ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ថា ​គាត់​មិន​អាច​ការពារ​ប្តីបាន​ទេ​ក្នុង​របប​ខ្មែរ​ក្រហម


ការ​ចាប់​ខ្លួន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​គឺ​​មាន​ន័យ​ស្មើ​នឹង​ការ​នាំ​ខ្លួន​យក​ទៅ​សម្លាប់​ចោល។
ការ​ចាប់​ខ្លួន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​គឺ​​មាន​ន័យ​ស្មើ​នឹង​ការ​នាំ​ខ្លួន​យក​ទៅ​សម្លាប់​ចោល។

អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​មួយ​រូប​បាន​សារភាព​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​គាត់​មិន​មាន​លទ្ធភាព​ការពារ​ប្ដី​របស់​គាត់​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​ចាប់​ខ្លួន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ​ទេ​ ដោយសារ​តែ​ឥទ្ធិពល​នៃ​ការ​ដឹកនាំ​នៅ​ក្នុង​សម័យ​នោះ។

ការ​ចាប់​ខ្លួន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ​គឺមាន​ន័យ​ស្មើ​នឹង​ការ​នាំ​ខ្លួន​យក​ទៅ​សម្លាប់​ចោល។

អ្នកស្រី​ប្រាក់ ​យុត​ អាយុ​៦៧​ឆ្នាំ ​អតីត​សមាជិក​សភា​ខ្មែរក្រហម ​និង​ជា​អតីត​សមាជិក​ភូមិភាគ​និរតី ​បាន​បញ្ជាក់​ប្រាប់​អង្គជំនុំ​ជម្រះ​សាលាដំបូង​ នៅ​ក្នុង​ការ​កាត់ទោស​សំណុំរឿង​០០២​ នៅ​ថ្ងៃ​នេះ​ថា ​គាត់​ត្រូវ​បាន​តា ​ម៉ុក ​អតីត​បង​ធំ​ទី​៥​នៃ​សម័យ​ខ្មែរក្រហម​ និង​សមាជិក​គណបក្ស​តំបន់​ ប្រាប់​រូប​គាត់​រយៈពេល​បី​ថ្ងៃ​មុន​ការ​ចាប់​ខ្លួន​ប្ដី​របស់​គាត់ ​ក៏ប៉ុន្ដែគាត់​មិន​ហ៊ាន​តវ៉ា ​និង​មិន​ហ៊ាន​ប្រាប់​ប្ដី​របស់​គាត់​ឲ្យ​ដឹង​ខ្លួន​នោះ​ទេ​ ដោយសារ​តែ​មាន​ការ​ភ័យ​ខ្លាច​ពី​គ្រោះថ្នាក់​ដល់​រូប​គាត់​ផ្ទាល់។

«ពេល​តា ​ម៉ុក​ប្រាប់​ខ្ញុំ ​ខ្ញុំ​អត់​ដែល​និយាយ​ជាមួយ​គាត់​ទេ។​ព្រោះ​គាត់​ណែ​នាំ​ខ្ញុំ​ថា ​កាល​ណា​និយាយ​ទៅ​មាន​រឿង​ដល់​ខ្ញុំ។​ ពីព្រោះ​គាត់​ណែនាំ​ខ្ញុំ​ថា​ ប្រសិន​បើ​ប្រាប់​ប្ដី ​មាន​រឿង​ដល់​ខ្ញុំ។ ​ដូច្នេះ​ខ្ញុំ​អត់​ហ៊ាន​ប្រាប់ ​ពីព្រោះ​សម័យ​នោះ ​លោក​ក៏​ដឹង​ដែរ​ថា ​បើ​ខ្ញុំ​និយាយ​ទៅ​ខុស ​ប្ដី​រត់​បាត់​ ខ្ញុំ​មាន​រឿង។​ ដូច្នេះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ។ ​នេះ​ខ្ញុំ​សូម​ជម្រាប​លោក​ប្រធាន​ឲ្យ​បាន​ច្បាស់ ​រឿង​គឺ​វា​អញ្ចឹង​ កាល​សម័យ​នោះ»។

អ្នកស្រី​ប្រាក់ ​យុត ​គឺ​ជា​សាក្សី​មួយ​រូប​ដែល​ស្នើ​ដោយ​ជន​ជាប់​ចោទ។​ ការ​សារភាព​របស់​គាត់​គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​សហព្រះរាជ​អាជ្ញារង​សញ្ជាតិ​អាមេរិក ​លោក​ដេល ​លីហ្ស៊ាក់ (Dale Lysak)។ ​ របប​ពួក​កុម្មុយនិស្ដ​ខ្មែរក្រហម​បាន​បង្កើត​ទ្រឹស្ដី​មួយ​ថា៖

«សក់​អ្នកណា​ ក្បាល​អ្នក​នោះ»​គឺ​មាន​ន័យ​ថា​ ម្នាក់ៗ​ទទួល​ខុស​ត្រូវ​តែ​សម្រាប់​ខ្លួន​ឯង ​តែ​ប៉ុណ្ណោះ​ មិន​អាច​ឈឺឆ្អាល​បញ្ហា​អ្នក​ដទៃ​នោះ​ទេ។ ​ហើយ​គ្មាន​នរណា​ម្នាក់​អាច​ធានា ​ឬ​ការពារ​សាច់ញាតិ​របស់​ខ្លួន​បាន​ទេ»។

ប្ដី​របស់​អ្នកស្រី​ប្រាក់ ​យុត​គឺ​ជា​អតីត​ប្រធាន​មន្ទីរ​ក្នុង​តំបន់​៣៥​នៃ​ខេត្ត​កំពត​ ហើយ​គាត់​ក៏​ត្រូវ​ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​សមាជិក​សភា​ខ្មែរក្រហម​ដូច​គាត់​ដែរ។

សាក្សី​រូប​នេះ​បាន​បញ្ជាក់​ថា ​គាត់​មិន​បាន​ចូលរួម​ប្រជុំ​សភា​ខ្មែរក្រហម​នោះ​ទេ។ ​នៅ​ក្នុង​ការ​ចោទ​សួរ​ដេញដោល​របស់​សហ​ព្រះរាជ​អាជ្ញារង​បរទេស​ អ្នកស្រី​ប្រាក់ ​យុត​បាន​បញ្ជាក់​ថា ​គាត់​បាន​ដឹង​ពី​ការ​សម្លាប់​ប្រជា​ពលរដ្ឋ​កម្ពុជា ​ប៉ុន្ដែ​គាត់​មិន​បាន​ដឹង​ថា ​តើ​មាន​បញ្ជា​ពី​អ្នក​ដឹកនាំ​រូប​ណា​នោះ​ទេ​ ម្យ៉ាង​វិញទៀត ​គាត់​មិន​ដែល​ជួប​នួន ​ជា ​ដែល​ជា​ប្រធាន​សភា​ខ្មែរក្រហម​នោះ​ទេ។

អ្នកស្រី​ប្រាក់ ​យុត​បញ្ជាក់​បន្ថែម​ថា ​គាត់​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ឲ្យ​លុប​បំបាត់​វិស័យ​ព្រះពុទ្ធ​សាសនា ​ហើយ​គាត់​បាន​ឃើញ​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន។

«កាល​នោះ​ខ្ញុំ​បាន​ទទួល​ឯកសារ​អំពី​ការ​បិទ​មិន​ឲ្យ​មាន​វត្ត ​និង​ព្រះសង្ឃ​ហ្នឹង​ យើង​មិន​ឲ្យ​មាន។ ​ហើយ​បើ​ខាង​លើ​មិន​ឲ្យ​មាន​ហើយ ​ខ្ញុំ​ក៏​មិន​អាច​អារ​កាត់​បាន​ដែរ»។

សាក្សីដដែល​បាន​បង្ហាញ​ការ​ស្ទាក់ស្ទើរ​ជា​ច្រើន​នៅ​ក្នុង​ការ​ឆ្លើយ​តប​នឹង​សំណួរ​របស់​សហ​ព្រះរាជ​អាជ្ញា​និង​ក្រុម​មេធាវី​នាំ​មុខ​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី។

នៅ​មុនការ​បិទ​បញ្ចប់​សវនាការ​សំណុំរឿង​០០២ ​នៅ​ថ្ងៃ​នេះ ​លោក​ចៅក្រម​ និល ​ណុន ​ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង ​បាន​ប្រកាស​ថា ​តុលាការ​នឹង​កោះ​អញ្ជើញ​លោក​ឆាំង ​យុ ​នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ឲ្យ​ចូល​ផ្ដល់​សក្ខីកម្ម​នៅ​សប្ដាហ៍​បន្ទាប់។

ក្រុម​មេធាវី​ការពារ​ជន​ជាប់​ចោទ​បាន​ទទូច​ទាមទារ​ឲ្យ​លោក​ឆាំង ​យុ​ចូល​ខ្លួន​នៅ​ក្នុង​បន្ទប់​សវនាការ​ដើម្បី​ចោទ​សួរ​អំពី​ឯកសារ​ដែល​មជ្ឈមណ្ឌល​របស់​លោក​បាន​ផ្ដល់​ជូន​សាលាក្ដី​ខ្មែរក្រហម​ បើ​ពុំ​ដូច្នោះ​ទេ ​ពួក​គេ​មិន​ទទួល​ស្គាល់​ឯកសារ​មួយ​ចំនួន​នៅ​ក្នុង​ចំណោម​ឯកសារ​ទាំង​នោះ​ទេ៕

XS
SM
MD
LG