ចាប់​ពី​ខែ​តុលា​ឆ្នាំ​២០១១​រហូត​មក​ដល់​ពេល​នេះ​មជ្ឈមណ្ឌល​ទទួល​បាន​ពាក្យ​បណ្តឹង​ចំនួន​៧០​ករណី​ អំពី​ការ​ទទួល​រង​ទារុណ​កម្ម​របស់​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ទ្វេ​ដង​ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ចុង​ឆ្នាំ​២០១០។

មន្ដ្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ដដែល​បាន​បញ្ជាក់​ថា ​ពាក្យ​បណ្តឹង​ទាំង​នោះ​ភាគ​ច្រើន​គឺ​ការ​ធ្វើ​ទារុណ​កម្ម​ខាង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ដូចជា​ជេរ​ប្រមាថ​មាក់ងាយ​ វាយដំ​ បង្អត់​អាហារ​ និង​មាន​ការ​រំលោភបំពាន​ផ្លូវភេទ​ជាដើម។

«ស្រ្តី​និង​កុមារ​ខ្មែរ​យើង​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស ​ជាពិសេស​ពលករ​ដែរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ហ្នឹង​ នៅ​មិន​ទាន់​បាន​ធូរស្រាល​នៅ​ឡើយ​ទេ ​ពាក់​ព័ន្ធ​នឹង​អំពើហិង្សាមក​លើ​រាងកាយ​គាត់​ ពាក់ព័ន្ធ​នឹង​ការ​គាបសង្កត់​ផ្លូវ​ចិត្ត​ ការ​បៀតបៀន​ផ្លូវភេទ​មួយ​ចំនួន​ទៅ​លើ​ខ្លួន​គាត់​នៅ​ដដែល​ ហើយ​ពួក​គាត់​នៅ​តែ​មិន​អាច​មាន​លទ្ធភាព​ទាក់ទង​មក​ក្រុម​គ្រួសារ​គាត់​ ហើយ​ក្នុង​មួយ​រយៈ​នេះ​ គឺ​យើង​ទទួល​បាន​ពាក្យ​បណ្តឹង​ច្រើន។​ យើង​ឃើញ​ថា ​បញ្ហា​ពលករ​ចំណាក​ស្រុកហ្នឹង​ មិន​ទាន់​ស្រាក​ស្រាន្ត​នៅ​ឡើយ​ទេ»។

លោក​មឿង ​តុលា​បានឲ្យ​ដឹង​បន្ត​ថា​ ពលការិនី​រង​អំពើហិង្សា​ទាំងនេះ​ដោយ​សារ​តែប្រទេស​ម៉ាឡេស៊ី​មិន​ទាន់​មាន​ច្បាប់​ទទួល​ស្គាល់​ពលករ​បម្រើ​ការងារ​នៅ​តាម​ផ្ទះ។​ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១១​នេះ ​ពលករ​ដែល​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​ចំនួន​៩​នាក់​បាន​ស្លាប់​ តែមូលហេតុ​ការ​ស្លាប់​នេះ​ស្ថិត​នៅ​ក្នុង​មន្ទិល​សង្ស័យ​នៅ​ឡើយ។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​ស្រី​មួរ​ សុខហួរ​ តំណាង​រាស្ត្រ​គណបក្ស​សមរង្ស៊ី​បាន​ឲ្យ​ដឹងថា​ នៅ​ក្នុង​ខែ​មករា​នេះ​ លោកស្រី​ទទួល​បាន​ពាក្យ​បណ្តឹង​ចំនួន​១៥​ករណី​ពី​ពលករ​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី។

លោក​ស្រ្តី​បាន​ចាត់​ទុក​ថា​ អំពើ​ហិង្សា​លើ​ពលករ​ចំណាក​ស្រុក​ ដែលជា​ស្រ្តី​និង​កុមារ​នៅ​តែ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​ត្រូវការ​ពង្រឹង​បន្ថែម​លើ​ការ​អនុវត្តច្បាប់ឲ្យ​មាន​ប្រសិទ្ធិភាព។

«មាន​តែ​កើន​ឡើង​ គឺ​វា​ឥត​ថយ​ចុះ​ទេ។ ហើយ​ស្ថានភាព​នៅ​តែ​ធ្ងន់ធ្ងរ​ ពីព្រោះ​យើង​ឃើញ​ថា​ បើ​ទោះ​បី​ជា​មាន​ការ​ផ្អាក​ក៏​ដោយ​ ក៏​ប៉ុន្តែ​ស្រ្តី​ដែល​ធ្វើការ​នៅ​ក្នុង​ផ្ទះ​ហ្នឹង​ គឺ​យើង​ឥត​មាន​យន្តការ​ណា​នៅ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ត្រួត​ពិនិត្យ​ទេ»។

លោក​ឧត្តមសេនីយ៍ត្រី​ជីវ​ ផល្លី​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនិតិជន​នៃ​ក្រសួង​មហាផ្ទៃ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ​ពាក្យ​បណ្តឹង​របស់​ស្រ្តី​បម្រើ​តាមផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​មាន​ការ​កើន​ឡើង​ក្នុង​ឆ្នាំ​២០១១​នេះ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១០​ ជាពិសេស​អំពើ​ហិង្សា​ ដូចជា​ការ​ទះ​កំភ្លៀង​ ការ​វាយ​ ទាត់​ ធាក់​ វាយ​នឹង​វែកឆា​ក្នុង​ពេល​កំពុង​ធ្វើ​ម្ហូប​ ឬ​មាន​ការ​មួល​ក្តិច ជាដើម។​ ក៏​ប៉ុន្ដែ​លោក​មិន​មាន​តួ​លេខ​ជាក់​លាក់​ពី​ការ​កើន​ឡើង​នោះ​ទេ។

រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​ការ​នាំ​ពលករ​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​ បន្ទាប់​ពី​ពលករ​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ ទទួល​រង​នូវ​អំពើ​ហិង្សា​ពី​ម្ចាស់ផ្ទះ​ និង​បន្ទាប់​ពី​មាន​ការ​ស្លាប់​របស់​ពល​ការិនី។​ ហើយ​រហូត​ពេល​នេះ​ រដ្ឋាភិបាល​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ជូន​ពលការិនី​កម្ពុជា​ទៅ​កាន់​ប្រទេស​ម៉ាស៊ី​ឡើង​វិញ​នៅ​ឡើយ។

ក៏​ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ លោក​យ៉ា​ ណាវុធ​ នាយក​ប្រតិបត្តិ​អង្គការ​ ខារ៉ា​កម្ពុជា​ បាន​អះអាង​នៅ​ក្នុង​សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្តីពី​អំពើ​ហិង្សា​លើ​ពលករ​ទេសន្ត​ប្រវេសន៍​ស្រ្តី​ និង​កុមារ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ស្ថានភាព​នៃ​អំពើ​ហិង្សា​លើ​ស្រ្តី​ និង​កុមារ​ជា​ទូទៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន។

«យើង​ឃើញ​ថា​ មាន​លក្ខណៈ​ល្អ​ប្រសើរ​ ប្រសើរ​ជាង​មុន​ បើ​តាម​ការ​សង្កេត​របស់​យើង។ ​ប៉ុន្តែ​ទោះបី​យ៉ាង​ម៉េច​ក៏​ដោយ​ យើង​ត្រូវ​ការ​ប្រឹង​ប្រែង​ ការ​ខិត​ខំ​ការ​ចូល​រួម​ទាំងអស់​គ្នា»។

ជាមួយគ្នា​នេះ​ដែរ​ លោកស្រី​សាន្ត​ អារុណ​ រដ្ឋលេខា​ធិការ​ក្រសួង​កិច្ចការ​នារី​ក៏​បាន​លើក​ឡើង​ក្នុង​សិក្ខា​សាលា​នោះ​ដែរ​ថា ​បញ្ហា​អំពើហិង្សា​លើ​ស្រី្ត​ និង​កុមារ​ចំណាក​ស្រុកនេះ​នៅ​តែ​ជា​បញ្ហា​កង្វល់​នៅឡើយ។

លោក​អន​ ប៊ុនហាក់​ ប្រធាន​សមាគម​ភ្នាក់ងារ​ជ្រើស​រើស​ពលករ​កម្ពុជា ​ធ្លាប់​បានឲ្យ​ដឹង​ថា ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥​មក​ ជា​រៀងរាល់​ឆ្នាំ​មាន​ពលករ​ចំណាក​ស្រុក​ស្រប​ច្បាប់​ប្រមាណ​ជា​៣​ទៅ​៤​ម៉ឺន​នាក់ ទៅស្វែង​រក​ការងារ​ ដូច​បម្រើ​ការ​នៅ​តាម​ផ្ទះ​ ធ្វើ​សំណង់​ និង​ធ្វើការ​នៅ​តាម​រោងចក្រ​ជា​ដើម ហើយ​រហូត​មក​ដល់​ពេលនេះ​ មាន​ពលករ​ចំណាក​ស្រុក​ស្រប​ច្បាប់​យ៉ាង​ហោច​ណាស់​ប្រមាណ​ជា​៨​ម៉ឺន​នាក់​ទៅ​ប្រទេស​ជប៉ុន​ កូរ៉េ​ ថៃ​ និង​ម៉ាឡេស៊ី។ ក៏​ប៉ុន្ដែ​លោក​ប៉ាន់​ប្រមាណ​ថា ​ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​អាច​មាន​ចំនួន​រហូត​ដល់​៣០​ម៉ឺន​នាក់៕

XS
SM
MD
LG