នៅពេលដែលបុគ្គលិកអន្ដរជាតិសំខាន់ៗរបស់ខ្លួនបានដើរចេញពីការងារយ៉ាងហោចណាស់ប្រាំនាក់ ក្នុងរយៈពេលប្រមាណជាបីខែតែប៉ុណ្ណោះ សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហម បានបញ្ចេញប្រតិកម្មប្រកបដោយការចំអកដោយសំអាងថាពួកខ្លួននៅតែបន្ដធ្វើការជាមួយនឹងបុគ្គលិកដែលនៅសេសសល់ហើយក៏អាចជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យារយៈពេលខ្លីផងដែរ ដើម្បីបន្ដការងាររហូតចប់ចុងចប់ដើម។
នៅក្នុងចំណោមក្រុមមន្ដ្រីដែលបានលាឈប់ពីការងារទាំងនោះ មានបួននាក់គឺជាជំនួយការផ្នែកច្បាប់ និង ម្នាក់ទៀត គឺជាជំនាញការផ្នែកច្បាប់។ ចលនានៃការចាកចេញដែលសេចក្ដីរាយការណ៍នានាទម្លាយថា បាន ចាប់ផ្ដើមចាប់តាំងពីខែមេសាមកម្ល៉េះ បានធ្វើឲ្យបុគ្គលិកនៅក្នុងផ្នែកស៊ើបអង្កេតក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេតនៅសល់ប្រមាណជាបីទៅបួននាក់តែប៉ុណ្ណោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍កាលពីល្ងាចថ្ងៃអាទិត្យ សហចៅក្រមស៊ើបអង្កេត លោក យូ ប៊ុនឡេង និងលោក ស៊ិកហ៊្រ្វិក ប៊្លុង បានលើកឡើងថា មានបុគ្គលិកសាលាក្ដីបានឈប់ពីការងារដើម្បីប្រឆាំងជំទាស់ទៅនឹងការបិទបញ្ចប់ការស៊ើបអង្កេតនៅក្នុងសំណុំរឿង០០៣ ដ៏ចម្រូងចម្រាស់។ ក៏ប៉ុន្ដែសហចៅក្រមទាំងពីរអះអាងថា ការលាឈប់ពីការងារនោះ ដោយសារតែបុគ្គលិកទាំងនោះ រកបានការងារថ្មីនៅខាងក្រៅសម្រាប់ធ្វើរួចទៅហើយ។ ហើយសហចៅក្រមស៊ើបអង្កេតចាត់ទុកថាការចាកចេញនោះជាការប្រឆាំងទៅនឹងការបិទបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿង០០៣នោះ គឺជាការបំប្លែងការណ៍ពិត។
មន្ដ្រីចំនួនបួននាក់ក្នុងចំណោមមន្ដ្រីតុលាការដែលបានលាឈប់ពីការងារបានបដិសេធផ្ដល់ការអត្ថាធិប្បាយ ណាមួយទាក់ទងនឹងការចាកចេញរបស់ពួកគេ។
ថ្វីបើយ៉ាងនេះក្ដីមន្ដ្រីសង្គមស៊ីវិលមើលឃើញពីភាពចុះខ្សោយនិងការមិនចុះសម្រុងគ្នានៅក្នុងការដឹកនាំស៊ើបអង្កេត ដែលទាក់ទងនឹងសំណុំរឿងបន្ថែមលេខ០០៣នេះ។
លោកហង្ស ឆាយា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យចាត់ទុកថា សេចក្ដីថ្លែងការណ៍ របស់សហចៅក្រមស៊ើបអង្កេតកាលពីថ្ងៃអាទិត្យនឹងធ្វើឲ្យកាន់តែមានភាពស្មុគ្រស្មាញនិងបង្កការព្រួយបារម្ភកាន់តែខ្លាំង។ ម្យ៉ាងវិញទៀតវាបានបង្ហាញពីការមិនយកចិត្តទុកដាក់ពីក្រុមសហចៅក្រមស៊ើបអង្កេតលើសំណុំរឿង។
«វាជាការចំអក ហើយដូចជាជំរុញ និងមិនខ្វល់។ វាជាការណ៍ចម្លែកមែនពីព្រោះថា ភាគច្រើនខ្មែរយើងប្រើរបៀបនេះ មិនដែលឃើញចៅក្រមស៊ើបអង្កេតមកពីប្រទេសក្រៅមានទង្វើដូច្នេះដែរ។ នេះពិតជាពិបាកយល់ហើយ ជាការណ៍ចម្លែក»។
លោកហង្ស ឆាយា ជឿថា ប្រសិនបើសហចៅក្រមស៊ើបអង្កេតរក្សាជំហបែបនេះវានឹងមានបញ្ហាតទៅទៀត។
ដោយឡែក លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា ការសោះអង្គើយរបស់សហចៅក្រមស៊ើបអង្កេតដែលបានស្ដែងចេញក្នុងប្រតិកម្មរបស់ខ្លួនបានបង្ហាញថា ការិយាល័យនេះមិនទាន់មានសកម្មភាពអ្វីជាដុំកំភួនទេ។ ហើយការប្រមូលផ្ដុំនៅលើសហចៅក្រមស៊ើបអង្កេត។
«អ្នកដែលសុំលាលែង ដូចថាជារឿងបុគ្គល បញ្ហាអាជីពយ៉ាងណាក៏ដោយឆ្លុះបញ្ចាំងអំពីដំណើការមួយដែលមិនអាចទទួលយកបានក្នុងអង្គភាពនេះ។ ហើយខ្ញុំគិតថាការលាលែងនៅពេលដែលសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពនេះបាននិយាយប៉ះពាល់ដល់ដំណើការរបស់ខ្លួន គឺរិតតែឆ្លុះបញ្ចាំងកាន់តែច្បាស់ថែមទៀតថា ខាងការិយាល័យនេះគ្មានធ្វើអ្វីទាល់តែសោះ ទោះបីជាបុគ្គលិកច្បាប់ឈប់ប៉ុណ្ណឹងហើយវាអត់មានផលប៉ះពាល់ទៅទៀត។ បានន័យថា កិច្ចការទាំងឡាយ គឺត្រូវបានធ្វើឡើងដោយមនុស្សម្នាក់ ហើយអ្នកដទៃទៀត គ្មានការចូលរួម ហើយគ្មានយន្តការមួយដែលរកយុត្តិធម៌សម្រាប់ប្រយោជន៍ជនរងគ្រោះទាំងអស់គ្នា»។
កាលពីចុងខែមេសា សហចៅក្រមស៊ើបអង្កេត បានប្រកាសពីការបិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនក្នុងសំណុំរឿង០០៣នេះ។ សហព្រះរាជអាជ្ញាអន្ដរជាតិលោកអាន់ឌ្រូ ខេលី បានស្នើឲ្យមានការស៊ើបអង្កេតបន្ថែម លើសំណុំរឿងនេះ ដោយខ្លួនយល់ថា សហចៅក្រមមិនបានធ្វើការពេញលេញក្នុងការស៊ើបអង្កេតនោះទេ។ មន្រ្ដីអង្គការសង្គមស៊ីវិល បានស្ដីបន្ទោសពីភាពស្ងៀមស្ងាត់ក្នុងការស៊ើបអង្កេតរបស់ចៅក្រមក្នុងសាលាក្ដីខ្មែរក្រហម ហើយបានយល់ថា ចៅក្រមមិនបានចុះទៅធ្វើការស៊ើបអង្កេតផ្ទាល់កន្លែងនោះទេ ពោលគឺធ្វើការងារ តាមឯកសារតែប៉ុណ្ណោះ។
កាលពីថ្ងៃទី ៨ ខែមិថុនានេះ អង្គការលើកលែងទោសអន្ដរជាតិ Amnesty International ដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ បានអះអាងថា សហចៅក្រមមិនបានកោះហៅជនសង្ស័យមកចោទសួរ មិនបានសួរសាក្សី ឬ ជនរងគ្រោះនោះទេ។ សហចៅក្រមមិនបានសាកសួរយោបល់អ្នកជំនាញ ឬព័ត៌មាន ឬជំនួយពីរដ្ឋណាមួយ ពីអង្គការសហប្រជាជាតិ ឬអង្គការក្រៅរដ្ឋាភិបាលឡើយ។
សេចក្ដីរាយការណ៍នានាបង្ហាញថាចាប់តាំងពីការបិទបញ្ចប់ការស៊ើបអង្កេតនោះមក ជនបរទេសដែលទទួលបានកិច្ចសន្យាការងាររយៈពេលវែងនៅក្នុងការិយាល័យសហចៅក្រមស៊ើបអង្កេត បានបោះបង់ការងារមុនការបញ្ចប់ កិច្ចសន្យា។
លោក ឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្ដីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក បាន ហៅការវិវត្តន៍របស់សាលាក្ដីថា ជាសញ្ញាអវិជ្ជមាន។
«មានន័យថា វាជាសញ្ញាអវិជ្ជមានមួយទាក់ទងនឹងកិច្ចការរបស់ការិយាល័យសហចៅក្រមស៊ើបង្កេតអន្ដរជាតិ»។
រដ្ឋាភិបាលកម្ពុជាបានជំទាស់ម្ដងហើយម្ដងទៀតថាការស៊ើបអង្កេតនិងការតាមចាប់ខ្លួនជនសង្ស័យចំនួនប្រាំនាក់ក្នុងសំណុំរឿងបន្ថែម ០០៣ និង០០៤។ លោកសហព្រះរាជអាជ្ញាអន្ដរជាតិរ៉ូប៊ែ ប៉ឺទី (Robert Petit) បានលាឈប់ពី ការងារកាលពីឆ្នាំ២០០៩ បន្ទាប់ពីលោកស្នើឲ្យមានការស៊ើបអង្កេតករណីទាំងពីរនេះ ហើយមានការខ្វែងគ្នា យ៉ាងខ្លាំងក្លាជាមួយសមភាគីកម្ពុជា។
សហចៅក្រមស៊ើបអង្កេតខាងភាគីកម្ពុជានៅក្នុងសាលាក្ដី ក៏បានបដិសេធមិនធ្វើការស៊ើបអង្កេតក្នុងសំណុំរឿងទាំងនេះដែរ។ ដូច្នេះការស៊ើបអង្កេតត្រូវធ្វើឡើងជាលក្ខណៈឯកតោភាគីដោយសហចៅក្រមអន្ដរជាតិ។
ក៏ប៉ុន្ដែនៅពេលនេះភាពប្រទាញប្រទង់មិនមែនស្ថិតនៅតែក្នុងរង្វង់ភាគីកម្ពុជានិងភាគីអង្គការសហប្រជាជាតិក្នុងសំណុំរឿងទាំងនេះទេ។ ការស្ដីបន្ទោសកើតឡើងទៅលើភាគីអង្គការសហប្រជាជាតិដូចគ្នាផងដែរ។
កាលពីសប្ដាហ៍មុនសហចៅក្រមទាំងពីរ បានព្រមានចាត់វិធានការទៅលើការលួចបញ្ចេញឯកសារសម្ងាត់ទាក់ទងទៅនឹងការស៊ើបអង្កេត។ ការព្រមានបែបនេះដែលបានធ្វើឡើង បន្ទាប់ពីមានការបង្ហើបព័ត៌មានជាសាធារណៈរបស់សហព្រះរាជអាជ្ញាបរទេសលោកអាន់ឌ្រូ ខេលី ទាក់ទងនឹងការស៊ើបអង្កេតក្នុងសំណុំរឿង០០៣ ដែលសហចៅក្រមចាត់ទុកថា គឺជាការរំលោភដល់ភាពសម្ងាត់នៃការស៊ើបអង្កេត។
បើទោះជាសាលាក្ដីមិនបានបញ្ចេញឈ្មោះជនសង្ស័យក្នុងសំណុំរឿង០០៣ ក៏ប៉ុន្ដែជនសង្ស័យទាំងពីររូបត្រូវគេឮសុះសាយថា គឺជា លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹក និងលោកស៊ូ ម៉េត អតីតមេបញ្ជាការកងទ័ពអាកាសខ្មែរក្រហម។
តាមរយៈការពុះកញ្ជ្រោលចុងក្រោយទាក់ទងទៅនឹងការខ្វែងគំនិតគ្នាក្នុងសំណុំរឿង០០៣ និង០០៤ កង្វល់ ចំពោះការបោះបង់ចោលសំណុំរឿងទាំងពីរនេះនៅតែមានក្នុងចំណោមក្រុមអ្នកឃ្លាំមើលសាលាក្ដី។ ផ្ទុយទៅ វិញ លោក ឌឹម សុវណ្ណារុំ មន្ដ្រីទទួលបន្ទុកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហមនៅតែអះអាងថា សហចៅក្រមស៊ើបអង្កេតកំពុងធ្វើការទៅលើសំណុំរឿងទាំងពីរនេះតទៅទៀត។
«សំណុំរឿង០០៣ និង០០៤ ការិយាល័យសហចៅក្រមស៊ើបអង្កេត សហចៅក្រមស៊ើបអង្កេតកំពុងតែធ្វើកិច្ចការរបស់ខ្លួន»។
នៅល្ងាចថ្ងៃអង្គារនេះ អង្គការច្បាប់មួយរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា Open Society Justice Initiative (OSJI) បានចេញរបាយការណ៍ចុងក្រោយរបស់ខ្លួនដោយលើកពីចំណោទនៃការជ្រៀតជ្រែកនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងទាំងពីរនេះហើយនឹងអវត្តមាននៃអន្ដរាគមន៍របស់សហគមន៍ផ្ដល់ជំនួយ។ OSJI ស្ដីបន្ទោសថា សហគមន៍ផ្ដល់ជំនួយផ្ដោតសារសំខាន់តែលើសំណុំរឿង ០០២ និងលើកពីបញ្ហាថវិកា ហើយជំហរនេះ បានខកខានមិនទទួលស្គាល់ការជ្រៀតជ្រែកនយោបាយលើសំណុំរឿងនេះឡើយ៕